អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ (អ.ស.ប) ស្ដីពីសិទ្ធិនៃសេរីភាពប្រមូលផ្តុំដោយសន្តិវិធី និងការបង្កើតសមាគម បានគូសបញ្ជាក់ជាថ្មីម្ដងទៀតអំពីសារសំខាន់ជាទីបំផុតនៃសិទ្ធិធ្វើបាតុកម្មនៅក្នុងសង្គមប្រជាធិបតេយ្យ។
លោក ម៉ៃណា គីអៃ (Maina Kiai) អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិស្ដីពីសិទ្ធិនៃសេរីភាពប្រមូលផ្តុំដោយសន្តិវិធី និងការបង្កើតសមាគម ថ្លែងក្នុងសម័យប្រជុំលើកទី៣២៩ នៃស្ថាប័នអភិបាលរបស់អង្គការពលកម្មអន្តរជាតិ កាលពីថ្ងៃទី៩ ខែមីនា នេះថា សិទ្ធិធ្វើបាតុកម្មគឺជាសិទ្ធិមូលដ្ឋានមួយដែលមានចែងក្នុងច្បាប់សិទ្ធិមនុស្ស និងពលកម្មអន្តរជាតិ។ លោកថា ការការពារសិទ្ធិធ្វើបាតុកម្មនេះ គឺជាការចាំបាច់បំផុតក្នុងការធានាឲ្យបាននូវសង្គមមួយប្រកបដោយភាពយុត្តិធម៌ ស្ថិរភាព និងប្រជាធិបតេយ្យ។
លោក ម៉ៃណា គីអៃ បន្ថែមថា កិច្ចគាំពារសិទ្ធិធ្វើបាតុកម្មនេះ គឺមិនគ្រាន់តែជាការបំពេញកាតព្វកិច្ចផ្លូវច្បាប់របស់រដ្ឋប៉ុណ្ណោះទេ ប៉ុន្តែរដ្ឋត្រូវចូលរួមការពារសិទ្ធិនេះដើម្បីបង្កើតឲ្យមានសង្គមប្រជាធិបតេយ្យ និងប្រកបដោយសមភាព ដែលមាននិរន្តរភាពជាលក្ខណៈយូរអង្វែង៕