ពលរដ្ឋដែលត្រូវជម្លៀសចេញពីភូមិចាស់ទៅនៅភូមិថ្មីផ្សេងទៀត ដោយសារការអភិវឌ្ឍទំនប់វារីអគ្គិសនីសេសានក្រោម២ នៅខេត្តស្ទឹងត្រែង អះអាងថា ពួកគាត់កំពុងប្រឈមដោយសារគ្មានមុខរបរចិញ្ចឹមជីវិត ហើយម្ហូបអាហារប្រចាំថ្ងៃ ដូចជាត្រី សាច់ និងបន្លែជាដើម ត្រូវចំណាយថវិកាទិញថែមទៀត។ ពលរដ្ឋបញ្ជាក់ថា ជីវភាពបែបនេះគឺខុសស្រឡះនឹងការរស់នៅភូមិចាស់ ដែលមិនចាំបាច់ចំណាយលុយកាក់ដើម្បីទិញត្រី សាច់ និងបន្លែឡើយ។
បញ្ហាប្រឈមនានា របស់ក្រុមពលរដ្ឋដែលព្រមបោះបង់ភូមិកំណើតចាស់ ទៅរស់នៅភូមិថ្មី ត្រូវបានសង្គមស៊ីវិល ចាត់ទុកថា នឹងធ្វើឱ្យពលរដ្ឋដទៃទៀត ខ្លាចរអាមិនព្រមទទួលយកសំណងរបស់រដ្ឋាភិបាល ដែលមានការចែកដី និងផ្ទះបន្តទៀតទេ។
អតីតពលរដ្ឋភូមិច្រប់ ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង លោក ស្រី លីបិ ថ្លែងថា អ្នកភូមិរបស់លោកមានចំនួនទាំងអស់ ៤៧គ្រួសារ បាននាំគ្នាបោះបង់ភូមិចាស់ ទៅរស់នៅភូមិថ្មីផ្សេងទៀត គឺភូមិស្រែស្រណុក ស្ថិតក្នុងឃុំដដែល។ លោកបន្តថា ថ្វីត្បិតការរស់នៅភូមិថ្មី ដែលរដ្ឋាភិបាលផ្ដល់សំណងជាដីស្រែសម្រាប់ធ្វើចម្ការចំនួន ៥ហិកតារ និងដីលំនៅឋានទទឹង ២០ម៉ែត្រ និងបណ្ដោយ ៥០ម៉ែត្រ ព្រមទាំងផ្ទះមួយខ្នង និងលុយ ៦ពាន់ដុល្លារក្ដី ប៉ុន្តែទីតាំងថ្មីនេះ ស្ថិតនៅឆ្ងាយជាង ១០គីឡូម៉ែត្រ ពីទីកន្លែងដែលធ្លាប់នេសាទរកត្រីចិញ្ចឹមជីវិត ហើយដីកសិកម្មដែលរដ្ឋាភិបាលចែកឱ្យខ្លះទៀត ជាដីក្រួស មិនអាចដាំស្រូវ និងដំណាំអ្វីឡើយ៖ «»។
ពលរដ្ឋម្នាក់នេះរំលឹកថា កាលពីរស់នៅភូមិចាស់ គឺស្ថិតនៅក្បែរទន្លេសេសាន ហើយអ្នកភូមិមិនចាំបាច់ចំណាយលុយកាក់ដើម្បីទិញត្រីសាច់ និងបន្លែជារៀងរាល់ព្រឹកនោះទេ ផ្ទុយទៅវិញ គឺអាចរកត្រីបានដើម្បីផ្គត់ផ្គង់គ្រួសារដោយមិនពិបាក។ ម្យ៉ាងវិញទៀត ការរស់នៅភូមិចាស់នោះ មានព្រៃឈើច្រើន និងមានដីទូលាយ សម្រាប់ចិញ្ចឹមសត្វពាហនៈផ្សេងៗ ព្រោះទម្លាប់អ្នកភូមិតែងចាត់ទុកថា មុខរបរចិញ្ចឹមសត្វពាហនៈ ជាមុខរបរសំខាន់សម្រាប់ជួយឱ្យជីវភាពរបស់ពួកគេ កាន់តែប្រសើរឡើង។
ការលើកឡើងនេះ នៅក្នុងវេទិកាពិភាក្សាស្ដីពីយន្តការដោះស្រាយបញ្ហាលើការសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២ នៅភោជនីយដ្ឋានទន្លេបាសាក់២ រាជធានីភ្នំពេញ នៅថ្ងៃទី៩ ខែមីនា ដែលផ្ដួចផ្ដើមឡើងដោយវេទិកាអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា (THE NGO FORUM ON CAMBODIA) ដែលសហការជាមួយអង្គការដៃគូមួយចំនួន និងឧបត្ថម្ភដោយអង្គការអុកហ្វាម (OXFAM)។
វេទិកានេះ គឺរៀបចំឱ្យសហគមន៍រងផលប៉ះពាល់ពីការអភិវឌ្ឍវារីអគ្គិសនីសេសានក្រោម២ ជួបពិភាក្សាគ្នាស្វែងរកដំណោះស្រាយជាមួយនឹងមន្ត្រីរដ្ឋាភិបាល។
តំណាងក្រសួងរ៉ែ និងថាមពល លោក នង សារ៉េត អះអាងថា រយៈពេលកន្លងមក ខាងកសិកម្មខេត្តបានចុះទៅជួយដាំចម្ការស្វាយចន្ទីបាន ១ហិកតារ សម្រាប់ពលរដ្ឋមួយគ្រួសារដើម្បីធ្វើជាគំរូថាដីដែលរដ្ឋាភិបាលចែកឱ្យក្នុងមួយគ្រួសារចំនួន ៥ហិកតារ គឺជាដីដែលអាចធ្វើកសិកម្មបាន ហើយចំពោះដីខ្លះមិនអាចធ្វើកសិកម្មបាន គឺជារដ្ឋាភិបាលសម្រេចដោះដូរដីផ្សេងទៀតឱ្យ៖ «»។
អ្នកតំណាងក្រសួងរ៉ែ ថ្លែងថា ក្នុងចំណោមពលរដ្ឋរងផលប៉ះពាល់ទាំងអស់ជាង ៨០០គ្រួសារ គឺនៅសល់តែ ១៣% ទៀត មិនទាន់ទទួលយកសំណង។
ទោះជាយ៉ាងណា ភាគីពលរដ្ឋអះអាងថា អ្នកដែលរងផលប៉ះពាល់ពីការអភិវឌ្ឍទំនប់វារីអគ្គិសនីសេសានក្រោម២ គឺមានប្រមាណចំនួនជាង ១ពាន់គ្រួសារ ស្ថិតក្នុងឃុំចំនួន៤ ស្ថិតនៅស្រុកសេសាន ខេត្តស្ទឹងត្រែង។ ទំនប់នេះមានកម្ពស់ ៧៥ម៉ែត្រ ប្រវែង ៦គីឡូម៉ែត្រ ផ្ទៃអាងស្ដុកទឹកមានទំហំជាង បីម៉ឺនបួនពាន់ហិកតារ (៣៣.៥៦០) ដែលត្រូវចំណាយទុនសាងសង់អស់ចំនួន ៧៨១លានដុល្លារសហរដ្ឋអាមេរិក។ បច្ចុប្បន្នទំនប់វារីអគ្គិសនីសេសានក្រោម២ កំពុងដំណើរការសាងសង់បានជាង ៩០% ហើយនឹងត្រូវបិទទឹក ចាប់ពីខែមិថុនា ឆ្នាំ២០១៧ នេះ បន្ទាប់ពីចាប់ផ្ដើមសាងសង់កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០១៤។
នាយកប្រតិបត្តិវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា (NGO Forum) លោក តឹក វណ្ណារ៉ា ថ្លែងថា បញ្ហាតួលេខនៃចំនួនពលរដ្ឋដែលត្រូវរងផលប៉ះពាល់ខុសគ្នាទៅនឹងតួលេខរបស់រដ្ឋាភិបាល គឺអាចធ្វើឱ្យគោលនយោបាយដោះស្រាយប៉ះពាល់របស់រដ្ឋាភិបាលមិនទទួលបានជោគជ័យ។ លោកថ្លែងថា ពលរដ្ឋមួយចំនួនក្នុងភូមិចំនួនពីរ ដែលរងប៉ះពាល់ គឺភូមិក្បាលរមាស និងភូមិស្រែគរ បានប្រឆាំងជំទាស់ និងមិនព្រមចាកចេញពីភូមិកំណើតរបស់ពួកគេទេ៖ «»។
លោក តឹក វណ្ណារ៉ា យល់ថា ភាគីពាក់ព័ន្ធគួរសិក្សាវាយតម្លៃស្វែងរកការពិតអំពីមូលហេតុដែលពលរដ្ឋខ្លះមិនព្រមទទួលយកសំណង ឬក៏ការផ្ដល់ជម្រើសផ្សេងទៀត ក្រៅពីគោលនយោបាយដោះស្រាយបច្ចុប្បន្នជាដើម។
ពលរដ្ឋជនជាតិភាគតិចឡាវ រស់នៅភូមិស្រែគរ១ ឃុំស្រែគរ លោកស្រី សារុំ សុខុម ថ្លែងថា អ្នកភូមិលោកស្រីនៅសល់ប្រមាណ ១២០គ្រួសារទៀត មិនព្រមទទួលយកសំណងពីភាគីរដ្ឋាភិបាលឡើយ ព្រោះពួកគាត់នៅស្ដាយស្រណោះចំពោះទ្រព្យសម្បត្តិផ្សេងៗនៅភូមិបច្ចុប្បន្ន ជាពិសេសគឺថ្នូរដួនតាដែលជាប្រពៃណី មិនអាចបោះបង់ចោលបាន៖ «»។
ប៉ុន្តែតួលេខអ្នកភូមិស្រែគរ១ ដែលមិនព្រមទទួលយកសំណង ត្រូវបានអាជ្ញាធរមូលដ្ឋានធ្លាប់អះអាងថា គឺមានតែជាង ៩០គ្រួសារប៉ុណ្ណោះ។
អ្នកអភិវឌ្ឍទំនប់វារីអគ្គិសនីសេសានក្រោម២ គឺកើតឡើងដោយការចូលហ៊ុនគ្នារវាងក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប (Royal Group) ៣៩% ក្រុមហ៊ុន ឆាយណា ហាយដ្រូឡានឆាង អ៊ីនធឺណេសិនណល អ៊ីននើជី (China's Hydrolancang International Energy) របស់ប្រទេសចិន ៥១% និងអគ្គិសនីវៀតណាម អន្តរជាតិ ដែលជាសាខារបស់ក្រុមហ៊ុនអគ្គិសនីវៀតណាម (EVN) ១០%។
ទំនប់វារីអគ្គិសនីសេសានក្រោម២ គឺមានកម្លាំងថាមពលផលិត ៤០០មេហ្កាវ៉ាត់ ដែលត្រូវបានអ្នកជំនាញរដ្ឋាភិបាលរំពឹងទុកថា នឹងអាចរកប្រាក់ចំណូលពីការបង់ពន្ធចំនួន ២៩,៥លានដុល្លារសហរដ្ឋអាមេរិកក្នុងមួយឆ្នាំៗ។
ទោះជាយ៉ាងណា របាយការណ៍មួយដែលបានបោះពុម្ពផ្សាយក្នុងឆ្នាំ២០០៩ បង្ហាញថា យ៉ាងហោចណាស់មានប្រជាជនចំនួន ៧៨.០០០នាក់ ឬស្មើនឹង ៨៧ភូមិ នៅតាមដងទន្លេសេសាន និងទន្លេស្រែពក ស្ថិតនៅផ្នែកខាងលើនៃទំនប់វារីអគ្គិសនីសេសានក្រោម២ នឹងត្រូវបាត់បង់លទ្ធភាពសម្រាប់ចរាចរណ៍ត្រីឡើងចុះក្នុងទន្លេទាំងពីរនេះ រីឯប្រជាជនជាង ២២.០០០រស់នៅក្រោមទំនប់វារីអគ្គិសនីសេសានក្រោម២ វិញ នឹងទទួលរងផលប៉ះពាល់ជាអវិជ្ជមានដោយសារការផ្លាស់ប្ដូរនូវការប្រែប្រួលទឹកទន្លេ និងគុណភាពទឹក។ រីឯការសិក្សាមួយទៀត ដែលធ្វើឡើងក្នុងអំឡុងឆ្នាំ២០១២ ក៏បង្ហាញថា ទំនប់វារីអគ្គិសនីនេះ នឹងធ្វើឱ្យបរិមាណត្រី ៩,៣% មានការធ្លាក់ចុះ ហើយចំនួនជាង ៥០ប្រភេទ នឹងប្រឈមនូវការបាត់បង់ដែរ៕