Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

ក្រឡា​បញ្ជី​ជា​ជន​ពិការ​ប្ដឹង​អនុប្រធាន​សាលា​ដំបូង​ខេត្ត​កំពង់ស្ពឺ​អំពី​ការ​រើសអើង

$
0
0

ក្រឡា​បញ្ជី​សាលា​ដំបូង​ខេត្ត​កំពង់ស្ពឺ នៅ​ថ្ងៃ​ទី​៩ មីនា បាន​ប្ដឹង​អនុប្រធាន​សាលា​ដំបូង​ខេត្ត​នេះ ទៅ​ក្រសួង​យុត្តិធម៌ អំពី​ការ​រើសអើង​លោក​ជា​ជន​ពិការ និង​ការ​ដក​កាំភ្លើង​ភ្ជង់​គំរាម​កំហែង។

ពាក្យ​បណ្ដឹង​របស់​ក្រឡា​បញ្ជី​ឈ្មោះ ឈៀវ គឹមហាក់ ដែល​គេ​បង្ហោះ​នៅ​លើ​ហ្វេសប៊ុក (facebook) និង​ទំព័រ​ព័ត៌មាន​ហ្វ្រេសញូវ (Fresh News) បាន​សរសេរ​រៀបរាប់​ថា អនុប្រធាន​សាលា​ដំបូង​ខេត្ត​កំពង់ស្ពឺ ឈ្មោះ ម៉ែន វណ្ណៈ បាន​យក​កាំភ្លើង​ភ្ជង់​ក្បាល​លោក បង្ខំ​ឲ្យ​ពិសា​ស្រាបៀ​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៦ ហើយ​នៅ​ថ្ងៃ​ទី​៦ មីនា អនុប្រធាន​សាលា​ដំបូង​រូប​នេះ បាន​យក​ឈើច្រត់​របស់​គាត់​គ្រវាត់​ចោល​ទៀត។ លោក​ចាត់​ទុក​ទង្វើ​លោក ម៉ែន វណ្ណៈ ថា​ជា​ការ​មាក់ងាយ​រើសអើង​លោក​ជា​ជន​ពិការ។ ក្នុង​ពាក្យ​បណ្ដឹង​របស់​លោក ឈៀវ គឹមហាក់ ត្រូវ​បាន​ចារ​បញ្ជាក់​ដោយ​ព្រះរាជអាជ្ញា​អម​សាលា​ដំបូង​ខេត្ត​កំពង់ស្ពឺ បញ្ជូន​ទៅ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌។

អាស៊ីសេរី មិន​អាច​ទាក់ទង​រក​ការ​បញ្ជាក់​ពី​ភាគី​ដើម​បណ្ដឹង​លោក ឈៀវ គឹមហាក់ និង​ចុង​បណ្ដឹង​លោក ម៉ែន វណ្ណៈ បាន​ទេ​នៅ​ល្ងាច​ថ្ងៃ​ទី​៩ មីនា ដដែល​នេះ។

ទោះ​ជា​យ៉ាង​ណា​ក្ដី នាយក​អង្គការ​ជន​ពិការ លោក ងិន សៅរ័ត្ន ចាត់​ទុក​សកម្មភាព​នៅ​ក្នុង​ពាក្យ​បណ្ដឹង​នេះ ថា​ជា​ការ​រើសអើង៖ «តាម​ច្បាប់​ស្ដីពី​កិច្ច​ការពារ និង​លើក​កម្ពស់​សិទ្ធិ​ជន​ពិការ អំពើ​បែប​ហ្នឹង​ចាត់​ទុក​ជា​ការ​ប្រមាថ និង​ការ​រើសអើង​ជន​ពិការ ដោយសារ​ឈើច្រត់​ហ្នឹង​ជា​ជើង​របស់​គាត់។ អ៊ីចឹង​ការ​បោះ​ឈើច្រត់​ចោល​ហ្នឹង ជា​ការ​មួយ​ដូច​បោះ​ជើង​គាត់​ចោល​អ៊ីចឹង។ បើ​យោង​តាម​ច្បាប់​ហ្នឹង គឺ​គេ​ហាមប្រាម​មិន​ឲ្យ​មាន​ការ​រើសអើង​មក​លើ​បង​ប្អូន​ជន​ពិការ ហើយ​ចាត់​ទុក​ជា​ការ​រើសអើង​មក​លើ​បង​ប្អូន​ជន​ពិការ​របស់​យើង»

ក្រោយ​ពេល​ទទួល​បាន​ពាក្យ​បណ្ដឹង នៅ​ថ្ងៃ​ទី​៩ មីនា ដដែល រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ បាន​ចេញ​បញ្ជា​ឲ្យ​មន្ត្រី​ក្រសួង​យុត្តិធម៌ ចុះ​ពិនិត្យ​ករណី​នេះ​ជា​បន្ទាន់ ដើម្បី​រក​យុត្តិធម៌​ដល់​ក្រឡា​បញ្ជី ឈៀវ គឹមហាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles