Clik here to view.

ប្រជាពលរដ្ឋមួយចំនួននៅជាប់ព្រំដែនប្រទេសថៃ ក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ប្រកបរបរដុតធ្យូងលក់រកប្រាក់ចំណូលដោះស្រាយជីវភាពប្រចាំថ្ងៃ ដោយមិនធ្វើចំណាកស្រុក។ ពួកគាត់ប្រកបរបរនេះដោយដើររើសគល់ឈើងាប់នៅក្នុងដីស្រែ និងដីចម្ការរបស់កសិករនៅតាមព្រំដែន រួចដឹកជញ្ជូនតាមគោយន្តយកទៅដុតធ្វើជាធ្យូងលក់ជារៀងរាល់ខែ។
បើទោះបីជារបរដុតធ្យូងរបស់ពលរដ្ឋនៅស្រុកអូរជ្រៅ រកមិនបានប្រាក់ចំណូលច្រើនធ្វើឲ្យជីវភាពធូរធារក្ដី ក៏ប៉ុន្តែរបរមួយនេះអាចជួយឲ្យពួកគាត់រស់នៅជួបជុំក្រុមគ្រួសារ និងមានសុវត្ថិភាព ជាជាងការឆ្លងដែនទៅរកការងារធ្វើនៅប្រទេសថៃ ដែលប្រថុយនឹងគ្រោះថ្នាក់ដល់អាយុជីវិត។
កំពុងប្រមូលធ្យូងចេញពីឡ ក្នុងសម្លៀកបំពាក់ខោខ្លីគ្មានអាវ សម្បុរខ្មៅរាងស្គម លោក សឿន ក្រូច រស់នៅភូមិស្នួលទ្រេត ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ថ្លែងថា លោកប្រកបរបរដុតធ្យូងប្រហែល ១ឆ្នាំហើយ ដោយលោក និងកូនៗអាយុជាង ១០ឆ្នាំចំនួន ២នាក់ទៀត ដើររើសគល់ និងមែកឈើតាមដីស្រែរបស់អ្នកស្រុក លីយកមកដុតធ្វើធ្យូងជារៀងរាល់ថ្ងៃ។ បុរសវ័យ ៥១ឆ្នាំរូបនេះអះអាងថា គ្រួសាររបស់លោករស់បានសព្វថ្ងៃនេះ ដោយសាររបរដុតធ្យូង ដោយរកបានប្រាក់ចំណូលប្រមាណ ២០ម៉ឺនរៀលក្នុងមួយសប្ដាហ៍៖ «ខ្ញុំនាំកូនទៅកាប់ឈើតាមដីស្រែដីភូមិ លីមកបែករលាត់ដៃរលាត់ជើងអស់ហើយ ដើម្បីជីវភាពរបស់ខ្ញុំ ព្រោះអីក្នុងស្រុកភូមិខ្ញុំគ្មានការងារអីក្រៅអំពីរបរដុតធ្យូងនេះទេ»។
លោកបន្ថែមថា របរមួយនេះ ប្រសិនបើពលរដ្ឋណាមានគោយន្តទៅដឹកគល់ឈើនៅតំបន់ឆ្ងាយ អាចរកប្រាក់ចំណូលបានច្រើនជាងលោក ព្រោះដុតធ្យូងបានច្រើន ហើយអាចរស់នៅជួបជុំគ្នាដោយមិនបាច់ទៅស្វែងរកការងារធ្វើទៅប្រទេសថៃ នោះទេ។ អ្នកប្រកបរបរនេះនៅពេលប្រមូលធ្យូងម្ដងប្រឡាក់ធ្យូងខ្មៅពេញខ្លួនស្រមេកស្រមក ស្ទើរតែមើលមិនស្គាល់ថាមនុស្សចាស់ ឬក្មេងឡើយ។
ពលរដ្ឋនៅភូមិស្នួលទ្រេត ម្នាក់ទៀត លោកស្រី អឿន សាវ៉ាត ដៃកំពុងដេរបាវធ្យូងបណ្ដើរ ផ្ដល់បទសម្ភាសន៍ឲ្យអាស៊ីសេរីបណ្ដើរថា លោកស្រីប្រកបរបរមួយនេះប្រហែល ៣ឆ្នាំហើយ គឺរស់នៅជួបជុំក្រុមគ្រួសារដោយមិនបាច់ធ្វើចំណាកស្រុកទៅក្រៅប្រទេស ប្រថុយនឹងគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ។ ស្ត្រីវ័យជាង ៤០ឆ្នាំរូបនេះបន្ថែមថា របរមួយនេះ ពេលខ្លះគ្រួសារលោកស្រីទៅរកឈើដុតធ្យូងដោយខ្លួនឯង ហើយពេលណាៗដែលប្ដីរបស់លោកស្រីទៅរកឈើមិនទាន់ ក៏ដើរស៊ីឈ្នួលប្រមូលធ្យូងចេញពីឡឲ្យគេ ដោយច្រកដាក់បាវ ហើយបានប្រាក់ឈ្នួលប្រហែល ២ម៉ឺន ៥ពាន់រៀលក្នុងមួយថ្ងៃ៖ «បើមានការងារផ្សេងធ្វើ ខ្ញុំបង់បោះរបរដុតធ្យូងនេះហើយ តែគ្មានការងារធ្វើទេ មានតែទៅប្រទេសថៃ ស៊ីឈ្នួលដកដំឡូងឲ្យគេ តែខ្ញុំមិនទៅទេ ព្រោះទៅចោលកូន ហើយបានប្រាក់ឈ្នួលប្រហែលនឹងការងារខ្ញុំដុតធ្យូងដែរ»។Image may be NSFW.
Clik here to view.
ឡដុតធ្យូងរបស់ពលរដ្ឋនៅឃុំអូរបីជាន់ ធ្វើពីដីដោយយកឈើទៅដាក់នៅខាងក្នុងឡ ហើយដុតភ្លើងដោយបិទឲ្យជិត ទុករន្ធសម្រាប់បង្ហុយផ្សែងពី ៣ ទៅ ៤កន្លែង។ ពលរដ្ឋអះអាងថា ប្រសិនបើឡតូច គេដុតទុកចោលប្រមាណ ៣ថ្ងៃ ចំណែកឡធំដែលដាក់ឈើច្រើន ទុកប្រមាណពី ៧ ទៅ ១០ថ្ងៃ ទើបគេប្រមូលធ្យូងចេញពីឡ។
ចំណែកធ្យូងដែលអ្នកស្រុកដុតបានមានឈ្មួញចាំទិញដល់ទីកន្លែង ដោយឈ្មួញយកសម្បកការុងទៅឲ្យម្ចាស់ធ្យូងច្រក រួចដឹកយកទៅលក់បន្ត ដោយតម្លៃធ្យូងចំនួន ១ម៉ឺនរៀលក្នុងមួយការុង។
អ្នកទិញធ្យូងនៅឃុំអូរបីជាន់ លោកស្រី រិទ ធឿន ថ្លែងថា លោកស្រីដឹកធ្យូងតាមគោយន្តទៅលក់នៅក្រុងប៉ោយប៉ែត និងនៅស្រុកម៉ាឡៃ ក្នុងតម្លៃលក់រាយ ១ម៉ឺន ២ពាន់រៀលក្នុងមួយការុង ហើយបានប្រាក់ចំណេញចំនួន ២ពាន់រៀលក្នុងមួយការុង។ លោកស្រីអះអាងថា ក្នុងមួយជើង ដឹកធ្យូងប្រមាណ ៧០ការុង លក់អស់តែក្នុងមួយថ្ងៃត្រឡប់មកផ្ទះវិញ ក្រោយពីផាត់ចំណាយថ្លៃប្រេង និងថ្លៃបង់ឲ្យសមត្ថកិច្ចតាមផ្លូវហើយ បានប្រាក់ចំណេញប្រមាណ ៣ម៉ឺនរៀលក្នុងមួយជើង៖ «ប៉ះថ្ងៃយើងលក់ថ្លៃបាន ១ម៉ឺន ៣ ទៅបានចំណូល ៤ម៉ឺនរៀលដែរមួយថ្ងៃ។ ខ្ញុំមិនដឹងធ្វើការងារអីក្រៅអំពីរបរលក់ធ្យូង បានជាខ្ញុំប្រកបរបរនេះ ហើយបើទៅធ្វើការនៅថៃ ខ្លាចគេចាប់ ព្រោះគ្មានប្រាក់ធ្វើលិខិតឆ្លងដែន។ ខ្ញុំមានដីស្រែដែរ តែធ្វើមិនកើត។ ខ្ញុំជំពាក់គេដោយសារធ្វើស្រែ បានជាខ្ញុំប្រកបរបរដុតធ្យូងលក់។ ខ្ញុំដើរទិញធ្យូងពីពលរដ្ឋតាមព្រំដែននៅក្នុងឃុំនេះរហូតដល់ភូមិចំការគរ ឃុំស្វាយចេក ក៏មានដែរ»។
ទាក់ទងនឹងបញ្ហានេះ មេឃុំអូរបីជាន់ លោក សួង មឿន មានប្រសាសន៍ថា របរដុតធ្យូងរបស់ពលរដ្ឋនៅជាប់ព្រំដែនឃុំមួយនេះ ជារបរបន្ថែមក្រៅអំពីការធ្វើស្រែ និងដាំដំឡូងមី។ លោកថា ពលរដ្ឋដែលប្រកបរបរនេះ ភាគច្រើនយកគល់ និងមែកឈើដែលងាប់ស្រាប់នៅតាមដីស្រែ និងដីចម្ការរបស់កសិករ៖ «មិនមានអីជាទ្រង់ទ្រាយធំ តែផ្ទះខ្លះមានគោយន្តមួយ និងឡានច្នៃមួយដឹកដើមឈើសម្រាប់ដុតខែវស្សាអ៊ីចឹង ហើយខ្លះក៏រកឈើបានមួយថ្ងៃដុតមួយថ្ងៃក៏មានដែរ»។
លោក សួង មឿន ឲ្យដឹងថា សព្វថ្ងៃពលរដ្ឋដែលប្រកបរបរដុតធ្យូងនៅក្នុងឃុំអូរបីជាន់ មានជាង ៣០គ្រួសារ ក្នុងនោះពលរដ្ឋភាគច្រើនមានដីធ្វើស្រែ និងដីចម្ការសម្រាប់ដាំដុះដោះស្រាយជីវភាពគ្រួសារដែរ តែពួកគាត់ដាំដុះមិនបានផល ហើយមិនចង់ធ្វើចំណាកស្រុក ក៏ប្រកបរបរមួយនេះដើម្បីរកប្រាក់ចំណូលដើម្បីផ្គត់ផ្គង់គ្រួសារ និងកាត់បន្ថយការធ្វើចំណាកស្រុកទាំងប្រថុយប្រថាន៕Image may be NSFW.
Clik here to view.