
គណបក្សឆាំងនឹងប្រជុំផ្ទៃក្នុងជាមួយមន្ត្រីជាន់ខ្ពស់របស់ខ្លួនទូទាំងប្រទេស នៅថ្ងៃទី២៥ ខែកក្កដា ខាងមុខ ដើម្បីប្រាប់អំពីការឈប់ប្រើប្រាស់រូបលោក សម រង្ស៊ី និងលោក កឹម សុខា តទៅទៀត ដោយប្រើប្រាស់ត្រឹមរូបសញ្ញាព្រះអាទិត្យរះ។
គណបក្សនយោបាយដែលរងគ្រោះព្រោះច្បាប់គណបក្សនយោបាយថ្មីដែលនឹងចូលជាធរមានក្នុងពេលខាងមុខយ៉ាងខ្លី នឹងប្ដូរទាំងរូបសញ្ញា និងឈ្មោះគណបក្សរបស់ខ្លួន។ ទាំងគណបក្សសង្គ្រោះជាតិ និងគណបក្ស សម រង្ស៊ី ដែលជាប់ពាក់ព័ន្ធជាមួយលោក សម រង្ស៊ី បានកំណត់យកថ្ងៃប្រជុំដូចគ្នា គឺថ្ងៃទី២៥ ខែកក្កដា ខាងមុខ ដើម្បីជៀសវាងការរំលាយគណបក្សចោល នៅពេលច្បាប់គណបក្សនយោបាយថ្មីចូលជាធរមាន។
គណបក្សសង្គ្រោះជាតិ គឺគ្រាន់តែឈប់ប្រើរូបលោក សម រង្ស៊ី និងលោក កឹម សុខា កាន់ដៃគ្នានោះតទៅទៀត ដោយដាក់ត្រឹមរូបព្រះអាទិត្យរះ ដែលជាស្លាកសញ្ញាផ្លូវការរបស់គណបក្សនេះ។ ចំណែកគណបក្ស សម រង្ស៊ី ដែលសព្វថ្ងៃកំពុងមានអាសនៈនៅក្នុងព្រឹទ្ធសភា ក៏នឹងប្ដូរឈ្មោះគណបក្សចេញដែរ។
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ឲ្យអាស៊ីសេរី ដឹងនៅថ្ងៃទី២២ ខែកក្កដា ថា កិច្ចប្រជុំនោះគណបក្សនឹងណែនាំទៅថ្នាក់ដឹកនាំទាំង២៥ខេត្ត រាជធានី ពីការឈប់ប្រើរូបទាំងនោះនៅលើបដាផ្សព្វផ្សាយរបស់គណបក្ស។ ទាក់ទងការចំណាយលើការផ្លាស់ប្ដូរនេះ លោក អេង ឆៃអ៊ាង ថាគណបក្សមិនបានគិតពីការចំណាយទេ ព្រោះនេះជាការចូលរួមពីពលរដ្ឋ និងអ្នកគាំទ្រគណបក្ស៖ «»។
លោក អេង ឆៃអ៊ាង ឲ្យដឹងទៀតថា គណៈកម្មាធិការអចិន្ត្រៃយ៍នៃគណបក្សសង្គ្រោះជាតិ បានសម្រេចប្រើតែស្លាកសញ្ញារបស់គណបក្ស គឺរូបព្រះអាទិត្យរះ តាំងពីសប្ដាហ៍ទី២ នៃខែកក្កដា នេះ។
ចំណែកតំណាងរាស្ត្រ និងជាសមាជិកគណៈកម្មការអចិន្ត្រៃយ៍នៃគណបក្សសង្គ្រោះជាតិ លោ គីមសួរ ភីរិទ្ធ ឲ្យដឹងថា ការផ្លាស់ប្ដូររូបដោយដាក់ស្លាកសញ្ញាគណបក្សសង្គ្រោះជាតិ ទូទាំងប្រទេស មកដល់ពេលនេះទើបបានប្រមាណ ១០ភាគរយប៉ុណ្ណោះ។ លោកថា ក្រោយលទ្ធផលកិច្ចប្រជុំថ្ងៃទី២៥ ខាងមុខ គណបក្សនឹងមានជួនដំណឹងជាផ្លូវការ ណែនាំទៅសាខាបក្សទាំងក្នុង និងក្រៅប្រទេស មិនឲ្យធ្វើអ្វីដែលច្បាប់គណបក្សនយោបាយថ្មីហាមឃាត់។
ស្រដៀងគ្នានេះដែរ ប្រធានស្ដីទីគណបក្ស សម រង្ស៊ី ទាវ វណ្ណុល និងជាសមាជិកព្រឹទ្ធសភាមកពីគណបក្ស សម រង្ស៊ី ប្រាប់ថា គណបក្សរបស់លោកនឹងប្រជុំសមាជិកអចិន្ត្រៃយ៍ថ្ងៃទី២៥ ខែកក្កដា ខាងមុខដែរ ដើម្បីកំណត់ថ្ងៃធ្វើសមាជបក្សប្ដូរឈ្មោះគណបក្សនៅពេលខាងមុខទៀត។ លោកប្រាប់ថា ចំពោះលោកផ្ទាល់ដែលជាប្រធានស្ដីទីគណបក្ស សម រង្ស៊ី លោកចង់ប្ដូរឈ្មោះគណបក្ស សម រង្ស៊ី ទៅជាគណបក្ស ពន្លឺប្រជាធិបតេយ្យ៖ «»។
លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ កំពុងជាប់ទោសមានឈ្មោះជាទណ្ឌិត ព្រោះតុលាការក្រុងភ្នំពេញ ចោទប្រកាន់ជាច្រើនករណី បើទោះលោក សម រង្ស៊ី ផ្ទាល់ថា លោកមិនមែនជាទណ្ឌិត ព្រោះលោកត្រូវបានកាត់ទោសដោយតុលាការអាយ៉ងក្ដី។
តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា សម្រេចកែច្បាប់ស្ដីពីគណបក្សនយោបាយយ៉ាងប្រញាប់មិនខ្វល់នឹងការរិះគន់។ ខ្លឹមសារមាត្រាខ្លះដែលទើបកែប្រែថ្មីនេះ ហាមគ្រប់គណបក្សនយោបាយមិនត្រូវប្រើប្រាស់សារជាសំឡេង រូបភាព ឯកសារជាលាយលក្ខណ៍អក្សរ ឬសកម្មភាពរបស់ទណ្ឌិតជាប់ទោសពីបទឧក្រិដ្ឋ ឬពីបទមជ្ឈិម ដើម្បីជាផលប្រយោជន៍នយោបាយសម្រាប់គណបក្សរបស់ខ្លួន។ ចំពោះទោសទណ្ឌដល់គណបក្សនយោបាយដែលបានប្រព្រឹត្តផ្ទុយពីច្បាប់នេះវិញ គឺតុលាការអាចសម្រេចផ្អាកសកម្មភាពគណបក្សនយោបាយនោះមិនលើសពី ៥ឆ្នាំ ឬអាចរំលាយគណបក្សនោះចោលតែម្ដង។
ក្រោយពេលច្បាប់គណបក្សនយោបាយថ្មីឆ្លងផុតរដ្ឋសភា និងព្រឹទ្ធសភា នៅពេលនេះ វិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយបានដល់ក្រុមប្រឹក្សាធម្មនុញ្ញហើយ។
ប្រធានស្ដីទីគណបក្ស សម រង្ស៊ី ទាវ វណ្ណុល យល់ថា ច្បាប់នេះនឹងចូលដល់ស្ថាប័នព្រះរាជវាំងក្នុងអំឡុងមួយអាទិត្យទៀត។ ចំណែកអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ក៏យល់ដូចគ្នានេះដែរ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន យល់ថា ការដែលគណបក្សប្រឆាំងមានផែនការច្បាស់លាស់ក្នុងការផ្លាស់ប្ដូររូបភាព សញ្ញា និងឈ្មោះ ដែលជាប់ទាក់ទងនឹងលោក សម រង្ស៊ី ព្រោះគណបក្សនេះដឹងថា ខ្លួនមិនអាចរារាំងច្បាប់គណបក្សនយោបាយថ្មីបាន៖ «»។
ក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ កាលពីប៉ុន្មានថ្ងៃមុនបានថ្វាយលិខិតទៅព្រះមហាក្សត្រស្នើទៅព្រះអង្គកុំឲ្យឡាយព្រះហស្តលេខាលើវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ។ ប៉ុន្តែមិនទាន់ការឆ្លើយតបណាមួយពីស្ថាប័នព្រះរាជវាំងនៅឡើយ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា អះអាងថា ច្បាប់នេះនឹងមានសុពលភាព អនុវត្តភ្លាមៗក្រោយពេលព្រះមហាក្សត្រឡាយព្រះហស្តលេខាលើព្រះរាជក្រមប្រកាសឲ្យប្រើប្រាស់៕