អ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាតិ ថ្លែងប្រាប់អាស៊ីសេរី នៅថ្ងៃទី៩ មីនា ថា លោកមិនចង់និយាយពីរឿងសារបែកធ្លាយរបស់ក្រុមគ្រួសារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលត្រូវបានសារព័ត៌មានផ្សព្វផ្សាយជាបន្តបន្ទាប់នោះទេ។ ការថ្លែងរបស់លោក ឈុំ សុជាតិ ដូចនេះ ស្របពេលដែលគ្រួសារលោក ហ៊ុន សែន នៅមិនទាន់បានបញ្ចេញប្រតិកម្មចំពោះការបែកធ្លាយនេះនៅឡើយរហូតមកទល់ពេលនេះ។
ការដែលអាស៊ីសេរីទាក់ទងទៅកាន់មន្ត្រីក្រសួងការពារជាតិ ចំពោះរឿងបែកធ្លាយសារសន្ទនារបស់គ្រួសារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយហេតុថា កូនប្រុសច្បងលោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត និងកូនប្រុសទី២ គឺលោក ហ៊ុន ម៉ានិត គឺសុទ្ធសឹងតែជាមន្ត្រីជាន់ខ្ពស់របស់ក្រសួងការពារជាតិ ហើយដែលមានឈ្មោះនៅក្នុងសារបែកធ្លាយនោះ។
ទោះជាយ៉ាងណា អ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាតិ បដិសេធមិនអត្ថាធិប្បាយ ឬប្រាប់ពីចំណាត់ការរបស់ក្រសួងយ៉ាងណាចំពោះការបែកធ្លាយនេះឡើយ ដោយនិយាយថា លោកមិនចង់និយាយពីរឿងនេះទេ។
មកទល់ពេលនេះ គឺមានរយៈពេល ៤ថ្ងៃហើយដែលអាស៊ីសេរី បានដាក់លិខិតទៅកាន់គ្រួសារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីរដ្ឋាភិបាលមួយចំនួនដែលមាននៅក្នុងសារបែកធ្លាយ ប៉ុន្តែមិនទាន់ឃើញមានការឆ្លើយតបនោះទេ។
កាលពីថ្ងៃទី៨ មីនា អាស៊ីសេរី បានទាក់ទងជំនួយការរបស់លោក ហ៊ុន ម៉ាណែត ដែលមិនប្រាប់ឈ្មោះ ដើម្បីចង់ដឹងថា តើលោក ហ៊ុន ម៉ាណែត បានទទួលលិខិតរបស់អាស៊ីសេរី ហើយឬនៅ? ជំនួយការលោក ហ៊ុន ម៉ាណែត រូបនេះបាននិយាយថា លោកនឹងពិនិត្យមើលជាមួយផ្នែករដ្ឋបាល រួចឆ្លើយតបនៅថ្ងៃទី៩ មីនា ប៉ុន្តែនៅពេលអាស៊ីសេរីទាក់ទងជាថ្មីនៅថ្ងៃទី៩ មីនា លោកមិនលើកទូរស័ព្ទឡើយ។
អាស៊ីសេរី ក៏បានទាក់ទងទៅលេខទូរស័ព្ទនៅក្នុងសារបែកធ្លាយដែលមានឈ្មោះលោក ហ៊ុន ម៉ាណែត និងលេខទូរស័ព្ទ តែម្ចាស់ទូរស័ព្ទមិនលើកដូចគ្នា។
ប្រភពឈ្មោះ «អង្គរបុរី» បានផ្ញើសារឆ្លើយឆ្លងឯកជនជាង ១០០ទំព័រ ដែលភាគច្រើនពាក់ព័ន្ធនឹងគ្រួសារត្រកូល ហ៊ុន និងមន្ត្រីរដ្ឋាភិបាលទៅកាន់អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ហើយក៏ត្រូវបានលោក សម រង្ស៊ី បញ្ចេញទៅឲ្យអ្នកសារព័ត៌មានកាលពីថ្ងៃទី១ មីនា។
ក្នុងសារបែកធ្លាយនោះ គេឃើញមានជាប់ឈ្មោះ និងលេខទូរស័ព្ទអ្នកស្រី ប៊ុន រ៉ានី ភរិយារបស់លោក ហ៊ុន សែន កូនៗលោក រួមមានលោក ហ៊ុន ម៉ាណែត លោក ហ៊ុន ម៉ានិត លោក ហ៊ុន ម៉ានី អ្នកស្រី ហ៊ុន ម៉ាណា អ្នកស្រី ហ៊ុន ម៉ាលី និងកូនប្រុសបីនាក់របស់លោកឧបនាយករដ្ឋមន្ត្រី សុខ អាន ព្រមទាំងមន្ត្រីជាន់ខ្ពស់មួយចំនួនទៀត។ លើសពីនេះ ក៏មានសារជាភាសាបារាំង ពាក់ព័ន្ធជាមួយលោក សម រង្ស៊ី ផងដែរ។
អាស៊ីសេរី ក៏បានទាក់ទងលោក សម រង្ស៊ី ដែរនៅថ្ងៃនេះ តែមិនមានអ្នកលើកទូរស័ព្ទ។
ចំពោះកូនប្រុសច្បងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត ដែលបច្ចុប្បន្នជាឧត្តមសេនីយ៍ផ្កាយ៣ ជាមេបញ្ជាការកម្លាំងពិសេសប្រឆាំងភេរវកម្ម ជាមេបញ្ជាការរងកងទ័ពជើងគោក ជានាយរងសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងជាអគ្គមេបញ្ជាការរងកងអង្គរក្សលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងសារបែកធ្លាយនោះគេឃើញមានការសន្ទនាអំពីករណីបណ្ដឹងរបស់លោកនៅតុលាការសហរដ្ឋអាមេរិក ពីការសុំយោបល់ដើម្បីចូលធ្វើជាទាហាន ពីការដឹងគុណរបស់ជនជាតិប៉ាគីស្ថាន ឈ្មោះ Joseph Matthews ក្រោយពីលោក ហ៊ុន ម៉ាណែត បានជួយឲ្យបុរសរូបនេះទទួលបានសញ្ជាតិកម្ពុជា និងពីការប្ដេជ្ញារបស់បុរសរូបនេះក្នុងការបម្រើលោក ហ៊ុន ម៉ាណែត និងលោក ហ៊ុន សែន មួយជីវិត និងការជួយរៀបចំយុទ្ធសាស្ត្រសម្រាប់យកឈ្នះការបោះឆ្នោត ជាដើម។ ក្រៅពីនោះ ក៏មានការសន្ទនាពីការស្នើសុំលោក ហ៊ុន ម៉ាណែត ជួបពិភាក្សាគ្នា ការស្នើសុំផ្ទះពីលោក ហ៊ុន ម៉ាណែត រស់នៅ និងការស្នើពីកាស៊ីណូណាហ្គាវើល (NAGA WORLD) ទៅកាន់លោក ហ៊ុន ម៉ាណែត ជាដើម។
នៅក្នុងសារដែលកាស៊ីណូណាហ្គាវើល ផ្ញើទៅកាន់លោក ហ៊ុន ម៉ាណែត អ្នកផ្ញើដែលមានឈ្មោះថា Uncle Chenlipkeong Naga ឬ ពូ Chenlipkeong Naga បានស្នើឲ្យលោក ហ៊ុន ម៉ាណែត ជួយធ្វើយ៉ាងណាកុំឲ្យសំឡេងនៃការប្រគំតន្ត្រីដែលធ្វើឡើងដើម្បីអបអរសាទរទិវា ៧ មករា ដែលនៅក្បែរកាស៊ីណូនោះ មានសំឡេងលាន់ឮខ្លាំងរំខានទៅដល់អតិថិជនរបស់កាស៊ីណូណាហ្គាវើល។ អ្នកផ្ញើឈ្មោះ ពូ Chenlipkeong Naga បញ្ជាក់ប្រាប់លោក ម៉ាណែត ថា ដោយសារតែការរំខាននៃសំឡេងប្រគំតន្ត្រីនោះ បានធ្វើឲ្យអតិថិជនរបស់ខ្លួនមួយចំនួនមិនសប្បាយចិត្ត ហើយបានចេញពីកាស៊ីណូណាហ្គាវើល។
ទោះជាយ៉ាងណា សារដែលលេចធ្លាយនេះជាសារផ្ញើតាម Text SMS ហើយឃើញមានតែម្ខាង ពោលគឺពីអ្នកដែលសរសេរទៅកាន់លោក ហ៊ុន ម៉ាណែត ដោយមិនឃើញលោក ហ៊ុន ម៉ាណែត ឆ្លើយតបវិញទេ។
ក្នុងលិខិតទៅកាន់គ្រួសារលោក ហ៊ុន សែន និងមន្ត្រីរដ្ឋាភិបាល អាស៊ីសេរី ចង់ដឹងថា តើសារទាំងនោះពិតជារបស់ពួកគាត់ ឬយ៉ាងណា? ហើយថា តើមានចំណាត់ការយ៉ាងណាចំពោះការបញ្ចេញសារសន្ទនាសម្ងាត់ដែលរំលោភច្បាប់បែបនេះ?
បើទោះជាការទម្លាយសារសម្ងាត់បែបនេះ អាចជួយឲ្យសាធារណជនដឹងពីទង្វើបិទបាំងលាក់លៀមរបស់មេដឹកនាំ ឬមន្ត្រីរាជការក៏ដោយ ក៏អ្នកច្បាប់ចាត់ទុកថា ការលួចថតការសន្ទនាឯកជនរបស់គេយកមកផ្សព្វផ្សាយ គឺជាការរំលោភច្បាប់ជាតិ និងអន្តរជាតិ ព្រមទាំងបំពានលើសិទ្ធិឯកជន ដែលរដ្ឋមានតួនាទីការពារ និងទទួលខុសត្រូវ៕