Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​អ.ស.ប​ស្នើ​រដ្ឋាភិបាល​បញ្ឈប់​លប​លួច​ស្ដាប់​និង​ថត​សំឡេង​អ្នក​ដទៃ

$
0
0

អ្នក​រាយការណ៍​ពិសេស​ផ្នែក​សិទ្ធិ​ឯកជន​របស់​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ (..) លោក ចូសែប ខាន់ណាតាឈី (Joseph Cannataci) រិះគន់​ច្បាប់​ឈ្លប​យក​ការណ៍ ដូចជា​លប​លួច​ស្តាប់ និង​ថត​សំឡេង​របស់​អ្នក​ដទៃ ដែល​រដ្ឋាភិបាល​មួយ​ចំនួន​បាន​បង្កើត​ឡើង និង​ស្នើ​ឲ្យ​រដ្ឋាភិបាល​នៅ​ជុំវិញ​ពិភពលោក​គោរព​សិទ្ធិ​ឯកជន ដោយ​ត្រូវ​ចាត់​ទុក​វា​ជា​សិទ្ធិ​សកល​នៅ​សម័យ​បច្ចេកវិទ្យា​ទំនើប។

លោក ចូសែប បាន​បង្ហាញ​របាយការណ៍​នេះ​ជូន​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ កាល​ពី​ថ្ងៃ​ទី​៨ មីនា នៅ​ទីក្រុង​ហ្សឺណែវ (Geneva)។ លោក​ថ្លែង​ថា បញ្ហា​នៃ​ការ​ឈ្លប​យក​ការណ៍​របស់​រដ្ឋាភិបាល គឺ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ជាង​ពេល​ណាៗ​ទាំងអស់។ លោក​បារម្ភ​ជា​ខ្លាំង​មែន​ទែន​ដែល​សិទ្ធិ​ឯកជន មិន​ទាន់​ត្រូវ​បាន​គេ​គោរព​ការពារ​ត្រឹមត្រូវ ខណៈ​បច្ចេកវិទ្យា​ឌីជីថល​កាន់​តែ​ទំនើប​ទៅៗ។

អ្នក​រាយការណ៍​ពិសេស​ផ្នែក​សិទ្ធិ​ឯកជន​របស់​អង្គការ​សហប្រជាជាតិ​រូប​នេះ​បន្ថែម​ថា ជា​ទូទៅ ច្បាប់​ឈ្លប​ការណ៍​ថ្មី ឧទាហរណ៍​ដូចជា​ការ​លប​លួច​ស្តាប់ និង​ថត​សំឡេង​របស់​អ្នក​ដទៃ ដែល​កំពុង​ត្រូវ​បាន​ព្រាង​ដោយ​រដ្ឋាភិបាល​មួយ​ចំនួន​ជុំវិញ​ពិភពលោក បង្កប់​នូវ​ចរិត​នយោបាយ​ដើម្បី​ធ្វើ​ឲ្យ​ស្រប​ច្បាប់​នូវ​ការ​ធ្វើ​សកម្មភាព​ឈ្លប​យក​ការណ៍ ដែល​មិន​គួរ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ធ្វើ​ទាល់​តែ​សោះ។

លោក​ជឿជាក់​ថា វិធាន​ខ្លះ​ក្នុង​ច្បាប់​នេះ មាន​ចរិត​នយោបាយ ដោយ​អ្នក​នយោបាយ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា មាន​ចេតនា​ធ្វើ​អ្វី​មួយ បើ​ទោះ​ជា​ច្បាប់​នោះ​មិន​ផ្តល់​ប្រយោជន៍​នៅ​ពេល​អនុវត្ត​ជាក់ស្តែង​ក៏ដោយ។

លោក ចូសែប សង្កត់​ធ្ងន់​ថា៖ «ការ​ប្រើ​លេស​របស់​អ្នក​តាក់តែង​គោល​នយោបាយ ដោយ​លើក​ពី​ការ​គំរាម​កំហែង​ភេរវកម្ម ជំរុញ​ឲ្យ​ពួក​គេ​លេង​ល្បែង​បំភ័យ ហើយ​យក​លេស​ថា ប្រើ​ច្បាប់​នេះ​ដើម្បី​ពង្រឹង​សន្តិសុខ»

លោក​គូស​បញ្ជាក់​ថា លោក​មិន​ជឿ​លើ​ការ​ដឹកនាំ​ក្រោម​ទម្រង់​ណា​មួយ ដែល​ប្រើ​យុទ្ធសាស្ត្រ​កម្លាច​បំភ័យ​នេះ​ទេ។ លោក​ថា «ភាព​ជា​អ្នក​ដឹកនាំ​នយោបាយ​ពិត​ប្រាកដ គឺ​មិន​ត្រូវ​លេង​ល្បិច​កម្លាច​បំភិត​បំភ័យ​នេះ​ទេ»

លោក​ផ្តល់​អនុសាសន៍​ថា រដ្ឋាភិបាល​ទាំងឡាយ​គួរ​ត្រៀម​ខ្លួន​ដើម្បី​ធានា​ថា សិទ្ធិ​ឯកជន គឺ​ជា​សិទ្ធិ​សកល ពិសេស​នៅ​ពេល​និយាយ​ពី​ការ​ឈ្លប​យក​ការណ៍​នៅ​លើ​បណ្ដាញ​អ៊ីនធឺណិត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles