របាយការណ៍របស់គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រែល (Comfrel) ដែលចេញផ្សាយនៅថ្ងៃទី៩ ខែមីនា បង្ហាញថា ប្រជាពលរដ្ឋមួយចំនួនមិនពេញចិត្តនឹងការអនុវត្តគោលនយោបាយរបស់រដ្ឋាភិបាលក្នុងឆ្នាំ២០១៦ នោះទេ។ រីឯមន្ត្រីរដ្ឋាភិបាល ចាត់ទុករបាយការណ៍នេះថា មិនឆ្លុះបញ្ចាំងពីការពិត និងមាននិន្នាការនយោបាយ។
ស្របពេលដែលគណបក្សប្រជាជនកម្ពុជា ដឹកនាំរដ្ឋាភិបាលអាណត្តិទី៥ ជិតផុតទៅហើយនោះ អង្គការខុមហ្វ្រែល បានចេញរបាយការណ៍ថ្មីមួយស្ដីពីការឃ្លាំមើល និងការផ្ដល់ពិន្ទុលើលទ្ធផលនៃការបំពេញ ឬអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៥ ឆ្នាំទី៣។
ក្នុងរបាយការណ៍ដែលមានកម្រាស់ជាង ៩០ទំព័ររបស់អង្គការខុមហ្វ្រែលនោះ គឺចែកចេញជាពីរផ្នែក។ ផ្នែកទី១ គឺការឃ្លាំមើលទៅលើគោលនយោបាយ ១៦ចំណុចដែលមានសូចនាករច្បាស់លាស់។ ផ្នែកទី២ គឺការផ្ដល់ពិន្ទុដោយពលរដ្ឋទៅលើទៅលើគោលនយោបាយដែលមិនមានសូចនាករច្បាស់លាស់ចំនួន ៣០ចំណុច ហើយបង្រួមមកនៅត្រឹម ៤ចំណុចធំៗ។
ក្នុងចំណោមគោលនយោបាយ ១៦ចំណុចនោះ ខុមហ្វ្រែល រកឃើញថា មាន ៦ចំណុចដែលរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានអនុវត្ត ហើយទទួលបានលទ្ធផលផ្លែផ្កា ឬសម្រេចបានពេញលេញ ដូចជាកំណើនសេដ្ឋកិច្ច ៧% ក្នុង ១ឆ្នាំ ការកាត់បន្ថយភាពក្រីក្រក្នុងអត្រា ០១% ក្នុង ១ឆ្នាំ ការបញ្ឈប់ការផ្ដល់សម្បទានដីសេដ្ឋកិច្ច ការកសាងគោលនយោបាយជាតិស្ដីពីលំនៅឋាន ការរៀបចំគោលនយោបាយដឹកជញ្ជូនទីក្រុង និងការបង្កើតគោលនយោបាយជាតិស្ដីពីមុខរបរ និងការងារ។
ចំណែកឯគោលនយោបាយចំនួន ៧ចំណុចទៀត ដែលរដ្ឋាភិបាលបានអនុវត្ត ហើយសម្រេចបានលទ្ធផលខ្លះនោះ មានដូចជា ការនាំចេញអង្ករឲ្យ ១លានតោន ការរក្សាផ្ទៃនេសាទទឹកសាប ការចុះបញ្ជីដីធ្លី ប្រជាជនទទួលសេវាទឹកស្អាត ការពង្រីកការផ្គត់ផ្គង់អគ្គិសនី គោលដៅចំនួនភ្ញៀវទេសចរពីក្រៅប្រទេសឆ្នាំ២០១៨ និងការបន្តកសាងអនុវិទ្យាល័យឲ្យបានគ្រប់ឃុំ។
ប៉ុន្តែក្នុងគោលនយោបាយ ១៦ចំណុចនោះដែរ មាន ៣ចំណុចដែលរដ្ឋាភិបាលបានអនុវត្ត តែមិនអាចសម្រេចបាន ឬបានលទ្ធផលតិចតួចតាមការសន្យា ក្នុងនោះរួមមានគោលនយោបាយរក្សាផ្ទៃដីដែលគ្របដណ្ដប់ដោយព្រៃឈើ ការកែលំអផ្លូវជនបទពី ៣០០ ទៅ ៤០០គីឡូម៉ែត្រក្នុង១ឆ្នាំ និងការដាក់ឲ្យដំណើរការរបបប្រាក់សោធននិវត្តន៍សម្រាប់កម្មករនិយោជិតក្នុងវិស័យឯកជន។
ដោយឡែកការផ្ដល់ពិន្ទុលើការអនុវត្តគោលនយោបាយដែលមិនមានសូចនាករច្បាស់លាស់សម្រាប់ឆ្នាំទី៣ ក្នុងអាណត្តិទី៥ គឺមានប្រជាពលរដ្ឋចំនួន ៤២៩នាក់ ក្នុងនោះមានស្ត្រី ៤០% មកពី១៤ ខេត្ត/រាជធានី បានចូលរួមផ្ដល់ពិន្ទុ ក្នុងនោះមានប្រមាណ ១៩ភាគរយ ពេញចិត្ត ចំណែកប្រមាណ ៦២ភាគរយ ពេញចិត្តខ្លះ និងប្រមាណ ១៩ភាគរយ មិនពេញចិត្តនឹងលទ្ធផលនៃការបំពេញ ឬអនុវត្តគោលនយោបាយទាំង ៤វិស័យ។
ចំពោះគោលនយោបាយទាំង ៤ចំណុចសំខាន់ៗដែលខុមហ្វ្រែល លើកយកមកឲ្យពលរដ្ឋដាក់ពិន្ទុនោះ រួមមានវិស័យនៃគោលនយោបាយការការពារជាតិ សន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ការពង្រឹងរដ្ឋបាលសាធារណៈ វិមជ្ឈការ និងសហវិមជ្ឈការ ការពង្រឹងផ្នែកច្បាប់ ប្រព័ន្ធយុត្តិធម៌ ការប្រឆាំងអំពើពុករលួយ ការអភិវឌ្ឍសេដ្ឋកិច្ច ការអភិវឌ្ឍវិស័យអប់រំ សុខាភិបាល ការងារវប្បធម៌ និងសង្គមកិច្ចជាដើម។
ចំពោះគោលនយោបាយដែលពលរដ្ឋមិនពេញចិត្តច្រើននោះ រួមមានវិស័យតុលាការ វិស័យសុខាភិបាល ការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងការដោះស្រាយបញ្ហាដីធ្លីជាដើម។ ចំណែកគោលនយោបាយផ្សេងៗទៀត ដែលពលរដ្ឋផ្ដល់ពិន្ទុល្អ ឬពេញចិត្តនោះ មានដូចជាគោលនយោបាយអភិវឌ្ឍន៍វិស័យកីឡា ការផ្គត់ផ្គង់អគ្គិសនី និងការផ្គត់ផ្គង់ទឹកស្អាតជាដើម។
យ៉ាងណាក៏ដោយ ចំពោះរបាយការណ៍នេះ មន្ត្រីរដ្ឋាភិបាល និងជាអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន អះអាងថា លោកមិនឲ្យតម្លៃរបាយការណ៍នេះទេ ព្រោះជារបាយការណ៍ដែលមិនឆ្លើយតបនឹងវិទ្យាសាស្ត្រ និងជារបាយការណ៍មួយដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល៖ «ខុមហ្វ្រែលជាអង្គការមួយដែលមើលមករដ្ឋាភិបាលអវិជ្ជមានរហូត ហើយខុមហ្វ្រែលធ្វើការស្រួលតែជាមួយបក្សប្រឆាំងទេ ដូចជាការចេញលទ្ធផលបោះឆ្នោត ការចេញវាយតម្លៃនេះវាយតម្លៃនោះ ខ្ញុំមិនឲ្យតម្លៃខ្ពស់ ព្រោះមិនមែនជាអង្គការមួយឯករាជ្យ។ បន្ទាប់មកទៀត អ្វីដែលគាត់លើកឡើងគ្រាន់តែជាព័ត៌មានដែលគាត់លើកឡើង ដែលគាត់យល់តែខ្លួនគាត់ ប៉ុន្តែរដ្ឋាភិបាលយើងមានភ្នាក់ងារក្នុងការវាយតម្លៃត្រឹមត្រូវរបស់យើង ដែលយើងធ្វើកំណែទម្រង់ភ្លាមៗឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ»។
រីឯមន្ត្រីផ្នែកអង្កេតរបស់អង្គការខុមហ្វ្រែល លោក សៀន ប៊ុនរិទ្ធ សម្ដែងការសោកស្ដាយដែលមន្ត្រីរដ្ឋាភិបាលទាត់ចោលរបាយការណ៍របស់ខ្លួន ដោយមិនបានយកទៅពិចារណាកែលំអចំណុចអវិជ្ជមាន៖ «មុននឹងយើងកសាងរបាយការណ៍ផ្សព្វផ្សាយជាសាធារណៈជូនប្រជាពលរដ្ឋជាម្ចាស់ឆ្នោត ក៏ដូចជាដាក់ជូនថ្នាក់ដឹកនាំរដ្ឋាភិបាល និងភាគីពាក់ព័ន្ធនានា គឺយើងបានមានវិធីសាស្ត្រត្រឹមត្រូវ ហើយរបាយការណ៍ដែលយើងបាននេះ គឺយើងធ្វើការចងក្រងដោយមានការចូលរួមពីប្រជាពលរដ្ឋដូចដែលយើងបានសរសេរក្នុងរបាយការណ៍ត្រឹមត្រូវ ហើយយើងមានការសោកស្ដាយចំពោះរដ្ឋាភិបាលដែលមិនទទួលយករបាយការណ៍របស់យើងទៅធ្វើការពិចារណា បែរជាចាត់ទុកយើង គឺជាភាគីម្ខាងផ្សេងទៀតដែលមិនចូលរួមអភិវឌ្ឍសង្គមទៅវិញ»។
លោក សៀន ប៊ុនរិទ្ធ ឲ្យដឹងដែរថា គោលបំណងបង្កើនតម្លាភាព និងជំរុញឲ្យរាជរដ្ឋាភិបាលមានការទទួលខុសត្រូវខ្ពស់ ខុមហ្វ្រែល បានធ្វើការសង្កេត និងលើកទឹកចិត្តឲ្យម្ចាស់ឆ្នោតវាយតម្លៃលើការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល តាមរយៈការធ្វើការសិក្សា និងការវិភាគរបាយការណ៍នានា ព័ត៌មានទទួលបានពីការសង្កេត និងវេទិកាផ្ដល់ឱកាសឲ្យប្រជាពលរដ្ឋផ្ដល់ពិន្ទុលើការអនុវត្តគោលនយោបាយនោះ៕