Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

ប្រមុខរដ្ឋ​ស្ដីទី​ចុះ​ហត្ថលេខា​ដាក់​ឲ្យ​ប្រើប្រាស់​ច្បាប់​បក្ស​នយោបាយ​ជំនួស​ព្រះមហាក្សត្រ

$
0
0

ច្បាប់​ស្ដីពី​វិសោធនកម្ម​ ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ ដែល​រង​ការ​រិះ​គន់​យ៉ាង​ខ្លាំង​ពី​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​ថា ជាច្បាប់​សំដៅ​រឹត​បន្តឹង​គណបក្ស​ប្រឆាំង ត្រូវ​បាន​ប្រមុខរដ្ឋ​ស្ដីទី ចុះ​ហត្ថលេខា​ដាក់​ឲ្យ​ប្រើ​ប្រាស់​ហើយ ខណៈ​ព្រះមហាក្សត្រ​យាង​ទៅ​ប្រទេស​ចិន។

ព្រះរាជក្រម​ប្រកាស​ឲ្យ​ប្រើ​ច្បាប់​នេះ ត្រូវ​បាន​ចុះ​ហត្ថលេខា​កាល​ពី​ថ្ងៃ​ទី​៧ មីនា ដោយ​ប្រមុខរដ្ឋ​ស្ដីទី​គឺ​ប្រធាន​ព្រឹទ្ធសភា លោក សាយ ឈុំ ក្នុង​ព្រះបរមនាម និង​ព្រះរាជត្រាស់​បង្គាប់ ហើយ​ទើប​ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​សារព័ត៌មាន​ក្នុង​ស្រុក​នៅ​ថ្ងៃ​ទី​៩ មីនា។

ច្បាប់​ស្ដីពី​វិសោធនកម្ម​ ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​នេះ ត្រូវ​បាន​ស្នើ និង​អនុម័ត​ដោយ​សមាជិក​រដ្ឋសភា​បក្ស​ប្រជាជនកម្ពុជា កាល​ពី​ថ្ងៃ​ទី​២០ កុម្ភៈ ក្រោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​កែប្រែ​ច្បាប់​នេះ។ អ្នក​សង្កេតការណ៍​យល់​ថា ច្បាប់​នេះ​សំដៅ​​​រារាំង​មិន​ឲ្យ​ប្រធាន​បក្ស​ប្រឆាំង​ចូលរួម​ដឹកនាំ​ការប្រកួតប្រជែង​ក្នុង​ការ​បោះឆ្នោត​ខាង​មុខ។

ទាំង​សមាជិក​ព្រឹទ្ធសភា​បក្ស​កាន់​អំណាច និង​ក្រុមប្រឹក្សា​ធម្មនុញ្ញ ក៏​អនុម័ត និង​ឯកភាព​លើ​សំណើ​កែប្រែ​ច្បាប់​នេះ​ដូចគ្នា ដោយ​គ្មាន​ការ​កែប្រែ​លើ​ចំណុច​ណា​ឡើយ លុះ​ថ្ងៃ​ចុង​ក្រោយ​ដែល​ក្រុមប្រឹក្សា​ធម្មនុញ្ញ ត្រូវ​បញ្ចប់​សវនាការ និង​បន្ត​នីតិវិធី​ថ្វាយ​ព្រះមហាក្សត្រ​ចុះ​ព្រះហស្ដលេខា ទ្រង់​ក៏​យាង​ចាកចេញ​ពី​ប្រទេស ដើម្បី​ទៅ​ពិនិត្យ​ព្រះរាជសុខភាព​នៅ​ប្រទេស​ចិន។

មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​​ចាត់ទុក​ច្បាប់​នេះ រំលោភ​រដ្ឋធម្មនុញ្ញ និង​​រឹត​ត្បិត​សេរីភាព​របស់​គណបក្ស​នយោបាយ ជាពិសេស​គឺ​បក្ស​ប្រឆាំង។ មុន​ចេញ​ច្បាប់​នេះ លោក សម រង្ស៊ី ដែល​កំពុង​នៅ​ក្រៅ​ប្រទេស និង​ហ៊ុំ​ព័ទ្ធ​ដោយ​បណ្ដឹង​នៅ​តុលាការ​ខ្មែរ ក៏​សម្រេច​លាលែង​ពី​ប្រធាន​គណបក្ស​សង្គ្រោះជាតិ ដើម្បី​គេច​ផុត​ពីការ​រំលាយគណបក្ស​របស់​ខ្លួន​ក្រោយ​ពី​ច្បាប់​នេះ​ចេញ​ជា​ស្ថាពរ។ ដោយ​ឡែក​លោក ហ៊ុន សែន ក៏​សារភាព​ថា លោក​ជា​អ្នក​រៀបចំ​ផែនការ​ដើម្បី​ឲ្យ​លោក កឹម សុខា ជំនួស​តំណែង​លោក លោក សម រង្ស៊ី តាមរយៈ​ការ​កែប្រែ​ច្បាប់​ស្ដីពីគណបក្សនយោបាយ​នេះដែរ។

មាត្រា​១៨​ថ្មី នៃ​ច្បាប់​នេះ​ចែង​ថា ប្រធាន និង​អនុប្រធាន​នៃ​គណបក្ស​នយោបាយ និង​សមាសភាព​នៃ​គណៈកម្មាធិការ​នាយក ឬ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ ឬ​អង្គការ​សមមូល​នឹង​គណៈកម្មាធិការ​នាយក ឬ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​គណបក្ស​នយោបាយ មិន​ត្រូវ​ជា​បុគ្គល​ដែល​ជា​ទណ្ឌិត​ជាប់​ទោស​ដាក់​ពន្ធនាគារ​ពី​បទ​ឧក្រិដ្ឋ ឬ​ពី​បទ​មជ្ឈិម ដោយ​គ្មាន​ការ​ព្យួរ​ទោស​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles