លទ្ធផលនៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនដែលបានដំណើរការបានរយៈពេល ៦៧ថ្ងៃ បង្ហាញថា មានការកើនឡើងជាលំដាប់ទាំងចំនួនករណីអ្នកពាក់ព័ន្ធ។ ដោយឡែកស្ថាប័នមន្ត្រីរាជការ នគរបាល កងរាជអាវុធហត្ថ ក៏បានរកឃើញមន្ត្រីមួយចំនួនបានប្រើប្រាស់ និងជាប់ពាក់ព័ន្ធនឹងមានសារធាតុញៀនដែរ។
ស្ថាប័នជំនាញនៅតាមបណ្ដាខេត្ត-រាជធានី កំពុងបន្តសកម្មភាពត្រួតពិនិត្យផ្ទៃក្នុង ដោយធ្វើតេស្ដរកសារធាតុញៀនពីមន្ត្រីរាជការស៊ីវិល និងមន្ត្រីក្នុងជួរកងកម្លាំងសមត្ថកិច្ច នៅក្នុងយុទ្ធនាការពិសេស ៦ខែ ប្រយុទ្ធប្រឆាំងគ្រឿងញៀន។
អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោកឧត្ដមសេនីយ៍ មាស វីរិទ្ធិ ថ្លែងនៅថ្ងៃទី៨ មីនា ថា សកម្មភាពធ្វើតេស្ដនេះ គឺជាផ្នែកមួយនៃយុទ្ធនាការបង្ក្រាបគ្រឿងញៀន ដែលជាស្មារតីភ្ញាក់រឭកពាក់ព័ន្ធនឹងការទទួលខុសត្រូវនៃស្វ័យភាពត្រួតពិនិត្យ គឺភាពជាម្ចាស់ការអង្គភាពនីមួយៗនៅគ្រប់បណ្ដាខេត្ត-រាជធានី។ លោកបន្តថា ការធ្វើតេស្ដនេះ គឺធ្វើទៅលើករណីសង្ស័យមានពាក់ព័ន្ធគ្រឿងញៀន មិនមែនជាការធ្វើតេស្ដទូទៅនោះទេ ពីព្រោះមន្ត្រីកងកម្លាំងប្រដាប់អាវុធមានតួនាទីភារកិច្ចការពារសុវត្ថិភាពប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំផង ដើម្បីបញ្ចៀសបញ្ហាផ្សេងៗកើតឡើងជាយថាហេតុ៖ «មិនមានការណែនាំ តែអង្គភាពនីមួយៗស្វ័យភាពខ្លួនឯង ពិនិត្យពិចារណាផ្ទៃក្នុងខ្លួនឯង ចង់ទៅត្រួតពិនិត្យគេ លុះត្រាតែខ្លួនឯងច្បាស់លាស់ ណែនាំគេលុះត្រាតែខ្លួនឯងត្រឹមត្រូវបរិសុទ្ធ»។
តែទោះជាយ៉ាងណា លោកឧត្ដមសេនីយ៍ មាស វីរិទ្ធិ ពុំមានតួលេខ ឬចំនួនរកឃើញថាមានមន្ត្រីរាជការស៊ីវិល និងមន្ត្រីក្នុងជួរកងកម្លាំងសមត្ថកិច្ចប៉ុន្មាននាក់ ដែលពាក់ព័ន្ធក្នុងយុទ្ធនាការបង្ក្រាបគ្រឿងញៀននេះទេ។ ប៉ុន្តែលោកថា មានចំនួនតិចទេ។ ហើយថា បើអាចធ្វើរបាយការណ៍ទាន់ ៣ខែ ឬ ៦ខែ នឹងមានការបូកសរុបក្នុងបញ្ជីពាក់ព័ន្ធ នឹងបង្ហាញមុខរបរចំពោះអ្នកដែលត្រូវឃាត់ខ្លួនទាំងនោះ។
លទ្ធផលនៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនដែលមានរយៈពេលចំនួន ៦ខែរបស់រដ្ឋាភិបាល ក្នុងរយៈពេល ៦៧ថ្ងៃដែលបានចាប់ផ្ដើមអនុវត្តចាប់ពីថ្ងៃទី១ មករា ដល់ថ្ងៃទី៨ មីនា ឲ្យដឹងថា អាជ្ញាធរបង្ក្រាបនៅទូទាំងប្រទេសទាំងករណីប្រើប្រាស់ និងជួញដូរបានចំនួន ២.២៥៦ករណី និងឃាត់ជនសង្ស័យប្រព្រឹត្តបទល្មើស និងអ្នកប្រើប្រាស់ចំនួន ៥.២២៩នាក់ ក្នុងនោះមានស្រី ៥២៣នាក់ និងគ្រឿងញៀនជាង ២០គីឡូក្រាម។
នាយកប្រតិបត្តិអង្គការខាណា (Khana) លោក ជួប សុខចំរើន ដែលបានធ្វើការជួយជនរងគ្រោះដោយគ្រឿងញៀន បានសាទរចំពោះយុទ្ធនាការនេះ។ លោកថា ប៉ុន្តែឲ្យកាន់តែល្អថែមទៀតនោះ គឺបើសិនជាការបង្ក្រាបឈានទៅរកការកំណត់មុខសញ្ញាអ្នកជួញដូរធំៗពិតប្រាកដ គឺជាចំណុចដែលគ្រប់មជ្ឈដ្ឋាន រួមទាំងប្រជាពលរដ្ឋសាទរ ពីព្រោះក្រុមនោះគឺជាអ្នកដែលធ្វើឲ្យមានការចរាចរយ៉ាងទូលំទូលាយតាំងពីទីក្រុងរហូតដល់ជនបទ៖ «ការរកសារធាតុញៀនក្នុងជួរកងកម្លាំងប្រដាប់អាវុធ ក៏ជាវិធានការមួយបង្ហាញគំរូដើម្បីឲ្យឃើញថាស្អាតស្អំ។ ប៉ុន្តែបើសិនជាមិនមានការពន្យល់ មិនមានការចូលរួម មិនមានការដឹងឮ ដែលគេកំណត់ឲ្យធ្វើការវិភាគ ខ្ញុំគិតថាជាចំណុចមួយគួរឲ្យពិចារណា ថាតើមានការរំលោភសិទ្ធិបុគ្គលរបស់គាត់ដែរទេ?»។
កាលពីខែកុម្ភៈ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ធ្លាប់មានប្រសាសន៍ថា ក្រៅអំពីវិធានការច្បាប់ មន្ត្រីក្នុងជួរកងរាជអាវុធហត្ថ ឬមន្ត្រីនគរបាលដែលបានប្រើប្រាស់ ហើយមានសភាពញៀន នឹងត្រូវរងការពិន័យផ្នែករដ្ឋបាល ដោយបណ្ដេញចេញពីក្របខ័ណ្ឌការងារ។
ក្នុងយុទ្ធនាការនេះ កាលពីថ្ងៃទី៨ ខែកុម្ភៈ កម្លាំងនគរបាលនៃមន្ទីរប្រឆាំងគ្រឿងញៀននៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងនគរបាលខេត្តស្ទឹងត្រែង បានបង្ក្រាបករណីជួញដូរគ្រឿងញៀន និងឃាត់ខ្លួនបានជនល្មើសម្នាក់នៅចំណុចគីឡូម៉ែត្រលេខ៤៥៩ “អូរពងមាន់” ខេត្តស្ទឹងត្រែង ជាមន្ត្រីនគរបាលខេត្តស្ទឹងត្រែង មានឋានន្តរសក្ដិអនុសេនីយ៍ត្រី ជាអនុប្រធានផ្នែកការិយាល័យអន្តោប្រវេសន៍ លោក ហែម សុផល ដោយដកហូតវត្ថុតាងបាន រួមមានថ្នាំញៀនមេតំហ្វេតាមីន (WY) ចំនួន ១២សុង ឬស្មើនឹង ២ម៉ឺន ៤ពាន់គ្រាប់៕