Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

គ្រូបង្រៀន​នៅ​ស្រុក​ថ្មគោល​ចោទ​មន្ត្រី​រៀបចំ​ការ​បោះ​ឆ្នោត​ថា​ជ្រើសរើស​​បុគ្គលិក​​ប្រកាន់​បក្សពួក

$
0
0

គ្រូបង្រៀន​នៅ​ស្រុក​ថ្មគោល​ ខេត្ត​បាត់ដំបង ចោទ​ប្រកាន់​មន្ត្រី​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​ថា ជ្រើសរើស​មន្ត្រី​រៀបចំ​ការ​បោះឆ្នោត​ប្រចាំ​ការិយាល័យ​ឃុំ ប្រកាន់​បក្សពួកនិយម​ និង​គ្មាន​តម្លាភាព។ គ្រូ​បង្រៀន​រូប​នេះ អះអាង​ថា អ្នក​ដែល​មាន​បទពិសោធន៍ និង​មាន​ចំណេះ​ខ្ពង់ខ្ពស់​មិន​ត្រូវ​បាន​គេ​​ជ្រើសរើស​ឲ្យ​បម្រើ​ការងារ​បោះឆ្នោត​ឡើយ។ ប៉ុន្តែ​ប្រធាន​លេខាធិការ​គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​ខេត្ត​បាត់ដំបង បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ។

​​​​​​​​គ្រូបង្រៀន​អនុវិទ្យាល័យ​​នៅ​ស្រុក​ថ្មគោល បាន​ប្រតិកម្ម​នឹង​ការ​ជ្រើសរើស​មន្ត្រី​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​​ឃុំ​នៅ​ក្នុង​ស្រុក​នេះ​ថា ធ្វើ​ឡើង​ដោយ​អយុត្តិធម៌។

តំណាង​គ្រូបង្រៀន​អនុវិទ្យាល័យ​ម្នាក់​នៅ​ស្រុក​ថ្មគោល លោក គឹម ម៉េងហ៊ួន ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៩ ខែ​មីនា ថា ការ​ជ្រើសរើស​មន្ត្រី​រៀបចំ​ការ​បោះឆ្នោត​ប្រចាំ​​ឃុំ​ចំនួន​២ គឺ​ឃុំ​ជ្រោយស្ដៅ និង​ឃុំ​បឹងព្រីង ស្រុក​ថ្មគោល ប្រមាណ ៧០​ភាគរយ គឺ​គ្មាន​តម្លាភាព​ឡើយ។ លោក​អះអាង​ថា មន្ត្រី​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ដែល​ទទួល​បន្ទុក​ជ្រើសរើស​បុគ្គលិក​នៅ​ក្នុង​ស្រុក​មួយ​នេះ បាន​ឃុបឃិត​គ្នា​រៀបចំ​ការ​ប្រលង​គ្រាន់​តែ​បង្គ្រប់​កិច្ច​ឲ្យ​​ល្អ​មើល តែ​ភាព​ជាក់​ស្ដែង​គឺ​ជ្រើសរើស​សាច់ញាតិ​របស់​ខ្លួន​ដាក់​ស្ទើរ​តែ​ទាំង​ស្រុង៖ «ដោយ​បាន​លុប​ឈ្មោះ​បុគ្គល​ដែល​មាន​សមត្ថភាព​ និង​មាន​បទពិសោធន៍​ខ្ពស់​លុប​ឈ្មោះ​គាត់​ចោល​ ដោយ​សំអាង​ថា បាត់​ឯកសារ​ តែ​ឯកសារ​របស់​គាត់​ដាក់​មាន​បង្កាន់​ដៃ​ត្រឹមត្រូវ​ ហើយ​គាត់​លុប​ឈ្មោះ​បុគ្គល​នោះ​ចោល។ ដោយ​គាត់​យក​សាច់ញាតិ​របស់​គាត់​មក​ដាក់​ អត់​ឲ្យ​មាន​ជល​ជា​មួយ​បុគ្គល​ណា​ដែល​មក​សម្ភាសន៍​ប្រឡង​ទេ ព្រោះ​ធម្មតា​ការ​ប្រឡង​គេ​ត្រូវ​សម្ភាស បើ​ដាក់​បាន ៥​នាក់​ ឬ ១០ គេ​យក​ទាំង​អស់​ ហើយ​គេ​ជម្រុះ​ចោល​ទុក​តែ ៣​នាក់​ទេ មក​សម្ភាសន៍។ ដល់​ពេល​គាត់​ចង់​ឲ្យ​បុគ្គល​នោះ​ជាប់​ គាត់​ទម្លាក់​ចោល​អស់​រលីង ដៃគូ​នៅ​សល់​តែ​ម្នាក់ គឺ​នៅ​តែ​គ្នា​គាត់​នោះ​ឯង»

​​​​​​​​​​​​​​​លោក​បន្ថែម​ថា លោកគ្រូ អ្នកគ្រូ សិស្ស​និស្សិត​ដែល​មាន​បទពិសោធន៍ និង​មាន​ចំណេះ​ដឹង​ខ្ពស់​ជា​ច្រើន​នាក់​មិន​ជាប់​ធ្វើ​ជា​មន្ត្រី​រៀបចំ​ការ​បោះ​ឆ្នោត​ឃុំ និង​​មាន​ការ​អន់​ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​ការ​ជ្រើសរើស​នេះ។

ឆ្លើយ​តប​នឹង​បញ្ហា​នេះ ប្រធាន​លេខាធិការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​បាត់ដំបង លោក វន ពន មាន​ប្រសាសន៍​ថា ការ​ជ្រើស​រើស​មន្ត្រី​បោះឆ្នោត​ប្រចាំ​ឃុំ​ធ្វើ​ឡើង​ដោយ​មាន​គណៈកម្មការ​ត្រួត​ពិនិត្យ​ការ​ប្រឡង​ត្រឹមត្រូវ និង​មាន​តម្លាភាព៖ «បាទ!​ ខ្ញុំ​គិត​ថា ការ​ប្រឡង​គឺ​គេ​ធ្វើ​យុត្តិធម៌​អ៊ីចឹង​ឯង ហើយ​គណៈកម្មការ​ប្រឡង​ពុំ​អាច​ទម្លាក់​នរណា​មួយ​ដែល​គេ​បាន​ពិន្ទុ​ខ្ពស់​ហើយ​ ទម្លាក់​គេ​ វា​អត់​បាន​ទេ»

ប្រធាន​ផ្នែក​ស្រាវជ្រាវ​ និង​តស៊ូ​មតិ​នៃ​អង្គការ​ខុមហ្វ្រែល (Comfrel) លោក កន សាវាង្ស មាន​ប្រសាសន៍​ថា មន្ត្រី​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ស្រុក​​​​ឃុបឃិត​គ្នា​រៀបចំ​គម្រោង​ដើម្បី​ដាក់​សាច់ញាតិ​ឲ្យ​ជាប់​ធ្វើ​មន្ត្រី​ការ​បោះឆ្នោត​ឃុំ គឺ​ជា​រឿង​មិន​ត្រឹមត្រូវ​ឡើយ៖ «ហើយ​បើ​អ៊ីចឹង​ទេ​គាត់​អាច​ដាក់​ពាក្យ​ប្ដឹង​ទៅ​លេខាធិការ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​ ដើម្បី​ឲ្យ​គាត់​ពិនិត្យ​មើល​រឿង​នេះ​ឡើង​វិញ។ ប៉ុន្តែ​ខាង​​​ខ្ញុំ​មិន​ទាន់​ទទួល​​បាន​ព័ត៌មាន​បញ្ហា​បែប​នេះ​នៅ​ឡើយ​ទេ»

កាល​ពី​ថ្ងៃ​ទី​២០ ខែ​មីនា កន្លង​ទៅ​ លេខាធិការ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​បាត់ដំបង​​​ បាន​ប្រឡង​ជ្រើស​រើស​មន្ត្រី​ប្រចាំ​ការិយាល័យ​រៀបចំ​ការ​បោះឆ្នោត​ឃុំ​ចំនួន​ជាង ៥០០​នាក់​ ដើម្បី​បម្រើ​ការងារ​បោះឆ្នោត​រយៈ​ពេល ៤​ខែ និង ៤​ថ្ងៃ នៅ​ក្នុង​១០២​ឃុំ-​សង្កាត់ នៃ​ខេត្ត​មួយ​នេះ។ ចំណែក​ការ​បោះឆ្នោត​ឃុំ-​សង្កាត់​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០១៧៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles