កម្លាំងនគរបាលឃុំព្រៃស្លា ស្រុកពារាំង ខេត្តព្រៃវែង បានហាមឃាត់មិនអនុញ្ញាតឲ្យយុវជនមួយក្រុមលើកស្លាកសរសេរបណ្ដាំលោកបណ្ឌិត កែម ឡី នៅតាមផ្ទះប្រជាពលរដ្ឋទេ នៅរសៀលថ្ងៃទី៩ មីនា។ ចំណែកពលរដ្ឋជាម្ចាស់ផ្ទះប្ដេជ្ញាថា បើទោះជាផ្ទាំងប៉ាណូរបស់លោកបណ្ឌិត កែម ឡី ដែលអមដោយបណ្ដាំចំនួន ១០ចំណុចផង ត្រូវអាជ្ញាធររារាំងក្ដី ពួកគាត់នៅតែជម្នះលើកឲ្យបាន។
ក្រុមយុវជនដែលសកម្មក្នុងកិច្ចការសង្គម អះអាងថា នឹងបន្តវេនពីអ្នកវិភាគសង្គម និងនយោបាយដ៏មានប្រជាប្រិយ គឺលោកបណ្ឌិត កែម ឡី ចាត់ទុកបម្រាមរបស់នគរបាលនៅពេលនេះ ថាជាការបិទសេរីភាព និងរំលោភរដ្ឋធម្មនុញ្ញថែមទៀតផង។
ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ លោក មួង សូនី ឲ្យដឹងនៅថ្ងៃទី៩ មីនា ថា មូលហេតុនៃការរារាំងរបស់កម្លាំងនគរបាលមិនឲ្យលើកស្លាកដែលសរសេរបណ្ដាំរបស់លោកបណ្ឌិត កែម ឡី នេះ ដោយចាត់ទុកថា ពុំមានច្បាប់ត្រឹមត្រូវ។ លោកបន្តថា ប្រការដែលអាជ្ញាធរឃុំ-សង្កាត់ និងនគរបាលសួររកហេតុផលរឿងច្បាប់ទម្លាប់ក្នុងការលើកស្លាកនេះ មានហេតុផលតែមួយគត់ គឺមិនចង់ឲ្យមានបណ្ដាំលោកបណ្ឌិត កែម ឡី នៅតាមផ្ទះពលរដ្ឋប៉ុណ្ណោះ។ លោកបន្តថា «ខ្ញុំក៏សួរវិញ ចុះបើច្បាប់ហ្នឹងខុសត្រង់ណា? គាត់ក៏ប្រាប់ថាច្បាប់ដែលយើងខុសហ្នឹង គឺថាយើងអត់បានទៅសុំពីអាជ្ញាធរភូមិ-ឃុំ។ មានន័យថាយើងអត់សុំគេ។ ប៉ុន្តែតាមពិតទៅ ខ្ញុំបានជូនដំណឹងរួចហើយ តែគេអត់ឆ្លើយតប»។
ជុំវិញភាពចម្រូងចម្រាសនេះ កាលពីខែមករា ដើមឆ្នាំ២០១៧ ក្រុមយុវជនដែលមានភក្ដីភាពចំពោះលោកបណ្ឌិត កែម ឡី និងម្ចាស់ផ្ទះដែលមានវិវាទ បានដាក់សំណើទៅអាជ្ញាធរ ដើម្បីសុំបើកភ្លើងខៀវលើកស្លាកនេះរួចហើយ ក៏ប៉ុន្តែក្រុមសកម្មជនទាំងនេះបានអះអាងថា ពេលវេលាបានអូសបន្លាយជិត ២ខែមកហើយ ពុំមានឃើញមានការឆ្លើយតបណាមួយពីអាជ្ញាធរឃុំទេ។
អាស៊ីសេរី មិនអាចទាក់ទងមេឃុំព្រៃស្លា លោក សួយ ទ្រី ដើម្បីសុំការបំភ្លឺជុំវិញរឿងនេះបន្ថែមពីករណីនេះបានទេ នៅថ្ងៃទី៩ មីនា។
អធិការរងស្រុកពារាំង ដែលចុះទប់ស្កាត់ការលើកស្លាកនេះដោយផ្ទាល់ គឺលោក ច្រឹក ឈុនឡៃ បដិសេធថា កម្លាំងនគរបាលរបស់លោកពុំបានរារាំងដូចការចោទប្រកាន់នេះទេ។ លោកបន្តថា ការផ្អាកមួយពេលនេះ ដោយសារតែក្រុមយុវជន និងម្ចាស់ផ្ទះពុំទាន់មានលិខិតត្រឹមត្រូវតាមផ្លូវច្បាប់នៅឡើយ។ លោកបន្តថា «ខ្ញុំឲ្យគាត់សុំច្បាប់ពីអាជ្ញាធរសិនទៅ ហើយឲ្យគាត់លើកទៅ។ អត់មានហាមឃាត់អ្វីទេ ដោយសារឲ្យគាត់មានច្បាប់ពីអាជ្ញាធរឲ្យលើក គឺខ្ញុំឲ្យលើកឲ្យស្របច្បាប់សិនទៅ ខ្ញុំមានទៅឃាត់អីទេ»។
គិតមកដល់ពេលនេះ ក្រុមយុវជនដែលអះអាងថា នឹងបន្តវេនពីលោកបណ្ឌិត កែម ឡី បានដំឡើងស្លាក ឬផ្ទាំងប៉ាណូអមដោយបណ្ដាំចំនួន ១០ចំណុច បានចំនួន ៥ផ្ទាំងរួចមកហើយ។ ផ្ទាំងប៉ាណូនីមួយៗ ត្រូវការចំណាយក្នុងទំហំទឹកប្រាក់ប្រមាណ ៤០ដុល្លារអាមេរិក។
លោក មួង សូនី ឲ្យដឹងថា ផ្ទាំងប៉ាណូភាគច្រើនដែលដាក់នៅតាមផ្ទះ គឺជាការស្នើសុំពីម្ចាស់ផ្ទះផ្ទាល់តែម្ដង។
បណ្ដាំទាំង ១០ចំណុចដែលដាក់នៅលើផ្ទាំងប៉ាណូ មានដូចជា ជូតទឹករបស់អ្នក រួចបន្តដំណើរទៅមុខទៀត ចូរយើងនិយាយការពិត ជាជាងនិយាយការពារ និងខ្លាចស្លាប់ដោយសារជួយការពារពលរដ្ឋ មិនមែនជាជម្រើសល្អទេ ជាដើម។
លោក ថន សុភាព ដែលជាម្ចាស់ផ្ទះត្រូវអាជ្ញាធរហាមឃាត់មិនឲ្យលើកស្លាកលោកបណ្ឌិត កែម ឡី ប្ដេជ្ញាថា បើទោះជាពេលនេះត្រូវកម្លាំងនគរបាលចុះទប់ស្កាត់ និងបង្ខំឲ្យទទួលស្គាល់កំហុស ក៏ក្រុមគ្រួសាររបស់លោកនឹងនៅតែរកមធ្យោបាយផ្សេងទៀត ដើម្បីបានលើកស្លាកនេះដែរ។ លោកបន្តថា «ខ្ញុំមានការបារម្ភតិចតួចដែរ ប៉ុន្តែការបារម្ភនេះមិនអាចហាមឃាត់ការតាំងចិត្តរបស់ខ្ញុំបានទេ។ ខ្ញុំនៅតែចិញ្ចឹមបែបហ្នឹងរហូត។ ទាល់តែករណីយើងធ្វើទៅបានឆ្នាំ២០១៧ និងមិនថាឆ្នាំ២០១៨-២០១៩ ខ្ញុំត្រូវតែលើកស្លាកនេះ»។
រដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលមាត្រា៣៥ ចែងថា ប្រជាពលរដ្ឋខ្មែរទាំងពីរភេទមានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេស។ សេចក្ដីស្នើទាំងឡាយរបស់ពលរដ្ឋ ត្រូវទទួលពិនិត្យ និងដោះស្រាយយ៉ាងហ្មត់ចត់ពីស្ថាប័នរដ្ឋ៕