
សមាជិកសភារដ្ឋវ៉ិកតូរីយ៉ា (Victoria) ប្រទេសអូស្ត្រាលី ដើមកំណើតខ្មែរ លោក ហុង លីម ស្នើទៅប្អូនប្រុសលោកបណ្ឌិត កែម ឡី គឺលោក កែម រិទ្ធិសិត កុំឲ្យយកលុយចូលបុណ្យមួយម៉ឺនដុល្លាររបស់លោក ហ៊ុន សែន។ ប៉ុន្តែសំណើនេះត្រូវប្អូនលោកបណ្ឌិត កែម ឡី បដិសេធដោយពន្យល់ថា ការចូលបុណ្យជាសទ្ធារបស់លោកនាយករដ្ឋមន្ត្រី ដូច្នេះលោកទទួលបានលុយនេះរួចហើយ មិនអាចប្រគល់ត្រឡប់លោក ហ៊ុន សែន វិញទេ។
លើកឡើងក្នុងវេទិកាអ្នកស្ដាប់អាស៊ីសេរី សមាជិកសភារដ្ឋវ៉ិកតូរីយ៉ា ប្រទេសអូស្ត្រាលី ដើមកំណើតខ្មែរ លោក ហុង លីម ដែលតែងតែរិះគន់រដ្ឋាភិបាល លោក ហ៊ុន សែន មិនសំចៃនោះយល់ថា សទ្ធារបស់លោក ហ៊ុន សែន ចូលលុយបុណ្យមួយម៉ឺនដុល្លារជួយចេញថ្លៃបបរជាការប្រមាថវិញ្ញាណក្ខន្ធ លោកបណ្ឌិត កែម ឡី និងវិញ្ញាណក្ខន្ធអ្នកផ្សេងទៀតដែលស្លាប់ព្រោះការបាញ់សម្លាប់៖ «ខ្ញុំសូមអំពាវនាវទៅគ្រួសារលោក កែម ឡី ប្អូនប្រុសលោក កែម ឡី ជាពិសេស សូមមេត្តាកុំទទួលលុយគេ (លោក ហ៊ុន សែន)។ យើងដឹងហើយតើ ថានរណាជាអ្នកសម្លាប់លោក កែម ឡី?»។
លោក ហុង លីម អះអាងថា លុយខ្វះថ្លៃបបរជិត ៨ពាន់ដុល្លារនោះ លោកអាចរៃអង្គាសប្រាក់ដើម្បីបង្គ្រប់បាន។ ចំណែកស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ មានថេរដីកាថា ពិធីបុណ្យគម្រប់ខួបមួយឆ្នាំនៃការបាញ់សម្លាប់លោក កែម ឡី ដែលធ្វើនៅខេត្តតាកែវ ដែលមានអ្នកចូលរួមប្រមាណ ៦ពាន់នាក់នោះ មិនសមអស់ថ្លៃបបរដល់ថ្នាក់នេះទេ៖ «របៀបបូកលេខគេបូកយ៉ាងម៉េចបានជាខាតសម្បើមម្ល៉េះ?»។
ការលើកឡើងរបស់អ្នកគោរពស្រលាញ់លោកបណ្ឌិត កែម ឡី ក្នុងវេទិកាអ្នកស្តាប់អាស៊ីសេរី កាលពីយប់ទី២០ ខែកក្កដា ដូចនេះ ក្រោយពេលប្អូនប្រុសលោក កែម ឡី គឺលោក កែម រិទ្ធិសិត ប្រកាសសុំជំនួយតាមសារព័ត៌មានហ្វ្រេស ញូវ (FreshNews) ក្រោយធ្វើបុណ្យគម្រប់ខួបមួយឆ្នាំ បណ្ឌិត កែម ឡី មិនបានប៉ុន្មានថ្ងៃផង លោក ហ៊ុន សែន ក៏សម្រេចចូលបុណ្យមួយម៉ឺនដុល្លារដល់ប្អូនលោក កែម ឡី។
ឆ្លើយតបការលើកឡើងនេះ ប្អូនប្រុសលោក កែម ឡី លោក កែម រិទ្ធិសិត ថា បំណងរបស់លោក ហុង លីម ជារឿងល្អដែលលោកទទួលយក។ ប៉ុន្តែលោកថា ថវិកាដែលបានលោកទទួលពីលោកនាយករដ្ឋមន្ត្រីរួចហើយ លោកមិនអាចប្រគល់ទៅវិញបានទេ។ ជាងនេះទៅទៀត លោកថា បើលោក ហុង លីម មានសទ្ធាជ្រះថ្លា លោក ហុង លីម អាចចូលរួមថវិកាជួយសាងសង់ចេតិយរបស់លោក កែម ឡី ខណៈការសាងសង់នេះកំពុងជួបការខ្វះខាតថវិកាយ៉ាងច្រើន៖ «ឥឡូវបើសិនជាសម្ដេចគាត់ចូលបុណ្យហើយ គាត់ចូលលុយធ្វើចេតិយទៀត យើងទទួលទៀត យើងមិនអាចប្រកែកទេ ព្រោះយើងអំពាវនាវទៅហើយ»។
ក្រោយឃាតកបាញ់សម្លាប់លោកបណ្ឌិត កែម ឡី កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ ជាងមួយឆ្នាំមកនេះ សមត្ថកិច្ចទើបរកឃើញឃាតកម្នាក់តែប៉ុណ្ណោះមកកាត់ទោស គឺឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ ដែលតុលាការក្រុងភ្នំពេញសម្រេចផ្ដន្ទាទោសឲ្យជាប់គុកអស់មួយជីវិត។ អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ចោទប្រកាន់ថា ឃាតកម្មនេះ គឺរដ្ឋាភិបាលលោក ហ៊ុន សែន ជាអ្នករៀបចំ។ ដូចគ្នានេះដែរ អ្នកវិភាគនយោបាយ លោក គឹម សុខ ក៏កំពុងជាប់នៅពន្ធនាគារ ព្រោះចោទប្រកាន់ថា គណបក្សប្រជាជនកម្ពុជា ជាអ្នកសម្លាប់លោក កែម ឡី៕