Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

សង្គម​ស៊ីវិល៖ ដើម្បី​កុំ​ឱ្យ​មាន​ការ​នាំ​ខ្សាច់​ទៅ​ក្រៅ​ប្រទេស​ទាល់តែ​បញ្ចប់​វត្តមាន​សាឡង់​ផ្ទេរ​​ខ្សាច់

$
0
0

សង្គម​ស៊ីវិល​លើក​ឡើង​ថា ការ​បញ្ចប់​វត្តមាន​របស់​សាឡង់​ផ្ទេរ​​ខ្សាច់ និង​កប៉ាល់​ដឹក​ខ្សាច់​ដែល​សហគមន៍​នៅ​តែ​ប្រទះ​ឃើញ​មាន​ប្រចាំការ​នៅ​សមុទ្រ​ខាង​ក្រៅ គឺ​អាច​ជា​ប្រសិទ្ធភាព​មួយ​ដើម្បី​បញ្ចប់​ភាព​សង្ស័យ​ចំពោះ​ការ​ហាម​មិន​ឱ្យ​នាំ​ខ្សាច់​ពី​ខេត្ត​កោះកុង ទៅ​លក់​នៅ​ក្រៅ​ប្រទេស។ ការ​លើក​ឡើង​នេះ បន្ទាប់​ពី​ក្រសួង​រ៉ែ និង​ថាមពល បាន​ប្រកាស​បញ្ចប់​ការ​នាំ​ខ្សាច់​សំណង់ និង​ខ្សាច់​ល្បាយ​ភក់​ពី​ខេត្ត​កោះកុង ទៅ​លក់​នៅ​ក្រៅ​ប្រទេស ស្រប​ពេល​កំពុង​ផ្ទុះ​រឿង​មិន​ប្រក្រតី​ជា​ច្រើន​ជុំវិញ​ការ​នាំ​ខ្សាច់​ទៅ​លក់​នៅ​បរទេស។

​សង្គម​ស៊ីវិល​យល់​ឃើញ​ថា ការ​សម្រេច​របស់​រដ្ឋាភិបាល​ដើម្បី​បញ្ចប់​ទាំង​ស្រុង​ចំពោះ​ការ​នាំ​ខ្សាច់​សំណង់ និង​ខ្សាច់​ល្បាយ​ភក់ ទៅ​លក់​នៅ​ក្រៅ​ប្រទេស​កាល​ពី​ពេល​ថ្មីៗ​នេះ គឺ​ជា​ជោគជ័យ​មួយ​ទទួល​បាន​ពី​ការ​តស៊ូ​មតិ បន្ទាប់​ពី​ផ្ទុះ​រឿងរ៉ាវ​ជា​ច្រើន ដូចជា​ការ​គ្រប់គ្រង​ខ្សាច់​មិន​បាន​ល្អ ក្នុង​ការ​នាំ​ទៅ​លក់​នៅ​ក្នុង​ប្រទេស​សិង្ហបុរី និង​ការ​បូម​ខ្សាច់​ក្រៅ​តំបន់​អាជ្ញាប័ណ្ណ ព្រម​ទាំង​ផល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ក្នុង​តំបន់។ បើ​ទោះ​ជា​មាន​ការ​ប្រកាស​បញ្ចប់​ទាំង​ស្រុង​ចំពោះ​ការ​នាំ​ខ្សាច់​ទាំង​ពីរ​ប្រភេទ​ក្ដី ប៉ុន្តែ​សង្គម​ស៊ីវិល និង​សហគមន៍​នៅ​តែ​ព្រួយ​បារម្ភ​ថា អាច​នឹង​មិន​មាន​ប្រសិទ្ធភាព​ពេញលេញ​នៅ​ឡើយ​ទេ។

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ ថ្លែង​នៅ​ក្រោយ​កម្មវិធី​ពិគ្រោះ​យោបល់ និង​ផ្សព្វផ្សាយ​លទ្ធផល​សិក្សា​រៀបចំ​យុទ្ធសាស្ត្រ​គ្រប់គ្រង​ការ​បូម​ខ្សាច់​នៅ​ខេត្ត​កោះកុង ដែល​រៀបចំ​ដោយ​ក្រសួង​រ៉ែ និង​ថាមពល នៅ​សណ្ឋាន​គារ អ៊ីនធឺ ខនធីណិនថល ភ្នំពេញ (Inter Continental Phnom Pehn) នៅ​ថ្ងៃ​ទី​២១ ខែ​កក្កដា ថា ខេត្ត​កោះកុង គឺ​ជា​ខេត្ត​គំរូ​ល្អ​មួយ​ដែល​បញ្ជាក់​ថា ការ​នាំ​ខ្សាច់​ទាំង​នៅ​ក្នុង​តំបន់​ទឹក​ប្រៃ និង​ទឹក​សាប ស្ថិត​នៅ​ទូទាំង​ប្រទេស​ដើម្បី​ទៅ​លក់​នៅ​ក្រៅ​ប្រទេស គឺ​ជា​បទល្មើស​មួយ៖ «ប៉ុន្តែ​ប្រសិន​នៅ​តែ​មាន​សាឡង់​បូម​ខ្សាច់ និង​សាឡង់​ផ្ទេរ​ខ្សាច់ ស្ថិត​នៅ​ប្រចាំការ​នៅ​សមុទ្រ​ខាង​ក្រៅ គឺ​ជា​មូលហេតុ​នៅ​តែ​មាន​មន្ទិល​សង្ស័យ»

​កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល លោក ស៊ុយ សែម បាន​ចុះ​ហត្ថលេខា​លើ​សេចក្ដី​សម្រេច​មួយ ដើម្បី​បញ្ចប់​ជា​ស្ថាពរ​ចំពោះ​ការ​នាំ​ខ្សាច់​ខ្សាច់​សំណង់ និង​ខ្សាច់​ល្បាយ​ភក់​នៅ​ខេត្ត​កោះកុង ​ទៅ​លក់​នៅ​ក្រៅ​ប្រទេស តែ​សេចក្ដី​សម្រេច​នោះ​មិន​គ្រប​ដណ្ដប់​លើ​អាជីវកម្ម​ខ្សាច់​ស៊ីលីកា (Silica) ឬ​ខ្សាច់​ស នៅ​ខេត្ត​កោះកុង នោះ​ទេ។ មុន​ឈាន​ដល់​ការ​សម្រេច​បញ្ចប់​ជា​ស្ថាពរ​នេះ គឺ​បន្ទាប់​ពី​ក្រសួង​រ៉ែ បាន​ផ្អាក​សកម្មភាព​បូម​ខ្សាច់​នៅ​ក្នុង​ខេត្ត​កោះកុង ទៅ​លក់​នៅ​ក្រៅ​ប្រទេស​ជា​បណ្ដោះអាសន្ន តាំង​ពី​ថ្ងៃ​ទី​៦ ខែ​ធ្នូ ឆ្នាំ​២០១៦ គឺ​អំឡុង​ពេល​មាន​ការ​រក​ឃើញ​ថា កម្ពុជា​កំពុង​ខាតបង់​ទឹកប្រាក់​រាប់​រយ​លាន​ដុល្លារ​សហរដ្ឋអាមេរិក ជុំវិញ​ការ​នាំ​ខ្សាច់​ចាក់​បំពេញ រាប់​សិប​លាន​​តោន​ទៅ​លក់​នៅ​បរទេស ដោយ​មិន​ស្រប​ច្បាប់ និង​ការ​រក​ឃើញ​មួយ​ទៀត ជុំវិញ​ការ​នាំ​ខ្សាច់​ប្រភេទ​ស៊ីលីកា រាប់​សែន​តោន​ទៅ​ក្រៅ​ប្រទេស ដែល​ធ្វើ​ឱ្យ​បាត់បង់​ប្រាក់​រាប់​សិបលាន​ដុល្លារ​សហរដ្ឋអាមេរិក ផ្សេង​ទៀត។

​លោក សន ជ័យ បន្ត​ថា ចំពោះ​ផលប្រយោជន៍ និង​ថវិកា​សម្រាប់​ប្រទេស​ជាតិ ដែល​ទទួល​បាន​ពី​ការ​ធ្វើ​អាជីវកម្ម​ខ្សាច់​នៅ​ក្នុង​ខេត្ត​កោះកុង និង​នៅ​តាម​មាត់​ទន្លេ​ស្ថិត​ក្នុង​ខេត្ត​មួយ​ចំនួន​ទៀត នៅ​តែ​ជា​សំណួរ​គ្មាន​ចម្លើយ ជាពិសេស​គឺ​ផល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​តាម​មាត់​ស្ទឹង បឹង​ទន្លេ។ លោក​យល់​ឃើញ​ថា កម្រិត​នៃ​ផល​ប៉ះពាល់​ពី​ការ​បូម​ខ្សាច់​កន្លង​មក​នេះ គឺ​ខ្ពស់​ជាង​ផល​ប្រយោជន៍​ដែល​ទទួល​សម្រាប់​ជាតិ និង​ពលរដ្ឋ​បាន​ទៅ​ទៀត ដែល​ចាំបាច់​រដ្ឋាភិបាល​ត្រូវ​តែ​ពិនិត្យ​ឡើង​វិញ​ចំពោះ​ការ​ផ្ដល់​អាជ្ញាប័ណ្ណ​បូម​ខ្សាច់​ទៅ​ឱ្យ​ក្រុមហ៊ុន​ឯកជន​ទាំង​នោះ។

មន្ត្រី​នាំ​ពាក្យ​ក្រសួង​រ៉ែ និង​ថាមពល លោក ម៉េង សក្ដិធារ៉ា ថ្លែង​ថា នៅ​ក្រោយ​ពី​មាន​ការ​ផ្អាក​ជា​បណ្ដោះអាសន្ន​ចំពោះ​ការ​នាំ​ខ្សាច់​សំណង់ និង​ខ្សាច់​ល្បាយ​ភក់​ទៅ​លក់​នៅ​ក្រៅ​ប្រទេស​តាំង​ពី​ឆ្នាំ​២០១៦ គឺ​ពុំ​មាន​ក្រុមហ៊ុន​ខ្នាត​ធំ​ណា​មួយ​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់​ទៀត​ទេ និង​មាន​តែ​សិប្បកម្ម​ខ្នាត​តូចៗ ដែល​បូម​ដើម្បី​ផ្គត់ផ្គង់​ក្នុង​ស្រុក​ប៉ុណ្ណោះ។ លោក​បន្ត​ថា កន្លង​មក​ដែល​គេ​ប្រទះ​ឃើញ​សាឡង់​បូម​ខ្សាច់ និង​សាឡង់​ដឹក​ខ្សាច់ ដោយសារ​ក្រុមហ៊ុន​ទាំង​នោះ​សង្ឃឹម​ថា រដ្ឋាភិបាល​នឹង​អាច​ដក​ការ​ផ្អាក​មិន​ឱ្យ​នាំ​ខ្សាច់​សំណង់ និង​ខ្សាច់​ល្បាយ​ភក់​ទៅ​វិញ៖ «២០១៦ តាំង​ពី​យើង​ផ្អាក​មក គឺ​អត់​មាន​តែម្ដង គ្រាន់​តែ​មាន​អ្នក​រក្សា​ទុក​កប៉ាល់ សាឡង់​របស់​ពួកគាត់ នៅ​រង់ចាំ​ដោយ​រំពឹង​ថា ក្រសួង​នឹង​អាច​លើក​លែង​ការ​ផ្អាក និង​ធ្វើ​ប្រតិបត្តិការ​ឡើង​វិញ តែ​ឥឡូវ​យើង​បញ្ចប់​ជា​ស្ថាពរ​ហើយ អ៊ីចឹង​គាត់​ត្រូវ​តែ​ចាប់​ផ្ដើម​រើ​គ្រឿងចក្រ​ចេញ​ហើយ អ៊ីចឹង​អត់​មាន​ទេ»

​លោក​បញ្ជាក់​ថា ចំពោះ​អាជីវកម្ម​ខ្សាច់​ទ្រង់ទ្រាយ​តូចៗ ជា​លក្ខណៈ​សិប្បកម្ម នឹង​ត្រូវ​រៀបចំ​ឡើង​វិញ​តាម​សារាចរ​ថ្មី ដែល​តម្រូវ​ឱ្យ​ទៅ​បូម​នៅ​កន្លែង​មាន​សុវត្ថិភាព។ ផ្ទុយ​ពី​ការ​លើក​ឡើង​របស់​មន្ត្រី​ក្រសួង​រ៉ែ​នេះ សហគមន៍​កោះ​ស្រឡៅ​ដែល​តែងតែ​សកម្ម​ប្រឆាំង​ទៅ​នឹង​ការ​បូម​ខ្សាច់​ខុស​ច្បាប់​នៅ​ក្នុង​ខេត្ត​កោះកុង អ្នកស្រី ឡាក់ សុភាព លើក​ឡើង​ថា កាល​ពី​ថ្ងៃ​ទី​១ កក្កដា ឆ្នាំ​២០១៧ នេះ គឺ​លោកស្រី​នៅ​តែ​ឃើញ​សាឡង់​ដឹក​ខ្សាច់​ដ៏​គួរ​ឱ្យ​សង្ស័យ​ចំនួន​ពីរ​គ្រឿង បាន​ធ្វើ​ចរាចរណ៍​ជា​ដដែល៖ «សាឡង់​នៅ​មាន​ចូល​ដោយសារ​នៅ​ថ្ងៃ​ទី​១ ខែ​៧ ឆ្នាំ​២០១៧ ឃើញ​មាន​សាឡង់​ចូល ហើយ​ខ្ញុំ​បាន​តេឡេក្រាម ទៅ ម៉េង សក្ដិធារ៉ា (មន្ត្រី​នាំ​ពាក្យ​ក្រសួង​រ៉ែ) ហើយ​សាឡង់ មាន​ពីរ អ៊ីចឹង​ខ្ញុំ​សួរ​គាត់​ថា សាឡង់​ដែល​មាន​លេខ LA05535 ជា​របស់​ក្រុមហ៊ុន​អ្នក​ណា»

​ទោះ​ជា​យ៉ាង​ណា អ្នកស្រី​ត្រេកអរ​ចំពោះ​សេចក្ដី​ប្រកាស​បញ្ចប់​ជា​ស្ថាពរ​ចំពោះ​ការ​នាំ​ខ្សាច់​ទៅ​លក់​នៅ​ក្រៅ​ប្រទេស​នេះ ប៉ុន្តែ​អ្នកស្រី​នៅ​តែ​ទទូច​ឱ្យ​ក្រសួង​រ៉ែ ត្រូវ​អនុវត្ត​ឱ្យ​បាន​ដូច​អ្វី​ដែល​ខ្លួន​បាន​និយាយ​នៅ​ក្នុង​សេចក្ដី​សម្រេច​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៧៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles