Clik here to view.

អាជ្ញាធរខេត្តស្ទឹងត្រែង ចុះផ្សព្វផ្សាយ និងពិនិត្យស្ថានភាពពលរដ្ឋនៅឃុំស្រែគរ ជិត ១០០គ្រួសារដែលក្រាញននៀលមិនរុះរើលំនៅឋានទៅរស់នៅភូមិថ្មីជាសំណងផលប៉ះពាល់ទាក់ទិនគម្រោងសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោមពីរ ខណៈទឹកក្នុងអាងស្តុកឡើងជាបន្តបន្ទាប់។
ស្ថានភាពទឹកក្នុងអាងស្តុកទឹកនៃទំនប់វារីអគ្គិសនីសេសានក្រោមពីរ មិនទាន់មានសញ្ញាបារម្ភឡើយ នៅពេលដែលពលរដ្ឋកំពុងក្រាញននៀលរស់នៅភូមិចាស់ បើទោះបីទ្វារទំនប់ចំនួនពីរបានបិទរយៈពេល ៧ថ្ងៃកន្លងទៅនេះ
ក្រុមការងារសង្គ្រោះបន្ទាន់នៃអាជ្ញាធរខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី២១ ខែកក្កដា បានចុះផ្សព្វផ្សាយ និងពិនិត្យស្ថានភាពប្រជាពលរដ្ឋភូមិស្រែគរ ជិត ១០០គ្រួសារដែលមិនព្រមចាកចេញពីភូមិឲ្យប្រុងប្រយ័ត្នពីផលប៉ះពាល់នៅពេលដែលទឹកនឹងឡើងកាន់តែខ្ពស់លិចភូមិរយៈពេល ១០ថ្ងៃខាងមុខ ក៏ប៉ុន្តែមានប្រជាពលរដ្ឋប្រមាណ ៥ ទៅ ៦នាក់ បានចូលរួមស្តាប់ការផ្សព្វផ្សាយរបស់ក្រុមការងារនេះ។
ប្រធានគណៈកម្មការដោះស្រាយផលប៉ះពាល់ស្តីពីការសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២ និងជាអភិបាលរងខេត្តស្ទឹងត្រែង លោក ដួង ពៅ បញ្ជាក់ថា សំណូមពររបស់ពលរដ្ឋឲ្យពន្យារពេលបិទទំនប់មិនអាចធ្វើទៅបានទេ ពីព្រោះនេះជាគម្រោងថ្នាក់ជាតិត្រូវតែអនុវត្ត ក៏ប៉ុន្តែអាជ្ញាធរបានរៀបចំក្រុមការងារដាក់ប្រចាំនៅតំបន់អ្នកភូមិរស់នៅ ដើម្បីការពារសុវត្ថិភាពពលរដ្ឋ។
លោកអំពាវនាវឲ្យពលរដ្ឋផ្លាស់ប្តូរឥរិយាបទទទួលយកសំណងដើម្បីផ្តល់លទ្ធភាពឲ្យក្រុមការងារស្រង់ទិន្នន័យដីធ្លីទ្រព្យសម្បត្តិពួកគាត់មុនពេលទឹកលិច៖ «សំណូមពរអ៊ីចឹង ប៉ុន្តែយើងមិនបង្ខំគាត់ទេ បើសិនសំណូមពរយើង ពលរដ្ឋគាត់សហការ យើងនឹងជួយគាត់រើផ្ទះសម្បែងកុំឲ្យលិចលង់ ទៅនៅផ្ទះថ្មីដែលយើងបានសាងសង់ជូនពួកគាត់ហើយក្នុងករណីគាត់មិនរុះរើ យើងមិនដឹងធ្វើម៉េច យើងមិនបង្ខំពួកគាត់ទេ»។
រហូតមកទល់នឹងរសៀលថ្ងៃទី២១ ខែកក្កដា ប្រជាពលរដ្ឋរស់នៅភូមិស្រែគរចាស់ ឲ្យដឹងថា ស្ថានភាពទឹកទន្លេស្រកចុះប្រមាណ ២តឹក ប្រៀបធៀបកម្ពស់ទឹកទន្លេកាលពីថ្ងៃទី២០ ខែកក្កដា។
អ្នកភូមិដែលមិនព្រមចាកចេញលោក ហ្វុត ឃឿន បញ្ជាក់ថា អ្នកភូមិភាគច្រើននៅតែរក្សាជំហររស់នៅភូមិចាស់ បើទោះបីស្ថានភាពទឹកលិចធ្វើឲ្យប៉ះពាល់ជីវភាព និងសុវត្ថិភាពរស់នៅរបស់អ្នកភូមិយ៉ាងណាក្តី។ លោកថា អ្នកភូមិរៀបចំក្បូន ឬទូកសម្រាប់ជម្លៀសក្រុមគ្រួសារទៅស្នាក់នៅទួលសុវត្ថិភាពប្រសិនទឹកលិចផ្ទះ៖ «ចុះទាបបន្តិចហើយ វាជន់ទឹកភ្លៀង អ្នកខ្លះព្រមទទួលសំណងទៅពីរបីបួនគ្រួសារ អ្នកខ្លះប្រកាន់ជំហរមិនចេញ»។
របាយការណ៍របស់អាជ្ញាធរឃុំស្រែគរ ឲ្យដឹងថា អំឡុងពេលទំនប់បិទទ្វារទឹកចំនួនពីរជាដំបូងនេះ មានអ្នកភូមិស្រែគរ ចំនួន ៤គ្រួសារថ្មីបានសម្រេចចិត្តទទួលយកសំណង ហើយចាកចេញពីភូមិចាស់។ ចំណែកមន្ត្រីអង្គការសង្គមស៊ីវិលបារម្ភពីផលប៉ះពាល់សុវត្ថិភាព និងសុខភាពពលរដ្ឋដែលបន្តរស់នៅ ប្រសិនទឹកលិចផ្ទះសម្បែង ឬភូមិនៅពេលខាងមុខ។
នាយកប្រតិបត្តិវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា ហៅកាត់ថា (NGO-Forum) លោក តឹក វណ្ណារ៉ា ថ្លែងថា អាជ្ញាធរពាក់ព័ន្ធ និងក្រុមហ៊ុនគួរតែជួបពិគ្រោះយោបល់ជាមួយពលរដ្ឋបន្ថែមទៀតស្វែងរកដំណោះស្រាយមូលមតិគ្នាដោះស្រាយបញ្ហានៅសេសសល់ មុនពេលអ្នកភូមិជួបហេតុការណ៍អាក្រក់៖ «បើសិនយើងមូលមតិគ្នាតាំងចិត្តទាំងអស់គ្នា ទាំងភាគីប្រជាជនរងគ្រោះ គួរព្យាយាមជួបគ្នាឲ្យបានច្រើនដង ហើយដោះស្រាយមុនទឹកលិចជារឿងល្អបំផុត បើសិនទុកឲ្យទឹកលិចហើយឃើញថាទិដ្ឋភាពអាក្រក់ទាំងអស់គ្នា»។
ទោះបីជាយ៉ាងនេះក្តី អ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែង លោក ម៉ែន គុង បញ្ជាក់ថា តាមលក្ខណៈបច្ចេកទេស ទីទួលសុវត្ថិភាពដែលអ្នកភូមិគ្រោងនាំគ្នាស្នាក់នៅ គឺទឹកមិនលិចដល់ទេ ក៏ប៉ុន្តែទីនោះមិនមានសេវាសាធារណៈគ្រប់គ្រាន់សម្រាប់តម្រូវការរបស់អ្នកភូមិឡើយ។ លោកថា អាជ្ញាធរនៅតែបន្តជួបពិគ្រោះយោបល់ និងចុះស្រង់ទិន្នន័យទ្រព្យសម្បត្តិផលដំណាំជូនពលរដ្ឋមុនពេលទឹកលិចភូមិ៕