Quantcast
Viewing all articles
Browse latest Browse all 11174

អ្នក​ភូមិ​នៅ​ឧត្តរមានជ័យ​នៅ​តែ​បារម្ភ​អំពី​សុវត្ថិភាព​ដោយសារ​គ្រាប់មីន​និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ

Image may be NSFW.
Clik here to view.

មន្ត្រី​ស្រង់​ទិន្នន័យ​អ្នក​រង​គ្រោះ​ដោយសារ​គ្រាប់​មីន ខេត្ត​ឧត្តរមានជ័យ ឱ្យ​ដឹង​ថា បច្ចុប្បន្ន​ពលរដ្ឋ​នៅ​តាម​តំបន់​ជា​ច្រើន​នៃ​ខេត្ត​នេះ នៅ​តែ​រងគ្រោះថ្នាក់​ដោយសារ​គ្រាប់​មីន​កប់​ក្រោម​ដី និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ ដែល​សេស​ល់ពី​សង្គ្រាម​រយៈពេល​ជាង ២០​ឆ្នាំ​មក​ហើយ។

​ក្នុង​រយៈពេល ៧​ខែ ឆ្នាំ​២០១៧ នេះ ពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​គ្រាប់មីន និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ ក្នុង​ខេត្ត​ឧត្តរមានជ័យ មាន​ប្រមាណ ១០​នាក់។ មន្ត្រី​ផ្នែក​ស្រង់​ទិន្នន័យ​ជនរងគ្រោះ​ដោយសារ​គ្រាប់​មីន បង្ហាញ​កង្វល់​ថា ថ្វីត្បិតតែ​ចំនួន​អ្នក​រង​គ្រោះ​ឆ្នាំ​នេះ​បាន​ថយចុះ​ជាង​ឆ្នាំ​មុន​ក៏ដោយ ក៏​វា​នៅ​តែ​ជា​ការ​ព្រួយ​បារម្ភ​នៅ​ឡើយ។

​ពលរដ្ឋ​ជា​ច្រើន​រស់​នៅ​ភូមិ​ខ្ទុំ សង្កាត់​កូនក្រៀល ក្រុង​សំរោង នៃ​ខេត្ត​ឧត្តរមានជ័យ នៅ​តែ​ព្រួយបារម្ភ​អំពី​សុវត្ថិភាព​របស់​គេ និង​ក្រុម​គ្រួសារ ក្នុង​រឿង​គ្រោះថ្នាក់​ដោយសារ​គ្រាប់​មីន និង​គ្រាប់​ដែល​សេសសល់​ពី​សង្គ្រាម នៅ​ពេល​ដែល​ចេញ​ទៅ​កាប់​គាស់​ដី​ធ្វើ​ស្រែ​ចំការ​ម្ដងៗ។ ការ​ព្រួយ​នេះ ដោយសារ​តែ​គេ​ដឹង​ថា ផ្ទៃដី​ស្រែចំការ ព្រមទាំង​ដី​ភូមិ​ខ្លះ ដែល​ពួកគេ​កំពុង​រស់​នៅ គឺ​ជា​កន្លែង​ដែល​នៅ​មាន​សល់​គ្រាប់​មីន​កប់​ក្រោម​ដី និង​គ្រាប់​មិន​ទាន់​ផ្ទុះ​ជា​ច្រើន​ប្រភេទ ដែល​អាច​បង្ក​គ្រោះថ្នាក់​នៅ​ឡើយ។

​បុរស​ចំណាស់​ម្នាក់​ក្នុង​ចំណោម​អ្នក​ភូមិ​ខ្ទុំ គឺ​លោក សុខ ងឿន។ លោក​មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​ទាំង​រូប​លោក និង​អ្នក​ភូមិ​ខ្ទុំ ទាំង​អស់ មាន​អារម្មណ៍​ភ័យខ្លាច​ជាប់​ជានិច្ច​ចំពោះ​គ្រោះថ្នាក់​ដោយសារ​គ្រាប់​មីន និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ដែល​កប់​នៅ​ក្រោម​ដី។ លោក​បញ្ជាក់​ថា នៅ​តាម​វាលស្រែ និង​ដី​ចំការ ព្រម​ទាំង​កន្លែង​ភូមិ​ដែល​កំពុង​រស់​នៅ​ផង គឺ​នៅ​មាន​សេសសល់​គ្រាប់មីន និង​គ្រាប់​មិន​ទាន់​ផ្ទុះ ជា​ច្រើន​ដែល​មិន​អាច​មើល​ឃើញ។

លោក សុខ ងឿន មាន​ការ​ភ័យ​ខ្លាច​នៅ​ពេល​ដែល​អ្នក​ភូមិរ​បស់​គាត់​ជា​ច្រើន​នាក់ បាន​រងគ្រោះ​ដោយសារ​គ្រាប់​មីន និង​គ្រាប់​មិន​ទាន់​ផ្ទុះ​ជា​បន្តបន្ទាប់​ក្នុង​ពេល​ទៅ​ធ្វើ​ស្រែចំការ៖ «ព្រោះ​តែ​កសិករ​កាយ​ដី​ចិញ្ចឹម​ជីវិត ដូចជា​រូប​ខ្ញុំ ដោយ​ទៅ​ភ្ជួរ​ដី​ដាំ​ដំឡូង ដាំ​បន្លែ ពេល​កាប់​គាស់​ដី​ទៅ​មិន​បាន​ដឹង​ថា មីន​នៅ​ត្រង់​ណា​ទេ»

​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មិថុនា បុរស​អ្នក​ភូមិ​ខ្ទុំ ម្នាក់​ឈ្មោះ យីង យឿម អាយុ ៦៩​ឆ្នាំ បាន​ស្លាប់​ដោយសារ​តែ​កាប់​ដី​ដំបូក​​ប៉ះ​ចំ​គ្រាប់​មិន​ទាន់​ផ្ទុះ នៅ​ពេល​ដែល​គាត់​ទៅ​ធ្វើ​ស្រែ៖ «សំឡេង​ផ្ទុះ...»។

​កូនស្រី​របស់​បុរស​រង​គ្រោះ លោកស្រី យីង ខឿន មាន​ប្រសាសន៍​ថា នៅ​ពេល​ដែល​ឪពុក​របស់​នាង​មាន​គ្រោះថ្នាក់​ស្លាប់​នោះ គឺ​នាង​កំពុង​តែ​ធ្វើ​ការ​នៅ​ឯ​ប្រទេស​ថៃ។ នាង​មាន​អារម្មណ៍​រន្ធត់​ជា​ខ្លាំង​ពេល​ដែល​ទទួល​ដំណឹង​ថា ឪពុក​មាន​គ្រោះថ្នាក់​ដោយសារ​តែ​គ្រាប់​នៅ​សល់​ពី​សង្គ្រាម។ ​ថ្វី​បើ​ឪពុក​របស់​នាង​បាន​ស្លាប់​ទៅ​ហើយ​ក្តី ក៏​នាង​នៅ​តែ​បារម្ភ​អំពី​សុវត្ថិភាព​បង​ប្រុស​របស់​នាង​ម្នាក់​ទៀត ដែល​តែង​ទៅ​ធ្វើ​ស្រែ​ទី​នោះ ពីព្រោះ​តែ​នាង​ដឹង​ថា ស្រែ​របស់​នាង​គឺ​នៅ​មាន​សល់​គ្រាប់មីន និង​គ្រាប់​មិន​ទាន់​ផ្ទុះ​ជា​ច្រើន តាំង​ពី​សម័យ​សង្គ្រាម​ចាប់​ពី​ឆ្នាំ​១៩៨០ រហូត​ដល់​ឆ្នាំ​១៩៩៨ នៅ​ឡើយ៖ «សោកស្ដាយ​ហើយ ដោយសារ​តែ​ខ្ញុំ​កំព្រា មិន​មាន​ម្ដាយ ដល់​ពេល​បាត់បង់​ឪ​ទៀត ខ្ញុំ​ក៏​កាន់​តែ​ស្រាល​ខ្លួន»

Image may be NSFW.
Clik here to view.

​ប្រភព​ពី​អ្នក​ភូមិ​ខ្ទុំ ឱ្យ​ដឹង​ថា ភូមិ​ដែល​ពួកគេ​រស់​នៅ​បច្ចុប្បន្ន គឺ​ជា​អតីត​បន្ទាយ​ទាហាន​របស់​រដ្ឋាភិបាល​សម័យ​រដ្ឋ​កម្ពុជា ហើយ​កន្លែង​នេះ​ក៏​ជា​សមរភូមិ​ក្តៅ​រវាង​កងទ័ព​ប៉ារ៉ា និង​កងទ័ព​ខ្មែរ​ក្រហម​វាយ​ប្រយុទ្ធ​គ្នា​ជា​ញឹកញាប់​ជាមួយ​ទាហាន​រដ្ឋាភិបាល កាល​ពី​អំឡុង​ឆ្នាំ​១៩៨០ រហូត​ដល់​ឆ្នាំ​១៩៨៩។ នៅ​តាម​វាលស្រែ ដំបូក ឬ​ក៏​គុម្ពោត​ព្រៃ​ជា​ច្រើន​គេ​តែង​ប្រទះ​ឃើញ​មាន​គ្រាប់​កាំភ្លើង​ដែល​មិន​ទាន់​ផ្ទុះ ឬ​ក៏​គ្រាប់​មីន​ជា​ញឹកញាប់។ ជា​រៀង​រាល់​ឆ្នាំ អ្នក​ភូមិ​ខ្ទុំ នៅ​តែ​ភ័យ​ខ្លាច​ជុំវិញ​បញ្ហា​គ្រោះថ្នាក់​ដោយសារ​គ្រាប់មីន​ក្នុង​ពេល​ដែល​គេ​បើក​គោយន្ត ឬ​ក៏​ត្រាក់ទ័រ ទៅ​ភ្ជួរ​រាស់​ដី​ធ្វើ​ស្រែ​ចំការ​ម្ដងៗ៖ «សំឡេង​ត្រាក់ទ័រ...»

​លោក ពឿន ហយ ជា​អ្នក​ភូមិ​ខ្ទុំ ម្នាក់​ទៀត មាន​ប្រសាសន៍​ថា រូប​លោក ក៏​ដូចជា​អ្នក​ភូមិ គឺ​ភ័យខ្លាច​ចំពោះ​គ្រោះថ្នាក់​ដោយសារ​គ្រាប់​មីន។ លោក​បញ្ជាក់​កាល​ពី​ថ្ងៃ​ទី​​២៧ ខែ​មិថុនា ឆ្នាំ​២០១៧ គឺ​ឪពុកមារ​របស់​គាត់​បាន​ស្លាប់​ដោយ​ផ្ទុះ​គ្រាប់ ហើយ​កាល​ពី​ឆ្នាំ​២០១៦ គឺ​អ្នក​ភូមិ​ម្នាក់​ទៀត បាន​រង​របួស​ដោយសារ​គ្រាប់​មីន​កប់​នៅ​ក្រោម​ដី នៅ​ពេល​ដែល​បើក​ត្រាក់ទ័រ​ទៅ​ភ្ជួរ​ស្រែ៖ «រឿង​ប្រជាពលរដ្ឋ ចេះ​តែ​​ខ្លាច​ហើយ ព្រោះ​យើង​មិន​អាច​មើល​ឃើញ​ទេ វា​នៅ​ក្នុង​ដី។ ពេល​ទៅ​ស្រែ​ម្ដងៗ​ចេះ​តែ​ភ័យ​ខ្លាច​ដែរ ប៉ុន្តែ​មិន​ដឹង​ធ្វើ​ម៉េច​បើ​កសិករ​ត្រូវតែ​កាប់​គាស់​ដី​ទៅ​ហើយ»

​មន្ត្រី​ស្រង់​ទិន្នន័យ​ជនរងគ្រោះ​ដោយសារ​គ្រាប់​មីន និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ ខេត្ត​ឧត្តរមានជ័យ លោក អូន លីហេង ឱ្យ​ដឹង​ថា ក្នុង​រយៈពេល ៧​ខែ ឆ្នាំ​២០១៧ នេះ មាន​ជនរងគ្រោះ​ដោយសារ​គ្រាប់​មីន និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ចំនួន​ប្រមាណ ១០​នាក់។ ក្នុង​ចំណោម​អ្នករងគ្រោះ​ទាំង​នោះ​មាន ២​នាក់​បាន​ស្លាប់។ មន្ត្រី​ដដែល​ឱ្យ​ដឹង​ថា នៅ​ក្រុង​សំរោង គឺ​ជា​តំបន់​ដែល​មាន​គ្រោះថ្នាក់​ដោយសារ​គ្រាប់មីន និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ច្រើន​ជាង​គេ ក្នុង​ចំណោម​ស្រុក​មួយ​ចំនួន​ទៀត ដូចជា​ស្រុក​ត្រពាំងប្រាសាទ ស្រុក​ចុងកាល់ និង​ស្រុក​បន្ទាយអំពិល ជាដើម។

​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា (CMAC) កំពុង​ប្រឹងប្រែង​យ៉ាង​ខ្លាំង​ក្នុង​ការ​បោសសំអាត​គ្រាប់​មីន​ចេញ​ពី​ផ្ទៃដី​ឱ្យ​មាន​សុវត្ថិភាព ព្រមទាំង​បង្កើត​ក្រុម​ឱ្យ​ចុះ​ទៅ​តាម​មូលដ្ឋាន​ជួយ​អប់រំ​ពលរដ្ឋ​ឱ្យ​យល់​ដឹង​អំពី​គ្រោះថ្នាក់​ដោយសារ​គ្រាប់​មីន។

​អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា លោក ហេង រតនា ធ្លាប់​ថ្លែង​នៅ​ក្នុង​ពិធី​ទទួល​សម្ភារៈ​បោសសំអាត​គ្រាប់​មីន និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ពី​រដ្ឋាភិបាល​ជប៉ុន កាល​ពី​ថ្ងៃ​ទី​៦ ខែ​កក្កដា​ ​ កម្លាំង CMAC ជា​ច្រើន​ពាន់​នាក់ កំពុង​ប្រឹងប្រែង​រំដោះ​គ្រាប់​មីន​ចេញ​ពី​ផ្ទៃ​ដី​ជា​ច្រើន​កន្លែង​ក្នុង​ប្រទេស​កម្ពុជា៖ «ក្នុង​រយៈពេល ២៥​ឆ្នាំ​នេះ CMAC បាន​រួម​ចំណែក​ជាមួយ​រដ្ឋាភិបាល​លើ​ការ​អនុវត្ត​ច្បាប់​ប្រយុទ្ធ​ប្រឆាំង និង​បំផ្លាញ​ចោល​គ្រាប់​មីន»

​គិត​ចាប់​ពី​ឆ្នាំ​១៩៩២ រហូត​មក​ដល់​ខែ​ឧសភា ឆ្នាំ​២០១៧ ស៊ីម៉ាក​បាន​រក​ឃើញ និង​កំទេច​ចោល​គ្រាប់​មីន​ប្រឆាំង​មនុស្ស​ចំនួន​ជាង ៥០​ម៉ឺន​គ្រាប់ មីន​ប្រឆាំង​រថក្រោះ​ជាង ១​ម៉ឺន​គ្រាប់ និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ជា​ច្រើន​ប្រភេទ​ជាង ១​លាន ២​សែន​គ្រាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles