Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

កុមារី​ម្នាក់​បាត់​ខ្លួន​នៅ​ខត្ត​កំពង់ស្ពឺ សង្ស័យ​ជា​ករណី​ចាប់​ពង្រត់

$
0
0

ដំណឹង​អំពី​ការ​បាត់​ក្មេង​ដែល​ត្រូវ​បាន​គេ​សង្ស័យ​ថា ជា​ករណី​ចាប់​ពង្រត់ បាន​កើត​ឡើង​មួយ​ករណី​នៅ​ថ្ងៃ​ទី​២០ ខែ​កក្កដា។ ករណី​បាត់​ក្មេង​នេះ គឺ​នៅ​ភូមិ​ព្រៃតាមួច ឃុំ​ស្នំក្រពើ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ ក្រោយ​ពេល​ដែល​កុមារី​ម្នាក់​ចេញ​ទៅ​រៀន​បាត់​តាំង​ពី​ព្រឹក ហើយ​អាជ្ញាធរ​កំពុង​ស្វែង​រក។

មេ​ភូមិ​ព្រៃតាមួច ឃុំ​ស្នំក្រពើ លោក ឆឹង ផាន់ បញ្ជាក់​ថា ករណី​បាត់​ក្មេង​ស្រី​ដែល​សង្ស័យ​ថា ជា​ការ​ចាប់​ពង្រត់ អាជ្ញាធរ និង​គ្រួសារ​កំពុង​ស្វែង​រក​នោះ គឺ​កុមារី​ឈ្មោះ ម៉ុក ច័ន្ទរស្មី ហៅ ម៉ី អាយុ ៩​ឆ្នាំ៖ «ពេល​ព្រឹក​ម៉ោង​ប្រហែល​ជា ៧ ឬ ៧​ជាង​ហ្នឹង តាម​ព័ត៌មាន​ថា មាន​នារី​ម្នាក់​បិទ​ម៉ាស​មុខ ហើយ​ចូល​ទៅ​រក​កូន​ហ្នឹង​ឈ្មោះ ម៉ុក ច័ន្ទស្មី។ ពេល​សួរ​រក​ឈ្មោះ ម៉ុក ច័ន្ទរស្មី ក្មេងៗ សិស្ស​សាលា​ដូច​គ្នា​ថា វា​ស្គាល់។ អ៊ីចឹង​វា​ឲ្យ​ទៅ​ហៅ។ ពេល​ទៅ​ហៅ ក្មេង​ហ្នឹង​ហាក់​ដូច​ស្គាល់​ស្ត្រី​ហ្នឹង​ដែរ ហើយ​ក៏​ដើរ​តាម​ទៅ វា​ក៏​អត់​ចាប់​អារម្មណ៍​ដែរ តែ​ថា មាន​ឡាន​មួយ​នៅ​ខាង​មុខ​ឯ​ណេះ​ចាំ ហើយ​គេ​ឃើញ​ឡើង​ឡាន​ហ្នឹង​ទៅ ថា​ឡាន​បាឡែន»

លោក​បញ្ជាក់​បន្ថែម​ថា កុមារី ម៉ុក ច័ន្ទរស្មី ហៅ ម៉ី ជា​សិស្ស​នៅ​សាលា​បឋមសិក្សា អង្គលំទង ក្នុង​ឃុំ​ស្នំក្រពើ ជិះកង់​ទៅ​រៀន​ចម្ងាយ​ប្រហែល ២​គីឡូ​ពី​ផ្ទះ។

ម្ដាយ​របស់​កុមារី​បាត់​ខ្លួន គឺ​លោកស្រី ភី សោភា មាន​ប្រសាសន៍​​ថា ក្រុម​គ្រួសារ​កំពុង​ស្វែង​រក​​កុមារី​នោះ នៅ​ឯ​ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ ព្រោះ​អ្នក​ដែល​យក​កុមារី​ទៅ​នោះ ត្រូវ​បាន​សិស្ស​សាលា​ផ្ដល់​ភិនភាគ​ដូច​សាច់​ញាតិ​ម្នាក់​ខាង​ប្ដី​របស់​លោកស្រី៖ «បង​ប្អូន​ខាង​ប្ដី​ខ្ញុំ​នៅ​ឯ​ជើង ហៅ​កូន​ខ្ញុំ​ថា ម៉ីៗ។ គ្រាន់​តែ​សង្ស័យ មិន​ទាន់​ចោទ​គេ​ទេ ហើយ​ហៅ​កូន​ខ្ញុំ ម៉ីៗ ទៀត ហើយ​ធ្លាប់​មក​លេង​ផ្ទះ​ខ្ញុំ​បី​ថ្ងៃ​មុន។ កូន​សិស្ស​ដែល​ទៅ​ហៅ​កូន​ខ្ញុំ​ហ្នឹង​ថា ឃើញ​ម្នាក់​ហ្នឹង​រាង​ធាត់ មាន​សាច់ ហើយ​ប្រើ​កូន​សិស្ស​ហ្នឹង​ឲ្យ​ទៅ​ហៅ ម៉ីៗ មក​ជួប​គាត់។ គ្រួ​គាត់​ថា គាត់​ទៅ​បង្រៀន​ម៉ោង ៨​ហើយ គាត់​អត់​ដឹង​ថា រស្មី ទៅ​រៀន ឬ​អត់​ទេ ព្រោះ​អី​អត់​ឃើញ រស្មី ចូល​រៀន។ អ៊ីចឹង​សង្ស័យ​ថា គេ​នាំ​កូន​ទៅ​ហ្នឹង ម៉ោង ៧​កន្លះ ជិត ៨​ហើយ សង្ស័យ​អ៊ីចឹង»

លោកស្រី​បញ្ជាក់​ថា កុមារី ម៉ុក ច័ន្ទរស្មី ហៅ ម៉ី ជិះកង់​ទៅ​រៀន​នៅ​សាលា​បឋមសិក្សា វត្ត​អង្គលំទង តាំង​ពី​ព្រឹក មុន​ពេល​ដែល​លោកស្រី​ចេញ​ទៅ​ធ្វើការ​នៅ​រោងចក្រ ហើយ​បាត់​ដំណឹង​សូន្យ។

តា​របស់​កុមារី ច័ន្ទរស្មី លោក អ៊ួង ស៊ុយ ដែល​តាម​រក​កុមារី​រហូត​ដល់​យប់​ថ្ងៃ​ទី​២០ កក្កដា ចាប់​អារម្មណ៍​សម្ដី​សាក្សី ដែល​ប្រាប់​ថា អ្នក​នាំ​កុមារី​ទៅ​នោះ​ជា​អ៊ំ៖ «ចំណុច​ដែល​សង្ស័យ គឺ​សង្ស័យ​ថា ក្មេង​ប៉ុណ្ណឹង បើសិនជា​វា​អត់​ស្គាល់ វា​អត់​ឡើង​ឡាន​ជា​មួយ​ទេ។ តាម​ក្មេងៗ នៅ​សាលារៀន​ជជែក វា​ឃាត់​ថា ឯង​ទៅ​ណា? វា​ថា ទៅ​ជា​មួយ​អ៊ំ ហើយ​ថា ហៅ​មក នាំ​ទៅ​ជួប​ម៉ែ​វា​ធ្វើការ​នៅ​រោងចក្រ»

ទាក់ទង​បញ្ហា​នេះ មេ​ឃុំ​ស្នំក្រពើ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ លោក ពៅ ស៊ីណាត ថ្លែង​ថា ខាង​លោក​បាន​ប្ដឹង​ទៅ​ក្រសួង​មហាផ្ទៃ​ហើយ៖ «យើង​មាន​លេខ​ក្រសួង​មហាផ្ទៃ ដែល​គាត់​បាន​ឲ្យ​ពីរ​ខ្សែ​តាម​ហ្វេសប៊ុក​ហ្នឹង យើង​តេ​ទៅ​រាយការណ៍​ជូន​ទៅ​មហាផ្ទៃ​ទៅ។ គ្រាន់​តែ​បាន​ប៉ុណ្ណឹង។ ករណី​ដែល​វា​ធ្វើ​ហ្នឹង នារី​ហ្នឹង​ស្លៀក​ខោ​ខ្មៅ​អាវ​ខៀវ ហើយ​ពាក់​ស្រោម​ដៃ។ អា​ហ្នឹង​តាម​ព័ត៌មាន​ថា វា​មិន​ទាន់​ច្បាស់​ដែរ តែ​គ្រាន់​តែ​ភូមិ​រាយការណ៍​ឲ្យ​ខ្ញុំ​មួយ​ជំហាន គឺ​ករណី​ហ្នឹង​វា​អ៊ីចឹង»

ករណី​បាត់​ក្មេង និង​សិស្ស​សាលា​នេះ គឺ​មាន​រយៈ​ពេល​ពីរ​ថ្ងៃ​បន្ទាប់​ពី​​ក្រសួង​អប់រំ​យុវជន និង​កីឡា ប្រកាស​លេខ​ទូរស័ព្ទ​របស់​ក្រសួង​មហាផ្ទៃ ២​ខ្សែ​សម្រាប់​ផ្ដល់​ព័ត៌មាន​បន្ទាន់ ទាក់ទង​នឹង​ការ​ចាប់​សិស្ស​សាលា។ លេខ​ទូរស័ព្ទ​បន្ទាន់ ២​ខ្សែ​នោះ គឺ ០៣១ ២០ ១២៣៤៥ និង​លេខ ០៣១ ៦០ ១២៣៤៥៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles