Clik here to view.

សកម្មជនគណបក្សសង្រ្គោះជាតិ នៅឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្នើឱ្យសមត្ថកិច្ច និងតុលាការដោះលែងបងប្រុសរបស់ខ្លួន ដែលត្រូវបានប្រជាការពារភូមិវាយកាលពីថ្ងៃទី១៤ ខែកក្កដា។ ការស្នើនេះ ដោយលោកអះអាងថា បងប្រុសរបស់លោកគឺជាជនរងគ្រោះប៉ុណ្ណោះ ប៉ុន្តែបែរជាត្រូវបានសមត្ថកិច្ចចាប់ និងឃុំខ្លួនទៅវិញ។
ពលរដ្ឋ និងជាសកម្មជនគណបក្សប្រឆាំងនៅឃុំទឹកជ្រៅ យល់ថា ការឃុំខ្លួនបងប្រុសរបស់គាត់ឈ្មោះ សាំង តាំងនី ដើម្បីរង់ចាំការស៊ើបអង្កេតគឺជារឿងមិនត្រឹមត្រូវទេ ពីព្រោះលោក និងបងប្រុសគឺជាជនរងគ្រោះដែលត្រូវប្រជាការពារភូមិក្រសាំង និងប្អូនៗរបស់គេពីរនាក់ទៀតចូលទៅវាយ និងកាប់ដល់ក្នុងផ្ទះ។
សកម្មជនគណបក្សសង្គ្រោះជាតិ នៅឃុំទឹកជ្រៅ លោក សាំង វ៉ក់ រៀបរាប់ថា ក្នុងករណីប្រើអំពើហិង្សាមកលើពួកគាត់កាលពីថ្ងៃទី១៤ កក្កដា សមត្ថកិច្ចមិនត្រឹមតែមិនបានចាប់ជនល្មើសឱ្យបានគ្រប់ចំនួនទេ ប៉ុន្តែបែរជាមកចាប់បងប្រុសរបស់គាត់ម្នាក់ដែលជាអ្នករត់ទៅប្តឹងប៉ូលិសទៅវិញ។
លោករំលឹកហេតុការណ៍នោះថា ដំបូងឡើយគឺប្អូនប្រជាការពារភូមិក្រសាំង ឈ្មោះ តឹង ចាន់សេង ផឹកស្រាស្រវឹង ហើយជេរគ្រួសារលោក និងមានការជេរតបទៅវិញ។ ក្រោយមក លោក តឹង ចាន់សេង បានហៅទូរស័ព្ទទៅបងប្រុសឈ្មោះ តឹង នឿន ដែលជាប្រជាការពារភូមិក្រសាំង ហើយក៏ចូលទៅរករឿង ព្រមទាំងវាយ និងកាប់រូបលោកចំនួន ៣ ពូថៅចំក្បាល និងដៃនៅក្នុងផ្ទះរបស់បងប្រុសគាត់តែម្ដង។ ចំណែកបងប្រុសគឺលោក សាំង តាំងនី បានចូលជួយ ក៏ត្រូវប្រជាការពារភូមិរូបនោះវាយ ៣ខ្នងពូថៅទៀត ហើយបងប្រុសរបស់លោកក៏រត់ទៅប្ដឹងប៉ូលិសឱ្យជួយអន្តរាគមន៍៖ «វាអយុត្តិធម៌អ៊ីចឹង ហើយបងខ្ញុំអត់មានបានធ្វើអីទេ។ បងខ្ញុំគេវ៉ៃបីខ្នងពូថៅ ហើយបងខ្ញុំមិនដឹងធ្វើម៉េច រត់ទៅហៅប៉ូលិស រួចទៅគេចាប់បងខ្ញុំដែរ»។
ក្រោយពេលកើតហេតុវាយដំទៅលើគ្រួសារសកម្មជនគណបក្សប្រឆាំង សមត្ថកិច្ចបានចាប់ខ្លួនប្រជាការពារភូមិ លោក តឹង នឿន និងប្អូនថ្លៃឈ្មោះ នី សិលា ចំណែកប្អូនប្រជាការពារភូមិម្នាក់ទៀត ឈ្មោះ តឹង ចាន់សេង រត់គេចខ្លួនបាត់។ រហូតដល់ព្រឹកឡើងថ្ងៃទី១៥ កក្កដា បងប្រុសសកម្មជនគណបក្សប្រឆាំងដដែល បានបញ្ជូនប្អូនមកមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ពេលត្រឡប់ទៅវិញ សមត្ថកិច្ចកោះហៅទៅអធិការស្រុក ព្រមទាំងឃាត់ខ្លួននៅទីនោះ និងបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តកំពង់ចាម ទៀតផង។
លោក សាំង វ៉ក់ បញ្ជាក់ថា អាការៈជំងឺរបស់លោកមិនទាន់បានប្រសើរទេ ហើយភ្នែកម្ខាងមើលមិនឃើញអ្វីឡើយ។ ទោះបីជាត្រូវរបួសបែបនេះក្តី ប៉ុន្តែលោកឮសមត្ថកិច្ចប្រាប់ថា នៅពេលគាត់ជាសះស្បើយពីជំងឺ ពលរដ្ឋរូបនេះនឹងអាចគេចាប់ខ្លួនជុំវិញសំណុំរឿងហិង្សានេះ ដែលធ្វើឱ្យលោកកាន់តែបារម្ភ។
ស្នងការរងនគរបាលខេត្តត្បូងឃ្មុំ ទទួលបន្ទុកផ្នែកព្រហ្មទណ្ឌ លោក ចក់ សុខកៅ មិនបានបកស្រាយបែបណាទេ នៅថ្ងៃទី២០ កក្កដា ដោយលោកថា ជាប់ប្រជុំ។
ចំណែកនាយប៉ុស្តិ៍រដ្ឋបាលឃុំទឹកជ្រៅ លោក ម៉ន ធី បញ្ជាក់ថា សមត្ថកិច្ចកំពុងឃ្លាំមើលជនសង្ស័យមួយរូបទៀតដែលកំពុងរត់គេចខ្លួន ប៉ុន្តែដំណើរការនីតិវិធីយ៉ាងណាលោកមិនបានដឹងទេ។ សមាជិកប្រតិបត្តិគណបក្សសង្រ្គោះជាតិ ស្រុកតំបែរ លោក ម៉ៅ ម៉េន ស្នើឱ្យសមត្ថកិច្ច និងតុលាការស៊ើបអង្កេតករណីនេះឱ្យបានច្បាស់លាស់ ជៀសវាងជនរងគ្រោះសោះ បែរជាត្រូវជាប់ឃុំទៀតនោះ។
មន្ត្រីសម្របសម្រួលសមាគមអាដហុក (ADHOC) ខេត្តត្បូងឃ្មុំ លោក នាង សុវ៉ាត មានប្រសាសន៍ថា ប្រសិនបើករណីនោះជាបទល្មើសជាក់ស្ដែង និងមានធាតុផ្សំបទល្មើសលើសពី ៧០ភាគរយ គឺសមត្ថកិច្ចអាចឃាត់ខ្លួនភ្លាមៗបាន។ លោកបន្ថែមថា នីតិវិធីស៊ើបអង្កេតបន្តរបស់តុលាការ គឺមិនចាំបាច់ទាល់តែឃុំខ្លួនជនសង្ស័យនោះទេ៖ «សូម្បីព្រះរាជអាជ្ញា សូម្បីចៅក្រម ប្រសិនបើគេវាយប្អូនក៏ទៅជួយដែរ សូម្បីប្រធានតុលាការខេត្តក៏គាត់ត្រូវតែទៅជួយដែរ។ មែនទេ?»។
សង្គមស៊ីវិលរូបនេះយល់ថា ប្រសិនបើដូចអ្វីដែលសកម្មជនរូបនោះលើកឡើង ការឃុំខ្លួនបងប្រុសរបស់គាត់មិនត្រឹមត្រូវទេ ដូច្នេះលោកស្នើឱ្យតុលាការ និងសមត្ថកិច្ចស៊ើបអង្កេតរឿងនេះឲ្យបានច្បាស់លាស់ ដើម្បីផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះពិតប្រាកដ៕