Quantcast
Viewing all articles
Browse latest Browse all 11174

កម្ពុជា-វៀតណាម​បើក​ផ្លូវ​ដឹក​ជញ្ជូន​ផ្លូវការ​តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​អូរយ៉ាដាវ

Image may be NSFW.
Clik here to view.

ផ្លូវ​ជាតិ​លេខ​៧៨​អា (78A) តភ្ជាប់​ពី​តំបន់​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​អូរយ៉ាដាវ ខេត្ត​រតនគិរី និង​ច្រក​ព្រំដែន​អន្តរជាតិ​ឡេថាន់ ខេត្ត​យ៉ាឡាយ ប្រទេស​វៀតណាម បាន​ក្លាយ​ជា​ផ្លូវ​ដឹក​ជញ្ជូន​ដ៏​សំខាន់​រវាង​ប្រទេស​ទាំង​ពីរ​ក្នុង​តំបន់​អាស៊ាន។ ការ​បើក​ផ្លូវ​ដឹក​ជញ្ជូន​នេះ គឺ​ជា​ផ្នែក​មួយ​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​សេដ្ឋកិច្ច​រវាង​ប្រទេស​ក្នុង​តំបន់​ផង​ដែរ។

អាជ្ញាធរ​កម្ពុជា និង​វៀតណាម បាន​សម្រេច​បើក​ផ្លូវ​ដឹក​ជញ្ជូន​កម្រិត​តំបន់​រវាង​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​អូរយ៉ាដាវ ខេត្ត​រតនគិរី និង​ច្រក​ព្រំដែន​អន្តរជាតិ​ឡេថាន់ ខេត្ត​យ៉ាឡាយ ប្រទេស​វៀតណាម ដែល​ជា​តំបន់​ប៉ូល​សេដ្ឋកិច្ច​ដ៏​សំខាន់​ទី​បួន​របស់​ប្រទេស​កម្ពុជា។

ប្រជាពលរដ្ឋ មន្ត្រី​រាជការ​ខេត្ត​រតនគិរី និង​ខេត្ត​យ៉ាឡាយ ប្រទេស​វៀតណាម ប្រមាណ ៥០០​នាក់ បាន​ចូលរួម​សម្ពោធ​ដំណើរការ​ផ្លូវ​ដឹក​ជញ្ជូន​នេះ​នា​តំបន់​ចក្រ​ទ្វារ​ព្រំដែន​ឡេថាន់ ខេត្ត​យ៉ាឡាយ នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​កក្កដា។

ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្ត​រតនគិរី លោក ស៊ុន ប៉ូលីន បញ្ជាក់​ថា ការ​បើក​ច្រក​ផ្លូវ​ដឹក​ជញ្ជូន​នៅ​តំបន់​នេះ​មាន​សារសំខាន់​សម្រាប់​ការ​ដឹក​ជញ្ជូន​ទំនិញ និង​អ្នក​ដំណើរ​រវាង​ប្រទេស​ទាំង​ពីរ​បាន​កាន់​តែ​ងាយស្រួល។ លោក​បន្ត​ថា ការ​ដឹក​ជញ្ជូន​ឆ្លង​កាត់​ច្រក​ទ្វារ​ព្រំដែន​តំបន់​នេះ កើត​មាន​យូរ​ឆ្នាំ​មក​ហើយ​ក្នុង​កម្រិត​ថ្នាក់​ខេត្ត ក៏ប៉ុន្តែ​នេះ​គឺ​ជា​ការ​សម្រេច​សម្ពោធ​ផ្លូវការ​រវាង​ប្រទេស​ទាំង​ពីរ ទាក់ទិន​ដំណើរការ​បើក​ផ្លូវ​ដឹក​ជញ្ជូន​នេះ​សម្រាប់​ថ្នាក់​ជាតិ៖ «ការ​ដឹក​ជញ្ជូន​ផ្លាស់ប្ដូរ​ទំនិញ​ទេសចរណ៍​មាន​សារសំខាន់​ណាស់។ បើ​សិន​ឡាន​ត្រូវ​មាន​ការ​អនុញ្ញាត​រត់​ដល់​ភ្នំពេញ​ក៏​បាន អា​នេះ​ច្រក​អន្តរជាតិ»

ផ្លូវ​ជាតិ​លេខ​៧៨​អា ចាប់​ពី​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ស្រុក​អូរយ៉ាដាវ តភ្ជាប់​នឹង​ផ្លូវ​ជាតិ​លេខ​៧ ចំណុច​អូរ​ពងមាន់ ខេត្ត​ស្ទឹងត្រែង មាន​ចម្ងាយ​ជាង ១០០​គីឡូម៉ែត្រ។ ផ្លូវ​នេះ​តភ្ជាប់​ពី​ខេត្ត​ស្ទឹងត្រែង ទៅ​ខេត្ត​ក្រចេះ ខេត្ត​មណ្ឌលគិរី កំពង់ចាម ខេត្ត​ត្បូងឃ្មុំ និង​តំបន់​ផ្សេង​ទៀត​នៅ​ទូទាំង​ប្រទេស។

អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​រតនគិរី លោក ញ៉ែម អឿន កត់​សម្គាល់​ថា ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​អូរយ៉ាដាវ ជា​ផ្លូវ​ដឹក​ជញ្ជូន​កសិផល​ពី​ខេត្ត​រតនគិរី ទៅ​លក់​នៅ​ទីផ្សារ​ប្រទេស​វៀតណាម និង​ដឹក​ជញ្ជូន​គ្រឿង​សម្ភារៈ និង​ទំនិញ​ពី​ប្រទេស​វៀតណាម មក​ខេត្ត​រតនគិរី និង​ទីក្រុង​ភ្នំពេញ​ទៀត​ផង។

លោក​រំពឹង​ថា ការ​បើក​ផ្លូវ​ដឹក​ជញ្ជូន​នេះ នឹង​ក្លាយ​ទៅ​ជា​ផ្លូវ​ដឹក​ជញ្ជូន​ផ្លាស់ប្ដូរ​ទំនិញ អ្នក​ដំណើរ សេវាកម្ម​ទេសចរណ៍​កម្រិត​តំបន់​អាស៊ាន​នៅ​ថ្ងៃ​ខាង​មុខ៖ «សេដ្ឋកិច្ច​យើង​ទាំងអស់​ទាំង​ចេញ​ទាំង​ចូល ទាំង​ទេសចរណ៍ ពាណិជ្ជកម្ម ដើម្បី​ឲ្យ​ភាគី​វៀតណាម ក៏​គាត់​ដឹង ខាង​យើង​ក៏​ដឹង​ថា​យើង​មាន​ច្រក​អូរយ៉ាដាវ មួយ​ជា​ច្រក​អន្តរជាតិ»

តួលេខ​របស់​សមត្ថកិច្ច​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ស្រុក​អូរយ៉ាដាវ ឲ្យ​ដឹង​ថា ក្នុង​មួយ​ថ្ងៃៗ យ៉ាង​ហោច​ណាស់​ក៏​មាន​រថយន្ត​ដឹក​អ្នក​ដំណើរ និង​ដឹក​ទំនិញ​ប្រមាណ ២០​គ្រឿង​ឆ្លង​ពី​ប្រទេស​វៀតណាម ចូល​មក​ខេត្ត​រតនគិរី និង​ចេញ​ពី​ខេត្ត​រតនគិរី ទៅ​ប្រទេស​វៀតណាម តាម​ច្រក​ទ្វារ​ព្រំដែន​នេះ។

មន្ត្រី​ព្រំដែន​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ បញ្ជាក់​ថា រថយន្ត​ដែល​អនុញ្ញាត​ឲ្យ​ឆ្លង​កាត់​ច្រក​ព្រំដែន​អន្តរជាតិ​បច្ចុប្បន្ន គឺ​ជា​រថយន្ត​ដឹក​ជញ្ជូន​ទំនិញ និង​អ្នក​ដំណើរ​ក្នុង​ក្របខ័ណ្ឌ​កិច្ចព្រមព្រៀង​ខេត្ត​ទាំង​ពីរ​នៅ​ឡើយ។

ទោះ​បី​ជា​យ៉ាង​នេះ​ក្តី ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្ត​រតនគិរី លោក ស៊ុន ប៉ូលីន ឲ្យ​ដឹង​ថា រហូត​បច្ចុប្បន្ន អាជ្ញាធរ​វៀតណាម និង​កម្ពុជា កំពុង​រៀបចំ​កិច្ចព្រមព្រៀង​ស្ដីពី​បរិមាណ​រថយន្ត​ដែល​ត្រូវ​អនុញ្ញាត​ឲ្យ​ដឹក​ជញ្ជូន​ឆ្លង​កាត់​ច្រក​ផ្លូវ​ដឹក​ជញ្ជូន​នេះ​សម្រាប់​ថ្នាក់​ជាតិ​នៃ​ប្រទេស​ទាំង​ពីរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles