Clik here to view.

ស្របពេលច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ត្រូវបានព្រឹទ្ធសភាអនុម័ត ក្រុមអ្នកនយោបាយ និងអង្គការមិនមែនរដ្ឋាភិបាលយល់ឃើញខុសៗគ្នា ជុំវិញខ្លឹមសារនៃច្បាប់ដែលត្រូវបានអនុម័តរួចហើយនេះ។ អ្នកនយោបាយដែលមកពីខាងរដ្ឋាភិបាល ចាត់ទុកថា ច្បាប់នេះអាចជួយឲ្យអ្នកនយោបាយធ្វើដំណើរលើផ្លូវត្រូវ។ ចំណែកបក្សនយោបាយតូចៗដែលពុំមានអាសនៈនៅក្នុងរដ្ឋសភាវិញ យល់ឃើញថា ច្បាប់គណបក្សនយោបាយនេះតាក់តែងឡើងហាក់មិនបានឆ្លុះបញ្ចាំងទៅនឹងឆន្ទៈរបស់ពលរដ្ឋជាម្ចាស់ឆ្នោតនោះទេ។
ថ្វីបើកិច្ចពិគ្រោះយោបល់ដែលរៀបចំឡើងដោយរាជបណ្ឌិត្យសភាកម្ពុជា ផ្ដោតសំខាន់រឿងវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយក៏ដោយចុះ ប៉ុន្តែកិច្ចសន្ទនានោះ ទាំងអ្នកច្បាប់ និងអ្នកនយោបាយ ហាក់ប្រើប្រាស់វេទិកានេះពិភាក្សាយ៉ាងផុលផុសពីនីតិសម្បទារបស់អតីតមេបក្សប្រឆាំង គឺលោក សម រង្ស៊ី ច្រើនជាងទៅវិញ។
លោក ឈឹម ផលវរុណ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា និងជាភាគីតំណាងពីខាងបក្សកាន់អំណាច យល់ឃើញថា ការទុកច្រកសម្រាប់លោក សម រង្ស៊ី ឆ្លៀតប្រើប្រាស់វេទិកានយោបាយដោយប្រយោល ជាមធ្យោបាយដែលមិនអាចអនុគ្រោះបានទេ។ លោកបន្តថា ព្រោះឈ្មោះជាទណ្ឌិត គឺពុំមានតម្លៃអ្វីក្នុងការចូលរួមប្រកួតប្រជែងផ្នែកនយោបាយទាល់តែសោះ ជាពិសេសក្នុងប្រទេសដែលអនុវត្តរបបប្រជាធិបតេយ្យ សេរីពហុបក្សដូចកម្ពុជា សព្វថ្ងៃនេះ៖ «»។
វេទិកាតុមូលស្ដីពីវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយដែលរៀបចំឡើងដោយរាជបណ្ឌិត្យសភាកម្ពុជា កាលពីព្រឹកថ្ងៃទី១៩ កក្កដា មានសមាសភាពចម្រុះចូលរួម ក្រៅពីសិស្ស និស្សិត ព្រះសង្ឃហើយ នៅមានអ្នកនយោបាយ អង្គការសង្គមស៊ីវិល និងភាគីតំណាងពីរដ្ឋាភិបាលផង។
ទាំងអ្នកច្បាប់ និងអ្នកនយោបាយដែលមាននិន្នាការគាំទ្ររដ្ឋាភិបាល បានថ្លែងការពារច្បាប់ស្ដីពីគណបក្សនយោបាយនេះ ដោយចាត់ទុកថាជារឿងធម្មតាការស្នើច្បាប់ដើម្បីធ្វើវិសោធនកម្ម ទោះតាក់តែងឡើងច្រើនដងក្នុងរយៈពេលខ្លី តែជាអនុវត្តដូចគ្នាសម្រាប់ប្រទេសដែលអនុវត្តរបបប្រជាធិបតេយ្យ សេរីពហុបក្ស។
លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ អះអាងនៅក្នុងកិច្ចពិគ្រោះយោបល់ថា ប្រទេសនៅលើពិភពលោកពុំបានកំណត់រយៈពេលនៃការធ្វើវិសោធនកម្មទេ លើកលែងតែប្រទេសនោះបានបញ្ញត្តិរួចហើយនៅក្នុងរដ្ឋធម្មនុញ្ញរបស់ខ្លួនប៉ុណ្ណោះ។
ច្បាប់ស្ដីពីគណបក្សនយោបាយនេះ សមាជិកសភាសម្រេចធ្វើវិសោធនកម្ម ឬកែប្រែពីរដងក្នុងរយៈពេល ៥ខែ ក្រោយពេលលោក ហ៊ុន សែន យល់ឃើញថា មានភាពចាំបាច់ត្រូវកែប្រែមាត្រាច្បាប់មួយចំនួន។
អ្នកនយោបាយមកពីគណបក្សដែលពុំមានសំឡេងក្នុងរដ្ឋសភា ដែលចូលរួមក្នុងវេទិកាតុមូលកាលពីព្រឹកថ្ងៃទី១៩ កក្កដា យល់ឃើញថា ច្បាប់នេះហាក់ធ្វើទៅតាមការចង់បានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សុទ្ធសាធ។
លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ ចាត់ទុកថា ច្បាប់នេះតាក់តែង និងធ្វើសេចក្ដីព្រាងឡើងមិនឆ្លុះបញ្ចាំងពីឆន្ទៈរបស់ពលរដ្ឋជាម្ចាស់ឆ្នោតនោះទេ។ លោកបន្តថា បើអ្នកនយោបាយធ្វើច្បាប់ដើម្បីឈ្នះចាញ់រៀងៗខ្លួនដូចនេះ អ្នកដែលត្រូវរងគ្រោះពិតប្រាកដ គឺពលរដ្ឋទៅវិញទេ៖ «»។
យ៉ាងនេះក្ដី លោក សុខ ទូច តំណាងអ្នកស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា រិះគន់ថា មកដល់ពេលនេះទៅហើយ មិនចាំបាច់និយាយពីពាក្យសង្គ្រោះអ្វីទៀតឡើយ។ លោកបន្តថា ដំណាក់កាលនេះជាពេលវេលាដែលត្រូវធ្វើកំណែទម្រង់ មិនចាំបាច់មានការសង្គ្រោះអ្វីទៀតនោះទេ៖ «»។
វេទិកាពិគ្រោះយោបល់ដែលរៀបចំដោយរាជបណ្ឌិត្យសភាកម្ពុជា សង្កេតឃើញថា ពុំឃើញមានវត្តមានពីខាងបក្សប្រឆាំងដែលជាតួអង្គសំខាន់ សម្រាប់កំណែទម្រង់ច្បាប់នេះចូលរួមទេ។ ប៉ុន្តែអនុប្រធានគណបក្សនេះ គឺលោក អេង ឆៃអ៊ាង អះអាងថា ដើម្បីអនុលោមទៅតាមច្បាប់ បក្សប្រឆាំងនឹងប្រើនិមិត្តសញ្ញាត្រឹមរូបព្រះអាទិត្យ លែងប្រើរូបមេបក្សទាំងពីរតទៅទៀតហើយ។
កាលពីថ្ងៃទី១៨ កក្កដា ព្រឹទ្ធសភាបានអនុម័តសេចក្ដីស្នើវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយរួចហើយ តាមការស្នើពីរដ្ឋសភា។
លោក សាម ស៊ុនឌឿន តំណាងពីគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បង្ហាញការសោកស្ដាយអ្នកនយោបាយ ចំពោះកិច្ចការដែលត្រូវធ្វើ ដូចជាជួយរកទីផ្សារកសិផលឲ្យកសិករមិនធ្វើ បែរជាមកប្រកួតប្រជែងដើម្បីហេតុផលនយោបាយរៀងៗខ្លួនទៅវិញ។
លោក ឌុច ពិសិដ្ឋ នាយកផ្នែកតស៊ូមតិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា យល់ឃើញថា ច្បាប់ដែលធ្វើវិសោធនកម្មរួចហើយនេះ អាចជាការបម្រើឲ្យគណបក្សនយោបាយ និងអ្នកនយោបាយមានភាពស្អាតស្អំ ក៏ប៉ុន្តែមាត្រាខ្លះនៃច្បាប់គណបក្សនយោបាយនេះ នៅតែជាការបារម្ភនៅឡើយចំពោះសង្គមស៊ីវិល។ លោកបន្តថា ការកែប្រែញឹកញាប់ពេក និងម្យ៉ាងកៀកនឹងការបោះឆ្នោតផង ទាំងនេះថាតើជាភាពចាំបាច់ដែលត្រូវធ្វើវិសោធនកម្មដែរឬទេ?៖ «»។
ច្បាប់ស្ដីពីគណបក្សនយោបាយនេះ ត្រូវបានសមាជិកសភាធ្វើវិសោធនកម្ម និងអនុម័តម្ដងរួចមកហើយកាលពីថ្ងៃទី២០ កុម្ភៈ ទៅតាមសំណើរបស់លោក ហ៊ុន សែន ដែលប្រឆាំងមិនឲ្យលោក សម រង្ស៊ី ធ្វើប្រធានគណបក្ស។ មិនយូរប៉ុន្មាន ជាងពីរសប្ដាហ៍ក្រោយពីច្បាប់នេះត្រូវបានអនុម័ត ពោលកាលពីថ្ងៃទី២៨ មីនា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើឲ្យធ្វើវិសោធនកម្មជាថ្មីទៀតមិនឲ្យមានទណ្ឌិតចូលរួមនយោបាយ។ នៅពេលមានការស្នើពីលោកនាយករដ្ឋមន្ត្រីកាលពីថ្ងៃទី១០ កក្កដា ច្បាប់នេះត្រូវបានសមាជិកសភាពីខាងបក្សកាន់អំណាច ធ្វើវិសោធនកម្ម និងអនុម័តភ្លាមដែរដោយពុំមានការចូលរួមពិគ្រោះយោបល់ពីបក្សប្រឆាំងនោះទេ៕