Clik here to view.

ជនជាតិដើមភាគតិចទាំង ២៤អម្បូរមកពី ១៥ខេត្តក្រុង ព្រមទាំងបណ្ដាញសហគមន៍ និងអង្គការសង្គមស៊ីវិល អំពាវនាវរួមគ្នាឲ្យបញ្ឈប់ជាបន្ទាន់នូវការបណ្ដេញសហគមន៍ជនជាតិដើមភាគតិចចេញពីភូមិក្បាលរមាសចាស់ ដោយបង្ខំ និងហិង្សា។
ការអំពាវនាវនេះ ធ្វើឡើងតាមរយៈលិខិតមួយច្បាប់ចេញផ្សាយថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៧។
ពួកគេអំពាវនាវដល់រដ្ឋសភាឲ្យចុះសិក្សា និងធ្វើការអន្តរាគមន៍ជាបន្ទាន់ចៀសវាងការបណ្ដេញចេញដោយបង្ខំ និងមានអំពើហិង្សាកើតឡើង។
ចំណែករដ្ឋាភិបាលវិញ ពួកគេអំពាវនាវឲ្យគោរពការសម្រេចចិត្តរបស់សហគមន៍ភូមិក្បាលរមាសចាស់ ដែលពួកគាត់សម្រេចរស់នៅទីទួលសុវត្ថិភាពថ្មីដែលមានចម្ងាយ ៤គីឡូម៉ែត្រពីអណ្ដាតទឹកនៃទំនប់។ ពួកគេក៏សំណូមពរដល់រដ្ឋាភិបាលឲ្យបញ្ឈប់ការបង្ខំ និងគំរាមកំហែង ឬប្រើហិង្សាឲ្យសហគមន៍ចាកចេញពីទីតាំងភូមិចាស់ ទៅយកសំណងដែលត្រូវទៅរស់នៅទីតាំងថ្មី។ ហើយពួកគេសំណូមពរឲ្យរដ្ឋាភិបាល ត្រៀមឧបករណ៍សង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋ សត្វពាហនៈ និងការពារផ្ទះសម្បែងរបស់សហគមន៍។
ចំណែកឯខាងក្រុមហ៊ុនវិញ ពួកគេអំពាវនាវឲ្យផ្តល់សំណងចំពោះការខូចខាតទ្រព្យសម្បត្តិជាក់ស្តែងរបស់ពលរដ្ឋ។
ជនជាតិដើមភាគតិចទាំង ២៤អម្បូរមកពី ១៥ខេត្តក្រុង ព្រមទាំងបណ្ដាញសហគមន៍ និងអង្គការសង្គមស៊ីវិល បង្ហាញក្តីព្រួយបារម្ភពីសុវត្ថិភាព និងអាណិតអាសូរដល់សហគមន៍ជនជាតិដើមភាគតិចភូមិក្បាលរមាស ចំនួន ៥៨គ្រួសារ ដែលបានសម្រេចចិត្តមិនទទួលយកសំណងពីក្រុមហ៊ុនទំនប់វារីអគ្គិសនីសេសានក្រោមពីរ ដោយអាជ្ញាធរ និងក្រុមហ៊ុនឲ្យពួកគាត់ចាកចេញពីភូមិកំណើតដោយបង្ខំ និងហិង្សា៕