
ក្រសួងធនធានទឹក និងឧតុនិយម ស្នើដល់អាជ្ញាធរដែនដី និងប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ ឲ្យបង្កើនការប្រុងប្រយ័ត្នចំពោះស្ថានភាពទឹកទន្លេដែលបន្តកើនឡើងជាលំដាប់។
ការអំពាវនាវរបស់ក្រសួងធនធានទឹក និងឧតុនិយម នេះ ធ្វើឡើងតាមរយៈសេចក្តីជូនដំណឹងស្តីពីស្ថានភាពអាកាសធាតុ និងកម្ពស់ទឹកទន្លេចេញផ្សាយនៅថ្ងៃទី១៦ កក្កដា។
ក្រសួងបញ្ជាក់ថា កូនព្យុះឈ្មោះ តាឡាស (TS TALAS) ដែលជាព្យុះទី៤ ប្រចាំឆ្នាំ២០១៧ នេះ បានកើតឡើង និងកំពុងស្ថិតក្នុងសមុទ្រចិនខាងត្បូង។ កូនព្យុះនេះ នឹងរំកិលខ្លួនចូលទៅឈូងសមុទ្រតុងកឹងនៃប្រទេសវៀតណាម រួចបន្តដំណើរទៅដល់តំបន់ផ្ទៃរងទឹកភ្លៀងនៃទន្លេមេគង្គក្នុងប្រទេសថៃ និងឡាវ នៅថ្ងៃទី១៧ កក្កដា។
ឥទ្ធិពលនៃកូនព្យុះ តាឡាស (TS TALAS) និងប្រព័ន្ធសម្ពាធទាប នឹងបង្កឲ្យមានភ្លៀងធ្លាក់ច្រើននៅអាងទន្លេមេគង្គនៃប្រទេសទាំងពីរ ដោយឡែកនៅកម្ពុជា ភ្លៀងនឹងបន្តធ្លាក់រាយប៉ាយរហូតដល់ថ្ងៃទី២៥ ខែកក្កដា ខាងមុខ។
ស្ថានភាពនេះ នឹងធ្វើឲ្យទឹកទន្លេមេគង្គ ទន្លេបាសាក់ ទន្លេសាប និងទឹកក្នុងបឹងទន្លេសាប បន្តកើនឡើងជាលំដាប់។ តំបន់ទំនាបមួយចំនួនក្នុងខេត្តស្ទឹងត្រែង ក្រចេះ និងខេត្តកំពង់ចាម អាចនឹងត្រូវជន់លិច។
ហេតុដូចនេះ ក្រសួងធនធានទឹក និងឧតុនិយម អំពាវនាវឲ្យប្រជាកសិកររួសរាន់ប្រមូលកសិផលឲ្យបានទាន់ពេលវេលា។ ក្រសួងក៏អំពាវនាវដល់ប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រ ឲ្យបង្កើនការប្រុងប្រយ័ត្ន ដើម្បីចៀសវាងគ្រោះថ្នាក់ផ្សេងៗដែលអាចនឹងកើតមានឡើងជាយថាហេតុផងដែរ៕