Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ចូលរួម​គាំទ្រ​ផលិតផល​ក្នុង​ស្រុក

$
0
0

ថ្នាក់ដឹកនាំ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ និង​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា ស្នើ​ដល់​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​ឲ្យ​ងាក​មក​ចាប់​អារម្មណ៍​គាំទ្រ​ផលិត​ក្នុង​ស្រុក ដើម្បី​លើកទឹកចិត្ត​អ្នក​ផលិត និង​រួម​ចំណែក​លើក​ស្ទួយ​ចំណូល​សេដ្ឋកិច្ច​គ្រួសារ​របស់​ពលរដ្ឋ​ខ្មែរ ព្រមទាំង​កាត់​បន្ថយ​ការ​ធ្វើ​ចំណាក​ស្រុក។

អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​គាំទ្រ​ផលិតផល​ផ្សេងៗ ដែល​ជា​ស្នាដៃ​ផលិត​ដោយ​ប្រជាពលរដ្ឋ​ខ្មែរ​ឲ្យ​បាន​ច្រើន​ផុលផុស ប្រសើរ​ជាង​ទៅ​លើក​ស្ទួយ ឬ​គាំទ្រ​ទំនិញ​នាំចូល​ពី​ក្រៅ​ប្រទេស។

​ការ​បំផុស​ឲ្យ​ពលរដ្ឋ​ចូលរួម​គាំទ្រ​ផលិតផល​ក្នុង​ស្រុក​របស់​អភិបាល​ខេត្ត​ព្រះសីហនុ​ដូច្នេះ គឺ​ក្នុង​ឱកាស​លោក​ចូលរួម​បើក​សម្ពោធ​ទីស្នាក់ការ​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា នា​សាខា​ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី​៥ ខែ​មីនា។

លោក យន្ត មីន សំណូមពរ​ដល់​អ្នក​ប្រើប្រាស់​ទាំង​ឡាយ គួរ​ងាក​មក​គាំទ្រ ឬ​ជួយ​ទិញ​ផលិតផល​ខ្មែរ​ក្នុង​ស្រុក ដើម្បី​លើកទឹកចិត្ត​ដល់​ផលិតករ និង​ជួយ​ផ្ដល់​ឱកាស​ការងារ​ដល់​យុវជន ដើម្បី​ឈាន​ដល់​រួមចំណែក​កាត់​បន្ថយ​ភាព​ក្រីក្រ និង​ការ​ធ្វើ​ចំណាកស្រុក​ទៅ​ក្រៅ​ប្រទេស ដែល​ប្រថុយប្រថាន​នឹង​គ្រោះ​ថ្នាក់៖ «សូម​អំពាវនាវ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​អស់ សូម​ឲ្យ​បង​ប្អូន​មាន​គំនិត​ជួយ​គាំទ្រ​ផលិតផល​ក្នុង​ស្រុក​របស់​យើង ឲ្យ​មាន​គំនិត​ជាតិ​និយម​ខ្លះ ដើម្បី​ជួយ​ការពារ​សេដ្ឋកិច្ច​ជាតិ​យើង​ខ្លះ។ ដូច​ពេល​កន្លង​មក សម្ដេច​នាយករដ្ឋមន្ត្រី​ធ្លាប់​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ជួយ​ទិញ​អង្ករ​របស់​ខ្មែរ​យើង ដើម្បី​ជួយ​ដល់​កសិករ​ខ្មែរ​របស់​យើង»

ក្នុង​ឱកាស​សម្ពោធ​ទីស្នាក់ការ​ថ្មី លោក វ៉ាន់ សុខហេង ប្រធាន​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា សាខា​ខេត្ត​ព្រះសីហនុ មាន​ប្រសាសន៍​ថា កន្លង​មក​អ្នក​ប្រើប្រាស់​ភាគ​ច្រើន ហាក់​មិន​សូវ​ឲ្យ​តម្លៃ​ដល់​ផលិតផល​ក្នុង​ស្រុក​ទេ ដោយ​គាំទ្រ​តែ​ទំនិញ​នាំ​ចូល​ពី​ក្រៅ​ប្រទេស។ អ្នក​ជំនួញ​រូប​នេះ​បង្ហាញ​ផលវិបាក ៧​ចំណុច ដែល​ម្ចាស់​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា ប្រចាំ​ខេត្ត​នេះ​កំពុង​ជួប​ប្រទះ​រួម​មាន ការ​ប្រកួតប្រជែង​ទីផ្សារ​គ្មាន​តម្លាភាព ការ​ផលិត ឬ​ផ្គត់ផ្គង់​លើស​តម្រូវការ​ទីផ្សារ ខ្វះខាត​បច្ចេកទេស​ចង្វាក់​ផលិតកម្ម ខ្វះ​ទំនុក​ចិត្ត​ក្នុង​ការ​ធ្វើ​អាជីវកម្ម​ជា​លក្ខណៈ​ចង្កោម ចង្វាក់​ផលិតកម្ម​ខ្នាត​តូច​ជា​លក្ខណៈ​គ្រួសារ​គ្មាន​ស្តង់ដារ មិន​អាច​ផ្ដល់​ទំនុក​ចិត្ត​ដល់​អ្នក​ប្រើប្រាស់។

លោក វ៉ាន់ សុខហេង ត្អូញត្អែរ​ថា ចំពោះ​សេដ្ឋកិច្ច​ទីផ្សារ​សេរី​បច្ចុប្បន្ន​នេះ គឺ​ក្រុមហ៊ុន​ធំ​តែង​ផ្ដួល​ក្រុមហ៊ុន​តូចៗ ក្នុង​ការ​ធ្វើ​អាជីវកម្ម​ប្រចាំ​ថ្ងៃ។ ដូច្នេះ​ធ្វើ​ឲ្យ​ម្ចាស់​អាជីវកម្ម​ធុន​តូច និង​មធ្យម​ភាគ​ច្រើន​ជួប​នូវ​ផលវិបាក​ក្នុង​ការ​ធ្វើ​ជំនួញ ហើយ​នៅ​ទី​បញ្ចប់ ការ​ធ្វើ​អាជីវកម្ម​របស់​ម្ចាស់​សហគ្រាស​ធុន​តូច​ទាំង​នោះ បាន​ត្រឹម​រក​ប្រាក់​ចំណូល​តាម​រយៈ​ទទួល​ត្រឹម​កម្រៃជើងសា​តែប៉ុណ្ណោះ។

​ចំណែក​លោក តែ តាំងប៉ ប្រធាន​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា មាន​ការិយាល័យ​កណ្ដាល​នៅ​រាជធានី​ភ្នំពេញ បាន​ស្នើ​ដល់​ម្ចាស់​សហគ្រាស​ធុន​តូច និង​មធ្យម​ទាំង​អស់​នៅ​ខេត្ត​ព្រះសីហនុ និង​ខេត្ត​ផ្សេងៗ​ទៀត ត្រូវ​រួម​សហការ​គ្នា​ធ្វើ​អាជីវកម្ម​តាម​បែប​ចង្កោម ដោយ​រួម​គ្នា​ផលិត រួម​គ្នា​នាំ​ចេញ និង​រួម​គ្នា​ប្រើប្រាស់។

​លោក​បន្ត​ថា នៅ​ថ្ងៃ​ខាង​មុខ បើ​ម្ចាស់​សហគ្រាស​ធុន​តូច និង​មធ្យម ដែល​ចូល​ជា​សមាជិក​សម្ព័ន្ធ​សមាគម មាន​បញ្ហា​ទាក់ទង​នឹង​បច្ចេកទេស​នៃ​ការ​ធ្វើ​អាជីវកម្ម ឬ​មាន​បញ្ហា​មិន​ច្បាស់​ទៅ​លើ​ផ្លូវ​ច្បាប់​អ្វី​មួយ ត្រូវ​ផ្ដល់​ព័ត៌មាន​មក​ស្ថាប័ន​ខ្លួន​ដើម្បី​ឈាន​ដល់​ជួយ​ប្រឹក្សា​យោបល់ ឬ​ជួយ​រក​ដំណោះស្រាយ។

ទាក់ទិន​បញ្ហា​នេះ កាល​ពី​ឆ្នាំ​២០១៦ ក្រសួង​ពាណិជ្ជកម្ម បាន​បង្កើត​ឲ្យ​មាន​ព្រឹត្តិការណ៍​ទិញ​ទំនិញ​ដែល​ផលិត​ដោយ​ស្នាដៃ​ពលរដ្ឋ​ខ្មែរ និង​ប្រកាស​ឲ្យ​អ្នក​ប្រើប្រាស់​ចូល​រួម​គាំទ្រ ឬ​ងាក​មក​ប្រើប្រាស់​ទំនិញ​ផលិត​ក្នុង​ស្រុក​ឲ្យ​បាន​ច្រើន។

រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ ថ្លែង​ថា ដើម្បី​បំផុស​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស ចូលរួម​គាំទ្រ​ផលិតផល ឬ​ទិញ​ទំនិញ​ដែល​កូន​ខ្មែរ​ផលិត​ក្នុង​ស្រុក​យក​ទៅ​ប្រើប្រាស់​ឲ្យ​បាន​ផុលផុស ក្រសួង​ពាណិជ្ជកម្ម​បាន​បើក​យុទ្ធនាការ "ទិញ​ផលិតផល​ខ្មែរ" នៅ​តាម​រាជធានី-​ខេត្ត​មួយ​ចំនួន ដោយ​តាំង​ពិព័រណ៍​បង្ហាញ​ផលិតផល​ខ្មែរ​ជូន​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិ​បាន​ទស្សនា។

លោក ប៉ាន សូរស័ក្តិ ឲ្យ​ដឹង​ថា ការ​ដែល​ក្រសួង​រៀបចំ​ឲ្យ​មាន «យុទ្ធនាការ​ទិញ​ផលិតផល​ខ្មែរ គឺ​ជា​ការ​ពញ្ញាក់​ស្មារតី​ដល់​អ្នក​ប្រើប្រាស់​ទាំង​ឡាយ​ឲ្យ​ងាក​មក​គាំទ្រ ឬ​ទិញ​ផលិតផល​ខ្មែរ​ក្នុង​ស្រុក និង​កាត់​បន្ថយ​ទំនិញ​ហូរ​ចូល​ពី​ក្រៅ​ប្រទេស។ ជាង​នេះ ក៏​ជំរុញ​ការ​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ក្រៅ​ប្រទេស​បាន​ច្រើន ដើម្បី​លើក​ស្ទួយ​បច្ចេកទេស​ដល់​អ្នក​ផលិត និង​កាត់​បន្ថយ​ចំណាក​ស្រុក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles