ប្រជាពលរដ្ឋនៅភូមិបុស្នោរ ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ បារម្ភខ្លាចបាត់បង់ដីស្រែ និងដីសហគមន៍របស់ខ្លួន។ ក្តីបារម្ភនេះ ក្រោយពេលអាជ្ញាធរមូលដ្ឋានយកលិខិតមួយកាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៦ តម្រូវឲ្យពលរដ្ឋផ្ដិតមេដៃ ដោយបញ្ជាក់ថា បានយល់ព្រមលក់ដីស្រែទៅឲ្យភាគីតំណាងក្រុមហ៊ុនចិន។ អាជ្ញាធរមូលដ្ឋានបញ្ជាក់ថា លិខិតនោះ គឺដើម្បីយកស្នាមមេដៃពលរដ្ឋទៅផ្ទៀងផ្ទាត់ស្នាមមេដៃដែលពួកគេធ្លាប់បានយល់ព្រមលក់ដីឲ្យក្រុមហ៊ុនចិន កាលពីឆ្នាំ២០១១ ប៉ុណ្ណោះ។
ប្រជាពលរដ្ឋនៅភូមិបុស្នោរ ចង់ឲ្យអាជ្ញាធរបញ្ជាក់ឲ្យបានច្បាស់លាស់ថា តើការប្រមូលស្នាមមេដៃពីពួកគាត់មានគោលបំណងអ្វីឲ្យប្រាកដ? ម្យ៉ាង ត្រូវបញ្ឈប់សកម្មភាពនោះបន្តទៀត ពីព្រោះធ្វើឲ្យអ្នកភូមិជាច្រើនចាប់ផ្ដើមភ័យខ្លាច ដោយសារទម្រង់លិខិតនោះមានលក្ខណៈមិនច្បាស់លាស់។ បន្ថែមពីនេះ ពួកគាត់ចង់ឲ្យអាជ្ញាធរ ជំរុញការដោះស្រាយដីសហគមន៍របស់ពួកគាត់ជាមួយក្រុមហ៊ុនចិន ឲ្យបានឆាប់រហ័ស។
ពលរដ្ឋនៅភូមិបុស្នោរ លោកស្រី ស្រ៊ាន សុភ័ណ្ឌ ឲ្យដឹងថា អាជ្ញាធរភូមិបានយកលិខិតមួយមកឲ្យពួកគាត់ផ្ដិតមេដៃ ដោយប្រាប់ថា ប្រសិនបើពួកគាត់មិនព្រមផ្ដិតមេដៃនៅពេលរកសេវាផ្សេងៗ លោកនឹងមិនធ្វើជូនឡើយ។ លោកស្រីបន្ថែមថា មានពលរដ្ឋមួយចំនួនបានយល់ព្រមផ្ដិតមេដៃ រួមទាំងលោកស្រីផង ប៉ុន្តែមិនបានដឹងច្បាស់អំពីអត្ថន័យលិខិតនោះទេ៖ «មិនទាន់ចោទគាត់យ៉ាងម៉េចៗទេ។ យើងមិនទាន់ដឹងរឿងទេ ប៉ុន្តែខ្លាចថាគាត់យកមេដៃយើងទៅ ខ្លាចយកដីយើងទៅលក់អ៊ីចឹង»។
លិខិតដែលតម្រូវឲ្យពលរដ្ឋផ្ដិតស្នាមមេដៃ គឺនៅចំណុច "ក" បានបញ្ជាក់ថាជាស្នាមមេដៃដែលបានផ្ដិតលើលិខិតព្រមព្រៀងលក់ដីស្រែឲ្យឈ្មោះ ផាន់ តុងហុង ដែលជាឈ្មោះខាងភាគីក្រុមហ៊ុនចិន ឈ្មោះ ហាមិនីវេន អ៊ិនវេសមេន (Hamenivent Investment) ប៉ុន្តែមិនបានបញ្ជាក់កាលបរិច្ឆេទទេ។ ចំណុច "ក" ដដែល មានពីរចំណុចសំខាន់ គឺទី១ បញ្ជាក់ថាស្នាមមេដៃនោះជារបស់យើងខ្ញុំពិតប្រាកដ និងទី២ មានន័យថា ស្នាមមេដៃមិនមែនជារបស់យើងខ្ញុំទេ។ ចំណែកចំណុច "ខ" វិញ គឺបញ្ជាក់ថា ពាក់ព័ន្ធដីដែលលក់ឲ្យក្រុមហ៊ុន ហាមិនីវេន អ៊ិនវេសមេន គឺយើងខ្ញុំមិនទាមទារវិញឡើយ។
ពលរដ្ឋមួយរូបទៀត លោក ផុន ឈឿន យល់ថាជាសកម្មភាពមិនត្រឹមត្រូវឡើយ និងមានចេតនាមិនចង់ឲ្យពួកគាត់ទាមទារដីសហគមន៍ពីក្រុមហ៊ុនមកវិញ។ ពលរដ្ឋរូបនេះបន្តថា អាជ្ញាធរមូលដ្ឋានត្រូវបើកកិច្ចប្រជុំប្រាប់ពលរដ្ឋជាមុន មិនមែនធ្វើឡើងដោយស្ងាត់ៗបែបនេះទេ៖ «ហើយយកធ្វើអ៊ីចឹង គឺគាត់ធ្វើបាបប្រជាជនហើយ។ អ៊ីចឹងវាមិនមែនយុត្តិធម៌សម្រាប់ប្រជាពលរដ្ឋសោះ»។
ប្រជាសហគមន៍ដដែលបញ្ជាក់ថា សកម្មភាពប្រមូលស្នាមមេដៃពីពលរដ្ឋ គឺធ្វើឲ្យពួកគាត់មានក្តីបារម្ភ។ បារម្ភម្យ៉ាង ខ្លាចបាត់បង់ដីស្រែចម្ការ ពីព្រោះក្នុងលិខិតមិនបានបញ្ជាក់ច្បាស់លាស់ ម្យ៉ាងបារម្ភខ្លាចបាត់បង់ដីសហគមន៍ជាង ៤០០ហិកតារដែលពលរដ្ឋកំពុងទាមទារពីក្រុមហ៊ុនចិន ត្រឡប់មកវិញ។
ទាក់ទងបញ្ហានេះ មេភូមិបុស្នោរ លោក សុខ ឌិន មានប្រសាសន៍ថា ការប្រមូលស្នាមមេដៃនោះ អាជ្ញាធរខេត្ត និងថ្នាក់ជាតិជាអ្នកតម្រូវឲ្យធ្វើ ព្រោះពួកគាត់ចង់ដឹងឲ្យប្រាកដថា ស្នាមមេដៃពលរដ្ឋទាំងនោះពិតជាបានផ្ដិតមេដៃលក់ដីឲ្យក្រុមហ៊ុនចិន ឬយ៉ាងណា? លោកបន្ថែមថា ស្នាមមេដៃដែលផ្តល់ឲ្យអាជ្ញាធរមូលដ្ឋាន មិនមែនជាការលក់ដីបន្ថែមទៀតទេ និងធ្វើឡើងដោយគ្មានការបង្ខិតបង្ខំ។ យ៉ាងនេះក្តី លោកថាសកម្មភាពប្រមូលស្នាមមេដៃនេះ គឺផ្អាកទៅវិញហើយ៖ «មិនមានបញ្ហាអីច្រើនទេ ប្រសិនបើប្រជាជនទទួលស្គាល់មេដៃគាត់មែន អ៊ីចឹងយល់ព្រមផ្ដិតមេដៃទទួលស្គាល់»។
កាលពីឆ្នាំ២០១១ អាជ្ញាធរមូលដ្ឋានបានដើរតួនាទីជំនួសឲ្យភាគីក្រុមហ៊ុនចិន ដើម្បីប្រមូលស្នាមមេដៃពីពលរដ្ឋ ហើយប្រគល់ប្រាក់ដោយក្នុងមួយគ្រួសារជាង ១លានរៀល ជាថ្នូរថាបានលក់ដីឲ្យក្រុមហ៊ុន ស្របពេលអ្នកស្រុកមិនបានដឹងថា ដីនៅតំបន់ណាផង។
អភិបាលរងខេត្តត្បូងឃ្មុំ ទទួលបន្ទុកដីធ្លី លោក ហាក់ សុខមករា មានប្រសាសន៍នៅថ្ងៃទី៧ មីនា ថា ក្រុមការងាររបស់ក្រសួង ចង់ដឹងឲ្យបានច្បាស់បន្ថែមទៀតជុំវិញវិវាទដីធ្លីមួយនេះ។ បន្ថែមពីនេះ លោកចង់ដឹងថា ទិន្នន័យដែលពលរដ្ឋធ្លាប់លក់ដីឲ្យក្រុមហ៊ុនមានប៉ុន្មានគ្រួសារ? ហើយមានប៉ុន្មានគ្រួសារដែលមិនចង់ទាមទារដីទាំងនោះមកវិញ ពីព្រោះកន្លងទៅ ពួកគាត់បានធ្វើលិខិតលក់ដីឲ្យក្រុមហ៊ុនរួចទៅហើយ។ លោកថា ការប្រមូលស្នាមមេដៃនេះ គ្រាន់តែចង់បញ្ជាក់ឲ្យច្បាស់ប៉ុណ្ណោះ ហើយក៏មិនបានបង្ខិតបង្ខំពលរដ្ឋដែរ៖ «វាមិនដែលគាត់ព្រមផ្ដិតមេដៃលក់ដី ហើយគាត់មិនដឹងនៅកន្លែងណា។ វាមិនមែនដូចការលើកឡើងអ៊ីចឹងទេ។ អ៊ីចឹងអ្នកមានដីហើយ ហើយហ៊ានផ្ដិតមេដៃលក់ឲ្យគេអ៊ីចឹង គឺដល់ថានៅកន្លែងណា»។
មន្ត្រីសម្របសម្រួលសមាគមអាដហុក (ADHOC) លោក នាង សុវ៉ាត មើលឃើញថា ការប្រមូលស្នាមមេដៃពីពលរដ្ឋពេលនេះ ហាក់ជារូបភាពគំរាមកំហែងមួយ ដែលចង់រំឭកថា អ្នកបានផ្ដិតមេដៃលក់ដីឲ្យក្រុមហ៊ុនហើយ មិនអាចតវ៉ាទៀតបានទេ។ បន្ថែមពីនេះ អាជ្ញាធរបានដើរតួនាទីជាតំណាងពលរដ្ឋផង ជាតំណាងឲ្យគណៈកម្មការដោះស្រាយទំនាស់ដីធ្លីផង និងជាតំណាងឲ្យក្រុមហ៊ុនផង ដែលអាចធ្វើឲ្យប៉ះពាល់ដល់ដំណើរការដោះស្រាយទំនាស់៖ «អ៊ីចឹងហើយអ្នកទាំងអស់គ្នានេះដោះអីក៏អត់បានដែរ។ អ្នកដែលអាចដោះបាន គឺជាគណៈកម្មការមួយឯករាជ្យ និងដាច់ដោយឡែក។ ប្រសិនចង់ឲ្យគាត់ធ្វើ គឺធ្វើមួយលានឆ្នាំទៀតក៏អត់ចប់ដែរ។ ធ្វើរបៀបហ្នឹងគេមិនមែនហៅដោះស្រាយទេ គឺគេហៅថាដោះសា»។
ក្រុមហ៊ុនចិន មួយនេះទទួលបានសិទ្ធិវិនិយោគដីកសិកម្មតាមរយៈប្រមូលទិញពីប្រជាពលរដ្ឋក្នុងទម្រង់មួយដែលមិនច្បាស់លាស់ មិនមែនចូលតាមរយៈរាជរដ្ឋាភិបាលផ្តល់ដីសម្បទានសេដ្ឋកិច្ចឲ្យនោះទេ ដែលជារឿងខុសច្បាប់មួយ និងខុសច្បាប់មួយទៀត គឺដីនោះភាគច្រើនជាដីសហគមន៍។
លោក នាង សុវ៉ាត មើលឃើញថា អាជ្ញាធរមិនបានស្វែងរកភាពខុសច្បាប់របស់ក្រុមហ៊ុននូវរាល់ចំណុចទាំងនេះទេ ប៉ុន្តែពួកគេហាក់កំពុងជួយឲ្យក្រុមហ៊ុនចិន ស្របច្បាប់ទៅវិញ៕