ប្រជានេសាទ និងមន្ត្រីអង្គការក្រៅរដ្ឋាភិបាលធ្វើការលើវិស័យអភិរក្សធនធានជលផល យល់ថា វិធានការចុះបញ្ជីជលយានមិនអាចទប់ស្កាត់បទល្មើសនេសាទបានទេ។ រដ្ឋាភិបាលតាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុងព្រាងសារាចរមួយ ដែលតម្រូវឲ្យម្ចាស់ទូកនេសាទទាំងអស់យកទូករបស់ខ្លួនទៅចុះបញ្ជីជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន។
ម្ចាស់ទូកនេសាទ និងម្ចាស់ទូកដឹកជញ្ជូនផលនេសាទនៅខេត្តកំពង់ឆ្នាំង ដែលជាខេត្តមួយជាប់បឹងទន្លេសាបក្នុងចំណោមខេត្ត៥ របស់កម្ពុជា បានគាំទ្រវិធានការចុះបញ្ជីជលយានរបស់រដ្ឋាភិបាល។ ពួកគេយល់ថា វិធានការនេះពុំសូវមានប្រយោជន៍សម្រាប់ការទប់ស្កាត់បទល្មើសនេសាទនោះទេ ប៉ុន្តែវាអាចមានប្រយោជន៍សម្រាប់ការគ្រប់គ្រងតួលេខជលយាន ឬការបង់ពន្ធនាថ្ងៃអនាគត។
ម្ចាស់ទូកនេសាទម្នាក់នៅឃុំផ្លូវទូក ស្រុកកំពង់លែង លោក សាយ ហ៊ួ មានប្រសាសន៍ថា បទល្មើសនៅតែបន្តកើតមាន និងអាចលួចចេញទូកនេសាទបានគ្រប់ពេល បើទោះបីជាទូកនេសាទទាំងអស់ត្រូវបានចុះបញ្ជី ឬអត់នោះ។ ប៉ុន្តែលោកថា បើរដ្ឋាភិបាល ឬសមត្ថកិច្ចពាក់ព័ន្ធពង្រឹងការអនុវត្តច្បាប់ស្ដីពីជលផលឲ្យកាន់តែមានប្រសិទ្ធភាព នោះបទល្មើសនេសាទធំៗនឹងបាត់អស់៖ «ឧបមាថា ចុះបញ្ជីទូកនេសាទមិនអាចឲ្យយើងកាត់បន្ថយបានទេ។ លោក ជិន ជេដ្ឋា៖ ហេតុអីទៅពូ? រឿងគាត់អ្នករកនេសាទគាត់នៅតែរកអ៊ីចឹង ទូកតូចធំអីគាត់នៅតែរក រឿងតិចច្រើនអីអត់ដឹង។ អ៊ីចឹងការចុះបញ្ជីហ្នឹងឲ្យយើងចំណាំគ្រាន់ថា បើមានគ្រោះថ្នាក់ចរាចរណ៍ យើងរកផ្លាកលេខឃើញទៅក៏យើងងាយតាមចាប់ដែរ»។
ចំណែកបុរសម្នាក់ទៀតដែលកំពុងអង្គុយលើទូករបស់ខ្លួននៅកំពង់ផែផ្សារក្រោម ថ្លែងក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះថា បើរដ្ឋាភិបាលធ្វើក្នុងគោលបំណងប្រមូលពន្ធចូលរដ្ឋ និងមានតម្លៃសមរម្យចំពោះទូកគ្រប់ប្រភេទនោះ លោកនឹងគាំទ្រពេញទំហឹង។ លោកត្រូវចំណាយប្រេងមួយកាន ឬលុយកាក់ក្រៅផ្លូវការខ្លះជូនសមត្ថកិច្ច ដើម្បីដឹកជញ្ជូនត្រីរាល់ឆ្នាំជាថ្នូរនឹងការបញ្ចប់លេសរករឿងផ្សេងៗ៖ «បើគេចុះយើងចុះ! លោក ជិន ជេដ្ឋា៖ តើបងយល់ថាអាចកាត់បន្ថយបទល្មើសនេសាទទេ? នៅតែដដែលហ្នឹង ជឿខ្ញុំទៅ! ហេតុតែប្រជាពលរដ្ឋរកច្រើនពេក។ បើទូកឌុក (ទ្រុងដាក់ត្រី) បិទ ក្រែងតែទូកតូចៗមកដែរ ហើយនៅរកដដែល។ បើខែបិទ ខែបើក ពន្ធចូលរដ្ឋអីបានជឿខ្លះ»។
ព្រឹត្តិបត្រព័ត៌មាន ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ចុះផ្សាយនៅថ្ងៃទី៨ ខែមីនា ដោយដកស្រង់សម្ដីរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន ថាអ្នកនេសាទទាំងអស់ត្រូវយកទូករបស់ខ្លួនទៅចុះបញ្ជី។ លោកបន្ថែមថា នេះជាវិធានការដើម្បីទប់ស្កាត់ការនេសាទអនាធិបតេយ្យ និងតាមដានទូកនេសាទទាំងអស់ដែលប្រើឧបករណ៍នេសាទខុសច្បាប់លើបឹងទន្លេសាប។ បើតាមព្រឹត្តិបត្រព័ត៌មានដដែលបង្ហាញថា សេចក្ដីព្រាងសារាចរនេះ នឹងត្រូវបញ្ចប់នៅសប្ដាហ៍ក្រោយនៃខែមីនា ហើយត្រូវលើកយកទៅពិភាក្សានៅកិច្ចប្រជុំអន្តរក្រសួង។
មន្ត្រីសម្របសម្រួលសហគមន៍របស់អង្គការសម្ព័ន្ធភាព ដើម្បីអភិរក្សធនធានជលផល (Fact) ជុំវិញបឹងទន្លេសាប អ្នកស្រី នូ សារឹម យល់ថា វិធានការរបស់រដ្ឋមន្ត្រីនៅពេលនេះ គឺគ្រាន់តែជាវិធានការងាយស្រួលគ្រប់គ្រងតួលេខជលយាន ឬទូករបស់ប្រជានេសាទប៉ុណ្ណោះ ប៉ុន្តែប្រសិទ្ធភាពនៃការទប់ស្កាត់បទល្មើសនេសាទ មិនអាចធ្វើបានប្រសើរជាងការអនុវត្តច្បាប់ម៉ឺងម៉ាត់នោះទេ៖ «ខ្ញុំគិតថាបើយើងនៅតែអនុវត្តច្បាប់ស្ដីពីជលផលធូររលុង បទល្មើសនេសាទនៅតែមានលោក។ នៅចុងឆ្នាំ២០១៦ នេះ យើងឃើញថារដ្ឋាភិបាលក៏ដូចជាអាជ្ញាធរយកចិត្ដទុកដាក់សហការគ្នាជាមួយជំនាញជលផល និងមន្ទីរអីហ្នឹងចុះបង្ក្រាបមានប្រសិទ្ធភាពមែន ហើយយើងក៏គាំទ្រការទប់ស្កាត់ហ្នឹងដែរ ហើយបើមានអ៊ីចឹងរាល់ឆ្នាំ ហើយនឹងអបអរហើយ»។
រដ្ឋាភិបាលមិនទាន់កំណត់ថា តើទូកប្រភេទណា ឬចំណុះប៉ុន្មានតោនឡើង ទើបជាប់កាតព្វកិច្ចចុះបញ្ជីនៅឡើយទេ ខណៈនគរបាលចរាចរផ្លូវទឹកអះអាងថា ទូកស្មាច់ដែលអាចផ្ទុកទម្ងន់បាន ៥០០គីឡូក្រាម និងលើសនេះ បានកើនឡើងរាប់រយគ្រឿងក្នុងមួយឆ្នាំៗ។ អាជ្ញាធរខេត្តកំពង់ឆ្នាំង ក៏ធ្លាប់ប្រកាសឲ្យពលរដ្ឋយកទូកទៅចុះបញ្ជី ឬពាក់ស្លាកលេខដែរ តែមិនទាន់អនុវត្តបាននៅឡើយ៕