ប្រជាពលរដ្ឋនៅឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ស្នើឱ្យអាជ្ញាធរពាក់ព័ន្ធដោះលែងអ្នកភូមិពីរនាក់ដែលពួកគេចាប់ខ្លួនកាលពីថ្ងៃទី៦ ខែមីនា។ ការចាប់ខ្លួនពលរដ្ឋពីរនាក់នោះ គឺពាក់ព័ន្ធទំនាស់ដីធ្លីជាមួយក្រុមហ៊ុនសុភក្តិនីកា ដែលអ្នកភូមិជាច្រើនរយនាក់ លើកគ្នាទៅបោះរោងស្នាក់នៅ និងចាប់ដីរបស់ក្រុមហ៊ុន កាលពីចុងខែមករា។ អាជ្ញាធរខេត្តបញ្ជាក់ថា ការចាប់ខ្លួនពលរដ្ឋពីរនាក់នោះ គឺដើម្បីអប់រំណែនាំពួកគាត់ឱ្យបញ្ឈប់សកម្មភាពចូលកាន់កាប់ដីក្រុមហ៊ុនដោយខុសច្បាប់បន្តទៀត។
ស្ថានភាពជម្លោះដីធ្លីនៅឃុំគរ បានស្ងប់ស្ងាត់ទៅវិញ ក្រោយពេលអាជ្ញាធរខេត្តបានដាក់កម្លាំងបង្ក្រាបទីតាំងដែលអ្នកភូមិបានសាងសង់រោងស្នាក់នៅ និងបោះបង្គោលចាប់ដីក្រុមហ៊ុនសុភក្តិនីកា កាលពីពេលចុងខែមករា។
បន្ថែមពីនេះ ពលរដ្ឋមួយចំនួនបានយល់ដឹងច្រើនថា ដីដែលពួកគាត់ទាមទារគឺជាដីរបស់រដ្ឋដែលបានវិនិយោគឱ្យទៅក្រុមហ៊ុន មិនមែនជារបស់ឯកជននោះទេ។
ពលរដ្ឋនៅឃុំគរ មួយរូប សុំមិនបញ្ចេញឈ្មោះនិយាយថា ការចាប់ខ្លួនអ្នកភូមិពីរនាក់កាលពីថ្ងៃទី៦ ខែមីនា គឺជារូបភាពបំបាក់ស្មារតី និងគំរាមកំហែងអ្នកស្រុកផ្សេងទៀតមិនឱ្យចេញតវ៉ាទៀតឡើយ។ លើសពីនេះ សូម្បីតែមានពលរដ្ឋត្រូវបានអាជ្ញាធរចាប់ខ្លួនក៏ដោយ ប៉ុន្តែគ្មាននរណាហ៊ានចេញមុខនិយាយ ឬប្រតិកម្មនោះទេ ពោលគឺសក់នរណាក្បាលអ្នកហ្នឹង៖ «គ្រាន់តែថាដោះលែងទៅ ដើម្បីកុំឱ្យមានបញ្ហា ហើយកុំថា ឱ្យបង់ថ្លៃមួយពីរពាន់ដុល្លារអីទៀត ព្រោះគាត់មិនបានធ្វើអីខុស»។
ទំនាស់ដីធ្លីនេះ កើតឡើងកាលពីថ្ងៃទី២០ ខែមករា ដោយមានប្រជាពលរដ្ឋរាប់រយគ្រួសារនាំគ្នាទាមទារចំណែកដីខ្លះពីក្រុមហ៊ុនសុភក្តិនីកា ដែលអ្នកស្រុកអះអាងថា ជាកម្មសិទ្ធិឧកញ៉ា ម៉ក់ គឹមហុង ព្រមទាំងបានសង់រោងស្នាក់នៅ និងពុះក្បាលដីទំហំក្បាល ២៥ម៉ែត្រ និងបណ្ដោយ ៥០ម៉ែត្រថែមទៀត លើទំហំដីរបស់ក្រុមហ៊ុនដែលកំពុងមានវិវាទជាង ១ពាន់ហិកតារ។ ការទាមទារកន្លងមក ពីព្រោះអ្នកភូមិសំអាងថា ជាដីរបស់ពួកគាត់ធ្លាប់កាន់កាប់តាំងពីក្រោយឆ្នាំ១៩៧៩ មក ប៉ុន្តែត្រូវបានរដ្ឋដកហូតនៅឆ្នាំ១៩៨៨ ក្រោយមកពួកគាត់ដឹងថា ដីនោះមិនមែនជាដីរបស់រដ្ឋទៀតឡើយម្យ៉ាងដោយសារភាពក្រីក្រផង។
ក្រោយពេលប្រជាពលរដ្ឋនាំគ្នាចូលកាន់កាប់ដីក្រុមហ៊ុន អាជ្ញាធរស្រុក និងខេត្តបញ្ជាក់ភ្លាមថា ជាសកម្មភាពខុសច្បាប់ ព្រោះបានរំលោភទៅលើដីឯកជនរបស់រដ្ឋ និងមានអ្នកញុះញង់នៅពីក្រោយ។ បន្ថែមពីនេះ អាជ្ញាធរបញ្ជាឱ្យពលរដ្ឋរុះរើរោងស្នាក់នៅចេញពីដីក្រុមហ៊ុនដោយខ្លួនឯងទៅតាមថ្ងៃកំណត់ ប៉ុន្តែពលរដ្ឋមិនព្រមធ្វើតាម ទើបនៅថ្ងៃទី៤ ខែមីនា អាជ្ញាធរខេត្តបានដាក់កម្លាំងជាច្រើននាក់ចុះរុះរើ និងដុតរោងស្នាក់នៅទាំងនោះចោលតែម្ដង។
ទាក់ទងបញ្ហានេះ អភិបាលរងខេត្តត្បូងឃ្មុំ ទទួលបន្ទុកដីធ្លី លោក ហាក់ សុខមករា មានប្រសាសន៍កាលពីថ្ងៃទី៧ ខែមីនា ថាស្ថានភាពទំនាស់ដីធ្លីនេះ គឺបានវិលត្រឡប់មកស្ថានភាពដើមវិញហើយ។ លោកបន្តថា វិធានការរបស់អាជ្ញាធរកន្លងមក គឺជាការអនុវត្តដីការក្សាការពារដីរបស់ក្រុមហ៊ុន ដែលទទួលបានសិទ្ធិវិនិយោគពីរដ្ឋដោយស្របច្បាប់កាលពីឆ្នាំ២០០៣ ហើយអាជ្ញាធរក៏បានជូនដំណឹងទៅពលរដ្ឋជាច្រើនលើកច្រើនសាដែរ។ លោកបញ្ជាក់ថា ការចាប់ខ្លួនពលរដ្ឋពីរនាក់កាលពីពេលកន្លងទៅ គឺបន្ទាប់ពីពួកគាត់មិនបានស្ដាប់តាមការណែនាំ និងចេះតែប្រមែប្រមូលពលរដ្ឋផ្សេងទៀត ទាមទារដីពីក្រុមហ៊ុន ទើបអាជ្ញាធរត្រូវចាប់ខ្លួនពួកគេដើម្បីអប់រំណែនាំមិនឱ្យធ្វើបែបនេះទៀត ហើយការចាប់ខ្លួននោះ គឺធ្វើតាមដីការបស់តុលាការ៖ «បន្ទាប់ពីហ្នុងមកគាត់បានយល់ច្រើន គាត់បានទទួលស្គាល់ថា ដីនេះជាដីឯកជនរបស់រដ្ឋដែលបានចុះបញ្ជីហើយ ហើយមិនមានការញុះញង់ឱ្យបងប្អូនចូលមកកាន់កាប់ទៀត»។
យ៉ាងនេះក្ដី អភិបាលរងខេត្តរូបនេះ បញ្ជាក់ថា នីតិវិធីបន្តទៀត គឺជាភារកិច្ចរបស់តុលាការ ប៉ុន្តែប្រសិនពលរដ្ឋពីរនាក់នោះ យល់ពីកំហុសរបស់ខ្លួន ហើយកែប្រែ ម្យ៉ាងទំនាស់ដីធ្លីនេះវិលត្រឡប់ទៅរកស្ថានភាពដើមទាំងស្រុងវិញ ផ្លូវច្បាប់អាចនឹងពិចារណាដោះលែងពួកគេ។
អាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យសាលាដំបូងខេត្តត្បូងឃ្មុំ លោក ឆេង ជាង ដើម្បីសាកសួរបន្ថែមជុំវិញករណីនេះបានទេ នៅថ្ងៃទី៨ ខែមីនា។
អាជ្ញាធរមូលដ្ឋាននៅឃុំគរ ឱ្យដឹងថា មានពលរដ្ឋ ៥នាក់ ត្រូវបានអាជ្ញាធរចាប់ខ្លួន ប៉ុន្តែ ៣នាក់ ចាប់ខ្លួនដោយសារមានជម្លោះដណ្ដើមដីគ្នារវាងបុគ្គល និងបុគ្គល រីឯ ២នាក់ទៀត ពាក់ព័ន្ធរឿងក្រុមហ៊ុន។
មន្ត្រីសម្របសម្រួលសមាគមអាដហុក (ADHOC) ខេត្តត្បូងឃ្មុំ លោក នាង សុវ៉ាត យល់ថា អាជ្ញាធរត្រូវព្យាយាមពន្យល់ប្រាប់ពលរដ្ឋអំពីផ្លូវច្បាប់ អមដោយភស្តុតាងឱ្យបានច្រើន ពីព្រោះពួកគាត់ចូលទៅចាប់ដីក្រុមហ៊ុនដោយសារភាពក្រីក្រ និងមិនយល់ច្បាស់អំពីរឿងនេះ។ លោកថា ការចាប់ខ្លួន ការគំរាមកំហែងក្ដី គឺមិនមែនជាដំណោះស្រាយល្អទេ ពីព្រោះធ្វើឱ្យពលរដ្ឋមិនមានសន្តិភាពផ្លូវចិត្តឡើយ។ ជាក់ស្ដែងក្រុមគ្រួសារអ្នកជាប់ឃុំ ក្រុមគ្រួសារអ្នកដែលរត់ចោលផ្ទះសម្បែង គឺត្រូវរស់នៅដោយគ្មានសេចក្ដីសុខ និងកាន់តែជួបការលំបាកបន្ថែមទៀត៕