សមាជិកគ្រួសារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រហូតមកទល់នឹងថ្ងៃទី៨ ខែមីនា នៅបន្តរក្សាភាពស្ងៀមស្ងាត់ចំពោះការបែកធ្លាយសារឆ្លើយឆ្លងតាមទូរស័ព្ទរបស់ពួកគេពាក់ព័ន្ធនឹងទំនាក់ទំនងជាមួយបុគ្គលមួយចំនួន។ ប្រភពមួយឈ្មោះ "អង្គរបុរី" បានផ្ញើសារឆ្លើយឆ្លងរបស់គ្រួសារលោក ហ៊ុន សែន ទៅកាន់អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ហើយត្រូវបានលោក សម រង្ស៊ី បន្តចែកចាយទៅឲ្យបណ្ដាញសារព័ត៌មាន កាលពីថ្ងៃទី១ ខែមីនា។
ខណៈក្នុងមួយរយៈពេលចុងក្រោយនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញមុខទទួលស្គាល់សារសន្ទនាតាមទូរស័ព្ទដែលលោកអះអាងថា ជារបស់លោក និងលោក កឹម សុខា ហើយថែមទាំងគំរាមបញ្ចេញសារឆ្លើយឆ្លងរបស់មន្ត្រីបក្សប្រឆាំងទៀតនោះ ប៉ុន្តែបែរជាសមាជិកក្រុមគ្រួសាររបស់លោក ហ៊ុន សែន វិញ មិនទាន់មានប្រតិកម្មឡើយចំពោះការបែកធ្លាយសារឆ្លើយឆ្លងរបស់ពួកគេ។
ក្នុងសារសន្ទនាលក្ខណៈឯកជនច្រើនទំព័រដែលភាគច្រើនពាក់ព័ន្ធនឹងក្រុមគ្រួសារត្រកូល "ហ៊ុន" និងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលដែលបែកធ្លាយនោះ គេឃើញមានជាប់ឈ្មោះ និងលេខទូរស័ព្ទ អ្នកស្រី ប៊ុន រ៉ានី ភរិយាលោក ហ៊ុន សែន កូនៗលោក ហ៊ុន សែន រួមមានលោក ហ៊ុន ម៉ាណែត លោក ហ៊ុន ម៉ានិត លោក ហ៊ុន ម៉ានី អ្នកស្រី ហ៊ុន ម៉ាណា អ្នកស្រី ហ៊ុន ម៉ាលី លោក ហូ សុទ្ធី ប្រធានខុទ្ទកាល័យ និងជាមនុស្សជំនិតរបស់លោក ហ៊ុន សែន លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងកូនប្រុសរបស់លោកឧបនាយករដ្ឋមន្ត្រី សុខ អាន ផងដែរ។
អាស៊ីសេរី បានផ្ញើលិខិតទៅកាន់កូនៗលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីរដ្ឋាភិបាលមួយចំនួនដើម្បីសុំការឆ្លើយតបចំពោះបញ្ហានេះ។ អាស៊ីសេរីចង់ដឹងថា តើសារទាំងនោះពិតជារបស់ពួកគេ ឬយ៉ាងណា? ហើយថា តើពួកគេមានចំណាត់ការយ៉ាងណាចំពោះការបញ្ចេញសារដែលជាការសន្ទនាសម្ងាត់ជាលក្ខណៈឯកជនដូច្នេះ? ទោះជាយ៉ាងណា អាស៊ីសេរី មិនទាន់ឃើញមានការឆ្លើយតបពីគ្រួសារលោក ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់ទាំងនោះនៅឡើយទេ បន្ទាប់ពីបានដាក់លិខិតចំនួនបីថ្ងៃមកហើយ។
អាស៊ីសេរី ទាក់ទងតាមទូរស័ព្ទនៅថ្ងៃទី៨ ខែមីនា ទៅជំនួយការរបស់លោក ហ៊ុន ម៉ាណែត ដែលមិនប្រាប់ឈ្មោះ ថ្លែងថា លោកមិនមានសមត្ថកិច្ចក្នុងការឆ្លើយជាមួយអ្នកសារព័ត៌មានឡើយ។ លោកក៏មិនទាន់ដឹងថា តើលោក ហ៊ុន ម៉ាណែត បានទទួលលិខិតរបស់អាស៊ីសេរី ឬយ៉ាងណានោះទេ។
ក្នុងសារឆ្លើយឆ្លងគ្នាដែលបែកធ្លាយបានបង្ហាញពីការពាក់ព័ន្ធនឹងទំនាក់ទំនងកិច្ចការជំនួញរបស់ក្រុមគ្រួសារត្រកូល "ហ៊ុន" យុទ្ធសាស្ត្របំភ័យគណបក្សប្រឆាំង រឿងក្តីរបស់លោក ហ៊ុន ម៉ាណែត នៅតុលាការសហរដ្ឋអាមេរិក និងការជ្រៀតជ្រែកក្នុងកិច្ចការតុលាការ។
ក្នុងចំណោមសារឆ្លើយឆ្លងទាំងនោះដែរ គេឃើញមានសារឆ្លើយឆ្លងរបស់ជនជាតិប៉ាគីស្ថាន (Pakistan) ឈ្មោះ ចូសេហ្វ ម៉ាត់ស៊ូ (Joseph Matthews) ដែលគេដឹងថា ជានាយកមជ្ឈមណ្ឌលសិក្សាអាស៊ាន ហើយដែលតែងនិយាយសរសើរពីការដឹកនាំរបស់លោក ហ៊ុន សែន ឬនិយាយការពារលោក ហ៊ុន សែន ពីការរិះគន់របស់សហគមន៍អន្តរជាតិនោះ។ លោកបានសរសេរស្នើឲ្យលោក ហ៊ុន ម៉ាណែត ជួយលោកក្នុងការទទួលបានសញ្ជាតិកម្ពុជា។
ជនជាតិប៉ាគីស្ថាន ដែលមានភរិយាជាជនជាតិខ្មែររូបនេះ ក៏បានអរគុណលោក ហ៊ុន ម៉ាណែត ដែលបានជួយធ្វើឲ្យបំណងរបស់លោកបានសម្រេច។ លោក ចូសេហ្វ ម៉ាត់ស៊ូ បានសរសើរលោក ហ៊ុន ម៉ាណែត ហើយបានសន្យាថា នឹងជួយកិច្ចការរបស់លោក ហ៊ុន ម៉ាណែត និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងនោះក៏មានការរៀបចំយុទ្ធសាស្ត្រដើម្បីទទួលបានជ័យជំនះសម្រាប់ការបោះឆ្នោតក្នុងឆ្នាំ២០១៧ និងឆ្នាំ២០១៨ ផងដែរ។
ករណីជនបរទេសពឹងពាក់លោក ហ៊ុន ម៉ាណែត ដើម្បីបានសញ្ជាតិខ្មែរនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ថ្លែងថា វាមិនមានអ្វីជារឿងខុសច្បាប់នោះទេ។ លោកថា លុះណាតែលោក ហ៊ុន ម៉ាណែត បានធ្វើកិច្ចសន្យា ឬធ្វើការធានា ឬទទួលយកលុយកាក់ពីគេ ទើបវាអាចខុសច្បាប់។ ប៉ុន្តែបើទាក់ទងដើម្បីសួរព័ត៌មាន ឬដឹងពីខ្សែរយៈដើម្បីទទួលបានសញ្ជាតិខ្មែរនោះ លោក ហ៊ុន ម៉ាណែត មិនមានកំហុស ឬមានទំនាស់ផលប្រយោជន៍អ្វីឡើយ៖ «»។
ទោះជាយ៉ាងណា អ្នកសិក្សាការអភិវឌ្ឃសង្គម និងជាអ្នកវិភាគបណ្ឌិត មាស នី យល់ថា បញ្ហានេះអាចបង្កអោយមានទំនាស់ផលប្រយោជន៍។
ចំណែកមន្ត្រីរដ្ឋាភិបាល និងជាអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ថ្លែងថា លោកមិនដឹងថា ការលេចធ្លាយឯកសារនេះពិត ឬមិនពិតយ៉ាងណាទេ ហើយក៏មិនដឹងថា អ្នកណាជាអ្នកបញ្ចេញសារទាំងអស់នោះដែរ។ ទោះជាយ៉ាងណា នៅពេលសួរថា តើរដ្ឋាភិបាល ឬគ្រួសារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងប្ដឹងទៅកាន់សមត្ថកិច្ច ឬតុលាការដើម្បីស្វែងរកមុខអ្នកទម្លាយ ឬយ៉ាងណា? លោក ផៃ ស៊ីផាន ឆ្លើយតបថា លោកមិនមែនជាមេធាវីរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយក៏មិនមែនជាមេធាវីគ្រួសារលោក ហ៊ុន សែន នោះដែរ។ លោកថា បញ្ហានេះវាស្រេចតែទៅលើម្ចាស់សាមីដែលសាររបស់ខ្លួនត្រូវបានគេទម្លាយនោះ។
សារព័ត៌មានក្នុងស្រុក ជាពិសេសសារព័ត៌មាន ហ្វ្រេស ញូវ (Fresh News) ដែលស្និទ្ធជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្សព្វផ្សាយសារសន្ទនាគ្នាជាលក្ខណៈឯកជនជាច្រើនខែកន្លងមកនេះ ដែលភាគច្រើននៃសារទាំងនោះ គឺបានមកពីប្រភពដែលគេដាក់ឈ្មោះថា "រឿងពិត CNRP” និងម្ចាស់គណនីហ្វេសប៊ុក (Facebook) ឈ្មោះ “សីហា”។ ខ្សែអាត់សំឡេងដែលបញ្ចេញតាមសារព័ត៌មាន ហ្វ្រេស ញូវ គឺសុទ្ធតែពាក់ព័ន្ធនឹងការវាយប្រហារទៅលើគណបក្សប្រឆាំងរឿងស្រីញី និងចុងក្រោយរឿងកិច្ចការផ្ទៃក្នុងគណបក្សសង្គ្រោះជាតិ។ ប៉ុន្តែសារបែកធ្លាយរបស់ត្រកូល "ហ៊ុន" មិនត្រូវបានសារព័ត៌មាននេះយកមកផ្សព្វផ្សាយទេ។
អ្នកសិក្សាការអភិវឌ្ឍសង្គម និងជាអ្នកវិភាគបណ្ឌិត មាស នី យល់ឃើញថា នៅពេលដែលរដ្ឋាភិបាលមិនយកចិត្តទុកដាក់ទប់ស្កាត់កុំឲ្យមានបញ្ហាបញ្ចេញសារសន្ទនាឯកជន វានឹងអាចក្លាយជាប្រពៃណីនៅក្នុងសង្គម។ លោកថា នេះមិនមែនជាប្រពៃណីល្អឡើយ ហើយនៅទីបំផុតវានឹងប៉ះទៅលើរដ្ឋាភិបាលខ្លួនឯង៖ «»។
អ្នកច្បាប់ចាត់ទុកថា ការផ្សព្វផ្សាយការសន្ទនាឯកជនបែបនេះ គឺជាការរំលោភបំពានយ៉ាងធ្ងន់លើសិទ្ធិនៃជីវភាពឯកជន ដែលត្រូវបានការពារដោយច្បាប់។ អ្នកវិភាគយល់ថា ដោយសារអាជ្ញាធរមិនបានស៊ើបអង្កេតករណីទាំងនេះ ទើបការរំលោភការសម្ងាត់ឯកជននេះនៅតែកើតមាន៕