Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

សហជីព​ថា​ស្ត្រី​នៅ​តែ​ប្រឈម​នឹង​ការ​រើសអើង​នៅ​កន្លែង​ការងារ

$
0
0

អង្គការ​ស្ថាប័ន​ផ្សេងៗ ឯកជន និង​ស្ថាប័ន​រដ្ឋ​ជាច្រើន នាំ​គ្នា​ប្រារព្ធ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​ខួប​លើក​ទី​១០៦ ជា​បន្តបន្ទាប់​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មក​នេះ។ ដោយឡែក​កម្មករ​កម្មការិនី និង​សហជីព នៅ​ថ្ងៃ​ទី​៨ មីនា ក៏​ប្រារព្ធ​ទិវា​នេះ​តាម​ប្រធានបទ​របស់​ខ្លួន​ថា "បញ្ឈប់​អំពើ​ហិង្សា​លើ​ស្ត្រី​នៅ​ក្នុង​វិស័យ​ការងារ" ដែល​នៅ​តែ​ប្រឈម។

ប្រធាន​គណៈកម្មាធិការ​យេនឌ័រ នៃ​សហភាព​ការងារ​កម្ពុជា អ្នកស្រី ហេង ចិន្ដា មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៨ មីនា ថា ការ​រំលោភ​បំពាន​ខាង​ផ្លូវ​ភេទ និង​ការ​ប្រើ​ហិង្សា​លើ​ស្ត្រី នៅ​តែ​មាន​ច្រើន​ករណី​ចំពោះ​កម្មការិនី​បម្រើ​ការងារ​នៅ​តាម​រោងចក្រ​កាត់​ដេរ​សម្លៀកបំពាក់ និង​ស្បែក​ជើង។

អ្នកស្រី​ថ្លែង​ទៀត​ថា ស្ត្រី​ខ្លះ​ក៏​រង​ការ​រើសអើង​ក្នុង​តួនាទី​សហជីព​ការពារ​ប្រយោជន៍​ឲ្យ​កម្មករ៖ «នៅ​ពេល​ដែល​ក្លាយ​ជា​ថ្នាក់​ដឹកនាំ ខាង​និយោជក​គាត់​តែងតែ​លួងលោម​ទិញ​ទឹក​ចិត្ត​គាត់​ថា ឲ្យ​ឈប់​ធ្វើ​ប្រធាន​សហជីព​ទៅ គាត់​នឹង​ដំឡើង​លុយ គាត់​នឹង​ឲ្យ​តួនាទី ហើយ​បើ​សិន​ជា​ពួក​គាត់​អត់​ព្រម គំរាម​កំហែង​ដូចជា​ការ​រក​វាយ​ដំ។ ជួនកាល​អ្នក​ខ្លះ​ប្រើ​ពាក្យ​ដូចជា​ថា ប្រយ័ត្ន​គាត់​ជួល​គេ​ឲ្យ​រំលោភ​អី ជាដើម។ អា​ហ្នឹង​យើង​តែងតែ​ជួប​ប្រទះ​កន្លង​មក។ អ៊ីចឹង​នៅ​ពេល​ដែល​ពួក​គាត់​ក្លាយ​ជា​ថ្នាក់​ដឹកនាំ​សហជីព អ្នក​ខ្លះ​គាត់​ភ័យ​ប្រឈម​នឹង​បញ្ហា​ទាំងអស់​ហ្នឹង»

ទន្ទឹម​គ្នា​នេះ ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ ថ្លែង​ថា ស្ត្រី​ជា​កម្មការិនី​នៅ​តាម​រោងចក្រ នៅ​តែ​រង​ការ​រំលោភ​បំពាន និង​បិទ​សិទ្ធិ​សេរីភាព​ក្នុង​វិស័យ​ការងារ​ពី​ខាង​ថៅកែ ដូចជា​ការ​គំរាម​កំហែង​បញ្ចប់​កិច្ចសន្យា ការ​ប្រើ​ហិង្សា​ពេល​ពួក​គាត់​ទាមទារ​លក្ខខណ្ឌ​ការងារ​ឲ្យ​ប្រសើរ។ ក្រៅ​ពី​នេះ ក៏​មាន​ការ​បៀតបៀន​ខាង​ផ្លូវ​ភេទ​ដែរ។

លោក អាត់ ធន់ ថ្លែង​ថា៖ «ដូចជា​និយោជក អ្នក​គ្រប់គ្រង ប្រធាន​ក្រុម ប្រធាន​ផ្នែក​ដែល​មាន​អំណាច​ហ្នឹង ជួនកាល​គាត់​ចង់​បាន​ស្ត្រី​ធ្វើ​ជា​ដៃគូ គាត់​ច្រើន​តែ​ប្រើ​វិធី​ឲ្យ​មុខ​តំណែង ហើយ​បើ​អ្នក​ឯង​មិន​យក​អា​ហ្នឹង គឺ​គាត់​នឹង​មិន​ផ្ដល់​ឱកាស​ហ្នឹង​ដាក់​គំនាប​នៅ​ក្នុង​ទណ្ឌកម្ម។ ពេល​ខ្លះ អញ្ជើញ​គាត់​មក​ធ្វើ​ការ​ថែម​ម៉ោង ឬ​ថ្ងៃ​ផ្សេង​អត់​ធ្វើ​ការ ដើម្បី​ធ្វើ​បាប​អី​អ៊ីចឹង គឺ​មាន​នៅ​ក្នុង​របាយការណ៍។ អ៊ីចឹង​អា​នេះ​វា​ជា​រឿង​មួយ​ដែល​គួរ​ឲ្យ​ខ្មាសអៀន​ណាស់ ដែល​កើត​មាន ហើយ​មួយ​ទៀត​ផ្នែក​អារម្មណ៍ ខ្ញុំ​គិត​ថា​ការគំរាម​កំហែង​អំពី​សេរីភាព ដូចជា​ថា​មិន​ឲ្យ​គាត់​ធ្វើ​អី ឬ​ក៏​មិន​ឲ្យ​គាត់​ចូលរួម ឬ​បំភិត​បំភ័យ​គាត់​ថា នឹង​បាត់បង់​សិទ្ធិ​ការងារ​អី​ហ្នឹង គឺ​ជា​ការ​គំរាម​កំហែង​ក្នុង​វិស័យ​ការងារ»

ទាក់ទង​បញ្ហា​គំរាម​កំហែង​នេះ កម្មការិនី​រោងចក្រ អឹមវ៉េ​៣ កញ្ញា សឿន ចំរើន បន្ទរ​ថា ស្ត្រី​កម្មការិនី​ប្រឈម​នឹង​ការ​រើសអើង​ច្រើន ហើយ​ស្ត្រី​ទាំងនេះ​មិន​សូវ​ហ៊ាន​តវ៉ា​ខ្លាំង​ទេ ព្រោះ​ខ្លាច​បាត់បង់​ការងារ។ ប៉ុន្តែ​កញ្ញា​ថ្លែង​ថា ការ​រំឭក​ទិវា​សិទ្ធិ​នារី ៨ មីនា ជា​ការ​ផ្ដល់​កិត្តិយស​ដល់​ស្ត្រី និង​ជំរុញ​ទឹក​ចិត្ត​ស្ត្រី​ឲ្យ​ហ៊ាន​ងើប​តវ៉ា៖ «ប្រារព្ធ​ទិវា​ស្ត្រី ៨ មីនា នេះ ធ្វើ​ឲ្យ​ស្ត្រី​ខ្លួន​ខ្ញុំ​ផ្ទាល់​មាន​អារម្មណ៍​រំភើប ហើយ​មាន​អារម្មណ៍​ថា ខ្ញុំ​ក្លាហាន​ជាង​មុន ហើយ​ស្ត្រី​ខ្លួន​ឯង​ត្រូវ​តែ​ពង្រឹង​សមត្ថភាព​ខ្លួន​ឯង ហើយ​ស្ត្រី​ជុំវិញ​គ្នា​យើង ត្រូវ​តែ​ឲ្យ​តម្លៃ និង​គាំទ្រ​ស្ត្រី​គ្នា​ឯង ដើម្បី​ឲ្យ​ស្ត្រី​ហ្នឹង​ឈាន​ដល់​ថ្នាក់​ដឹក​នាំ​ស្ត្រី​នៅ​កន្លែង​ការងារ​តាម​មូលដ្ឋាន»

ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ ដែល​រៀបចំ​ការ​ប្រារព្ធ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ ៨ មីនា ថ្លែង​ថា ពិធី​នេះ​ជា​ការ​បញ្ជូន​សារ​ដល់​រដ្ឋាភិបាល​អំពី​បញ្ហា​រំលោភ​សិទ្ធិ​ការងារ ការ​ប្រើ​ហិង្សា​លើ​ស្ត្រី​ពេល​ពួក​គាត់​តវ៉ា​ទាមទារ​ប្រាក់​ឈ្នួល​សមរម្យ និង​លក្ខខណ្ឌ​ការងារ​ផ្សេងៗ។ លោក​បញ្ជាក់​ថា កម្មករ​កំពុង​ប្រឈម​បញ្ហា​បាត់​សិទ្ធិ និង​អត្ថប្រយោជន៍ ព្រោះ​តែ​ថៅកែ​រោងចក្រ​ម៉ៅការ​បន្ត មិន​គោរព​សិទ្ធិ​ការងារ ដោយ​ប្រើ​កិច្ចសន្យា​ខ្លី បញ្ឈប់​ស្ត្រី​ឆ្លង​ទន្លេ​ពី​ការងារ មិន​ឲ្យ​មាន​សហជីព និង​មិន​បង់​របប​សន្តិសុខ​សង្គម ជាដើម។ ថៅកែ​ខ្លះ​ដូរ​រោងចក្រ ឬ​រត់​ចោល​រោងចក្រ​ដោយ​មិន​បើក​ប្រាក់​ឈ្នួល​ឲ្យ​កម្មករ​រាប់​ពាន់​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles