Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

អភិបាល​ខេត្ត​ព្រះសីហនុ​ថា​បញ្ហា​ចៅសង្កាត់​ចាស់​ថ្មី​ដណ្ដើម​បន្ទប់​គ្នា​ធ្វើ​ការ​ត្រូវ​បាន​ដោះស្រាយ

$
0
0

អភិបាល​ខេត្ត​ព្រះសីហនុ បាន​អះអាង​ថា បញ្ហា​ដែល​កើត​ឡើង​រវាង​ចៅសង្កាត់​លេខ១ ថ្មី​មក​ពី​គណបក្ស​ប្រឆាំង ជាមួយ​អតីត​ចៅសង្កាត់ និង​ស្មៀនសាលា​សង្កាត់​នេះ​ពាក់ព័ន្ធ​នឹង​ការ​ដណ្ដើម​បន្ទប់​គ្នា​ធ្វើការ បាន​ដោះស្រាយ​សម្របសម្រួល​រួច​ហើយ​ដោយ​មន្ត្រី​ម្នាក់ៗ បាន​បង្ហាញ​ឆន្ទៈ​ចង់​រួម​សហការ​គ្នា​ធ្វើ​ការងារ​បម្រើ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ឲ្យ​បាន​ប្រសើរ ដើម្បី​ឈាន​ដល់​រួមចំណែក​អភិវឌ្ឍ​សង្គមជាតិ​ឲ្យ​រីកចម្រើន​ថែម​ទៀត។ អ្នកឃ្លាំមើល​សង្គម​គាំទ្រ​ការ​បញ្ចប់​ការ​ពាក់​មុខ​យក្ស​ដាក់​គ្នា​នៅ​ពេល​នេះ។

​អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន មាន​ប្រសាសន៍​ថា បញ្ហា​ទាស់ទែង​ដណ្ដើម​បន្ទប់​ធ្វើ​ការ​ងារ​របស់​អតីត​ចៅ​សង្កាត់ និង​ចៅសង្កាត់​លេខ១ ទើប​ជាប់​ឆ្នោត​ថ្មី បាន​ដោះស្រាយ​រួច​ហើយ។ ជាង​នេះ​ទៀត ចំពោះ​បញ្ហា​ខ្វែង​គំនិត ឬ​មិន​ទាន់​យល់​ចិត្ត​គ្នា​រវាង​ចៅ​សង្កាត់​លេខ១ ថ្មី លោក អ៊ុក ចេត្តនី ជាមួយ​អ្នកស្រី សុខ ស៊ីថា ស្មៀន​សង្កាត់​លេខ​១ ក៏​បាន​ដោះស្រាយ​រួច​ហើយ​ដែរ។

ថ្លែង​ប្រាប់​អាស៊ីសេរី នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​១៤ ខែ​កក្កដា អ្នកស្រី សុខ ស៊ីថា ស្មៀន​សាលា​សង្កាត់​លេខ១ បាន​លើក​ដៃ​សំពះ​ស្នើសុំ​ការ​អភ័យទោស​ដល់​ប្រជាពលរដ្ឋ​ទូទៅ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​ចំពោះ​កំហុស​ឆ្គង​របស់​អ្នកស្រី ដែល​ជ្រុលជ្រួស​ប្រើ​ពាក្យ​សម្ដី​មិន​សមរម្យ​ទៅ​លើ​ចៅសង្កាត់​លេខ១ ថ្មី លោក អ៊ុក ចេត្តនី។ ស្មៀន​សង្កាត់​លេខ១ រូប​នេះ មិន​ចង់​បកស្រាយ​វែង​ឆ្ងាយ​ទៅ​លើ​ខ្លឹមសារ​ផ្សេងៗ មុន​ឈាន​ដល់​អ្នកស្រី​ផ្ទុះ​កំហឹង ហើយ​បាន​ប្រើ​កាយវិការ និង​ពាក្យ​សម្ដី​ដែល​ត្រូវ​គេ​ថត​វីដេអូ​បង្ហោះ​តាម​បណ្ដាញ​សង្គម លើ​វិវាទ​ជាមួយ​ចៅសង្កាត់​ថ្មី​នេះ​ទៀត​ទេ ដោយ​គ្រាន់​តែ​បញ្ជាក់​ខ្លី​ថា មាន​ភ្លើង​ទើប​មាន​ផ្សែង។

យ៉ាង​នេះ​ក្តី អ្នកស្រី សុខ ស៊ីថា បញ្ជាក់​ថា អ្នកស្រី​បាន​បំភ្លេច​ចោល​ភាព​មិន​ចុះសម្រុង​គ្នា​រវាង​រូប​អ្នកស្រី​ជាមួយ​លោក​ចៅសង្កាត់​លេខ១ ថ្មី លោក អ៊ុក ចេត្តនី ហើយ​ងាក​មក​រួម​សហការ​គ្នា ធ្វើ​ការងារ​តាម​តួនាទី​បម្រើ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ឲ្យ​រីកចម្រើន​ជំនួស​វិញ៖ «ដំបូង​ឡើយ​គឺ​សកម្មភាព​ដែល​កើត​មាន​ឡើង​នៅ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ដែល​គេ​បង្ហោះ​ប៉ុន្មាន​ថ្ងៃ​មក​ហ្នឹង គឺ​ជា​សកម្មភាព​នៃ​ការ​ជួប​ជជែក​គ្នា​រវាង​ខ្ញុំ​ជាមួយ​លោក​ចៅសង្កាត់​ថ្មី​ចុង​ក្រោយ​គេ​បំផុត មិន​មែន​ជា​សកម្មភាព​ទើប​កើត​ឡើង​ដំបូង​នោះ​ទេ។ សកម្មភាព​ចុង​ក្រោយ​នៅ​ក្នុង​កំហឹង​របស់​នាង​ខ្ញុំ​ហ្នឹង​គឺ​នៅ​ចំណុច​ចុង​ក្រោយ​នៃ​ការ​ជួប​ជជែក​គ្នា ហើយ​ត្រូវ​បាន​បាន​បងប្អូន​ទាំង​អស់​គ្នា​លើក​យក​ត្រង់​ចំណុច​ចុង​ក្រោយ​តែ​បន្តិច​ដែល​ចង្អុល​មុខ​ចៅសង្កាត់​ហ្នឹង យក​មក​បកស្រាយ​ចោទ និង​តិះដៀល​មក​លើ​នាង​ខ្ញុំ ប៉ុន្តែ​បងប្អូន​មិន​បាន​ដឹង​រឿង​កន្លង មុន​នឹង​នាង​ខ្ញុំ​ផ្ទុះ​កំហឹង​កើត​ឡើង​ហ្នឹង​នោះ​ទេ»

ចំណែក​ចៅសង្កាត់​លេខ​១ ទើប​ជាប់​ឆ្នោត​ថ្មី លោក អ៊ុក ចេត្តនី ផ្ដល់​សម្ភាសន៍​ថា រូបលោក​ក៏​បាន​លះបង់​ចោល​ការ​ទាមទារ​បន្ទប់​ការិយាល័យ​ធ្វើ​ការងារ​ដែល​អតីត​ចៅសង្កាត់​ចាស់​ធ្លាប់​អង្គុយ​ធ្វើ​ការងារ ៣​អាណត្តិ​មក​ហើយ​នោះ​ចោល​ដែរ ដោយ​ទុក​បន្ទប់​ចាស់​នោះ​ជូន​អតីត​ចៅសង្កាត់ លោក ឈិត សុផាត ដែល​បច្ចុប្បន្ន​ជា​ជំទប់​ទី​២ ជូន​លោក​នៅ​កន្លែង​ដដែល ហើយ​លោក​សុខ​ចិត្ត​ជ្រើស​យក​បន្ទប់​ធ្វើ​ការងារ​ថ្មី​ជំនួស​វិញ។

ចៅសង្កាត់​លេខ១ ថ្មី​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ  អំពាវនាវ​ដល់​សមាជិក​ក្រុមប្រឹក្សា​សង្កាត់​ទាំង​ជំទប់​ទី​១ ទី​២ និង​ស្មៀន​សង្កាត់​ទាំង​អស់ ឲ្យ​ងាក​មក​រួម​សហការ​ធ្វើ​ការងារ​បម្រើ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ឲ្យ​បាន​ឆាប់រហ័ស​វិញ៖ «ខ្ញុំ​ក៏​អរគុណ​ដល់​សមាជិក សមាជិកា និង​បងប្អូន​ប្រជាពលរដ្ឋ​ទាំង​អស់​ក្នុង​មូលដ្ឋាន​សង្កាត់​លេខ១ ស្នើ​ឲ្យ​ចូលរួម​សហការ​គ្នា​ដើម្បី​ជំរុញ​ឲ្យ​មូលដ្ឋាន​យើង​រីកចម្រើន​ទាំង​អស់​គ្នា»

​មន្ត្រី​ឃ្លាំមើល​ការ​អភិវឌ្ឍ​សង្គម បាន​ស្វាគមន៍​ការ​សម្របសម្រួល​គ្នា​របស់​សមាជិក​ក្រុមប្រឹក្សា​សង្កាត់​លេខ១ នៅ​ពេល​នេះ។

​អ្នកស្រី ជៀប សុធារី អ្នក​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ប្រចាំ​ខេត្ត​ព្រះសីហនុ ចាត់​ទុក​ករណី​ឈ្លោះ​ទាស់ទែង​ដណ្ដើម​បន្ទប់​ការិយាល័យ​ធ្វើ​ការងារ​របស់​អតីត​ចៅសង្កាត់ និង​ចៅ​សង្កាត់​លេខ១ ទើប​ជាប់​ឆ្នោត​ថ្មី ថា​ជា​រឿង​តូចតាច និង​ត្រូវតែ​បញ្ចប់​ឲ្យ​បាន​ឆាប់។

​វិវាទ​នេះ​បាន​កើត​មាន​ក្រោយ​ការ​ប្រកាស​សុពលភាព​ចៅសង្កាត់​លេខ១ ទើប​ជាប់ឆ្នោត​អាណត្តិ​ទី​៣ ចូល​កាន់​តំណែង កាល​ពី​ថ្ងៃ​ទី​៣ ខែ​កក្កដា ដោយ​អតីត​ចៅសង្កាត់​លេខ​១ លោក ឈិត សុផាត ដែល​ចាញ់​ឆ្នោត បាន​ក្រាញននៀល​មិន​ព្រម​ប្រគល់​បន្ទប់​ការិយាល័យ​ធ្វើការ​របស់​ខ្លួន​ធ្លាប់​អង្គុយ​រយៈពេល ៣​អាណត្តិ​មក​ហើយ​នោះ ទៅ​ឲ្យ​ចៅសង្កាត់​ទើប​ជាប់​ឆ្នោត លោក អ៊ុក ចេត្តនី នោះ​ទេ។ ការ​មិន​ប្រគល់​បន្ទប់​នេះ លោក ឈិត សុផាត សំអាង​ថា អគារ​សាលាសង្កាត់​នេះ ត្រូវ​បាន​គណបក្ស​ប្រជាជន​កម្ពុជា និង​សប្បុរសជន​ជា​អ្នក​ចេញ​ថវិកា​សាងសង់។ ក្នុង​នោះ​បន្ទប់​ធ្វើ​ការ​របស់​លោក លោក​ក៏​បាន​ចេញ​លុយ​ផ្ទាល់​ខ្លួន​ទិញ​សម្ភារៈ​តុបតែង​ភ្លើង និង​មាន​តុ​ទូ​ដាក់​ឯកសារ​ផ្ទាល់​ខ្លួន​ច្រើន​នៅ​ក្នុង​បន្ទប់​ធ្វើ​ការ​នេះ ដែល​មាន​ផលវិបាក​ក្នុង​ការ​រុះ​រើចេញ។

​ក្រោយ​មក​ទៀត នៅ​ល្ងាច​ថ្ងៃ​ទី​១១ ខែ​កក្កដា ក៏​មាន​ការ​បង្ហោះ​ឃ្លិប​វីដេអូ​ខ្លី​មួយ ដែល​បង្ហាញ​អំពី​សកម្មភាព​របស់​ស្មៀន​សាលា​សង្កាត់​លេខ១ ឈ្មោះ  សុខ ស៊ីថា បាន​ប្រើ​ពាក្យ​សម្ដី និង​កាយវិការ​មិន​សមរម្យ​ទៅ​លើ​លោក អ៊ុក ចេត្តនី ចៅសង្កាត់​លេខ១ ទើប​ជាប់​ឆ្នោត​ថ្មី ដែល​បាន​ទាមទារ​ពិនិត្យ​ត្រា នៅ​ចុង​ម៉ោង​ធ្វើ​ការងារ ដែល​ត្រូវ​អ្នកស្រី សុខ ស៊ីថា ចោទ​ចៅ​សង្កាត់​ថ្មី​រូប​នេះ​ថា មិន​គោរព​តួនាទី ឬ​ជ្រៀតជ្រែក​ពេល​ម៉ោង​ធ្វើ​ការងារ​របស់​ខ្លួន ព្រោះ​ម៉ោង​នោះ​អ្នកស្រី​បាន​បិទទ្វារ​បន្ទប់​ការិយាល័យ និង​ត្រៀម​ចេញពី​បរិវេណ​សាលាសង្កាត់​ទៅ​ហើយ​នោះ។

យ៉ាង​ណា​ក៏ដោយ​ចុះ វិវាទ​ដែល​កើត​មាន​នៅ​ក្នុង​សាលាសង្កាត់​លេខ១ នេះ ត្រូវ​លោក យន្ត មីន អភិបាល​ខេត្ត​ព្រះសីហនុ និង​ភាគី​ជម្លោះ​ពាក់ព័ន្ធ មាន​អតីត​ចៅសង្កាត់ ចៅសង្កាត់​ទើប​ជាប់​ឆ្នោត​ថ្មី និង​ស្មៀនសាលា​សង្កាត់​លេខ១ អះអាង​ថា បាន​ព្រមព្រៀង​ស្រុះស្រួល​គ្នា​បញ្ចប់​វិវាទ​រួច​ហើយ ហើយ​ងាក​មក​រួម​សហការ​គ្នា​ធ្វើ​ការងារ​តាម​តួនាទី ដើម្បី​បម្រើ​សេចក្ដី​ត្រូវ​ការ​ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ចាប់​ពី​ថ្ងៃ​សុក្រ ទី​១៤ ខែ​កក្កដា ឆ្នាំ​២០១៧ ត​ទៅ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles