Clik here to view.

មជ្ឈមណ្ឌលតម្បាញក្រមា និងរបស់ប្រើប្រាស់ផ្សេងទៀតរបស់ជប៉ុន ដែលផ្ដួចផ្ដើមបង្កើតដោយស្ត្រីពិការជនជាតិខ្មែរម្នាក់ នៅខេត្តកំពង់ឆ្នាំង ទើបចាប់ផ្ដើមដំណើរការ និងត្រៀមបណ្ដុះបណ្ដាលជនពិការដោយសារគ្រាប់មីនចន្លោះពី ១០ ទៅ ១៥នាក់ ក្នុង១ឆ្នាំ។ បច្ចុប្បន្នមជ្ឈមណ្ឌលនេះ កំពុងខ្វះខាតម៉ាស៊ីន ឬកីតម្បាញ ព្រមទាំងថវិកាមួយចំនួនដើម្បីដំណើរការសិប្បកម្មតម្បាញឲ្យកាន់តែប្រសើរ។
ជាគ្រូបង្រៀនឯកទេសភាសាអង់គ្លេសនៅវិទ្យាល័យមួយ ក្នុងក្រុងកំពង់ឆ្នាំង អ្នកស្រី អ៊ុំ អមរារ័ត្ន ក៏ជាស្ថាបនិករបស់មជ្ឈមណ្ឌលសាអូរីកម្ពុជា (ម.ស.ក) ដែលយកផ្ទះរបស់ខ្លួននៅភូមិកណ្ដាល ក្រុងកំពង់ឆ្នាំង ធ្វើជាទីស្នាក់ការបណ្ដោះអាសន្ន។ បច្ចុប្បន្នមានស្ត្រីវ័យចំណាស់ បីនាក់ និងក្មេងម្នាក់ដែលមានកាយសម្បទាល្អ កំពុងហាត់ត្បាញយ៉ាងយកចិត្តទុកដាក់ដោយមានការបង្ហាត់បង្រៀនបន្ថែមពីអ្នកស្រីផ្ទាល់។
អ្នកស្រី អ៊ុំ អមរារ័ត្ន មានប្រសាសន៍ថា អ្នកស្រឡាញ់ និងអត់ធ្មត់ចំពោះការងារតម្បាញដំបូងនេះ អាចនឹងក្លាយជាគ្រូបង្គោលបង្ហាត់អ្នកជំនាន់ក្រោយៗ ដោយទទួលបានប្រាក់ខែសមរម្យ នៅពេលដែលមជ្ឈមណ្ឌលមានអគារ ឬថវិកាដំណើរការរដ្ឋបាលត្រឹមត្រូវ។ អ្នកស្រីចង់ជួយជនពិការដោយគ្រាប់មីនតាំងពីអ្នកស្រីបញ្ចប់ការសិក្សាផ្នែកតម្បាញរយៈពេលខ្លីនៅប្រទេសជប៉ុន កាលឆ្នាំ២០០៩៖ «យើងគិតថា ការតម្បាញនេះឯង ត្រូវតែមានការចូលរួមពីអ្នកដែលមានសមត្ថភាពសិន មិនទាន់អាចទាន់ទៅដល់ជនពិការដោយសារមីនទេ។ អ៊ីចឹងគាត់ទាំងអស់គ្នាអាចជាគ្រូបង្គោល អនាគតទៅអាចរកប្រាក់កម្រៃដោយខ្លួនឯង ហើយចំណេះរបស់គាត់នឹងបន្តទៅដល់ជនពិការដោយសារមីនជាច្រើននាក់ទៀត។ មានន័យថា គោលដៅរបស់យើងចង់បានស្ត្រីពិការដោយសារមីន ប៉ុន្តែការផ្សព្វផ្សាយរបស់យើងមិនទាន់បានទូលំទូលាយ យើងនឹងប្រើយុទ្ធសាស្ត្រទាក់ទងនឹង Cambodia Trust JMAC មន្ទីរកិច្ចការនារី មន្ទីរសង្គមកិច្ចនានា»។
អស់រយៈពេលជាច្រើនឆ្នាំដែលអ្នកស្រីបំផុសគម្រោងជួយជនពិការតាមរយៈតម្បាញក្រមា កាបូប មួក និងរបស់ប្រើប្រាស់ជាច្រើនទៀតដែលផលិតពីអំបោះ។ ប៉ុន្តែគម្រោងនេះទើបចេញជារូបរាងបានប្រហែល ១ខែ ដោយមានការឧបត្ថម្ភកីតម្បាញចំនួនបីគ្រឿងពីម្ចាស់ជំនួយនៅជប៉ុន និងថវិកាមួយចំនួនពីអង្គការ ស៊ី.អឹម.ស៊ី (CMC) ខណៈអ្នកស្រីមិនទាន់បានធ្វើគម្រោងសុំជំនួយពីប្រភពដទៃ។
បច្ចុប្បន្នមានអ្នកតម្បាញខ្លះចេះចាំស្ទាត់ និងត្បាញសាច់ក្រមាបានល្អ ក្រោយពីហាត់រៀនដោយឥតគិតថ្លៃនៅមជ្ឈមណ្ឌលប្រមាណ ១ខែ។ ក្រៅពីនេះពួកគេទទួលបានប្រាក់លើកទឹកចិត្ត ដោយត្បាញបានក្រមាមួយជូន ១ម៉ឺនរៀល។ អ្នកស្រីបានយកក្រមា និងរបស់របរដែលផលិតបានមួយចំនួនទៅលក់ឲ្យហាងមួយនៅភ្នំពេញ បានលុយ ១ពាន់ដុល្លារ ដើម្បីផ្គត់ផ្គង់ការចំណាយលើគម្រោងតម្បាញសព្វថ្ងៃ៖ «សព្វថ្ងៃនេះយើងមានទំនាក់ទំនងជាមួយហាងញញឹម ដូច្នេះយើងខំផលិតផលិតផលដែលមានគុណភាព ហើយទាក់ទងពួកគាត់។ ខ្ញុំមានផែនការចំនួនពីរ ផលិតផលរបស់យើងអាចរៀបចំឲ្យស្អាតនៅទីនេះ ហើយយើងផ្សព្វផ្សាយដល់អ្នកទេសចរណ៍ ទាំងភ្ញៀវជាតិ និងអន្តរជាតិដែលលោកអញ្ជើញមកលេងខេត្តកំពង់ឆ្នាំង ក៏អាចឆៀងចូលមើលតម្បាញរបស់ស្ត្រីពិការយើងដែលប្លែកមិនធ្លាប់មានពីមុនមក ហើយមួយទៀតយើងអាចទាក់ទងទៅបណ្ណាគារ ដែលគាត់ជាលក់សម្ភារៈសិក្សាទាក់ទងនឹងយុវវ័យជាដើមមានប្រដាប់ចងសក់ ឬកាបូបលុយអ៊ីចឹងយើងអាចទំនាក់ទំនងជាមួយគាត់ថែមទៀត»។
Image may be NSFW.
Clik here to view.
ទោះជាយ៉ាងណាមជ្ឈមណ្ឌលនៅខ្វះថវិកា និងសម្ភារៈជាច្រើនទៀត ដើម្បីឆ្លើយតបគម្រោងបណ្ដុះបណ្ដាលស្ត្រី ឬជនពិកាដោយគ្រាប់មីនចន្លោះពី១០ ទៅ១៥នាក់ ក្នុង១ឆ្នាំ ដូចជា មជ្ឈមណ្ឌលត្រូវការម៉ាស៊ីន ឬកីតម្បាញយ៉ាងហោច១០គ្រឿងទៀត វត្ថុធាតុដើមផលិត និងទីតាំងតម្បាញសមរម្យ។ ថ្ងៃអនាគតមជ្ឈមណ្ឌលក៏ត្រូវសង់អាគារ១ខ្នងលើទីតាំងណាមួយច្បាស់លាស់ក្នុងតម្លៃ៣ម៉ឺនដុល្លារ។
កំពុងអង្គុយត្បាញក្រមាយ៉ាងយកចិត្តទុកដាក់ ដោយញើសកាត់មុខមិនទាន់ហ៊ានជូតព្រោះដៃទាំងពីររវល់កាន់កីតម្បាញ គឺលោកស្រី ប្រុស អន ថា នៅដំណាក់កាលដំបូងនេះលោកស្រីមិនចង់បានអ្វីក្រៅពីចំណេះដឹងនោះទេ។ ប៉ុន្តែសព្វថ្ងៃលោកស្រីអាចត្បាញក្រមាបានមួយក្នុង ១ថ្ងៃដែលអាចទទួលបានចំណូល ១ម៉ឺនរៀលក្នុង ១ថ្ងៃ ហើយអាចពង្រឹងស្នាដៃតម្បាញរបស់ខ្លួនថែមទៀត៖ «ឆ្លងឧបសគ្គច្រើនដែរ តែបានចេះហើយឥឡូវនេះ វាអាចបានលទ្ធផលខ្លះៗ វាមិនល្អតែម្ដងទេ ដូចថា សមរម្យ។ កាលពីមុនខ្ញុំមានការងារខ្ញុំធ្វើ តែឥឡូវនេះខ្ញុំសម្រាក ដល់សម្រាកអ៊ីចឹងទៅ ខ្ញុំគេរើសអ្នកតម្បាញទៅ ចិត្តខ្ញុំចង់ធ្វើ»។
ចំណែកលោកស្រី សាន្ដ ហៃ ដែលជាអ្នកតម្បាញម្នាក់ទៀតបង្ហាញការចាប់អារម្មណ៍ថា បន្ទាប់ពីបោះបង់ការងារអនាម័យនៅសណ្ឋាគារមួយបានប្រហែល ១ខែ ក៏លោកស្រីសុំចូលហាត់រៀនត្បាញក្រមានៅមជ្ឈមណ្ឌលនេះ គ្រាន់បានជាចំណេះដឹងផ្ទាល់ខ្លួន និងចង់បង្ហាត់បង្រៀនដល់ក្មេងៗជំនាន់ក្រោយផង។ លោកស្រីយល់ថា ការងារតម្បាញនេះមានតម្លៃចំពោះមនុស្សគ្រប់រូប៖ «ការងារហ្នឹងមានអត្ថប្រយោជន៍ច្រើនទៅអនាគត គិតទៅស្មើគ្នាណាមួយជួយខ្លួនឯងផ្ទាល់ និងអាចផ្ដល់ចំណេះនេះទៅក្មេងជំនាន់ក្រោយ»។
ទស្សនៈវិស័យរបស់មជ្ឈមណ្ឌលសាអូរី គឺចង់លើកកម្ពស់ជនពិការ ឬមនុស្សដែលសង្គមផាត់ចោល ដោយអ្នកទាំងនោះអាចបញ្ចេញនូវសមត្ថភាព គំនិត ការរីកចម្រើន នៃការច្នៃប្រឌិតដោយសេរី មិនគិតពីអាយុ ភេទ ពិការភាពផ្សេងៗចំពោះតម្បាញដោយដៃសាអូរីឡើយ។ មជ្ឈមណ្ឌលបានឲ្យតម្លៃមនុស្សគ្រប់គ្នាដែលកំពុងរស់នៅក្នុងសង្គមថា មនុស្សគ្រប់រូបមានតម្លៃ និងសេចក្ដីថ្លៃថ្នូរផ្ទាល់ខ្លួន។
ស្ថាបនិកមជ្ឈមណ្ឌលសាអូរីកម្ពុជា អ្នកស្រី អ៊ុំ អមរារ័ត្ន ថ្លែងទាំងក្ដីរីករាយថា រូបអ្នកស្រីដែលជាស្ត្រីពិការជើងម្ខាងពីកំណើតបានក្លាយជាធនធានមនុស្សរបស់មជ្ឈមណ្ឌលម្នាក់យ៉ាងសំខាន់។ គំនិតផ្ដួចផ្ដើមរបស់អ្នកស្រី និងគោលដៅម្ចាស់ជំនួយជប៉ុន ដែលបានផ្ដល់បច្ចេកទេស និងម៉ាស៊ីនត្បាញ ព្រមទាំងការឧបត្ថម្ភថវិកាពីអង្គការ ស៊ី.អឹម.ស៊ី នឹងបានជាប្រយោជន៍ដល់ជនរងគ្រោះ៖ «បើមានជនពិការរងគ្រោះ ឬស្ត្រីពិការដោយសារគ្រាប់មីនលោកចង់រៀនវគ្គបណ្ដុះបណ្ដាលអាចទំនាក់ទំនងផ្ទាល់មកនាងខ្ញុំដែលមានអាសយដ្ឋាននៅភូមិកណ្ដាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង នៅក្រោយពេទ្យខេត្តយើងតែម្ដង ឬទំនាក់ទំនងតាមលេខទូរស័ព្ទ ០៩២ ៦៥៦ ៨៥៩ ហើយសូមអំពាវនាវដល់សប្បុរសជនទាំងឡាយណាដែលចង់ផ្ដល់ជំនួយដល់ស្ត្រីពិការ អ្នកដែលបាត់បង់ឱកាសក្នុងការទទួលការអប់រំ អ្នកដែលត្រូវផាត់ឆ្ងាយពីសង្គម លោកអាចបរិច្ចាគជាថវិកា ឬម៉ាស៊ីន និងអំបោះ ដើម្បីជួយដំណើរការដល់មជ្ឈមណ្ឌលរបស់យើងខ្ញុំផងដែរ»។
មជ្ឈមណ្ឌលសាអូរីកម្ពុជា គ្រោងចុះបញ្ជីផ្លូវការនៅក្រសួងមហាផ្ទៃ ក្នុងឆ្នាំ២០១៧ នេះ។ ស្ថាបនិករបស់មជ្ឈមណ្ឌលបង្ហើបថា ក្រោយចុះបញ្ជី និងមានថវិកាពីម្ចាស់ជំនួយនានា មជ្ឈមណ្ឌលនឹងធ្វើបេសកកម្មពេញដៃពេញជើង ដើម្បីឲ្យជនពិកាកម្ពុជា មានជីវិតរស់នៅល្អប្រសើរតាមរយៈការបង្កើនជីវភាពរស់នៅ និងការទទួលស្គាល់ក្នុងសង្គមតាមរយៈវគ្គបណ្ដុះបណ្ដាលជំនាញតម្បាញ៕