អ្នកនាំពាក្យគណបក្សកាន់អំណាចសារភាពថា ការប្រើវោហារស័ព្ទបំបែកបំបាក់ដៃគូនយោបាយ គឺតែងតែមានទៅវិញទៅមកជារឿងធម្មតា ប៉ុន្តែបែក ឬមិនបែក គឺអាស្រ័យទៅលើសាមីជនគណបក្សផ្ទាល់ខ្លួន។ ការលើកឡើងនេះ គឺដើម្បីឆ្លើយតបទៅនឹងការចោទប្រកាន់របស់អតីតមេបក្សប្រឆាំង ដែលថា លោក ហ៊ុន សែន តែងប្រើគ្រប់មធ្យោបាយដើម្បីបំបែកគណបក្សសង្គ្រោះជាតិ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា ក្នុងសង្គមប្រជាធិបតេយ្យ សេរីពហុបក្ស គឺមិនដែលមានគណបក្សណាចង់ឲ្យដៃគូប្រកួតប្រជែងរបស់ខ្លួនខ្លាំងនោះទេ។
លោក សុខ ឥសាន ក៏បានសារភាពដែរថា គណបក្សប្រជាជនកម្ពុជា ធ្លាប់ប្រើវោហារស័ព្ទបំបែកដៃគូប្រកួតប្រជែងនយោបាយដោយមិនអាចបដិសេធបានឡើយ។
ទោះយ៉ាងណា លោកពន្យល់ថា វាមិនសំខាន់នៅលើដៃគូប្រកួតដែលចង់ឲ្យខ្សោយ ឬចង់ឲ្យរលាយនោះទេ ប៉ុន្តែបញ្ហាសំខាន់ គឺកត្តាកំណត់របស់សាមីជនគណបក្សផ្ទាល់ខ្លួននីមួយៗប៉ុណ្ណោះ មិនអាចបន្ទោសគណបក្សដទៃបានទេ៖ «ចឹងមិនសំខាន់ទៅលើអ្នកដែលគេនិយាយ គេថា គេឃោសនា ឬមួយក៏គេប្រើឧបាយកលដើម្បីបំបែកនោះទេ ហើយរហូតទៅដល់គណបក្សខ្លះនៅក្នុងសង្គមកម្ពុជា គេដាក់ទិសស្លោកទៀត ទិញមិនលក់ សម្លុតមិនខ្លាច បំបែកមិនបែក ដូច្នេះវាគ្មានបញ្ហាអីគួរឲ្យចាប់អារម្មណ៍ និងព្រួយបារម្ភ ឬមួយក៏ដាក់ទោសទៅលើគណបក្សដទៃថា ប៉ុនប៉ងបំបែកខ្លួននោះ»។
ការលើកឡើងនេះ គឺជាការឆ្លើយតបចំពោះការចោទប្រកាន់របស់អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ដែលថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងប្រើប្រាស់គ្រប់មធ្យោបាយដើម្បីចាក់រុក និងញុះញង់បំបែកគណបក្សសង្គ្រោះជាតិ។ កាលពីថ្ងៃទី៦ ខែមីនា លោក សម រង្ស៊ី ក៏បានសម្ដែងការសោកស្ដាយដែលលោក ហ៊ុន សែន គិតគូរតែពីរឿងកំប៉ិកកំប៉ុកឥតប្រយោជន៍ ហើយអះអាងថា សម្ពន្ធភាពរវាងលោក និងលោក កឹម សុខា គឺរឹងមាំណាស់ មិនអាចបំបែកបំបាក់បានទេ។ លោក សម រង្ស៊ី ថែមទាំងជំរុញឲ្យលោក ហ៊ុន សែន គិតគូរពីការអភិវឌ្ឍជាតិវិញប្រសើរជាង ខណៈប្រជាពលរដ្ឋកម្ពុជា កំពុងតែលំបាកលំបិនផ្នែកសេដ្ឋកិច្ច។
មូលហេតុដែលលោក សម រង្ស៊ី លើកឡើងដូច្នេះ បន្ទាប់ពីលោក ហ៊ុន សែន អះអាងថា លោកជាអ្នករៀបចំឲ្យលោក កឹម សុខា ធ្វើជាប្រធានគណបក្សសង្គ្រោះជាតិ និងបានប្រកាសទទួលស្គាល់សារសំឡេងដែលបែកធ្លាយកន្លងមករវាងលោក និងលោក កឹម សុខា ថាជាការពិត ព្រមទាំងទម្លាយថា តំណាងរាស្ត្របក្សប្រឆាំង លោក ម៉ៅ មុនីវណ្ណ លួចប្រាប់រឿងផ្ទៃក្នុងមកខ្លួន។
ចំពោះការលើកឡើងរបស់លោក សម រង្ស៊ី នេះ លោក សុខ ឥសាន ចាត់ទុកថា ជាសម្ដីខ្មោចគ្មានប្រយោជន៍សម្រាប់ជាតិនោះទេ ព្រោះជីវិតនយោបាយលោក សម រង្ស៊ី បានស្លាប់បាត់ទៅហើយ ដូច្នេះលោកណែនាំអ្នកសារព័ត៌មានថា មិនគួរចាប់អារម្មណ៍លើសម្ដីលោក សម រង្ស៊ី នោះទេ។
អ្នកនាំពាក្យគណបក្សកាន់អំណាចរូបនេះបន្តថា លោក សម រង្ស៊ី ទៅវិញទេដែលគិតតែបង្កើតរឿងកំប៉ិកកំប៉ុក៖ «គាត់ថាឲ្យគេ ថាធ្វើកំប៉ិកកំប៉ុក ប៉ុន្តែគាត់បង្កើតរឿងកំប៉ិកកំប៉ុកច្រើនតើ! អត់បានការច្រើនណាស់ បំភ័ន្តមតិសាធារណៈ មហាជន ប្រជាជនទាំងក្នុងប្រទេស ទាំងក្រៅប្រទេស គឺ សម រង្ស៊ី នេះ គឺថាមនុស្សគំនិតស្រី។ អាហ្នឹងបើថាគំនិតស្រីសុំទោសហើយថា មិនមែនមើលងាយស្ត្រីទេ ប៉ុន្តែគាត់គិតអំពីអំបិលប្រហុកច្រើន។ មិននៅមិននៅ ថាសម្ដេច ហ៊ុន សែន ជនផ្ដាច់ការ មិននៅមិននៅ ថាសម្ដេច ហ៊ុន សែន ល្អើលខ្លាចធ្លាក់ពីអំណាច យកចិត្តគាត់ មិននៅមិននៅ ថាកូន ឬប្រពន្ធសម្ដេច ហ៊ុន សែន ពាក់ព័ន្ធនឹងមេដឹកនាំវៀតណាម អី។ អាហ្នឹងរឿងមិនកំប៉ិកកំប៉ុក ថាតើរឿងជាតិ ឬអត់? សួរ សម រង្ស៊ី មើល៍?»។
ថ្វីត្បិតតែលោក សម រង្ស៊ី បានលាលែងពីប្រធានគណបក្សសង្គ្រោះជាតិ ក្តី ប៉ុន្តែលោកនៅតែជាគូបដិបក្ខដ៏មុតស្រួចជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយភាគីទាំងពីរនៅតែសាចទឹកដាក់គ្នាមិនចប់មិនហើយ។
ទាក់ទិនបញ្ហានេះ អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងអ្នកវិភាគឯករាជ្យ លោកបណ្ឌិត មាស នី ទទួលស្គាល់ថា ការប្រកួតប្រជែងនយោបាយតែងតែមានការបន្តុះបង្អាប់ និងចង់ឲ្យដៃគូប្រជែងទន់ខ្សោយជាងខ្លួន។ ប៉ុន្តែលោកថា នៅប្រទេសផ្សេងៗគេមានប្រព័ន្ធយុត្តិធម៌ឯករាជ្យ ឬមានយន្តការឯករាជ្យណាមួយ ដើម្បីទប់ទល់ការប្រកួតប្រជែងនោះឲ្យមានតម្លាភាព ឬកុំឲ្យហួសហេតុពេក។ រីឯនៅស្រុកខ្មែរវិញ លោកថាខ្វះយន្តការបែបនេះ។
ចំពោះការឆ្លើយឆ្លងសារនយោបាយរវាងលោក ហ៊ុន សែន និងលោក សម រង្ស៊ី នេះ លោកបណ្ឌិត មាស នី មើលឃើញថា ជាចំណុចខ្សោយរបស់លោក សម រង្ស៊ី មួយដែរ ព្រោះប្រសិនបើលោក សម រង្ស៊ី លាលែងពីតំណែងហើយ គួរតែនៅស្ងាត់ស្ងៀម ហើយគួរតែទុកឲ្យអ្នកដឹកនាំបក្សថ្មីធ្វើការជំនួសវិញ។ លោកបន្តថា លោក សម រង្ស៊ី គួរតែរក្សាតម្លៃ ឬគំរូនៃការលាលែងនោះតាមរបៀបផ្សេង ដោយមិនគួរផ្ញើពាក្យផ្ញើសម្ដីធ្វើឲ្យស្ថានការណ៍នៅក្នុងស្រុកតានតឹងនោះទេ។
ទោះបីជាយ៉ាងណាក៏ដោយ នរណាក៏ដឹងដែរថា គណបក្សប្រជាជនកម្ពុជា ពូកែខាងប្រើយុទ្ធសាស្ត្របំបែកបំបាក់ ដែលគេមើលឃើញគណបក្សហ៊្វុនស៊ិនប៉ិច ជាឧទាហរណ៍ស្រាប់ ពីព្រោះគណបក្សហ៊្វុនស៊ិនប៉ិច ធ្លាប់ជាគណបក្សមួយដែលជាដៃគូប្រកួតប្រជែងជាមួយគណបក្សប្រជាជនកម្ពុជា យ៉ាងស្វិតស្វាញ និងធ្លាប់ទទួលបានជ័យជម្នះកាលពីអាណត្តិទី១ ឆ្នាំ១៩៩៣ ផងនោះ៕