Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​នៃ​អ.ស.ប​លើក​ឡើង​ពី​ការ​គំរាម​កំហែង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា

$
0
0

ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ (..) ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស ថ្លែង​នៅ​ទីក្រុង​ហ្សឺណែវ (Geneva) នៅ​ថ្ងៃ​ទី​៨ មីនា ពី​ការ​ធ្លាក់​ចុះ​នៃ​ការ​គោរព​សិទ្ធិ​មនុស្ស និង​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា ប្រាប់​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហប្រជាជាតិ។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហប្រជាជាតិ ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​៨ មីនា បញ្ជាក់​ថា ការ​លើក​ឡើង​នេះ​ស្ថិត​នៅ​ក្នុង​ការ​សង្ខេប​របាយការណ៍​ស្ដីពី​ស្ថានភាព​សិទ្ធិ​មនុស្ស​របស់​ប្រទេស​ជាង ៤០ នៅ​ទូទាំង​ពិភពលោក ដែល​ប្រមូល​បាន។

សម្រាប់​ស្ថានភាព​នៅ​ប្រទេស​កម្ពុជា ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស លោក ហ្សែត រ៉ាអេដ អាល់ហួសេន (Zeid Ra’ad Al Hussein) គូស​បញ្ជាក់​ពី​ការ​គំរាម​កំហែង​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​របស់​គណបក្ស​ប្រឆាំង និង​ប្រជាពលរដ្ឋ ដោយ​ការ​ប្រើ​តុលាការ​ក្នុង​រយៈពេល​មុន​ការ​បោះឆ្នោត។

លោក​ក៏​បាន​រិះគន់​ពី​ការ​អនុម័ត​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ ដែល​ត្រូវ​អនុម័ត​ដោយ​រដ្ឋសភា គ្មាន​ការ​ប្រឹក្សា​យោបល់​ជា​សាធារណៈ ដែល​ច្បាប់​នេះ​អាច​ត្រូវ​ប្រើ​សម្រាប់​រំលាយ​គណបក្ស​ប្រកួត​ប្រជែង។ លោក​បញ្ជាក់​ថា ច្បាប់​នេះ​ប្រាសចាក​ឆ្ងាយ​ពី​បទដ្ឋាន​សិទ្ធិ​មនុស្ស​នៃ​សេរីភាព​ប្រមូល​ផ្តុំ។

ការ​បន្ត​ឃុំ​ខ្លួន​ជាង ១០​ខែ​ដោយ​គ្មាន​ភស្តុតាង​ត្រឹមត្រូវ​លើ​អ្នក​ការពារ​សិទ្ធិ​មនុស្ស ដែល​បម្រើ​ការ​នៅ​សមាគម​អាដហុក (ADHOC) ក៏​ត្រូវ​បាន​គេ​លើក​ឡើង​នៅ​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ ក្នុង​ក្រុង​ហ្សឺណែវ។

បន្ថែម​ពី​នេះ ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​ផ្នែក​សិទ្ធិ​មនុស្ស ក៏​បាន​រាយការណ៍​ពី​ការ​បង្ក្រាប​ទៅ​លើ​អ្នក​ប្រើប្រាស់ និង​ជួញដូរ​គ្រឿង​ញៀន និង​ការ​បង្ក្រាប​លើ​ប្រជាពលរដ្ឋ​រស់នៅ ឬ​ធ្វើ​ការងារ​តាម​ដង​ផ្លូវ ថា​កំពុង​បណ្ដាល​ឲ្យ​មនុស្ស​រាប់​ពាន់​នាក់​ត្រូវ​បាន​គេ​ឃុំឃាំង ក្នុង​លក្ខខណ្ឌ​មិន​សមរម្យ ហើយ​មនុស្ស​ជាច្រើន​ទៀត​មិន​បាន​ទទួល​ប្រយោជន៍​ពី​យុទ្ធនាការ​បង្ក្រាប​នេះ​ទេ។

លោក ហ្សែត រ៉ាអេដ អាល់ហួសេន (Zeid Ra’ad Al Hussein) សង្កត់​ធ្ងន់​ថា ការ​បោះឆ្នោត​ដែល​គួរ​ឲ្យ​ទុក​ចិត្ត​បាន លុះត្រា​តែ​ធានា​ថា តុលាការ​ត្រូវ​តែ​ប្រកាន់​ភាព​ឯករាជ្យ និង​មិន​កាន់​ជើង​ខាង​ណា ហើយ​សេរីភាព​បញ្ចេញ​មតិ​នៃ​ការ​ប្រមូល​ផ្តុំ​ដោយ​អហិង្សា និង​ការ​បង្កើត​សមាគម គឺ​ត្រូវ​ការពារ​ឲ្យ​បាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles