Clik here to view.

ក្រុមប្រឹក្សាឃុំ ជំទប់ទី២ និងសកម្មជនគណបក្សសង្គ្រោះជាតិ នៅឃុំព្រៃខ្លា ស្រុកកោះអណ្ដែត ខេត្តតាកែវ ទាមទារឲ្យអយ្យការអមសាលាដំបូងខេត្តតាកែវ ទម្លាក់បទចោទដែលប្តឹងប្រឆាំងពួកគេទាំង ៦នាក់។ តំណាងគណបក្សប្រជាជនកម្ពុជា ប្រចាំឃុំព្រៃខ្លា បានប្ដឹងអ្នកទាំង៦ ក្នុងសំណុំរឿងជម្លោះនៅអំឡុងយុទ្ធនាការឃោសនារកសំឡេងឆ្នោត។
ក្រោយចូលកាន់តំណែងជាជំទប់ និងក្រុមប្រឹក្សាឃុំព្រៃខ្លា រួច និងសកម្មជនរបស់គណបក្សសង្គ្រោះជាតិ ស្នើជាថ្មីឲ្យតំណាងអយ្យការអមសាលាដំបូងខេត្តតាកែវ ទម្លាក់ចោលបទចោទប្រកាន់លើពួកគេ។
ជំទប់ទី២ ឃុំព្រៃខ្លា លោក កែវ អ៊ាត ប្រាប់ថា ការកោះហៅសាកសួរកាលពីថ្ងៃទី៣ ខែកក្កដា តំណាងអយ្យការបានសួរពួកគេច្រើនអំពីដើមហេតុដែលនាំឲ្យមានជម្លោះកាលពីអំឡុងពេលហែក្បួនឃោសនារកសំឡេងឆ្នោត។ លោក កែវ អ៊ាត បន្ដថា ក្រោយការសាកសួរម្នាក់ម្ដងៗ ចប់សព្វគ្រប់ មន្ត្រីតុលាការបានអនុញ្ញាតឲ្យពួកគាត់ទាំង ៦នាក់ ត្រឡប់ទៅផ្ទះវិញ ហើយពួកគេបានប្រញាប់ត្រឡប់ទៅវិញ ដោយមិនហ៊ានសួរនាំតំណាងអយ្យការអមសាលាដំបូងខេត្តតាកែវ ទេ ព្រោះខ្លាចមានការឃាត់ខ្លួន។
លោកប្រាប់ថា អ្នកទាំង៦ មាន៥នាក់ ជាបុរសៗ មិនសូវមានការតក់ស្លុត ឬភ័យខ្លាចនោះទេ ប៉ុន្តែសម្រាប់អ្នកស្រី សុខ រឿន ដែលមានកូនតូចក្នុងបន្ទុក និងមិនដែលធ្លាប់បានចូលរួមក្នុងការហែក្បួនឃោសនាបក្សផងនោះមានការតក់ស្លុតជាខ្លាំង៖ «ចំពោះខាងពួកខ្ញុំប្រុសៗ វាអត់មានបញ្ហាចោទអីទៅលើ ភ័យខ្លាច។ រឿងវាមិនធំ វាមិនអាចភ័យខ្លាចទេ មិនមែនទៅវាយគេ ទាត់គេ ធាក់គេ ខិតផ្លូវគេ បាំងផ្លូវគេ មិនឲ្យគេចូលខ្លាចដែរណា។ ប៉ុន្តែយើងវាអត់មានខុសអីសោះ យើងមិនភ័យខ្លាចទេ តែគ្នាស្រី គ្នាមិនដែល ហើយអាថ្ងៃហែ ក៏គ្នាគ្មានមុខទៅជាមួយដែរ ដល់ពេលឥឡូវ តុលាការកោះហៅចំឈ្មោះគ្នាដែរ ទៅខ្លាចមិនបានមកវិញ មានកូនតូចៗទៀត»។
អយ្យការអមសាលាដំបូងខេត្តតាកែវ បានតម្រូវឲ្យអ្នកទាំង ៦នាក់ នៃគណបក្សសង្គ្រោះជាតិ នៅឃុំព្រៃខ្លា ចូលបំភ្លឺកាលពីថ្ងៃទី៣ កក្កដា ពីបទចោទបរិហារកេរ្តិ៍ជេរប្រមាថជាសាធារណៈ និងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ កាលពីអំឡុងពេលហែក្បួនឃោសនាគណបក្សនយោបាយ កាលពីថ្ងៃទី២០ ខែឧសភា។
អ្នកប្រឹក្សាផ្នែកច្បាប់ឲ្យអ្នកទាំង ៦នាក់ នៅពេលចូលជួបតំណាងអយ្យការ គឺលោកមេធាវី ហុង ផេង។ លោកមេធាវី ហុង ផេង បានចូលស្ដាប់តំណាងអយ្យការសាកសួរជាមួយអ្នកទាំង៦ ប្រាប់ថា ត្បិតមានការសួរនាំសកម្មជនទាំង ៦នាក់ ប៉ុន្តែព្រះរាជអាជ្ញាមិនទាន់សម្រេចបទចោទ ឬទម្លាក់បទចោទប្រកាន់នៅឡើយនោះទេ៖ «គេមិនទាន់ចេញសេចក្ដីសម្រេចអីមួយផង គ្រាន់តែគេសាកសួរចប់ គេឲ្យទៅផ្ទះវិញ»។
លោក កែវ អ៊ាត ជំទប់ទី២ ឃុំព្រៃខ្លា បញ្ជាក់ថា មកដល់ពេលនេះ លោកមិនបានដឹងថា នរណាជាដើមបណ្ដឹងប្ដឹងពួកលោកទៅតុលាការឲ្យពិតប្រាកដនោះទេ ព្រោះតំណាងគណបក្សប្រជាជនកម្ពុជា នៅឃុំព្រៃខា្ល ដែលឈ្លោះប្រកែកគ្នាជាមួយលោកប្រាប់ថា មិនបានប្ដឹងទៅតុលាការទេ គឺប្ដឹងទៅតែគណៈកម្មការឃុំ និងខេត្ត រៀបចំការបោះឆ្នោតតែប៉ុណ្ណោះ។ ទោះជាធ្លាប់ការភាពរកាំរកូសដាក់គ្នាកន្លងមកក៏ដោយ លោក កែវ អ៊ាត ប្រាប់ថា នៅថ្ងៃប្រកាសចូលកាន់តំណែងមេឃុំ ជំទប់ឃុំ និងក្រុមប្រឹក្សាឃុំ តំណាងទាំងពីរគណបក្ស គឺគណបក្សប្រជាជនកម្ពុជា និងបក្សសង្គ្រោះជាតិ នៅតែមានភាពរួសរាយ ញញឹមដាក់គ្នា និងប្ដេជ្ញាធ្វើការជាមួយដោយការរាប់អាន។
ប្រធានគណៈកម្មការប្រតិបត្តិគណបក្សសង្គ្រោះជាតិ ខេត្តតាកែវ លោក ម៉ៅ សុផល នៅតែមើលមិនឃើញការឈ្លោះប្រកែកគ្នានៅក្នុងថ្ងៃហែក្បួន ជាបទល្មើសព្រហ្មទណ្ឌ។ លោកប្រាប់ថា គ្មានការវាយ ឬការបង្កជារបួសស្នាមអ្វីនោះទេ។ លោក ម៉ៅ សុផល ទាមទារឲ្យតុលាការទម្លាក់បទចោទលើសកម្មជនបក្សប្រឆាំងទាំង ៦នាក់៖ «សំណូមពរទៅតុលាការ ឲ្យទម្លាក់ការចោទប្រកាន់ហ្នឹងទៅ ពីព្រោះវាអត់មានចូលនៅក្នុងបទល្មើសព្រហ្មទណ្ឌណាមួយ វាមានការវ៉ៃគ្នា មានរបួសស្នាមអីវាអត់ ហើយអាការញុះញង់ធ្វើឲ្យមានបញ្ហានៅក្នុងឃុំវាអត់ ក្នុងស្រុក ក្នុងខេត្តអីក៏វាអត់ ទូទាំងប្រទេសអត់ដែរ។ អ៊ីចឹងការចោទប្រកាន់អំពីបញ្ហាការញុះញង់ និងបទឧក្រិដ្ឋ យើងមើលទៅទម្ងន់ទោសវាអត់មាន»។
ចំណែកអ្នកនាំពាក្យសមាគមសិទ្ធិមនុស្សអាដហុក (ADHOC) លោក សំ ច័ន្ទគា យល់ថា ការចោទប្រកាន់កន្លងមកទៅលើសកម្មជនទាំង ៦នាក់របស់គណបក្សសង្គ្រោះជាតិ នៅឃុំព្រៃខ្លា ជារឿងនយោបាយ គួរតែសម្របសម្រួលគ្នាដើម្បីបញ្ចប់បញ្ហា៖ «គួរតែទម្លាក់បទចោទទៅ ពីព្រោះរឿងហ្នឹងវាមិនធ្ងន់ធ្ងរអីទេ។ គួរតែសម្របសម្រួលគ្នាបញ្ចប់ទៅ វាជារឿងល្អដែរ ហើយម្យ៉ាងទៀត យើងឃើញថា គណបក្សកាន់អំណាចនៅទីនោះ (ឃុំព្រៃខ្លា) ក៏លោកបានឈ្នះដាច់ដែរ ដូច្នេះអ្វីដែលជាកំហុសឆ្គងទាំងអស់គ្នាហ្នឹង គួរតែអធ្យាស្រ័យគ្នាទៅវិញទៅមក»។
សង្គមស៊ីវិលយល់ថា តំណាងគណបក្សនយោបាយទាំងពីរដែលកំពុងប្ដឹងគ្នាទៅតុលាការ សុទ្ធតែបានឈ្នះតំណែងថ្នាក់ដឹកនាំឃុំព្រៃខ្លា នៃស្រុកកោះអណ្ដែត ដូច្នេះគួរតែកុំបង្ហាញពីរូបភាពប្ដឹងគ្នា តែគួរបង្ហាញពីភាពល្អូកល្អឺនចាប់ដៃធ្វើការជាមួយគ្នាដើម្បីធ្វើការរួមគ្នាអភិវឌ្ឍឃុំព្រៃខ្លា៕