
ឧត្ដមស្នងការអង្គការសហប្រជាជាតិ (អ.ស.ប) ទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស ស្វាគមន៍ចំពោះការដោះលែងអ្នកការពារសិទ្ធិមនុស្សនៃសមាគមអាដហុក (ADHOC) ៤នាក់ និងអគ្គលេខាធិការរង គ.ជ.ប អោយបាននៅក្រៅឃុំបណ្ដោះអាសន្ន និងការទម្លាក់បទចោទប្រកាន់លើមន្ត្រីនៃការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា។
កំណត់សង្ខេបរបស់អ្នកនាំពាក្យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស អ្នកស្រី លីហ្ស ស្រូសហ្សែលល៍ (Liz Throssell) បញ្ជាក់ថា មន្ត្រីសមាគមអាដហុក មានអ្នកស្រី លឹម មុន្នី លោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ង់ដា និងអគ្គលេខាធិការរង គ.ជ.ប លោក នី ចរិយា ត្រូវបានដោះលែងកាលពីថ្ងៃទី២៩ ខែមិថុនា គឺបន្ទាប់ពីពួកគេត្រូវឃុំខ្លួនអស់រយៈពេលជាង ១ឆ្នាំ។ ជាមួយគ្នានេះ ក៏មានការទម្លាក់បទចោទប្រកាន់ទៅលើលោក សឺន សាលី ដែលជាមន្ត្រីនៃការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ដែរ។
កំណត់សង្ខេបដដែលនោះបន្តថា ការវិវឌ្ឍន៍ជាវិជ្ជមានទាំងនេះកើតឡើងនៅពេលដែលមានការព្រួយបារម្ភពីបរិយាកាសសម្រាប់អ្នកការពារសិទ្ធិមនុស្ស និងសង្គមស៊ីវិលនៅកម្ពុជា។
អ្នកនាំពាក្យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សបារម្ភថា ការជំនុំជម្រះក្ដីអ្នកការពារសិទ្ធិមនុស្ស និងមន្ត្រី គ.ជ.ប នឹងត្រូវគេធ្វើបន្តទៀត បើទោះបីជាមិនមានភស្តុតាង និងហេតុផលផ្លូវច្បាប់គ្រប់គ្រាន់ដើម្បីផ្ដល់យុត្តិកម្មលើបទចោទប្រកាន់ទាំងនោះក្ដី។ អ្នកនាំពាក្យបញ្ជាក់ទៀតថា នឹងតាមឃ្លាំមើលសំណុំរឿងនេះយ៉ាងដិតដល់ រហូតទាល់តែករណីនេះត្រូវបានបិទបញ្ចប់ទាំងស្រុង៕