Clik here to view.

អយ្យការសាលាដំបូងខេត្តរតនគិរី ចេញដីកាកោះហៅអ្នកយកព័ត៌មានអោយកាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ជាលើកទី២ ឲ្យចូលខ្លួនមកបំភ្លឺពីអង្គហេតុដែលពលរដ្ឋជនជាតិដើមភាគតិច និងអតីតមេឃុំប៉ាតេ ស្រុកអូរយ៉ាវ ចោទប្រកាន់ពួកគេថា មានចេតនាញុះញង់ និងរំលោភសិទ្ធិរក្សាការសម្ងាត់បោះឆ្នោតក្នុងពេលគណបក្សនយោបាយកំពុងឃោសនាបោះឆ្នោត។
ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ គឺជាវេលាកំណត់ដែលអយ្យការសាលាដំបូងខេត្តរតនគិរី កោះហៅអ្នកកាសែត ឌឹ ខេមបូឌា ដេលី ពីរនាក់ ឲ្យចូលមកបំភ្លឺនៅការិយាល័យអយ្យការលើកទី២ បន្ទាប់ពីពួកគេខកខានមិនចូលខ្លួនមកបំភ្លឺតាមដីកាកោះលើកទីមួយ។
ព្រះរាជអាជ្ញាសាលាដំបូងខេត្តរតនគិរី លោក ជា ពេជ្រ បញ្ជាក់នៅថ្ងៃទី៧ ខែកក្កដា ថាលោកមិនដឹងថា តើដីកាកោះហៅអ្នកកាសែតទាំងពីរលើកដំបូងបានដល់ដៃចុងចោទ ឬយ៉ាងណាទេ ក៏ប៉ុន្តែលោកមិនបានឃើញដីកានោះត្រូវបានបញ្ជូនមកការិយាល័យអយ្យការវិញនៅឡើយ។
លោកថា ការកោះហៅលើកទី២នេះ គឺជានីតិវិធីរបស់តុលាការទាក់ទិនការចេញដីកាកោះហៅភាគីណាមួយនៃរឿងបណ្ដឹងដែលខកខានមិនបានចូលខ្លួន៖ «លើកមុនខ្ញុំកោះហៅម្ដងហើយ ប៉ុន្តែអត់ឃើញបង្វិលដើមដីកាត្រឡប់មកវិញ។ ខ្ញុំបានធ្វើលិខិតកោះហៅគាត់ម្ដងទៀត ហើយឲ្យគាត់ចូលថ្ងៃ៧ ខែ៧»។
កាលពីថ្ងៃទី២២ ខែឧសភា ប្រជាពលរដ្ឋរស់នៅភូមិគងយុ និងភូមិគងធំ រួមទាំងមេឃុំប៉ាតេ បានដាក់ពាក្យប្ដឹងអ្នកយកព័ត៌មានកាសែត ឌឹ ខេមបូឌា ដេលី ពីរនាក់ គឺលោក អូន ខាំភាព និងជនជាតិកាណាដា គឺលោក ភីតធ័រ ស៊ុមបឺរ (Pitter Zsomber) បន្ទាប់ពីអ្នកទាំងពីរចូលមកក្នុងភូមិ ហើយសួរអ្នកភូមិ និងមន្ត្រីឃុំដែលដើមបណ្ដឹងចាត់ទុកថា មានចេតនាញុះញង់ និងរំលោភសិទ្ធិរក្សាការសម្ងាត់បោះឆ្នោតក្នុងពេលគណបក្សនយោបាយកំពុងឃោសនាបោះឆ្នោត។
ទាក់ទិនបញ្ហានេះ លោក អូន ភាព បដិសេធជាលើកទីពីរថា លោកមិនបានឃើញដីកាកោះហៅទាំងពីរលើកនៅឡើយទេ។ លោកជំរុញឲ្យសួរទៅប្រធានអង្គភាពរបស់លោកទាក់ទិនព័ត៌មានផ្សេងទៀត៖ «អត់ឃើញផងរឿងហ្នឹងទាល់តែសួរទៅមេប្រហែលជាអត់ដែរតាមមើល»។
យ៉ាងណាក៏ដោយ មន្ត្រីអង្គភាពរដ្ឋបាលការិយាល័យអយ្យការសាលាដំបូងខេត្តរតនគិរី ឲ្យដឹងថា ដីកាកោះហៅអ្នកកាសែត ឌឹ ខេមបូឌា ដេលី បានបញ្ជូនទៅអាសយដ្ឋានការិយាល័យកាសែត នៅភ្នំពេញ តាមរយៈសេវាភ្នាក់ងារប្រៃសណីយ៍ទូរគមនាគមន៍កាលពីថ្ងៃទី៥ ខែមិថុនា រួចហើយ។
ដើមបណ្ដឹងបីនាក់ រួមមានពីរនាក់ជាពលរដ្ឋ គឺលោក សេវ បន និងលោក រចំ យឹ និងម្នាក់ជាអតីតមេឃុំប៉ាតេ គឺលោក រម៉ាម យួត កាលពីថ្ងៃទី១៤ ខែមិថុនា បានទៅបំភ្លឺនៅការិយាល័យអយ្យការរួចហើយ បន្ទាប់ពីទទួលបានដីកាកោះហៅពួកគេឲ្យមកបំភ្លឺពីអង្គហេតុទាក់ទិនការចោទប្រកាន់អ្នកកាសែតទាំងពីរ។
អាស៊ីសេរីមិនអាចទាក់ទងដើមបណ្តឹងទាំងបីនាក់ សុំបញ្ជាក់ករណីនេះបានទេ នៅថ្ងៃទី៧ ខែកក្កដា ក៏ប៉ុន្តែក្នុងឱកាសចូលបំភ្លឺកាលពីថ្ងៃទី១៤ ខែមិថុនា ពួកគេពីរនាក់ក្នុងចំណោមបីនាក់ អះអាងថា បានទាមទារឲ្យតុលាការចាត់ការតាមច្បាប់ និងទាមទារសំណងជំងឺចិត្ត ២០លានរៀល។
ទោះបីជាយ៉ាងណាក៏ដោយ ព្រះរាជអាជ្ញាសាលាដំបូងខេត្តរតនគិរី លោក ជា ពេជ្រ បញ្ជាក់ថា ប្រសិនចុងចោទខកខានមិនមកឆ្លើយបំភ្លឺតាមដីកាកោះលើកទី២ទៀត លោកនឹងចាត់ការតាមនីតិវិធីបន្ត៕