
យុវជនវ័យក្មេងដែលជាបេក្ខភាពមេឃុំមកពីគណបក្សសង្គ្រោះជាតិ ឡើងកាន់តំណែងជាចៅសង្កាត់សាលាកំរើក ក្រុងសៀមរាប នៅថ្ងៃទី៧ ខែកក្កដា ជំនួសដៃគូប្រជែងរបស់គាត់មកពីគណបក្សប្រជាជនកម្ពុជា ដែលមានវ័យចំណាស់ និងកាន់តំណែង រយៈពេល ៣អាណត្តិមកហើយនោះ។
យុវជនដែលត្រូវឡើងកាន់តំណែងថ្មីនេះ សន្យាថា គាត់នឹងប្រឹងប្រែងធ្វើការរួមគ្នាជាមួយសមាជិកក្រុមប្រឹក្សាសង្កាត់ មកពីគណបក្សនយោបាយផ្សេងៗគ្នា ព្រមទាំងកែទម្រង់ការងាររដ្ឋបាលសម្រាប់បម្រើសេវាសាធារណជនឱ្យបានល្អជាងមុន។
តើពលរដ្ឋមានការជឿជាក់លើសមត្ថភាពដឹកនាំរបស់ចៅសង្កាត់ថ្មីវ័យក្មេងនេះដែរ ឬក៏យ៉ាងណា?
លោក ជិន សុខង៉េង អាយុ ២៦ឆ្នាំ គឺជាយុវជនវ័យក្មេងតែម្នាក់គត់នៅខេត្តសៀមរាប ដែលត្រូវឡើងកាន់តំណែងជាចៅសង្កាត់សាលាកំរើក ក្រុងសៀមរាប សម្រាប់អាណត្តិទី៤នេះ។
លោក ជិន សុខង៉េង មានប្រសាសន៍ថា នៅពេលដែលលោកឡើងកាន់តំណែងជាចៅសង្កាត់ គឺនឹងតាំងចិត្តធ្វើការរួមគ្នាជាមួយសមាជិកក្រុមប្រឹក្សាសង្កាត់ចំនួន ១១រូបទៀតដែលមកពីគណបក្សផ្សេងគ្នាដោយមិនគិតពីនិន្នាការនយោបាយឡើយ គឺគិតតែការអភិវឌ្ឍមូលដ្ឋាន និងបម្រើប្រជាពលរដ្ឋឱ្យបានល្អ។
សុខង៉េង បញ្ជាក់ថា លោកនឹងត្រូវធ្វើការងារជាច្រើនទាំងផ្នែកអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ទាំងកិច្ចការពារបរិស្ថាន ព្រមទាំងការកែទម្រង់រដ្ឋបាលថ្មីជាដើម៖ «ពេលចូលកាន់តំណែងនេះ ទី១ គឺរៀបចំប្រព័ន្ធរដ្ឋបាលចាស់ ឱ្យក្លាយជារដ្ឋបាលថ្មី ដែលស្អាតស្អំមិនមានអំពើពុករលួយនៅទីនោះ ទី២ គឺប្រជាពលរដ្ឋនៅសង្កាត់ហ្នឹងនឹងទទួលបានការបម្រើសេវាសាធារណៈបានឆាប់រហ័ស»។
ជិន សុខង៉េង ហាក់ដូចជាចាប់អារម្មណ៍នឹងតួនាទីរបស់គាត់ដែលជាចៅសង្កាត់ខ្លាំងណាស់ គឺនៅមុនពេលចូលកាន់តំណែងជាច្រើនថ្ងៃ គាត់បានខំប្រឹងប្រែងរៀបចំផែនការការងារ និងប្រមូលព័ត៌មាននានា តាមប្រព័ន្ធសារអេឡិចត្រូនិក។
ប្រជាពលរដ្ឋមួយចំនួនដែលមានលំនៅឋានជិតកន្លែង សុខង៉េង ស្នាក់ក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក បានបង្ហាញពីការចូលចិត្តនឹងអាកប្បកិរិយាយុវជនម្នាក់នេះ។
អ្នកស្រី ជា រ៉ាន់ណា អាយុ ៧៥ឆ្នាំ នៅភូមិត្រពាំងសេះ មានប្រសាសន៍ថា រូបគាត់ចូលចិត្តយុវជន សុខង៉េង ពីព្រោះតែឧស្សាហ៍ព្យាយាមធ្វើការងារ និងមានភាពរួសរាយរាក់ទាក់ជាមួយអ្នកជិតខាង៖ «ឃើញខ្ញុំដើរហាត់ប្រាណ អ៊ីចឹងមកគាត់ជម្រាបសួរខ្ញុំ។ ខ្ញុំមើលទៅឃើញសមរម្យ ដូចថា គាត់ក្មេងមែន ប៉ុន្តែគាត់មានគំនិតគិតគូរទៅដល់ប្រទេសជាតិណាស់»។
បើទោះបីជាអ្នកជិតខាងមួយចំនួន បង្ហាញការចូលចិត្តយុវជន ជិន សុខង៉េង ក៏ដោយ ក៏មិនទាន់ប្រាកដថា តើប្រជាពលរដ្ឋជាច្រើនទៀត នៅក្នុងសង្កាត់សាលាកំរើក មានការជឿជាក់យ៉ាងណាចំពោះសមត្ថភាពដឹកនាំនៃចៅសង្កាត់ថ្មី វ័យក្មេង និងកំលោះរបស់ពួកគេនោះយ៉ាងណានៅឡើយទេ។
អ្នកភូមិត្រពាំងត្រែង ម្នាក់ លោក ណុប ណូត មានប្រសាសន៍ថា ថ្វីដ្បិតតែឭសូរថា ចៅសង្កាត់ដែលមកកាន់តំណែងថ្មី គឺជាកំលោះវ័យក្មេង ប៉ុន្តែរូបគាត់នៅមិនទាន់ឃើញមុខ និងស្គាល់ចៅសង្កាត់ថ្មីនោះនៅឡើយទេ។ បុរសដដែលបញ្ជាក់ថា គាត់មិនទាន់ហ៊ានឱ្យតម្លៃទៅលើសមត្ថភាពដឹកនាំរបស់ចៅសង្កាត់ថ្មីនោះ យ៉ាងណាទេ ពីព្រោះតែគាត់មិនទាន់ដឹងពីកម្រិតអប់រំរបស់ចៅសង្កាត់ថ្មីនោះឱ្យបានប្រាកដ។
ទោះជាយ៉ាងណា លោក ណុប ណូត ចង់ឱ្យចៅសង្កាត់វ័យក្មេងដែលទើបនឹងឡើងកាន់តំណែងថ្មីជួយអភិវឌ្ឍផ្លូវថ្នល់ ប្រព័ន្ធលូបង្ហូរទឹក ព្រមទាំងយកចិត្តទុកដាក់សម្អាតបរិស្ថាន នៅក្នុងភូមិរបស់គាត់ឱ្យបានល្អជាងមុន៖ «ខ្ញុំមិនដឹងពីជម្រៅចំណេះដឹងរបស់គាត់ជាហេតុដែលខ្ញុំមិនអាចសន្និដ្ឋានពីសមត្ថភាពដឹកនាំរបស់គាត់បានឡើយ។ នៅទីនេះ ទី១ ខ្ញុំចង់ឱ្យមានប្រព័ន្ធលូបង្ហូរទឹកស្អុយ ទី២ គឺសំអាតបរិស្ថានសំរាម»។
ចំណែកអតីតចៅសង្កាត់សាលាកំរើក មកពីគណបក្សប្រជាជនកម្ពុជា ដែលបានចាញ់ការបោះឆ្នោតទៅហើយ លោក សាម ឡន បានបដិសេធមិនធ្វើការអធិប្បាយទៅលើសមត្ថភាពចៅសង្កាត់ថ្មី ដែលមកកាន់តំណែងរបស់លោកនោះយ៉ាងណាទេ ដោយលោកគ្រាន់តែមានប្រសាសន៍ថា ជាមនុស្សដែលមកពីនិន្នាការនយោបាយផ្សេងពីគ្នា៖ «អូ! បញ្ហានោះ ចាំសួរគេផ្ទាល់ទៅ ខ្ញុំមិនដឹងទេ ធម្មតាមនុស្សផ្សេងគ្នាមិនអាចឆ្លើយបានទេ ពីព្រោះជារឿងរបស់គេ»។
លោក ជិន សុខង៉េង ជាចៅសង្កាត់សាលាកំរើក ដែលទើបនឹងឡើងកាន់តំណែងថ្មីបានប្ដេជ្ញាចិត្តថា លោកនឹងខិតខំអភិវឌ្ឍន៍លើវិស័យហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធលូបង្ហូរទឹក និងបញ្ហាបរិស្ថាននានា នៅក្នុងសង្កាត់នោះឱ្យបានប្រសើរ ប្រសិនបើលោកធ្វើការងារបម្រើប្រជាពលរដ្ឋមិនបានទេ គឺលោកហ៊ានលាលែងពីតំណែង៖ «ខ្ញុំជម្រាបជូនបងប្អូនជនរួមជាតិថា ក្នុងភាពជាអ្នកដឹកនាំ បើយើងធ្វើការងារបម្រើម្ចាស់ឆ្នោតមិនបាន គឺត្រូវតែចុះចេញពីតំណែង»។
បច្ចុប្បន្ននេះ ជិន សុខង៉េង មានម៉ូតូ ១គ្រឿង ដែលតែងជិះទៅធ្វើការងារ និងដើរមើលមូលដ្ឋានក្នុងសង្កាត់សាលាកំរើក របស់គាត់។
ជិន សុខង៉េង កើតនៅឆ្នាំ១៩៩១ នៅភូមិព្រែកតាកែ ឃុំល្វេ នៃស្រុកកោះសូទិន ខេត្តកំពង់ចាម។សុខង៉េង បានសិក្សាវិជ្ជាពេទ្យកម្រិតបរិញ្ញាបត្រនៅឯទីក្រុងភ្នំពេញ ហើយធ្លាប់បើកបន្ទប់ពិគ្រោះជំងឺមួយនៅក្នុងទីក្រុងភ្នំពេញ។ បើកបន្ទប់ពិគ្រោះជំងឺបានរយៈពេល ១ឆ្នាំ គាត់បានបោះបង់ចោលមុខរបរនេះ ហើយបានចូលបម្រើគណបក្សនយោបាយដោយមានមុខងារជំនួយការរបស់លោក ម៉ែន សុថាវរិន្ទ្រ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ មកពីគណបក្សសង្គ្រោះជាតិ។
សុខង៉េង បានមកស្នាក់នៅខេត្តសៀមរាប រយៈពេល ២ឆ្នាំហើយ ដើម្បីជួយដល់ការងារគណបក្សនៅក្នុងខេត្តនេះ៕