Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

មេ​ឃុំ​មក​ពី​បក្ស​ប្រជាជន​នៅ​ខែត្រ​ស្ទឹងត្រែង​រង​ការ​ចោទ​ថា​រើសអើង​និន្នាការ​នយោបាយ

$
0
0

ជំទប់​ទី​២ នៃ​ឃុំ​កោះសំពាយ ស្រុក​សៀមបូក ខែត្រ​ស្ទឹងត្រែង ចោទ​មេ​ឃុំ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ថា បែងចែក​តួនាទី​​ដោយ​មាន​ការ​រើសអើង​និន្នាការ​នយោបាយ។ ការ​ចោទ​ប្រកាន់​នេះ ធ្វើ​ឡើង​ក្រោយ​ពី​មេ​ឃុំ​កោះសំពាយ លោក សួយ ខាំវៀន បាន​ប្រជុំ​អនុម័ត​ចែក​តួនាទី​ជូន​ជំទប់​ទី​២ មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ទទួល​ភារកិច្ច​តែមួយ​មុខ គឺ​ផ្នែក​សន្តិសុខ។

​ជំទប់​ទី​២ ឃុំ​កោះសំពាយ មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ ចាត់​ទុក​ការ​បែងចែក​តួនាទី​ដោយ​មេ​ឃុំ​កោះសំពាយ លោក សួយ ខាំវៀន ថា​មិន​ត្រឹមត្រូវ​តាម​ក្របខ័ណ្ឌ​ច្បាប់។

ជំទប់​ទី​២ ឃុំ​កោះសំពាយ លោក ប៉ែន ថូន រំឭក​ថា កាល​ពី​ថ្ងៃ​ទី​៥ ខែ​កក្កដា មេ​ឃុំ​កោះសំពាយ លោក សូ ខាំវៀន បាន​ប្រជុំ​អនុម័ត​ចែក​តួនាទី​ជូន​ជំទប់​ទី​១ មកពី​គណបក្ស​ប្រជាជន​កម្ពុជា អនុវត្ត​ភារកិច្ច​ផ្នែក​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។ ចំណែក​ជំទប់​ទី​២ មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​ទទួល​ភារកិច្ច​ផ្នែក​សន្តិសុខ​តែមួយ ហើយ​សមាជិក​ក្រុមប្រឹក្សា​ឃុំ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា បែរ​ជា​មាន​ភារកិច្ច​ជំនួស​ជំទប់​ទី​២ ទៅ​វិញ ដូចជា​អនុវត្ត​កិច្ចការ​រដ្ឋបាល សង្គមកិច្ច សេវា​សាធារណៈ និង​សណ្ដាប់ធ្នាប់​ជាដើម។

លោក​ចាត់​ទុក​បញ្ហា​នេះ​ថា ជា​ការ​រំលោភ​អំណាច បង្ក​ប៉ះពាល់​ការ​ផ្ដល់​សេវា​សាធារណៈ​ជូន​ពលរដ្ឋ៖ «តំណែង​ជំទប់​ទី​១ គាត់​ផ្ដល់​ឲ្យ​តែ​សេវា​សន្តិសុខ​មួយ​គត់ នេះ​ជា​ការ​រំលោភ​អំណាច ព្រោះ​អី​វា​បញ្ច្រាស​ពី​ក្រសួង​មហាផ្ទៃ។ បើសិនជា​គាត់​មិន​ព្រម​ប្រគល់​ឲ្យ​ខ្ញុំ ខ្ញុំ​នឹង​ប្ដឹង​ទៅ​ក្រសួង​មហាផ្ទៃ បន្ត​ទៀត»

​ឃុំ​កោះ​សំពាយ​មាន ៥ អាសនៈ និង​មាន​គណបក្ស​នយោបាយ​ចំនួន​២ ដាក់​បេក្ខជន​ឈរ​ឈ្មោះ​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ។ លទ្ធផល​ផ្លូវការ​នៃ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់​អាណត្តិ​ទី​៤ បង្ហាញ​ថា គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន ៤​អាសនៈ  និង​គណបក្ស​សង្គ្រោះ​ជាតិ ទទួល​បាន ១​អាសនៈ។

​ឆ្លើយ​​តប​ការ​ចោទ​ប្រកាន់​នេះ មេ​ឃុំ​កោះសំពាយ លោក សួយ ខាំវៀន ថ្លែង​បញ្ជាក់​ថា អាជ្ញាធរ​ឃុំ​ពុំ​ទាន់​អនុម័ត​បែងចែក​តួនាទី​ជា​ផ្លូវ​ការ​នៅ​ឡើយ​ទេ ដោយ​គ្រាន់តែ​ប្រជុំ​ពិភាក្សា​សួរ​នាំ​ទៅ​ជំទប់​ទី​២ មាន​វ័យ​ក្មេង​ជាង​គេ ឲ្យ​ទទួល​ភារកិច្ច​ផ្នែក​សន្តិសុខ ក៏ប៉ុន្តែ​បើ​សាមីជន​បដិសេធ​លោក​ក៏​មិន​បង្ខំ​ដែរ។

លោក​ថា  ក្នុង​នាម​លោក​ជា​មេ​ឃុំ មាន​បំណង​ចង់​សហការ​គ្នា​ឲ្យ​ល្អ​គ្រប់​បក្ស​នយោបាយ ក្នុង​ការ​អភិវឌ្ឍ​មូលដ្ឋាន ដោយ​ពុំ​ប្រកាន់​និន្នាការ​នយោបាយ​នោះ​ទេ៖ «បើ​គាត់​ទទួល​ហើយ ម្ដង​នេះ​គាត់​ថា គាត់​មិន​លើក​ដៃ​ម៉េច បើ​ក្រុមប្រឹក្សា​ឃុំ ឃើញ​គាត់​លើក​ដៃ។ អត់​មាន​ការ​រើសអើង​អី​ទេ ចង់​ឲ្យ​ធ្វើ​ការងារ​ជាមួយគ្នា​ឲ្យ​បាន​ល្អ»

​អ្នក​សម្របសម្រួល​ផ្នែក​អង្កេត​នៃ​គណៈកម្មាធិការ​ខុមហ្វ្រែល (COMFREL) លោក កន សាវាង្ស  យល់​ថា ការ​បែងចែក​តួនាទី​ត្រូវ​តែ​អនុវត្ត​តាម​ច្បាប់​កំណត់ តែ​បើ​ការ​បែងចែក​ពុំ​បាន​ត្រឹមត្រូវ នឹង​ប៉ះពាល់​ដល់​ដំណើរ​ការ​អភិវឌ្ឍ​មូលដ្ឋាន និង​ការ​ផ្ដល់​សេវា​សាធារណៈ​ដល់​ពលរដ្ឋ។ លោក​ថា តួនាទី​របស់​អាជ្ញាធរ​ឃុំ​នីមួយៗ មាន​អំណាច និង​ភារកិច្ច​ផ្សេងៗ​គ្នា។ ប្រសិនបើ​បែងចែក​តួនាទី ឲ្យ​ក្រុមប្រឹក្សា​ឃុំ​អនុវត្ត​ភារកិច្ច​ជំនួស​ជំទប់​ទី​២ ជា​រឿង​មិន​ត្រឹមត្រូវ៖ «ការ​ចាត់​ចែង​តួនាទី​ភារកិច្ច​ត្រូវ​តែ​អនុវត្ត​ដែល​មាន​ក្នុង​ផ្លូវ​តែ​ច្បាប់។ កាល​ណា​វា​អត់​សមស្រប​ទេ វា​ប៉ះពាល់​ទៅ​ដល់​ការ​បម្រើ​សេវា​សាធារណៈ និង​ការ​អនុវត្ត​តួនាទី​ភារកិច្ច​របស់​ខ្លួន»

ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​រដ្ឋបាល​ឃុំ​សង្កាត់ មាត្រា​៤០ ចែង​ថា ជំទប់ ឬ​ចៅសង្កាត់​ជា​ជំនួយការ​មេ​ឃុំ/​ចៅសង្កាត់ ក្នុង​ការ​អនុវត្ត​ភារកិច្ច​ដែល​មេឃុំ​ប្រគល់​ឲ្យ និង​ជំនួស​មេឃុំ​តាម​ឋានានុក្រម នៅ​គ្រា​ដែល​មេ​ឃុំ/​ចៅសង្កាត់​អវត្តមាន។ ជំទប់​ទី​១ ឬ​ចៅសង្កាត់​រង​ទី​១ ទទួល​បន្ទុក​ផ្នែក​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។ ជំទប់​ទី​២ ឬ​ចៅ​សង្កាត់​រង​ទី​២ ទទួល​បន្ទុក​អនុវត្ត​ការងារ​ផ្នែក​កិច្ចការ​រដ្ឋបាល សង្គមកិច្ច សេវា​សាធារណៈ និង​សណ្ដាប់ធ្នាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles