Clik here to view.

រាជរដ្ឋាភិបាលជប៉ុន បានផ្ដល់ជំនួយសម្ភារៈសម្រាប់ការងារបោសសម្អាតមីននៅកម្ពុជា លើកទី៧ ដែលគិតជាទឹកប្រាក់ជាង ១១លានដុល្លារអាមេរិក។ ពិធីទទួលសម្ភារៈបោសសម្អាតមីន មានគ្រឿងចក្រកម្ទេចមីនធុនធ្ងន់ចំនួន ៩គ្រឿង រថយន្តបម្រើការងារចំនួន ៨៨គ្រឿង ម៉ាស៊ីនរាវរកគ្រាប់មីនក្រោមដីចំនួនជាង ៧៨០គ្រឿង និងអាវក្រោះការពារជាង ៤.០០០ ព្រមទាំងសម្ពោធសារមន្ទីរពិព័រណ៍គ្រាប់មីនឲ្យដំណើរការផងនោះ បានធ្វើឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៦ ខែកក្កដា នាខេត្តសៀមរាប។
អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា ដែលហៅកាត់ថា ស៊ីម៉ាក់ (CMAC) គឺលោក ហេង រតនា។ លោកថ្លែងនៅក្នុងពិធីទទួលសម្ភារៈបោសសម្អាតគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនោះថា សារមន្ទីរសន្តិភាពនៃសកម្មភាពមីន ដែលមានផ្ទៃដីទំហំជាង ៨៨.០០០ម៉ែត្រក្រឡានៅខេត្តសៀមរាប បានបើកឲ្យដំណើរការហើយ ដោយសង្ឃឹមថា សារមន្ទីរនេះនឹងផ្ដល់ជូនភ្ញៀវជាតិ និងអន្តរជាតិដែលមានបំណងទស្សនារូបភាពមីនជាក់ស្ដែង និងសកម្មភាពកម្ចាត់មីន អាចមកទស្សនាបាន។
លោក ហេង រតនា បញ្ជាក់ថា ការបង្កើតសារមន្ទីរសន្តិភាពមីននេះឡើង ក្នុងគោលបំណងសំខាន់ៗចំនួនបី៖ «មួយរក្សាទុកនូវឯកសារប្រវត្តិសាស្ត្រនៃការសិក្សា ប្រវត្តិទីតាំង សំណល់ជាតិផ្ទុះពីសង្គ្រាម និងគ្រាប់អាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទ ជាមួយនឹងការប៉ះពាល់របស់វា»។
លោក ហេង រតនា ឲ្យដឹងទៀតថា សារមន្ទីរមីននេះបានសាងសង់ឡើងដោយចែកជាបីផ្នែក គឺកន្លែងតាំងពិព័រណ៍គ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះលើផ្ទៃដី ៣ពាន់ម៉ែត្រក្រឡា។ កន្លែងរៀបចំគ្រឿងចក្រ ត្រាក់ទ័រ ដែលបំផ្លាញដោយសារគ្រាប់មីនលើផ្ទៃដី ១៥.០០០ម៉ែត្រក្រឡា និងកន្លែងសម្រាប់ស្រាវជ្រាវ អភិវឌ្ឍន៍ និងសកម្មភាពហ្វឹកហ្វឺនបច្ចេកទេសមីន លើផ្ទៃដី ៧ម៉ឺនម៉ែត្រក្រឡា។
ទោះយ៉ាងណា មន្ត្រីមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា មិនបានបញ្ជាក់ពីតម្លៃនៃការសាងសង់សារមន្ទីរនោះអស់ថ្លៃប៉ុន្មានឡើយ៕