Clik here to view.

ចៅសង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ជាបេក្ខភាពគណបក្សសង្គ្រោះជាតិ សរសើរអាជ្ញាធរខេត្តរតនគិរី ថារៀបចំប្រកាសសុពលភាព និងពិធីផ្ទេរតំណែងក្នុងស្មារតីមិនរើសអើងគណបក្សនយោបាយ និងលើកទឹកចិត្តឲ្យគណបក្សនយោបាយឈ្នះឆ្នោតក្រុមប្រឹក្សា សហការគ្នាបម្រើពលរដ្ឋឲ្យបានរីកចម្រើន។
មន្ត្រីគណបក្សសង្គ្រោះជាតិ ដែលទើបឈ្នះឆ្នោតលើកដំបូងក្នុងតំណែងជាចៅសង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ប្ដេជ្ញាពង្រឹងសាមគ្គីភាពជាមួយសមាជិកក្រុមប្រឹក្សាសង្កាត់នៃគណបក្សប្រជាជនកម្ពុជា ដែលត្រូវបំពេញការងារក្នុងអាណត្តិទី៤ ឲ្យទទួលបានការអភិវឌ្ឍ និងគ្មានការរើសអើងគណបក្សនយោបាយ។
ការអះអាងនេះ ធ្វើឡើងក្រោយពិធីប្រកាសសុពលភាព និងពិធីផ្ទេរភារកិច្ចចូលបំពេញការងាររបស់ក្រុមប្រឹក្សាសង្កាត់ឡាបានសៀក ដែលប្រព្រឹត្តទៅនៅសាលាក្រុងបានលុង នៅព្រឹកថ្ងៃទី៦ ខែកក្កដា។
ចៅសង្កាត់ឡាបានសៀក ដែលត្រូវចូលកាន់តំណែង លោក មី ឌីន ថ្លែងថា ពិធីផ្ទេរតំណែងដែលរៀបចំឡើងដោយអាជ្ញាធរនៃបក្សកាន់អំណាច ប្រព្រឹត្តឡើងឈរលើស្មារតីប្រជាធិបតេយ្យ សាមគ្គីភាព និងគ្មានការរើសអើងបក្សនយោបាយ។ លោកថា នឹងប្ដេជ្ញាបន្តការកសាងទំនុកចិត្ត និងសាមគ្គីផ្ទៃក្នុងរបស់ក្រុមប្រឹក្សាសង្កាត់ថ្មីឲ្យបានកាន់តែល្អ ដើម្បីរួមគ្នាបម្រើបំណងរបស់ពលរដ្ឋដែលចង់ឲ្យមានយុត្តិធម៌ និងការអភិវឌ្ឍក្នុងមូលដ្ឋាន៖ «បក្សមួយធ្វើផ្សេង បក្សមួយធ្វើផ្សិង អ៊ីចឹងការអភិវឌ្ឍអត់រីកចម្រើនទេ។ គោលដៅយើងតែមួយទេ គឺអភិវឌ្ឍរួមគ្នា។ ពួកគាត់អត់មានរើសអើងគណបក្សសង្គ្រោះជាតិ ហើយបក្សសង្គ្រោះជាតិ ក៏អត់រើសអើងពួកគាត់»។
អាជ្ញាធរខេត្តរតនគិរី កំពុងចាត់មន្ត្រីរៀបចំប្រកាសសុពលភាព និងផ្ទេរតំណែងក្រុមប្រឹក្សាចំនួន ៥០ឃុំ-សង្កាត់ដែលទើបឈ្នះឆ្នោតក្នុងឱកាសបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ ដែលនឹងត្រូវចូលបំពេញការងារចាប់ពីពេលប្រកាសសុពលភាពរួចរាល់ ក្នុងនោះគណបក្សសង្គ្រោះជាតិ ឈ្នះជាមេឃុំពីរឃុំ-សង្កាត់ ចំណែកគណបក្សប្រជាជនកម្ពុជា ឈ្នះ ៤៨ឃុំ-សង្កាត់។
លេខាអង្គការខុមហ្វ្រែល (Comfrel) ខេត្តរតនគិរី លោក ជូន ភីនដារ៉ា ដែលបានចូលរួមពិធីផ្ទេរភារកិច្ចចៅសង្កាត់ឡាបានសៀក សាទរសារណែនាំរបស់មន្ត្រីគណបក្សកាន់អំណាចនៅខេត្តរតនគិរី ដែលជំរុញឲ្យក្រុមប្រឹក្សាសង្កាត់ថ្មី រួមគ្នាបំពេញការងារដោយគ្មានការរើសអើងគណបក្សនយោបាយ។
លោកថា មន្ត្រីក្រុមប្រឹក្សាសង្កាត់ថ្មីជាបេក្ខភាពគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា ត្រូវតែអនុវត្តតាមគោលនយោបាយបក្សដែលបានសន្យាជាមួយពលរដ្ឋម្ចាស់ឆ្នោត៖ «ជាចំណុចល្អៗដែលគាត់បានផ្តល់ គួរធ្វើតាមសេចក្តីណែនាំ ឬតាមនីតិវិធីផ្សេងៗដែលមាន និងការទទួលស្គាល់ដោយក្រសួងមហាផ្ទៃ ទាក់ទងការអភិវឌ្ឍនៅមូលដ្ឋាន»។
អភិបាលរងខេត្តរតនគិរី លោក លី វិន កត់សម្គាល់ថា កន្លងទៅ សកម្មជននយោបាយតែងលាបពណ៌គ្នាទៅវិញទៅមក ធ្វើឲ្យខាតបង់ផលប្រយោជន៍ពលរដ្ឋ។ លោកប្រៀបប្រដូចចៅសង្កាត់ទៅនឹងមនុស្សដែលមានក្បាលពីរ គឺក្បាលមួយគិតគូរផែនការដឹកនាំក្រុមប្រឹក្សាឃុំ និងក្បាលមួយទៀត ត្រូវអនុវត្តតួនាទីបម្រើរាស្ត្រពិតប្រាកដ៖ «ឥឡូវមិនមែនប្រយោជន៍គណបក្សទេ ប្រយោជន៍រួម ដូច្នេះអ្វីដែលយើងសន្យាទាំងប៉ុន្មាន យើងនាំគ្នាធ្វើទៅ។ យើងត្រូវខិតខំទាំងអស់គ្នាទៅអ្នកចេះបង្រៀនអ្នកមិនចេះ»។
ទោះបីជាយ៉ាងនេះក្តី ប្រជាពលរដ្ឋសង្កាត់ឡាបានសៀក ភាគច្រើនដែលបោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិ ឈ្នះឆ្នោតអះអាងថា បញ្ហាអសកម្មដែលបន្សល់ពីមេឃុំអាណត្តិមុនៗដូចជាបញ្ហាសំរាមកកស្ទះនៅទីផ្សារ បញ្ហាតម្លៃកសិផលចុះថោក ដែលទាមទារឲ្យចៅសង្កាត់ថ្មីដោះស្រាយ៕