Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

លោក ប្រ៊ែដ អាដាម ថា​ចរិត​លោក ហ៊ុន សែន គឺ​ដោះលែង​ម្នាក់​ចាប់​មក​វិញ​ពីរ​នាក់

$
0
0

នាយក​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) មិន​ភ្ញាក់ផ្អើល​នឹង​ការ​ដោះលែង​មន្ត្រី​សិទ្ធិ​មនុស្ស​នា​ពេល​ថ្មីៗ​នេះ​ទេ ព្រោះ​រដ្ឋាភិបាល​រង​សម្ពាធ​អន្តរជាតិ។ លោក​ថា គេ​មិន​ត្រូវ​អរគុណ​លោក ហ៊ុន សែន ចំពោះ​ការ​ដោះលែង​នេះ​ទេ តែ​ត្រូវ​ប្រាប់​លោក ហ៊ុន សែន ឲ្យ​ល្មម​ឈប់​ប្រព្រឹត្ត​ការ​ចាប់​ចង​មនុស្ស​តាម​តែ​អំពើ​ចិត្ត​តទៅទៀត។

លោក មួង ណារ៉េត៖ តើ​លោក​យល់​យ៉ាង​ដូចម្តេច​ចំពោះ​ការ​ដោះលែង​មន្ត្រី​សិទ្ធិ​មនុស្ស ៤​រូប រួម​មាន​លោក នី សុខា លោក ណៃ វ៉ង់ដា លោក យី សុខសាន្ត អ្នកស្រី លឹម មុន្នី និង​មន្ត្រី គ..ប មួយ​រូប គឺ​លោក នី ចរិយា កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ?

លោក ប៊្រែដ អាដាម៖ យើង​តែងតែ​ស្វាគមន៍​រាល់​ការ​ដោះលែង​មនុស្ស​ដែល​គេ​ចាប់​ដាក់​ពន្ធនាគារ​ទាំង​គ្មាន​ហេតុផល។ យើង​ខ្ញុំ​ត្រេកអរ​ដែល​មន្ត្រី​សិទ្ធិ​មនុស្ស​អង្គការ​អាដហុក (ADHOC) ត្រូវ​បាន​គេ​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​វិញ។

លោក មួង ណារ៉េត៖ លោក ហ៊ុន សែន ធ្លាប់​ស្នើ​ឲ្យ​លោក​ឈប់​ចងកម្ម​ចងពៀរ​នឹង​លោក និង​សុំ​ឲ្យ​លោក​ចេះ​និយាយ​ល្អ​អំពី​រដ្ឋាភិបាល​កម្ពុជា ខ្លះ​ផង។ ឥឡូវ​មាន​ការ​ដោះលែង​មន្ត្រី​សិទ្ធិ​មនុស្ស​ដូច្នេះ តើ​ល្មម​អាច​ឲ្យ​អង្គការ​សិទ្ធិ​មនុស្ស​និយាយ​ល្អ​អ្វី​ខ្លះ​ក្នុង​រឿង​នេះ​ហើយ​ឬ​នៅ?

លោក ប៊្រែដ អាដាម៖ ដូចជា​គ្មាន​រឿង​អ្វី​ដែល​យើង​និយាយ​សរសើរ​រដ្ឋាភិបាល​កម្ពុជា ចំពោះ​ការ​ដោះលែង​នេះ​នោះ​ទេ ព្រោះ​មន្ត្រី​សិទ្ធិ​មនុស្ស​ទាំងអស់​នោះ​មិន​សម​នឹង​ជាប់​ពន្ធនាគារ​តាំង​ពី​ដំបូង​មក​ម្ល៉េះ។ ជា​រឿង​យង់ឃ្នង​ខ្លាំង​ណាស់​ដែល​ចាប់​ពួក​គាត់​ដាក់​ពន្ធនាគារ​យ៉ាង​ដូច្នេះ។ មួយ​ឆ្នាំ​ជាង​នៅ​ក្នុង​គុក ពួក​គាត់ និង​ក្រុម​គ្រួសារ​រង​ទុក្ខ​ខ្លោចផ្សា​ខ្លាំង​ណាស់។ សុខភាព​របស់​ពួក​គាត់​ចុះ​ទ្រុឌទ្រោម​រហូត​ដល់​មាន​អ្នក​ខ្លះ​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​នៅ​ក្នុង​គុក។ ដូច្នេះ អ្វី​ដែល​ខ្ញុំ​ចង់​ជម្រាប​ទៅ​រដ្ឋាភិបាល គឺ​ខ្ញុំ​គ្មាន​រឿង​អ្វី​ដែល​ត្រូវ​អរគុណ​ទេ។ តែ​ខ្ញុំ​សុំ​ផ្ដាំ​ឲ្យ​ឈប់​ធ្វើ​អ៊ីចឹង​តទៅទៀត! ត្រូវ​ចេះ​គោរព​ច្បាប់! ត្រូវ​ចេះ​ធ្វើ​អ្វី​ឲ្យ​មាន​ការ​ទទួល​ខុស​ត្រូវ! ត្រូវ​គោរព​លទ្ធិប្រជាធិបតេយ្យ ចេះ​ទទួល​មតិ​រិះគន់ និង​ល្មម​ធ្វើ​ខ្លួន​ឲ្យ​ទៅ​ជា​មនុស្ស​ចាស់​ចិត្ត​ចាស់​គំនិត​ខ្លះ​ហើយ!

លោក មួង ណារ៉េត៖ មតិ​ជាតិ និង​អន្តរជាតិ​ចាត់​ទុក​ករណី​មន្ត្រី​សិទ្ធិ​មនុស្ស​នេះ ថា​ជា​រឿង​នយោបាយ ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាល​វិញ​អះអាង​ថា រឿង​នេះ​គឺ​ជា​សមត្ថកិច្ច​តុលាការ​សុទ្ធសាធ គ្មាន​អ្វី​ទាក់ទង​នឹង​ការ​លូក​ដៃ​ពី​រដ្ឋាភិបាល​ទេ។ តើ​លោក​យល់​យ៉ាង​ណា​ចំពោះ​រឿង​នេះ?

លោក ប៊្រែដ អាដាម៖ ការ​ដោះលែង​នេះ គឺ​ជា​បញ្ជា​របស់​រដ្ឋាភិបាល ១០០%។ លោក ហ៊ុន សែន ជា​អ្នក​បញ្ជា។ កាល​ពី​មុន​ចាប់​មន្ត្រី​ទាំងនោះ លោក ហ៊ុន សែន បាន​និយាយ​ព្រមាន​ដល់​អង្គការ​សង្គម​ស៊ីវិល​ជាច្រើន​លើក​ច្រើនសា។ ជា​ញឹកញាប់ លោក ហ៊ុន សែន ថ្លែង​សារ​ជា​សាធារណៈ​បញ្ជា​ឲ្យ​តុលាការ​ចាប់​មនុស្ស​ទៅ​តាម​បញ្ជា​របស់​គាត់។ ការណ៍​ដែល​ថា រឿង​នេះ​ជា​រឿង​របស់​តុលាការ គឺ​ពិត​ជា​គួរ​ឲ្យ​អស់​សំណើច​ណាស់។ គេ​ឯង​គ្រប់​គ្នា​ច្បាស់​ជា​សើច​ចំអក​ដល់​ការ​លើក​ឡើង​បែប​នេះ។ សូម្បី​តែ​ខាង​ស្ថានទូត​បរទេស ក៏​គេ​សើច​ដែរ នៅ​ពេល​រដ្ឋាភិបាល​ថា​ការ​ដោះលែង​នេះ​គ្មាន​ការ​លូក​ដៃ​ពី​រដ្ឋាភិបាល។

លោក មួង ណារ៉េត៖ ស្រប​ពេល​ដោះលែង​មន្ត្រី​សិទ្ធិ​មនុស្ស ៥​នាក់ លោក ហ៊ុន សែន ក៏​បាន​ព្រមាន​ចាត់ការ​បណ្ដុំ​អង្គការ​សង្គម​ស៊ីវិល ៤០​អង្គការ​ដែល​បង្កើត​បន្ទប់​ស្ថានការណ៍​ស្ដីពី​ការ​បោះឆ្នោត។ តើ​ចំណាត់ការ​នេះ​ប៉ះពាល់​អ្វី​ខ្លះ​ដល់​សិទ្ធិ​សេរីភាព​ក្នុង​ការ​បំពេញ​សកម្មភាព​ការងារ​របស់​អង្គការ​សង្គម​ស៊ីវិល​ទាំងនេះ?

លោក ប៊្រែដ អាដាម៖ លោក ហ៊ុន សែន ចាត់​ទុក​អង្គការ​សង្គម​ស៊ីវិល​ថា​ជា​ខ្មាំង​សត្រូវ​របស់​គាត់​តាំង​តែ​ពី​ដើម​មក។ លោក ហ៊ុន សែន មិន​ចេះ​ដូរ​ចរិត​ទេ។ គាត់​ដូរ​តែ​ល្បិច​ស្នៀត​របស់​គាត់​តែ​ប៉ុណ្ណោះ។ ខ្ញុំ​យល់​ថា លោក ហ៊ុន សែន ច្បាស់​ជា​ធុញទ្រាន់​នឹង​សម្ពាធ​របស់​អន្តរជាតិ​ខ្លាំង​ហើយ។

លោក មួង ណារ៉េត៖ តើ​លោក ហ៊ុន សែន រង​សម្ពាធ​អន្តរជាតិ​យ៉ាង​ដូចម្តេច បើ​គាត់​ទើប​បញ្ជា​ឲ្យ​ក្រសួង​មហាផ្ទៃ ឲ្យ​បិទ​សកម្មភាព​បន្ទប់​ស្ថានការណ៍?

លោក ប៊្រែដ អាដាម៖ លោក ហ៊ុន សែន ម្ង៉ៃៗ​រិះ​រក​តែ​កលល្បិច​ទេ។ ល្បិច​ទាំងនោះ​មាន​ដូចជា ថា​តើ​ត្រូវ​ធ្វើ​យ៉ាង​ម៉េច​ដើម្បី​បន្ធូរ​សម្ពាធ​មក​លើ​គាត់ និង​ទម្លាក់​វា​ទៅ​លើ​អ្នក​ដទៃ​ឲ្យ​រងគ្រោះ​ជំនួស។ និយាយ​រួម លោក ហ៊ុន សែន និង​លោក ដូណាល់ ត្រាំ (Donald Trump) មាន​ចំណុច​ដូច​គ្នា​ច្រើន​ត្រង់​អា​ខាង​ធ្វើ​អ្វី​ស្រេច​តែ​ក្បាល​ចិត្ត។ ការ​ដោះលែង​មន្ត្រី​សិទ្ធិ​មនុស្ស​នេះ គឺ​គាត់​ចង់​បាន​ការ​សរសើរ​ពី​មតិ​ជាតិ​ផង និង​មតិ​អន្តរជាតិ​ផង។ ប៉ុន្តែ​ទោះ​គាត់​ធ្វើ​ដូច្នេះ គ្មាន​អ្វី​អាច​ផ្លាស់ប្ដូរ​ចរិត​គាត់​បាន​ទេ។ ដូរ​មិន​បាន​ត្រង់​ថា ថ្ងៃ​នេះ​គាត់​ដោះលែង​ពីរ​បី​នាក់ ថ្ងៃ​ក្រោយ​គាត់​ចាប់​វិញ​បួន​ដប់​នាក់​ទៀត។ ល្បិច​បែប​នេះ​កើត​មាន​នៅ​ប្រទេស​កុម្មុយនីស្ត​ជា​អលជ្ជី ដូចជា​នៅ​ប្រទេស​វៀតណាម និង​ប្រទេស​ចិន។

កាលណា​សហគមន៍​អន្តរជាតិ​ដាក់​សម្ពាធ​ខ្លាំង​លើ​បញ្ហា​អ្នក​ទោស​មនសិការ ពួក​គេ​ចាប់​ផ្ដើម​បន្ធូរ​សម្ពាធ​នេះ ដោយ​ដោះលែង​ម្នាក់​ពីរ​នាក់។ ប៉ុន្តែ​មិន​យូរ​មិន​ឆាប់ គាត់​នឹង​ចាប់​បួន​ដប់​នាក់​ផ្សេង​ទៀត​យក​មក​ដាក់​គុក។ ការ​ធ្វើ​ដូច្នេះ គឺ​ជា​វិធី​បន្ត​គ្រប់គ្រង​ប្រទេស​ដោយ​ផ្តាច់​មុខ​ដោយ​បក្ស​របស់​ខ្លួន។ ការ​ធ្វើ​នេះ គឺ​ដើម្បី​បំបាក់​ស្មារតី​អ្នក​ហ៊ាន​រិះគន់ ឬ​ប្រឆាំង​រដ្ឋាភិបាល។ រឿង​នេះ​លោក ហ៊ុន សែន ធ្វើ​ដដែលៗ​អស់​ជាង ៣០​ឆ្នាំ​ហើយ ដូច្នេះ​គ្មាន​អ្វី​ឡើយ​ដែល​ត្រូវ​ភ្ញាក់ផ្អើល​នោះ​ទេ។ ដៃ​ម្ខាង​គាត់​ដោះលែង ដៃ​ម្ខាង​គាត់​ចាប់​ទៀត។

លោក មួង ណារ៉េត៖ ថ្មីៗ​នេះ តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា តាម​ការ​ចង់​បាន​របស់​លោក ហ៊ុន សែន បាន​ព្រាង​វិសោធនកម្ម​ច្បាប់​បន្ថែម​ស្ដីពី​គណបក្ស​នយោបាយ ដើម្បី​បញ្ចប់​ជីវិត​នយោបាយ​លោក សម រង្ស៊ី ទាំងស្រុង​តែ​ម្តង។ តើ​ការ​ធ្វើ​ដូច្នេះ​ប៉ះពាល់​អ្វី​ខ្លះ​ដល់​សិទ្ធិ​របស់​លោក សម រង្ស៊ី និង​នីតិរដ្ឋ​នៅ​កម្ពុជា?

លោក ប៊្រែដ អាដាម៖ លោក ហ៊ុន សែន ធ្លាប់​ប៉ុនប៉ង​សម្លាប់​លោក សម រង្ស៊ី តាំង​ពី​ឆ្នាំ​១៩៩៧ ម្ល៉េះ។ កាលណោះ​គាត់​បញ្ជា​ឲ្យ​គេ​បោក​គ្រាប់បែក​ទៅ​លើ​ហ្វូង​បាតុករ ដែល​ដឹកនាំ​ដោយ​លោក សម រង្ស៊ី។ ពេល​គ្រាប់បែក​ផ្ទុះ សមាជិក​នៃ​កង​អង្គរក្ស​លោក ហ៊ុន សែន មាន​វត្តមាន​នៅ​កន្លែង​កើត​ហេតុ។ យើង​ដឹង​ថា​លោក ហ៊ុន សែន បន្ត​ប៉ុនប៉ង​សម្លាប់​លោក សម រង្ស៊ី ច្រើន​លើក​ជា​បន្តបន្ទាប់​មក​ទៀត។ គាត់​ព្យាយាម​ចាប់​លោក សម រង្ស៊ី ដាក់​គុក និង​ប្តឹងផ្តល់​ជាច្រើន​ករណី។ លោក កឹម សុខា ក៏​ធ្លាប់​ជាប់​ពន្ធនាគារ​ដោយសារ​ស្នាដៃ​របស់​លោក ហ៊ុន សែន ដែរ។ លោក កឹម សុខា ធ្លាប់​រត់​ភៀស​ខ្លួន​ចេញ​ទៅ​ក្រៅ​ប្រទេស ដើម្បី​សុវត្ថិភាព​ផ្ទាល់​ខ្លួន។

យើង​ដឹង​ថា លោក ហ៊ុន សែន មិន​ចង់​ឲ្យ​ប្រមុខ​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​បន្ត​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ តទៅទៀត។ លោក ហ៊ុន សែន ចង់​បំបែក​បំបាក់​គណបក្ស​ប្រឆាំង​តាំង​ពី​យូរ​លង់​ណាស់​មក​ហើយ គ្មាន​អ្វី​ឡើយ​ដែល​ត្រូវ​សង្ស័យ​ទេ។ នៅ​ពេល​នេះ បញ្ហា​គឺ​នៅ​ត្រង់​ថា តើ​លោក ហ៊ុន សែន ចំណេញ​អ្វី ប្រសិន​បើ​មាន​ការ​បោះឆ្នោត​មួយ​ដោយ​គ្មាន​មេ​ដឹកនាំ​គណបក្ស​ប្រឆាំង ឬ​មាន​ដែរ តែ​ចាប់​ពួក​គាត់​ដាក់​គុក? ក្នុង​គំនិត​មេ​ដឹកនាំ​ផ្ដាច់ការ បញ្ហា​បែប​នេះ​គឺ​ជា​រឿង​ដែល​ធ្វើ​ឲ្យ​គាត់​ដេក​មិន​លក់​រាល់​យប់។

លោក មួង ណារ៉េត៖ បើ​វិសោធនកម្ម​ច្បាប់​ថ្មី​នេះ​ត្រូវ​បាន​អនុម័ត និង​ចូល​ជា​ធរមាន ដែល​ឈាន​ទៅ​រារាំង​មិន​ឲ្យ​មេ​ដឹកនាំ​គណបក្ស​ប្រឆាំង​ចូលរួម​ក្នុង​ការ​ប្រកួត​ប្រជែង​ក្នុង​ការ​បោះឆ្នោត​ខាង​មុខ តើ​នឹង​ប៉ះពាល់​អ្វី​ខ្លះ​ដល់​ភាព​ស្រប​ច្បាប់​នៃ​ការ​បោះឆ្នោត និង​រដ្ឋាភិបាល​ដែល​កើត​ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ​២០១៨?

លោក ប៊្រែដ អាដាម៖ ខ្ញុំ​គិត​ថា​ការ​បោះឆ្នោត​ជាតិ​ខាង​មុខ ក៏​មិន​ខុស​ពី​ការ​បោះឆ្នោត​មុនៗ​ទេ គឺ​គ្មាន​ភាព​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​នោះ​ទេ។ ខ្ញុំ​ប្រាថ្នា​ចង់​ឃើញ​ការ​បោះឆ្នោត​ត្រឹមត្រូវ​មួយ​ដែរ ប៉ុន្តែ​មើល​ទៅ​ដូច​អត់​ផ្លូវ​ទេ។ ខ្ញុំ​ធ្លាប់​និយាយ​ហើយ​ថា បើ​ការ​បោះឆ្នោត​មាន​ភាព​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ហើយ​គណបក្ស​ប្រជាជន​កម្ពុជា ឈ្នះ​ឆ្នោត ពួក​យើង​នឹង​ស្វាគមន៍​អបអរ​សាទរ​គណបក្ស​កាន់​អំណាច​មួយ​នេះ។ តាម​ពិត អង្គការ​សិទ្ធិ​មនុស្ស​ដូច​ពួក​យើង មិន​ខ្វល់​ថា​នរណា​ឈ្នះ​ឆ្នោត​នោះ​ទេ សំខាន់​គឺ​ឲ្យ​តែ​ដំណើរការ​បោះឆ្នោត​ប្រព្រឹត្ត​ទៅ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌។ ប៉ុន្តែ​ខ្ញុំ​រក​មិន​ឃើញ​ភស្តុតាង​ត្រង់​ណា​ដែល​បង្ហាញ​ថា គណបក្ស​ប្រជាជន​កម្ពុជា ចង់​ឲ្យ​មាន​ការ​បោះឆ្នោត​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​នោះ​ទេ។

ការ​បោះឆ្នោត​ឃុំ-សង្កាត់​កន្លង​ទៅ ក៏​មិន​សេរី ត្រឹមត្រូវ និង​យុត្តិធម៌។ ថ្ងៃ​បោះឆ្នោត​មាន​ភាព​ស្ងប់ស្ងាត់​ល្អ​ក៏​ពិត​មែន ប៉ុន្តែ​បរិយាកាស​បោះឆ្នោត​ជាទូទៅ​មាន​ភាព​លម្អៀង​ទៅ​រក​គណបក្ស​កាន់​អំណាច។ ខ្ញុំ​គិត​ថា លោក ហ៊ុន សែន កំពុង​ជួប​បញ្ហា​ធំ។

កាល​ឆ្នាំ​២០១៣ លោក សម រង្ស៊ី នៅ​ក្រៅ​ប្រទេស​យ៉ាង​យូរ​ដោយសារ​លោក ហ៊ុន សែន គំរាម​ចាប់​ខ្លួន​គាត់។ ប៉ុន្តែ​ពេល​នោះ លោក ហ៊ុន សែន គិត​ឆ្លាត ដោយ​គិត​ថា​បើ​ការ​បោះឆ្នោត​គ្មាន​មេ​ដឹកនាំ​បក្ស​ប្រឆាំង​ចូលរួម នោះ​នឹង​គ្មាន​នរណា​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត​ទេ។ លោក ហ៊ុន សែន ដឹង​ច្បាស់​ថា គាត់​ត្រូវការ​ឲ្យ​មាន​លោក កឹម សុខា និង​លោក សម រង្ស៊ី ចូលរួម​ក្នុង​ការ​បោះឆ្នោត ដើម្បី​ឲ្យ​លទ្ធផល​បោះឆ្នោត​មាន​ភាព​ស្រប​ច្បាប់។ ប៉ុន្តែ​លោក ហ៊ុន សែន កំពុង​ប្រឈម​បញ្ហា​ទ្វេគ្រោះ ព្រោះ​មេ​ដឹកនាំ​គណបក្ស​ប្រឆាំង​មាន​ប្រជាប្រិយ​ខ្លាំង។ បើ​គាត់​អនុញ្ញាត​ឲ្យ​មេ​បក្ស​ប្រឆាំង​ចូលរួម​ប្រកួត គណបក្ស​ប្រជាជន​កម្ពុជា នឹង​ចាញ់​ឆ្នោត។ ដូច្នេះ លោក ហ៊ុន សែន កំពុង​ពិបាក​សម្រេច។ បើ​គាត់​មិន​មែន​ជា​មេ​ដឹកនាំ​ផ្ដាច់ការ គាត់​អត់​ពិបាក​សម្រេច​ទេ។ បើ​គាត់​ជា​អ្នក​គោរព​លទ្ធិប្រជាធិបតេយ្យ ដោយ​ស្វ័យប្រវត្តិ គាត់​ត្រូវ​តែ​អនុញ្ញាត​ឲ្យ​លោក កឹម សុខា និង​លោក សម រង្ស៊ី ចូលរួម​ប្រកួត​ក្នុង​ការ​បោះឆ្នោត​ជាតិ​ខាង​មុខ ដោយ​ឥត​លក្ខខណ្ឌ​អ្វី​ទាំងអស់។

ច្បាប់​ថ្មី​នេះ ច្បាស់​ណាស់​នឹង​ធ្វើ​ឡើង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ប្រសិន​បើ​លោក សម រង្ស៊ី ហ៊ាន​និយាយ​រិះគន់​រដ្ឋាភិបាល ឬ​និយាយ​សរសើរ​គណបក្ស​សង្គ្រោះ​ជាតិ។ ប៉ុន្តែ​បើ​លោក ហ៊ុន សែន ហ៊ាន​ធ្វើ​ដូច្នេះ ប្រជាធិបតេយ្យ​នៅ​ស្រុក​ខ្មែរ​នឹង​ឈាន​ដល់​ទី​អវសាន​ទាំងស្រុង​តែ​ម្តង។ ទង្វើ​របស់​លោក ហ៊ុន សែន បែប​នេះ នឹង​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា ជួប​គ្រោះ​ធំ ដោយសារ​សហគមន៍​អន្តរជាតិ​នឹង​ដាក់​ទណ្ឌកម្ម​យ៉ាង​ដំណំ។ រឿង​នេះ​នឹង​ប៉ះពាល់​ដល់​បញ្ហា​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ទំនាក់ទំនង​យោធា​ជាដើម។ ប្រទេស​កម្ពុជា នឹង​ស្ថិត​ក្នុង​ភាព​ជា​ប្រទេស​ឯកោ​ដូច​កាល​ទសវត្សរ៍​ឆ្នាំ​៩០ ទៀត​ជាក់​ជា​មិន​ខាន។ ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ នឹង​ធ្លាក់​ខ្លួន​ក្នុង​ស្ថានភាព​ក្រីក្រ​កាន់​តែ​ខ្លាំង។ ខ្ញុំ​សង្ឃឹម​ថា លោក ហ៊ុន សែន នឹង​មិន​ធ្វើ​រឿង​ផ្ដេសផ្ដាស​បែប​នេះ​តទៅទៀត​ទេ។ ខ្ញុំ​សង្ឃឹម​ថា លោក ហ៊ុន សែន ចេះ​រៀន​អត់ធ្មត់ និង​រៀន​ធ្វើ​ចិត្ត​ឲ្យ​ត្រជាក់ ដើម្បី​កុំ​ឲ្យ​ប្រទេស​កម្ពុជា ធ្លាក់​ក្នុង​ស្ថានភាព​ដុនដាប​ខ្លាំង​សាជាថ្មី។

លោក មួង ណារ៉េត៖ ថ្មីៗ​នេះ លោក ហ៊ុន សែន ដក​បម្រាម​ដែល​ហាម​លោក សម រង្ស៊ី មិន​ឲ្យ​ចូល​ស្រុក​វិញ។ ការ​ដក​បម្រាម​នេះ គួរ​បាន​ការ​ទទួល​សាទរ ប៉ុន្តែ​ភ្លាមៗ​ក្រោយ​ពី​ដក​បម្រាម​នោះ​ចេញ​ភ្លាម លោក ហ៊ុន សែន បែរ​ជា​ថ្លែង​ជា​សាធារណៈ​បបួល​ឲ្យ​លោក សម រង្ស៊ី ប្រញាប់​ចូល​មក ព្រោះ​មាត់​ទ្វារ​គុក​នៅ​ចំហ​រង់ចាំ។ តើ​ការ​ឌឺដង​បែប​នេះ ស័ក្តិសម​នឹង​កើត​ចេញ​ពី​អ្នក​នយោបាយ​ជើង​ចាស់​ដែល​កាន់​អំណាច​អស់​ជាង ៣២​ឆ្នាំ​ដែរ​ឬ​ទេ? តើ​កម្ពុជា ចំណេញ​អ្វី​ខ្លះ​ពី​ចំណាត់ការ​បែប​នេះ?

លោក ប៊្រែដ អាដាម៖ នេះ​បាន​ចំ​ជា​មនុស្ស​ចិត្ត​ល្អ​មែន! លោក ហ៊ុន សែន មាន​ចិត្ត​សន្តោស​អ្វី​យ៉ាង​នេះ! គាត់​ស្វាគមន៍​លោក សម រង្ស៊ី ឲ្យ​វិល​ចូល​ស្រុក​វិញ ប៉ុន្តែ​បើក​មាត់​ទ្វារ​គុក​រង់ចាំ​ទទួល។ បើ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​ខ្មែរ​វិញ ច្បាស់​ណាស់​គាត់​នឹង​ជាប់​គុក ឬ​ត្រូវ​គេ​ធ្វើ​ទារុណកម្ម ឬ​ត្រូវ​សម្លាប់​ផង។ កាដូ​របស់​លោក ហ៊ុន សែន សម្រាប់​លោក សម រង្ស៊ី គឺ​មិន​ខុស​អ្វី​ពី​ការ​ផ្តល់​ជម្រើស​ត្រូវ​ស្លាប់​ដោយ​គ្រាប់​កាំភ្លើង ឬ​ស្លាប់​ដោយ​ផឹក​ថ្នាំ​ពុល​នោះ​ទេ។ ជម្រើស​មួយ​ណា​ក៏​ស្លាប់​ដូច​គ្នា។ នេះ​បាន​គេ​ហៅ​ថា​ចិត្ត​ជា​ទេវទត្ត មាត់​ជា​ទេវតា​មែន។ មើល​ទៅ​លោក ហ៊ុន សែន ដូចជា​ខ្លាច​លោក សម រង្ស៊ី ខ្លាំង​ណាស់។ ជា​ការពិត​ណាស់ តាម​ការ​ស្ទង់មតិ​សាធារណជន​ទូទៅ លោក សម រង្ស៊ី មាន​ប្រជាប្រិយ​ខ្លាំង​ជាង​លោក ហ៊ុន សែន។

លោក មួង ណារ៉េត៖ សូម​អរគុណ​លោក ប្រ៊ែដ អាដាម ចំពោះ​ការ​ផ្តល់​បទសម្ភាសន៍​នេះ។

លោក ប៊្រែដ អាដាម៖ អរគុណ​ធំៗ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles