Quantcast
Viewing all articles
Browse latest Browse all 11174

អ្នក​វិភាគ​ថា​បំណង​កែប្រែ​ច្បាប់​បក្ស​នយោបាយ​គឺ​ចង់​រឹតត្បិត​សិទ្ធិ​សេរីភាព​ផ្នែក​នយោបាយ

Image may be NSFW.
Clik here to view.

អ្នក​វិភាគ​នយោបាយ និង​អ្នក​តាមដាន​ការ​បោះឆ្នោត លើក​ឡើង​ប្រហាក់ប្រហែល​គ្នា​ថា ការ​អនុម័ត​កែប្រែ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​សាជាថ្មី​ទៀត​តប​តាម​សំណើ​របស់​លោក ហ៊ុន សែន គឺ​ហាក់​មិន​មាន​បំណង​អ្វី​ផ្សេង​ក្រៅ​តែ​ពី​ចង់​រឹតត្បិត​សិទ្ធិ​សេរីភាព​ផ្នែក​នយោបាយ​មក​លើ​គណបក្ស​ប្រឆាំង និង​ចង់​តាម​ប្រមាញ់​បុគ្គល​ម្នាក់​ឲ្យ​បាត់​មុខ​ពី​ឆាក​នយោបាយ​នៅ​កម្ពុជា នោះ​ទេ។

ការ​លើក​ឡើង​នេះ បន្ទាប់​ពី​រដ្ឋសភា​ត្រៀម​ដាក់​សេចក្ដី​ស្នើ​វិសោធនកម្ម​ច្បាប់​ថ្មី​ស្ដីពី​គណបក្ស​នយោបាយ ដើម្បី​ពិភាក្សា និង​អនុម័ត​នៅ​ថ្ងៃ​ច័ន្ទ សប្ដាហ៍​ក្រោយ​នេះ។

បន្ទាប់​ពី​បើក​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា ដើម្បី​ពិនិត្យ​សេចក្ដី​ស្នើ​វិសោធនកម្ម​ច្បាប់​​ស្ដីពី​គណបក្ស​នយោបាយ​ជា​លើក​ទី​ពីរ នៅ​ព្រឹក​ថ្ងៃ​ទី​៦ កក្កដា គឺ​ក្រុម​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​សម្រេច​បញ្ជូន​សំណើ​ធ្វើ​វិសោធនកម្ម​ច្បាប់​ថ្មី​ស្ដីពី​គណបក្ស​នយោបាយ​នោះ ទៅ​ឲ្យ​គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌​នៃ​រដ្ឋសភា ដើម្បី​ពិនិត្យ និង​វាយតម្លៃ ដើម្បី​រាយការណ៍​ទៅ​សមាជិក​អចិន្ត្រៃយ៍ មុន​ដាក់​ទៅ​ក្នុង​កិច្ចប្រជុំ​ពេញ​អង្គ​រដ្ឋសភា នៅ​ថ្ងៃ​ច័ន្ទ ទី​១០ កក្កដា សប្ដាហ៍​ក្រោយ​នេះ ដើម្បី​ពិភាក្សា និង​អនុម័ត។

គណបក្ស​ប្រឆាំង​លើក​ឡើង​ថា ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ម្ដង​ទៀត​នេះ គឺ​មាន​បំណង​តែ​មួយ​គត់ ដើម្បី​ធ្វើ​ឲ្យ​ផ្លូវ​ដើរ​ទៅ​រក​ការ​ប្រកួត​ប្រជែង​នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨ ខាង​មុខ​របស់​បក្ស​ខ្លួន កាន់​តែ​តូច​ចង្អៀត​ប៉ុណ្ណោះ។

អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ថា ក្រុម​តំណាងរាស្ត្រ​របស់​លោក នឹង​មិន​អាច​ចូលរួម​ប្រជុំ​រដ្ឋសភា​ពេញ​អង្គ​ដើម្បី​អនុម័ត​ច្បាប់​មួយ ដែល​រឹតត្បិត​សិទ្ធិ​សេរីភាព​ពលរដ្ឋ រំលោភ​រដ្ឋធម្មនុញ្ញ និង​រំលោភ​លើ​កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​ឡើយ។ លោក​ថ្លែង​ថា ពុំ​មាន​ច្បាប់​ណា​មួយ​បាន​ហាមឃាត់ ឬ​មិន​ឲ្យ​យក​រូបភាព និង​សំឡេង​របស់​បុគ្គល​ម្នាក់​ដែល​តុលាការ​ចោទ​ប្រកាន់​ថា​ជា​ទណ្ឌិត ដើម្បី​ប្រើប្រាស់​សម្រាប់​ស្វែងរក​ការ​គាំទ្រ និង​ស្វែងរក​ប្រជាប្រិយភាព​សម្រាប់​គណបក្ស​នយោបាយ​ណា​មួយ​ឡើយ«ឧទាហរណ៍​ថា​បើ​ឯកឧត្តម សម រង្ស៊ី អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​គាំទ្រ​បោះឆ្នោត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ អា​ហ្នឹង​បើ​យើង​នៅ​ស្ងៀមស្ងាត់​ដោយ​ជំហរ គឺ​មាន​ទោស។ ដូច្នោះ​បើ​មាន​ទណ្ឌិត​ណា​មួយ​អំពាវនាវ​ឲ្យ​បោះឆ្នោត​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ស្ងៀមស្ងាត់។ អ៊ីចឹង​គណបក្ស​ប្រជាជន​កម្ពុជា ក៏​ត្រូវ​រំលាយ​ដូច​គ្នា​ដែរ។ អ៊ីចឹង​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​ប្រកាស​បដិសេធ​អត់​ទទួល​ការ​ប្រកាស​អំពាវនាវ​នោះ​ទេ»

សេចក្ដី​ស្នើ​ច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ និង​ច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ គឺ​បាន​កែប្រែ​មាត្រា​មួយ​ចំនួន និង​បាន​បន្ថែម​មាត្រា​មួយ​ចំនួន​ទៀត។

ជាក់ស្ដែង​នៅ​ក្នុង​មាត្រា​៤៤​ថ្មី (ពីរ) បាន​ចែង​ថា តុលាការ​អាច​សម្រេច​ផ្អាក​សកម្មភាព​គណបក្ស​នយោបាយ​មិន​លើស​ពី ៥​ឆ្នាំ និង​អាច​រំលាយ​គណបក្ស​នយោបាយ​មួយ​បាន ប្រសិន​បើ​គណបក្ស​នយោបាយ​នោះ​ប្រើប្រាស់​ជា​សារ​សំឡេង រូបភាព ឯកសារ​ជា​លាយលក្ខណ៍​អក្សរ ឬ​សកម្មភាព​របស់​ទណ្ឌិត និង​យល់ព្រម​ដោយ​ចំហ ឬ​តុណ្ហីភាព ឬ​ឃុបឃិត​ជាមួយ​ទណ្ឌិត​ឲ្យ​ធ្វើ​សកម្មភាព​ណា​មួយ ដើម្បី​ផល​ប្រយោជន៍​នយោបាយ​សម្រាប់​គណបក្ស​នយោបាយ​នោះ។

លោក អេង ឆៃអ៊ាង បន្ថែម​ទៀត​ថា ការ​ធ្វើ​ច្បាប់​ដើម្បី​ផ្ចាញ់ផ្ចាល​ខ្មែរ​គ្នា​បែប​នេះ មិន​មាន​ផល​ចំណេញ​អ្វី​សម្រាប់​ប្រទេស​ជាតិ​ឡើយ។ ផ្ទុយ​ទៅ​វិញ គួរ​នាំ​គ្នា​រក​វិធីសាស្ត្រ​ដើម្បី​ដោះស្រាយ​បញ្ហា​មួយ​ចំនួន ដូចជា​កសិកម្ម​ចុះ​ថ្លៃ និង​ការ​ធ្លាក់​ចុះ​សីលធម៌​នៅ​ក្នុង​សង្គម ជាដើម។

ទោះ​ជា​យ៉ាង​ណា សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា ប្រធាន​គណៈកម្មការ​កិច្ចការ​បរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន និង​ជា​អ្នក​នាំ​ពាក្យ​រដ្ឋសភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈាន វុន ថ្លែង​ថា គណបក្ស​របស់​លោក​ដែល​មាន​សំឡេង​ភាគច្រើន​នៅ​ក្នុង​សភា នឹង​មិន​ដក​ថយ​ចំពោះ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​នយោបាយ​ថ្មី​នេះ​ឡើយ ព្រោះ​រយៈពេល​កន្លង​ទៅ គណបក្ស​ប្រឆាំង​បាន​និយាយ​ផ្សេង ធ្វើ​ផ្សិង គឺ​ខុស​ពី​អ្វី​ដែល​បាន​តម្កល់​ទុក​នៅ​ក្រសួង​មហាផ្ទៃ ថា​ប្រធាន​គណបក្ស​មាន​តែ​លោក កឹម សុខា។ លោក ឈាង វុន បន្ថែម​ថា ទណ្ឌិត សម រង្ស៊ី នៅ​តែ​ហៅ​ខ្លួន​ថា​ជា​បេក្ខភាព​នាយក​រដ្ឋមន្ត្រី និង​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ប្រធាន​បក្ស​ដដែល និង​ព្រម​ទាំង​ប្រើប្រាស់​រូបភាព​កាន់​ដៃ​គ្នា​ជាមួយ​លោក កឹម សុខា ដើម្បី​ស្វែងរក​សំឡេង​គាំទ្រ​ថែម​ទៀត«ទណ្ឌិត​នៅ​ក្រៅ​ប្រទេស ប្រទេស​ខ្លួន​ឯង​ជា​ប្រធាន​នាយក​រដ្ឋមន្ត្រី​ទៅ​ទៀត អា​ហ្នឹង​យើង​ទទួល​យក​អត់​បាន​ទេ កុំ​ថា​ផ្សិង​ធ្វើ​ផ្សេង ប្រជាពលរដ្ឋ​ធុញទ្រាន់​ណាស់»

កាល​ពី​ថ្ងៃ​ទី​១១ កុម្ភៈ លោក សម រង្ស៊ី បាន​លាលែង​ពី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ គឺ​មុន​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​ក្រុម​តំណាងរាស្ត្រ​គណបក្ស​កាន់​អំណាច​ចំនួន ៦៦​រូប សម្រេច​អនុម័ត​សេចក្ដី​ស្នើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​នេះ​ម្ដង​រួច​ទៅ​ហើយ​នៅ​ថ្ងៃ​ទី​២០ កុម្ភៈ បើ​ទោះ​បី​ជា​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ រិះគន់​ច្បាប់​នេះ​ថា​មាន​បំណង​ដើម្បី​រំលាយ​គណបក្ស​ប្រឆាំង​បែប​ណា​ក្ដី។

ជុំវិញ​គម្រោង​ចង់​អនុម័ត​ច្បាប់​នយោបាយ​ជា​ថ្មី​នេះ ត្រូវ​បាន​អ្នក​វិភាគ​នយោបាយ លោក​បណ្ឌិត មាស នី យល់​ឃើញ​ថា ច្បាប់​នយោបាយ​ថ្មី​នេះ​អាច​រាលដាល​ដល់​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ផ្សេង​ទៀត​ដែល​កំពុង​មាន​ឈ្មោះ​ក្នុង​បញ្ជី​ខ្មៅ​របស់​តុលាការ​រួច​ទៅ​ហើយ។ លោក​បណ្ឌិត​ថា ល្បែង​នយោបាយ​ដើម្បី​ឲ្យ​មាន​ការ​រំលាយ ឬ​ធ្វើ​ឲ្យ​មន្ត្រី​គណបក្ស​ប្រឆាំង​រាយប៉ាយ​ពី​គ្នា​បែប​នេះ គឺ​មិន​មែន​ទើប​តែ​កើត​ឡើង​ទេ គឺ​មាន​តាំង​ពី​ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ​២០១៣ មក​ម្ល៉េះ«អ៊ីចឹង គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​មាន​ជម្រើស ក ខ គ ដើម្បី​ប្រឈម​នឹង​ការ​ផ្លាស់ប្ដូរ​នយោបាយ​បែប​នេះ​បាន»

ចំណែក​លោក សំ គន្ធាមី នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​អព្យាក្រឹត្យ និង​យុត្តិធម៌​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា ឬ​ហៅ​ថា​និកហ្វិច (NICFEC) មើល​ឃើញ​ថា ការ​កែប្រែ​ច្បាប់​នេះ នឹង​ធ្វើ​ឲ្យ​មាន​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​ខាង​ផ្នែក​នយោបាយ​កាន់​តែ​ខ្លាំង​នៅ​ក្នុង​ការ​បោះឆ្នោត​សកល​ឆ្នាំ​២០១៨ ខាង​មុខ។ លោក​ថ្លែង​ថា ទណ្ឌិត​មិន​អាច​មាន​សិទ្ធិ​ទៅ​បោះឆ្នោត និង​ឈរ​ឈ្មោះ​បោះឆ្នោត​ក៏​ពិត​មែន តែ​តាម​ផ្លូវ​ច្បាប់ ទណ្ឌិត​នៅ​មាន​សិទ្ធិ​នយោបាយ និង​សិទ្ធិ​បញ្ចេញ​មតិ ជាដើម៖ «»

លោក សំ គន្ធាមី ព្រួយ​បារម្ភ​ថា នៅ​ពេល​មាន​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​នយោបាយ​កាន់​តែ​ខ្លាំង​បែប​នេះ គឺ​មិន​អាច​ធានា​ថា ការ​បោះឆ្នោត​ឆ្នាំ​២០១៨ ខាង​មុខ នឹង​អាច​ធ្វើ​ឡើង​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​បាន​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles