អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) រកឃើញថា រដ្ឋាភិបាលនានាក្នុងតំបន់អាស៊ីអាគ្នេយ៍មានការបរាជ័យក្នុងការអនុវត្តការលើកកម្ពស់សិទ្ធិមនុស្សនៅក្នុងប្រទេសរបស់ខ្លួន។ ជាលទ្ធផល ស្ត្រីជាច្រើននាក់ក្នុងប្រទេសទាំងនោះ បានក្រោកឈរធ្វើការតវ៉ាយ៉ាងផុសផុល។
សេចក្តីប្រកាសព័ត៌មានរបស់អង្គការលើកលែងទោសអន្តរជាតិ ចេញផ្សាយនៅថ្ងៃទី៨ ខែមីនា ឲ្យដឹងថា ខណៈដែលពិភពលោកប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិ អង្គការលើកលែងទោសអន្តរជាតិ ទទួលស្គាល់ការងាររបស់សកម្មជនសិទ្ធិមនុស្សជាស្ត្រីឆ្នើមចំនួន ៥រូបនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលក្នុងនោះក៏មានអ្នកស្រី ទេព វន្នី មកពីប្រទេសកម្ពុជា ផងដែរ។
ស្ត្រីទាំងនោះតែងហ៊ានប្រឈមមុខនឹងការយាយី ការគំរាមកំហែង ការចាប់ដាក់ពន្ធនាគារ និងអំពើហិង្សាពីសំណាក់អាជ្ញាធររដ្ឋាភិបាល ហើយពួកគេតែងតែងើបឈរតវ៉ាដើម្បីសិទ្ធិសេរីភាពរបស់ពួកគេ។
សេចក្តីប្រកាសព័ត៌មានដដែលនេះបន្តថា អ្នកស្រី ទេព វន្នី សកម្មជនសិទ្ធិដីធ្លី និងលំនៅឋាន បានជាប់ពន្ធនាគារព្រៃសតាំងពីខែសីហា ឆ្នាំ២០១៦ មកម្ល៉េះ ហើយថាការកាត់ទោសអ្នកស្រីដាក់ពន្ធនាគារយ៉ាងដូច្នេះ គឺជាការបំបិទមាត់អ្នកស្រី និងផ្ញើនូវសារបំភិតបំភ័យមួយដល់សកម្មជនដទៃទៀត កុំឲ្យហ៊ានក្រោកឈរដូចអ្នកស្រី។
អ្នកស្រី ទេព វន្នី និងសហគមន៍អ្នកស្រី តែងបានចូលរួមក្នុងសកម្មភាពតវ៉ាដោយសន្តិវិធី ប្រឆាំងនឹងការបណ្ដេញចេញដោយបង្ខំមកលើក្រុមគ្រួសារអ្នកបឹងកក់ជាច្រើនពាន់នាក់ ក្នុងរយៈពេលជិត ១០ឆ្នាំចុងក្រោយនេះ។ ការណ៍នេះ បាននាំឲ្យមានការខឹងសម្បាពីសំណាក់មន្ត្រីអាជ្ញាធរខ្មែរ។ អ្នកស្រី និងសកម្មជនស្ត្រីតំបន់បឹងកក់ដទៃទៀត តែងទទួលរងការចាប់ខ្លួនខុសច្បាប់ ការប្រព្រឹត្តអំពើហិង្សាពីសំណាក់ក្រុមសន្តិសុខ ការកាត់ក្តីតាមប្រព័ន្ធតុលាការដែលមិនយុត្តិធម៌ និងការចាប់ដាក់ពន្ធនាគារ។
យ៉ាងណាក៏ដោយ អ្នកស្រី និងក្រុមសហគមន៍បឹងកក់របស់អ្នកស្រី នៅតែបន្តប្ដេជ្ញាចិត្តក្រោកឈរដើម្បីការពារសិទ្ធិសេរីភាពរបស់ពួកគេ និងយុត្តិធម៌សង្គម៕