Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

តំណាងរាស្ត្រ​អូស្ត្រាលី​រិះគន់​សេចក្ដី​ស្នើ​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ

$
0
0

តំណាងរាស្ត្រ​អូស្ត្រាលី ពី​ខាង​គណបក្ស​ពលករ លោក ម៉ាក ប៊ុតលឺរ៍ (Mark Butler) បាន​រិះគន់​ថា វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ គឺ​ផ្ទុយ​ពី​គោលការណ៍​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស។ លោក ម៉ាក ប៊ុតលឺរ៍ (Mark Butler) អះអាង​ថា គោលការណ៍​ធំៗ​ទាំង​បី​របស់​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ ទី​១ គឺ​ការ​បញ្ចប់​សង្គ្រាម ទី​២ ការ​អភិវឌ្ឍ​ខាង​ផ្នែក​សេដ្ឋកិច្ច​ឲ្យ​ប្រទេស​ចាក​ផុត​ពី​ភាព​ក្រីក្រ ហើយ​ទី​បី គឺ​ការ​គោរព​សិទ្ធិ​របស់​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ។

លោក តាំង សារ៉ាដា៖ ជម្រាប​សួរ​លោក ម៉ាក ប៊ុតលឺរ៍!

ក្នុង​នាម​លោក​ជា​តំណាងរាស្ត្រ​របស់​ប្រទេស​អូស្ត្រាលី តើ​លោក​យល់​ថា​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ ផ្តល់​ផល​ប្រយោជន៍​អ្វី​ខ្លះ​ដល់​ពលរដ្ឋ​កម្ពុជា ជា​រួម?

លោក ម៉ាក ប៊ុតលឺរ៍៖ សហគមន៍​អន្តរជាតិ​មាន​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង​ចំពោះ​ព្រឹត្តិការណ៍​មួយ​ចំនួន​ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ចុង​ក្រោយ​នេះ ដែល​រដ្ឋាភិបាល​កំពុង​ធ្វើ​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ​ដើម្បី​រំលាយ​គណបក្ស​យ៉ាង​ពិត​ប្រាកដ។ ដូច​អ្នក​ដឹង​ថា អូស្ត្រាលី ជា​ប្រទេស​ម្ចាស់​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ហើយ​គោលការណ៍​ធំៗ​ទាំង​បី​របស់​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ ទី​១ គឺ​ការ​បញ្ចប់​សង្គ្រាម ទី​២ ការ​អភិវឌ្ឍ​ខាង​ផ្នែក​សេដ្ឋកិច្ច​ឲ្យ​ប្រទេស​ចាក​ផុត​ពី​ភាព​ក្រីក្រ ហើយ​ទី​បី គឺ​ការ​គោរព​សិទ្ធិ​របស់​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ។ កម្ពុជា នៅ​មិន​ទាន់​អនុវត្ត​បាន​ល្អ​នៅ​ឡើយ​ទេ​អំពី​គោលការណ៍​ទី​បី នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស នេះ។ ខណៈ​ការ​បោះឆ្នោត​ឃុំ-សង្កាត់​នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា ខាង​មុខ សហគមន៍​អន្តរជាតិ​មាន​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង​ចំពោះ​គណបក្ស​កាន់​អំណាច​ក្នុង​ប្រទេស​កម្ពុជា ដែល​កំពុង​ប្រើ​ល្បិច​រារាំង​ពលរដ្ឋ​ពី​ការ​ចូលរួម​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ដោយ​សេរី និង​យុត្តិធម៌។

លោក តាំង សារ៉ាដា៖ តើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​នេះ​មាន​ការ​ប៉ះ​ទង្គិច​យ៉ាង​ណា​ដែរ​ដល់​គោលការណ៍​ប្រជាធិបតេយ្យ?

លោក ម៉ាក ប៊ុតលឺរ៍៖ សហគមន៍​អន្តរជាតិ​នៅ​ពេល​បច្ចុប្បន្ន​មាន​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង​ចំពោះ​លទ្ធភាព​របស់​គណបក្ស​ប្រឆាំង ក៏ដូចជា​សង្គម​ស៊ីវិល ដូចជា​សហជីព ឬ​អ្នក​ឃ្លាំ​មើល​បរិស្ថាន ដែល​លំបាក​បំពេញ​កិច្ចការ​របស់​ខ្លួន​ដោយ​សេរី​នៅ​កម្ពុជា។ ដូច​យើង​ឃើញ​ស្រាប់​ហើយ​ថា មេ​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ត្រូវ​លាលែង​ពី​តំណែង​ដើម្បី​សង្គ្រោះ​គណបក្ស​ប្រឆាំង​ពី​ការ​បំផ្លាញ​របស់​គណបក្ស​កាន់​អំណាច ដើម្បី​កុំ​ឲ្យ​បក្ស​ប្រឆាំង​មួយ​នេះ​អាច​ចូលរួម​ការ​បោះឆ្នោត​ឃុំ-សង្កាត់​នៅ​ពេល​ខាង​មុខ​បាន។ ការ​បំផ្លាញ​គណបក្ស​ប្រឆាំង គឺ​ដូច​គ្នា​ទៅ​នឹង​ការ​បំផ្លាញ​ដំណើរការ​ប្រជាធិបតេយ្យ សេរី​ពហុ​បក្ស​នៅ​កម្ពុជា អ៊ីចឹង​ដែរ។

លោក តាំង សារ៉ាដា៖ តើ​លោក​យល់​ថា​ការ​បោះឆ្នោត​នៅ​ពេល​ខាង​មុខ នឹង​ធ្វើ​ឡើង​ដោយ​សេរី និង​យុត្តិធម៌​ទេ?

លោក ម៉ាក ប៊ុតលឺរ៍៖ កាល​ពី​ឆ្នាំ​កន្លង​ទៅ​មាន​ការ​កែ​ទម្រង់​ដ៏​សំខាន់​ដល់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ប៉ុន្តែ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​នេះ បាន​នាំ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង​ដែល​ថា ការ​បោះឆ្នោត​ឃុំ-សង្កាត់​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាង​មុខ​ទៀត​នេះ នឹង​មិន​អាច​ធ្វើ​ឡើង​ដោយ​សេរី និង​យុត្តិធម៌ ដែល​គ្រប់​ភាគី​អាច​ទទួល​យក​បាន​នោះ​ទេ ខណៈ​ពលរដ្ឋ និង​គណបក្ស​ប្រឆាំង​ជា​ជន​រងគ្រោះ​នៃ​ការ​គាប​សង្កត់​ផ្នែក​នយោបាយ។

លោក តាំង សារ៉ាដា៖ តើ​លោក​មាន​គម្រោង ឬ​យុទ្ធសាស្ត្រ​អ្វី​ក្នុង​ការ​ជំរុញ​ឲ្យ​កម្ពុជា គោរព​ស្តង់ដារ​សិទ្ធិ​មនុស្ស​ក្នុង​កម្រិត​ជា​អន្តរជាតិ​នោះ?

លោក ម៉ាក ប៊ុតលឺរ៍៖ ខ្ញុំ​តែងតែ​ជួប​ពិភាក្សា​ជាមួយ​ពលរដ្ឋ​ខ្មែរ-អូស្ត្រាលី ជាពិសេស​នៅ​តំបន់​របស់​ខ្ញុំ គឺ​នៅ​អូស្ត្រាលី​ខាង​ត្បូង ហើយ​ក្រុម​សភា​តំណាងរាស្ត្រ​របស់​ខ្ញុំ បាន​បន្ត​ជជែក​នៅ​ក្នុង​រដ្ឋសភា​ដើម្បី​ជំរុញ​ឲ្យ​រដ្ឋាភិបាល​អូស្ត្រាលី ប្រកាន់​ជំហរ​របស់​ខ្លួន​ឲ្យ​ច្បាស់លាស់​ក្នុង​ការ​ទាមទារ​ឲ្យ​មាន​ការ​បោះឆ្នោត​នៅ​កម្ពុជា ធ្វើ​ឡើង​ដោយ​សេរី និង​យុត្តិធម៌ ក្នុង​រយៈពេល​បី​ខែ​ខាង​មុខ​ដ៏​ឆាប់​នេះ។

លោក តាំង សារ៉ាដា៖ លោក ម៉ាក ប៊ុតលឺរ៍ ដូច​លោក​ដឹង​ស្រាប់​ហើយ​ថា យ៉ាង​ហោច​ណាស់​មាន​អ្នក​ទោស​នយោបាយ​ជាង ២០​នាក់​កំពុង​ជាប់​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ព្រៃ​ស ដោយសារ​មូលហេតុ​នយោបាយ។ តើ​លោក​មាន​គម្រោង​អ្វី​ខ្លះ ដើម្បី​ជួយ​អ្នក​ទាំងនោះ​ឲ្យ​មាន​សេរីភាព​ឡើង​វិញ?

លោក ម៉ាក ប៊ុតលឺរ៍៖ យើង​បាន​ទាមទារ​ឲ្យ​អាជ្ញាធរ​ទីក្រុង​ភ្នំពេញ ដោះលែង​អ្នក​ទោស​ទាំងឡាយ​ណា​ដែល​ជាប់​ឃុំ​ដោយសារ​សកម្មភាព​នយោបាយ និង​សង្គម។ ការ​ឃុំ​ខ្លួន​អ្នក​ទាំងនេះ គឺ​ផ្ទុយ​ទៅ​នឹង​ស្តង់ដារ​ច្បាប់​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ និង​ផ្ទុយ​ទាំងស្រុង​តែ​ម្តង​ពី​គោលការណ៍​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដែល​ចែង​ពី​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុ​បក្ស។

លោក តាំង សារ៉ាដា៖ សំណួរ​ចុង​ក្រោយ​របស់​ខ្ញុំ ប្រសិន​បើ​គណបក្ស​ពលករ​របស់​លោក​អាច​ដឹកនាំ​រដ្ឋាភិបាល តើ​លោក​នឹង​ធ្វើ​អ្វី​មុន​គេ ដើម្បី​ជួយ​ដល់​កម្ពុជា?

លោក ម៉ាក ប៊ុតលឺរ៍៖ គណបក្ស​ពលករ​ក្នុង​ប្រទេស​អូស្ត្រាលី បាន​ផ្សារភ្ជាប់​យ៉ាង​ជ្រាលជ្រៅ​ជាមួយ​នឹង​ពលរដ្ឋ​ខ្មែរ​នៅ​ទីនេះ រួម​ទាំង​ការ​ចូលរួម​បង្កើត​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ជាដើម។ ដូច្នេះ​យើង​ចង់​បាន​ស្មារតី​នៃ​កិច្ចព្រមព្រៀង​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព និង​ពេញលេញ ជាពិសេស​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុ​បក្ស។

លោក តាំង សារ៉ាដា៖ បាទ! សូម​អរគុណ​លោក ម៉ាក ប៊ុតលឺរ៍ ដែល​បាន​ចំណាយ​ពេល​ជាមួយ​អាស៊ីសេរី!

លោក ម៉ាក ប៊ុតលឺរ៍៖ បាទ! សូម​អរគុណ​ដែល​បាន​សម្ភាស​ជាមួយ​លោក​ម្តង​ទៀត!

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles