Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

ជំទប់​ទី​២​ប្រតិកម្ម​នឹង​អាជ្ញាធរ​ឃុំ​នៅ​ខេត្ត​បាត់ដំបង​ជ្រើសរើស​ប្រជា​ការពារ​ភូមិ​ច្រើន

$
0
0

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ស្រុក​បាណន់ ខេត្ត​បាត់ដំបង ព្រួយ​បារម្ភ​អំពី​អាជ្ញាធរ​ឃុំ​ជ្រើសរើស​ប្រជា​ការពារ​ភូមិ​ជាច្រើន​នាក់ មុន​ពេល​បោះឆ្នោត។ សកម្មជន​រូប​នេះ​បញ្ជាក់​ថា ការ​ជ្រើសរើស​នេះ​ធ្វើ​ឡើង​ខុស​ប្រក្រតី ដែល​អាច​នឹង​យក​ពួក​គេ​ទៅ​ប្រើប្រាស់​ដើម្បី​បម្រើ​ប្រយោជន៍​របស់​គណបក្ស​កាន់​អំណាច។ ប៉ុន្តែ​មេ​ឃុំ​ភ្នំសំពៅ អះអាង​ថា ការ​ជ្រើសរើស​ប្រជា​ការពារ គឺ​ដើម្បី​ជួយ​រក្សា​សន្តិសុខ​ក្នុង​មូលដ្ឋាន។

ជំទប់​ទី​២ ឃុំ​ភ្នំសំពៅ មក​ពី​គណបក្ស សម រង្ស៊ី បាន​ប្រតិកម្ម​នឹង​អាជ្ញាធរ​ឃុំ​ជ្រើសរើស​ប្រជា​ការពារ​ភូមិ​ជាច្រើន​នាក់​បែប​នេះ ថា​ជា​រឿង​មិន​ត្រឹមត្រូវ​ឡើយ។

បេក្ខនារី​ឈរ​ឈ្មោះ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​ភ្នំសំពៅ លេខ​រៀង​ទី​១ គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី ប៊ុត វឿត ផ្ដល់​សម្ភាស​ឲ្យ​អាស៊ីសេរី​នៅ​ព្រឹក​ថ្ងៃ​ទី​៧ មីនា ថា អ្នកស្រី​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​នៅ​ពេល​ដឹង​ថា អាជ្ញាធរ​ឃុំ​បាន​ជ្រើសរើស​ប្រជា​ការពារ​ភូមិ​ជាច្រើន​នាក់​កាល​ពី​ថ្ងៃ​ទី​៥ មីនា កន្លង​ទៅ។ អ្នកស្រី​សង្កត់​ធ្ងន់​ថា ការ​ជ្រើសរើស​ប្រជា​ការពារ​ដ៏​ច្រើន​នៅ​កៀក​ថ្ងៃ​បោះឆ្នោត​នេះ គឺ​អាជ្ញាធរ​ហាក់​មាន​ចេតនា​មិន​ល្អ​ឡើយ។ អ្នកស្រី​បារម្ភ​ខ្លាច​អាជ្ញាធរ​យក​ពួក​គេ​ទៅ​គំរាម​កំហែង និង​បញ្ចុះបញ្ចូល​ឲ្យ​ប្រជាពលរដ្ឋ​បោះឆ្នោត​ឲ្យ​គណបក្ស​កាន់​អំណាច៖ «ព្រោះ​អី​ពួក​គេ​អាង​ខ្លួន​ធ្វើ​ប្រជា​ការពារ ហើយ​ទៅ​និយាយ​អូស​ទាញ​ប្រជាពលរដ្ឋ​អី​អ្នក​គាត់​មិន​ចាប់​អារម្មណ៍​អី ព្រោះ​អ្នក​ស្រុក​ដឹង​ថា ប្រជា​ការពារ​គេ​ត្រូវ​ជួយ​មើល​ពេល​យប់​ព្រលប់​ខ្លាច​មាន​ចោរកម្ម​អី។ បន្ទាប់​ពី​ខ្ញុំ​ដឹង​ព័ត៌មាន​នេះ​ហើយ យើង​នឹង​តាមដាន​ការងារ​នេះ​បន្ត​ទៀត»

ឆ្លើយតប​នឹង​បញ្ហា​នេះ មេ​ឃុំ​ភ្នំសំពៅ លោក នាង ឈឿម មាន​ប្រសាសន៍​ថា ជំហាន​ដំបូង​អាជ្ញាធរ​ឃុំ​បាន​ជ្រើសរើស​ប្រជា​ការពារ​ភូមិ​ចំនួន ៤២​នាក់ និង​បាន​បំពាក់​ឯកសណ្ឋាន​កាល​ពី​ថ្ងៃ​ទី​៥ មីនា រួច​រាល់​ហើយ។ លោក​អះអាង​ថា ប្រជា​ការពារ​ទាំងអស់​នេះ​ដើម្បី​ជួយ​ការពារ​សន្តិសុខ និង​សុវត្ថិភាព​នៅ​ក្នុង​មូលដ្ឋាន គឺ​ពុំ​មែន​ដើម្បី​បម្រើ​ប្រយោជន៍​របស់​គណបក្ស​ណា​មួយ​នោះ​ទេ៖ «បាទ! គ្រាន់​តែ​រាយការណ៍​ដូច​មាន​គ្រឿង​ញៀន ល្បែង​ស៊ី​សង ហើយ​ត្រូវ​ដោះស្រាយ​យ៉ាង​ម៉េច​អី យើង​អាច​រាយការណ៍​ទៅ​ប៉ូលិស​បាន​ទាន់​ពេល។ ក៏ប៉ុន្តែ​ពួក​គេ​គ្មាន​អាវុធ​នៅ​ក្នុង​ដៃ​ទេ»

ចំណែក​ពលរដ្ឋ​មួយ​ចំនួន​រស់នៅ​ឃុំ​ភ្នំសំពៅ អះអាង​ថា បើ​ទោះ​ជា​មាន​ក្រុម​យុវជន និង​ប្រជា​ការពារ​មក​ពី​ខាង​គណបក្ស​ណា​ក៏ដោយ ក៏​មិន​អាច​ទាញ​ទឹក​ចិត្ត​របស់​ពួក​គាត់​បាន​នោះ​ឡើយ៖ «ខ្ញុំ​មិន​ធ្វើ​អី​ផ្ដេសផ្ដាស​ឡើយ ព្រោះ​ខ្ញុំ​មាន​ដំណាក់កាល​ជ្រើសរើស​ថ្នាក់​ដឹកនាំ​ក្នុង​ឃុំ​ប្រចាំ​ចិត្ត​ខ្ញុំ​រួច​ទៅ​ហើយ។ ទេ​បង! ក្នុង​ចិត្ត​ខ្ញុំ គឺ​មិន​បោះឆ្នោត​ឲ្យ​អ្នក​ណា​ផ្ដេសផ្ដាស​ទេ។ ខ្ញុំ​សម្រេច​ពិត​ប្រាកដ​នៅ​ថ្ងៃ​បោះឆ្នោត​មក​ដល់»

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​បាត់ដំបង លោក យិន ម៉េងលី មិន​គាំទ្រ​ចំពោះ​ការ​ជ្រើសរើស​ប្រជា​ការពារ​ភូមិ​នេះ​ឡើយ។ លោក​សង្កត់​ធ្ងន់​ថា ប្រសិន​បើ​អាជ្ញាធរ​ចង់​ការពារ​សន្តិសុខ​សុវត្ថិភាព​ក្នុង​មូលដ្ឋាន​ឲ្យ​បាន​ល្អ គឺ​ត្រូវ​បង្កើន​ចំនួន​ប៉ូលិស​ក្នុង​ក្របខ័ណ្ឌ​រដ្ឋ​ជា​ការ​ប្រសើរ​ជាង៖ «ពាក់ព័ន្ធ​ការ​គំរាម​កំហែង ខ្ញុំ​គិត​ថា​សម័យ​នេះ ប្រជាពលរដ្ឋ​បាន​យល់​ច្បាស់​ណាស់ ដូច​តាម​ព័ត៌មាន​បណ្ដាញ​សង្គម​អី​ជាដើម ដែល​ពួក​គាត់​អាច​ប្រើប្រាស់​ប្រព័ន្ធ​នេះ​ដើម្បី​ផ្ដល់​ព័ត៌មាន​ឲ្យ​គ្នា ឬ​អាច​យក​ទៅ​ប្ដឹង​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍​បាន ព្រោះ​ប្រជាពលរដ្ឋ​មិន​ល្ងង់​ដូច​សម័យ​មុន​នោះ​ទេ»

មេ​ឃុំ​ភ្នំសំពៅ ឲ្យ​ដឹង​ថា ជំហាន​បន្ទាប់ អាជ្ញាធរ​ឃុំ​គ្រោង​ជ្រើសរើស​ប្រជា​ការពារ​ឲ្យ​បាន​ជាង ១០០​នាក់​នៅ​មុន​ថ្ងៃ​បោះឆ្នោត ដើម្បី​ការពារ​សន្តិសុខ​នៅ​ក្នុង​ឃុំ។ នៅ​ឃុំ​មួយ​នេះ​មាន​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ចំនួន ៩​នាក់ ក្នុង​នោះ​មក​ពី​គណបក្ស​កាន់​អំណាច ៨​ម្នាក់ និង​គណបក្ស​ប្រឆាំង​ម្នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles