ការដោះស្រាយវិវាទដីធ្លីរ៉ាំរ៉ៃរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុន ផាន អ៊ីម៉ិច (Phan Imex) របស់អ្នកស្រី ស៊ុយ សុផាន នៅបុរីកីឡា ដែលបានអូសបន្លាយជាច្រើនឆ្នាំមកហើយនោះ ត្រូវបានមន្ត្រីសាលារាជធានីភ្នំពេញ និងអង្គការសង្គមស៊ីវិល យល់ស្របថា មានភាពវិជ្ជមានច្រើន។
អភិបាលរងរាជធានីភ្នំពេញ លោក មាន ចាន់យ៉ាដា ថ្លែងក្នុងសន្និសីទកាសែតនៅថ្ងៃទី៧ មីនា ថា ការដោះស្រាយបញ្ចប់វិវាទដីធ្លីរបស់អ្នកបុរីកីឡា នៅសល់តិចជាង ១០% ប៉ុណ្ណោះ៖ «អ៊ីចឹងអ្វីដែលសំខាន់ឈានទៅបញ្ចប់ គឺបងប្អូនប្រជាពលរដ្ឋខ្លួនឯងស្ម័គ្រចិត្តមកបន្តការពិភាក្សាជាមួយនឹងក្រុមការងារ ក្នុងគោលបំណងស្មោះត្រង់ដោយមិនបង្កប់នូវគោលបំណងផ្សេង។ អាហ្នឹងយើងបញ្ចប់បានហើយ ប៉ុន្តែបើយើងមកដោះស្រាយដោយបង្កប់នូវរឿងផ្សេង អាហ្នឹងពិបាក»។
ចំនួនតិចជាង ១០% ដែលត្រូវដោះស្រាយបន្តនេះ គឺលោក មាន ចាន់យ៉ាដា ថ្លែងសំដៅពលរដ្ឋចំនួន ១៥គ្រួសារទៀតដែលមិនទទួលយកគោលការណ៍ដោះស្រាយរបស់គណៈកម្មការចម្រុះកន្លងមក៖ «គឺយើងសុំឲ្យអ្នកដែលនៅសេសសល់ចំនួន ១៥គ្រួសារ ដែលពុំទាន់ទទួលយកលទ្ធផលចុងក្រោយរបស់គណៈកម្មការចម្រុះ អញ្ជើញមកទំនាក់ទំនងជាមួយការិយាល័យអភិវឌ្ឍន៍សហគមន៍ក្រីក្រ នៃទីចាត់ការផែនការ និងវិនិយោគ ដើម្បីទទួលយកគោលនយោបាយដែលគាត់ត្រូវទទួលបានក្នុងរយៈពេលមួយខែ ចាប់ពីពេលជូនដំណឹងនេះតទៅ។ ផុតពេលវេលានៃការជូនដំណឹងជាផ្លូវការនេះ គឺយើងមិនទទួលខុសត្រូវនូវការដោះស្រាយបញ្ហារបស់បុរីកីឡាបន្តទៀតទេ»។
ដំណោះស្រាយរបស់គណៈកម្មការចម្រុះសម្រាប់អ្នកបុរីកីឡាកន្លងទៅ គឺតាមគោលការណ៍ទទួលផ្ទះនៅអគារសង់ថ្មីនៅបុរីកីឡា ដែលសង់ដោយក្រុមហ៊ុន ផាន អ៊ីម៉ិច (PhanImex) របស់អ្នកស្រី ស៊ុយ សុផាន។ ទីពីរ ទទួលផ្ទះនៅសហគមន៍អណ្ដូង ១ខ្នង បូកនឹងថវិកា ២ពាន់ដុល្លារ ឬយកថវិកាជាកញ្ចប់ ៥ពាន់ដុល្លារ។ ដោយឡែកអ្នកអត់មានឯកសារអ្វីបញ្ជាក់ គឺត្រូវទទួលយកថវិកាដោះស្រាយចំនួន ៣ពាន់ដុល្លារ។
លោក មាន ចាន់យ៉ាដា មានប្រសាសន៍ថា បញ្ហាអ្នកបុរីកីឡាជាមួយក្រុមហ៊ុន ផាន អ៊ីម៉ិច (Phan Imex) របស់អ្នកស្រី ស៊ុយ សុផាន ជាបញ្ហាស្មុគស្មាញពិបាកដោះស្រាយ ដែលជាហេតុធ្វើឲ្យចំណាយពេលយូរ។ ក្រុមហ៊ុន ផាន អ៊ីម៉ិច ជាប់កិច្ចសន្យាជាមួយរដ្ឋាភិបាលសង់អគារចំនួន ១០ សម្រាប់អ្នកបុរីកីឡា ប៉ុន្តែក្រុមហ៊ុនបញ្ឈប់ការសាងសង់ត្រឹមអគារទី៨ ដោយលើកហេតុផលថា ក្ស័យធន។
ប្រធានក្រុមហ៊ុន ផាន អ៊ីម៉ិច (Phan Imex) អ្នកស្រី ស៊ុយ សុផាន ថ្លែងថា នៅពេលនេះជាការដោះស្រាយរបស់អាជ្ញាធរភ្នំពេញ៖ «»។
មន្ត្រីកម្មវិធីកែទម្រង់ដីធ្លី នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) លោក វណ្ណ សុផាត ថ្លែងថា តាមការសង្កេតតាំងពីឆ្នាំ២០១៤ មក សាលារាជធានីភ្នំពេញ ក៏ដូចជាស្ថាប័នដែលពាក់ព័ន្ធ មានការខិតខំប្រឹងប្រែងដំណោះស្រាយនេះយ៉ាងពិតប្រាកដ៖ «រហូតមកដល់បច្ចុប្បន្ននេះ គឺថានៅសល់តែ ១៥គ្រួសារទេ។ អ៊ីចឹងឃើញថា លទ្ធផលនេះមានវិជ្ជមានភាគច្រើន ហើយយើងសង្ឃឹមថា ដំណោះស្រាយនេះរវាងអាជ្ញាធរ ក្រុមហ៊ុន ហើយនិងស្ថាប័នពាក់ព័ន្ធ សហគមន៍មានការយោគយល់គ្នាតទៅទៀត ហើយនឹងខិតខំរកដំណោះស្រាយដោយសន្តិវិធី»។
នាយកប្រតិបត្តិនៃអង្គការការងារពិសេសសិទ្ធិលំនៅឋាន លោក សៀ ភារម្យ ចង់ឲ្យអ្នកបុរីកីឡាដែលនៅសល់ ចូលដោះស្រាយបញ្ហានេះឲ្យឆាប់ចប់៖ «»។
ក្នុងពេលដែលសន្និសីទកាសែតស្ដីពីការវិវឌ្ឍន៍នៃដំណោះស្រាយប្រព្រឹត្តទៅនៅខាងក្នុងសាលារាជធានីភ្នំពេញ អតីតពលរដ្ឋសហគមន៍បុរីកីឡា ដែលត្រូវបានអាជ្ញាធរដឹកបង្ខំឲ្យទៅរស់នៅភ្នំបាត រាប់សិបនាក់ នាំគ្នាតវ៉ានៅខាងក្រៅសាលារាជធានីភ្នំពេញ ទាមទារសំណងថែមទៀត៖ «»។
អភិបាលរងរាជធានីភ្នំពេញ លោក មាន ចាន់យ៉ាដា មានប្រសាសន៍ថា ជំហានបន្តដែលសាលារាជធានីភ្នំពេញត្រូវធ្វើ គឺការសង់ព្រំដីឲ្យដាច់ពីគ្នារវាងដីក្រុមហ៊ុន និងដីសហគមន៍ ធ្វើផ្លូវក្រោយអគារប្រវែង ២២៣ម៉ែត្រ រៀបចំសណ្ដាប់ធ្នាប់ផ្សារឡើងវិញ និងរៀបចំអ្នករស់នៅក្នុងអគារសង់ថ្មីឲ្យមានរចនាសម្ព័ន្ធភូមិឋិតនៅក្រោមការគ្រប់គ្រងរបស់អាជ្ញាធរមូលដ្ឋាន ដែលកន្លងទៅ ពួកគាត់ឋិតនៅក្រោមការគ្រប់គ្រងរបស់ប្រធានសហគមន៍៕