គណបក្សប្រជាជនកម្ពុជា ប្រកាសស្វាគមន៍ការផ្តាច់ខ្លួនពីគណបក្សប្រឆាំង ឬគណបក្សផ្សេងទៀតមកចូលរួមក្នុងជីវភាពនយោបាយជាមួយគណបក្សនេះ។ ប៉ុន្តែអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា គឺលោក សុខ ឥសាន បញ្ជាក់ថា អ្នកទាំងនោះត្រូវជម្រះបណ្ដឹងទាំងឡាយនៅតុលាការកាលពីនៅក្នុងគណបក្សចាស់ជាមុនសិន។
ការបញ្ជាក់បែបនេះ ក្រោយពីសមាជិកក្រុមប្រឹក្សាសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ មួយរូបមកពីគណបក្សសង្គ្រោះជាតិ ដាក់ពាក្យសុំលាលែងពីគណបក្ស ហើយប្រកាសចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា។
លោក លី សុគន្ធ កំពុងជាប់បណ្ដឹងនៅតុលាការ ហើយត្រូវបានសមត្ថកិច្ចចាប់ឃុំខ្លួននៅពន្ធនាគារកាលពីថ្ងៃទី១៦ កុម្ភៈ ពីបទក្លែងលិខិតសាធារណៈដែលបានចេញប័ណ្ណនៅលើគណបក្សនយោបាយ។
លិខិតលាលែងរបស់លោក លី សុគន្ធ ជាបេក្ខជនឈរឈ្មោះលេខរៀងទី២ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់របស់គណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី៣ មីនា បានបញ្ជាក់មូលហេតុ ៣ចំណុច ក្នុងនោះរួមមាន គណបក្សមិនទទួលខុសត្រូវលើកូនចៅ មិនមានភាពយុត្តិធម៌ និងតម្លាភាពក្នុងការរៀបចំបេក្ខជន និងអស់ជំនឿលើការដឹកនាំដោយសន្យាខ្យល់។
ភ្លាមៗក្រោយពីដាក់ពាក្យសុំលាឈប់ពីគណបក្សសង្គ្រោះជាតិ លោក លី សុគន្ធ ក៏បានផ្ញើលិខិតសុំចូលរួមសកម្មភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងថ្ងៃដដែលនោះ៕