មេឃុំរាំងទិល ខេត្តពោធិ៍សាត់ របស់គណបក្សប្រជាជនកម្ពុជា រងការចោទថា បានគំរាមកំហែងពលរដ្ឋក្នុងមូលដ្ឋាន និងសកម្មជនគណបក្សសង្គ្រោះជាតិ ដែលឈរឈ្មោះជាបេក្ខភាពមេឃុំ និងក្រុមប្រឹក្សាឃុំជាច្រើនរូបសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ នៅខែមិថុនា ខាងមុខ។ ចំណែកមេឃុំរាំងទិល បដិសេធចំពោះការចោទប្រកាន់នេះ។
ភាពចម្រូងចម្រាសរវាងអាជ្ញាធរភូមិ ឃុំ និងសកម្មជនគណបក្សសង្គ្រោះជាតិ ដែលជម្នះដាក់ឲ្យបេក្ខជនប្រកួតប្រជែង ឬមានសំឡេងគណបក្សរបស់ខ្លួនក្នុងឃុំរាំងទិល ដើម្បីតទល់នឹងសំឡេងគណបក្សប្រជាជនកម្ពុជា ដែលធ្លាប់មានសំឡេងតែម្នាក់ឯងក្នុងឃុំ ទើបបានធូរស្រាលនៅថ្ងៃទី៧ មីនា។
ការធូរស្រាលនេះ បន្ទាប់ពីឈ្មោះបេក្ខជនគណបក្សប្រជាជនកម្ពុជា ចំនួន ១២រូប និងគណបក្សសង្គ្រោះជាតិ ១១រូប បានចុះបញ្ជីជាផ្លូវការ។
សកម្មជនគណបក្សសង្គ្រោះជាតិ និងជាបេក្ខភាពលេខរៀងទី១ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ អ្នកស្រី ប៉ាន់ ថៃឡេង ថាមេឃុំរាំងទិល លោក គឹម អ៊ែល បានលួងលោមអ្នកស្រីផង និងគំរាមកំហែងផង ដើម្បីកុំឲ្យឈរឈ្មោះ ឬរៀបចំរចនាសម្ព័ន្ធបក្សប្រឆាំងនៅក្នុងឃុំ ព្រោះលោកខ្លាចបែកសំឡេងគណបក្សលោក។ ក្រៅពីនេះ លោកក៏បានគំរាមទារប្រាក់បំណុលទាំងការទាំងដើម និងដកយកផ្ទាំងសូឡាពីពលរដ្ឋណាដែលចូលរួមនយោបាយជាមួយបក្សសង្គ្រោះជាតិ ខណៈដែលពលរដ្ឋស្ទើរទូទាំងឃុំ បានប្រើផ្ទាំងសូឡា និងជំពាក់ប្រាក់មេឃុំ៖ «បេក្ខជនទាំងហ្នឹងសុទ្ធតែគាត់ហៅទៅគំរាមកំហែងទាំងអស់ សូម្បីតំណាងរាស្ត្រចុះមកប្រជុំនៅផ្ទះខ្ញុំ ហើយមេភូមិប្រាប់ប្រជាជនគ្រប់ផ្ទះទាំងអស់ពូ គាត់ថាអ្នកណាហ៊ានទៅប្រជុំកន្លែងគណបក្សសង្គ្រោះជាតិ គេនឹងពន្លឺព្រះអាទិត្យមកវិញឲ្យអស់ អ្នកស្រុកទាំងអស់អត់មានអ្នកណាម្នាក់ហ៊ានមកប្រជុំទេពូ ថ្ងៃហ្នឹង។ ប៉ុន្តែខ្ញុំដឹងខ្លួនខ្ញុំថា ការប្រឡងប្រជែងជាមួយអ្នកមានលុយ អ្នកមានអំណាច តែងតែជួបឧបសគ្គ ប៉ុន្តែខ្ញុំមានចិត្តមួយគិតថា ទោះបីជាខ្ញុំជួបបញ្ហាយ៉ាងណាក៏ដោយ ខ្ញុំនឹងធ្វើឲ្យគណបក្សសង្គ្រោះជាតិ មាននៅឃុំរាំងទិល»។
អ្នកស្រីបន្ថែមថា ចាប់តាំងពីថ្ងៃទី២២ ខែកុម្ភៈ ដែលអ្នកស្រីរើសបានបេក្ខជនឈរឈ្មោះប្រកួតប្រជែងជាច្រើនរូប ប៉ុន្តែពួកគេត្រូវបង្ខំចិត្តលាឈប់ទៅវិញ ដោយសារមានគំនាបពីមេភូមិ និងមេឃុំ។
ឆ្លើយតបនឹងការចោទប្រកាន់នេះ មេឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ លោក គឹម អ៊ែល ថាលោកមិនបានគំរាមកំហែង ឬលួងលោមមិនឲ្យអ្នកណាធ្វើនយោបាយខុសពីនីតិវិធីនោះទេ។ ចំពោះរឿងពលរដ្ឋជំពាក់លុយនោះ លោកពិតជាទារខ្លះមែន ព្រោះវាជារឿងរកស៊ីលក់ដូរចាប់ហួយ និងលក់ឧបករណ៍នេសាទរបស់ប្រពន្ធលោក។
ចំណែករឿងផ្ទាំងសូឡាវិញ លោកបញ្ជាក់ថា ពលរដ្ឋទាំងអស់នៅក្នុងឃុំ កំពុងប្រើផ្ទាំងសូឡារបស់ក្រុមហ៊ុនបង់រំលស់ផង និងផ្ទាំងសូឡាដែលចែកជូនដោយឥតគិតថ្លៃពីក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជា ចែកឲ្យសមាជិកបក្សរបស់ខ្លួន៖ «ខ្ញុំសូមបដិសេធថា អត់មានទេ (អត់គំរាម និងលួងលោម) ប៉ុន្តែខ្ញុំសូមបញ្ជាក់ពីបញ្ហាផ្ទាំងសូឡាមានពីរប្រភេទ។ ផ្ទាំងសូឡាមួយនោះ គឺឯកឧត្ដម ស៊ុយ សែម ប្រធានគណៈកម្មការគណបក្សប្រជាជនថ្នាក់កណ្ដាល ចុះជួយខេត្តពោធិ៍សាត់ ចែកជូនប្រជាពលរដ្ឋដែលជាសមាជិកបក្ស អាហ្នឹងគេដក បើសិនជាខ្លួនដើរចេញទៅគណបក្សផ្សេង»។
លោក គឹម អ៊ែល អះអាងថា កាលពីអាណត្តិមុនៗ ពលរដ្ឋនៅទូទាំងឃុំសុទ្ធតែជាសមាជិករបស់បក្សប្រជាជនទាំងអស់ ហើយមកដល់ពេលនេះ លោកមិនទាន់ដកហូតផ្ទាំងសូឡាពីពលរដ្ឋណាម្នាក់ទេ។
ឃុំរាំងទិល មានភូមិចំណុះចំនួនប្រាំ និងមានពលរដ្ឋជិត ១ពាន់គ្រួសារ (៩៧០នាក់)។ អ្នកភូមិភាគច្រើនរស់នៅលើផ្ទៃទឹក គ្មានបណ្ដាញអគ្គិសនីប្រើប្រាស់ក្រៅពីប្រើអាគុយ ឬផ្ទាំងសូឡានោះទេ។ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំបីអាណត្តិកន្លងទៅនៅឃុំរាំងទិល ពុំមានតំណាងគណបក្សណាផ្សេងក្រៅពីគណបក្សប្រជាជនកម្ពុជា នោះទេ ទើបអាណត្តិទី៤ គណបក្សសង្គ្រោះជាតិ ចូលរួមប្រកួតប្រជែង។ ឃុំនេះមានជំទប់ពីររូប ក្រុមប្រឹក្សាចំនួនពីររូប៕