Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

គណៈកម្មការ​បុណ្យ​សព​បណ្ឌិត កែម ឡី ចាប់​ផ្ដើម​បុក​គ្រឹះ​សង់​ចេតិយ​នៅ​ថ្ងៃ​ទី​៨​មីនា

$
0
0

គណៈកម្មការ​រៀបចំ​ចេតិយ​សម្រាប់​តម្កល់​សព​លោក​បណ្ឌិត កែម ឡី ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​៨ ខែ​មីនា គម្រោង​សាងសង់​ចេតិយ​ដែល​បាន​គ្រោង​ទុក​អស់​ពេល​ជាច្រើន​ខែ​ណាស់​មក​ហើយ នឹង​ត្រូវ​ចាប់​ផ្ដើម​ក្នុង​ជំហាន​ដំបូង​ចាប់​ពី​ពេល​នេះ​ត​ទៅ។ តាម​គម្រោង ចេតិយ​នេះ​នឹង​ត្រូវ​ចំណាយ​ពេល​សាងសង់​ឲ្យ​ហើយ​រួច​រាល់​ប្រហែល ១​ឆ្នាំ​ពេញ​តែ​ម្ដង។

ចាប់​ពី​ម៉ោង ៨​ព្រឹក​ទៅ គម្រោង​បញ្ចុះ​បឋម​សិលា ឬ​ហៅ​តាម​មួយ​បែប​ទៀត​ថា ពិធី​បុក​គ្រឹះ នឹង​ត្រូវ​ចាប់​ដំណើរការ ហើយ​ការ​សាងសង់​ជា​ផ្លូវការ​នឹង​ត្រូវ​កំណត់​យក​ថ្ងៃ​ទី​១ ឧសភា ជា​ការ​កំណត់​ទិសដៅ​នៃ​ការ​ស្ថាបនា​ចេតិយ​នេះ។

គណៈកម្មការ​រៀបចំ​ចេតិយ​សម្រាប់​តម្កល់​សព​លោក​បណ្ឌិត កែម ឡី គឺ​លោក សៅ កុសល ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៧ មីនា ថា ផ្អែក​លើ​គម្រោង​ចំណាយ គឺ​ចេតិយ​នេះ​ត្រូវការ​លុយ​ប្រមាណ ១៧​ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក។ លោក​បន្ត​ថា សព្វថ្ងៃ​នេះ គឺ​មាន​លុយ​នៅ​ក្នុង​ដៃ​តែ​ប្រមាណ ៦​ពាន់​ដុល្លារ​នៅ​ឡើយ​ប៉ុណ្ណោះ។ យ៉ាង​ណា លោក សៅ កុសល មាន​ជំនឿ​ថា នៅ​ពេល​គម្រោង​ដាក់​ឲ្យ​ដំណើរការ និង​ស្រប​ពេល​នេះ គណៈកម្មការ​បន្ត​អំពាវនាវ​ថែម​ទៀត​នោះ អ្នក​ដែល​មាន​ភក្ដីភាព​ចំពោះ​លោក​បណ្ឌិត កែម ឡី អាច​នឹង​បន្ត​ជួយ​ជ្រោមជ្រែង ដើម្បី​ឲ្យ​គម្រោង​ចេតិយ​នេះ​សម្រេច​ទៅ​តាម​ការ​គ្រោង​ទុក«ជា​ឱកាស​មួយ​ដែល​ខ្ញុំ​គិត​ថា អំពាវនាវ​ដល់​បង​ប្អូន​ជន​រួម​ជាតិ​ដែល​គោរព​ស្រឡាញ់​ដល់​លោក​បណ្ឌិត មេត្តា​ចូលរួម​ជា​ថវិកា​ដើម្បី​ឲ្យ​គណៈកម្មការ​សាងសង់ មាន​លទ្ធភាព​ថវិកា​គ្រប់គ្រាន់​ដើម្បី​សាងសង់»

ចេតិយ​ដែល​មាន​ទទឹង ៥​ម៉ែត្រ​បណ្ដោយ ៩​ម៉ែត្រ និង​កម្ពស់ ១៦​ម៉ែត្រ​នេះ នឹង​ត្រូវ​សាងសង់​នៅ​ពី​លើ​ផ្នូរ​លោក​បណ្ឌិត កែម ឡី ផ្ទាល់​តែ​ម្ដង។ ចេតិយ​នេះ នឹង​ត្រូវ​រៀបចំ​តាម​រចនាបថ​ប្រាសាទ​ភ្នំជីសូរ ហើយ​ធ្វើ​ពី​ថ្មម៉ាប​ភ្នំ។

លោក​បណ្ឌិត កែម ឡី ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦ បណ្ដាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើត​ហេតុ ក្នុង​ហាង​ទំនិញ​ស្តារ​ម៉ាត (Star Mart) កាល់តិច (Caltex) ក្បែរ​ស្តុប​បូកគោ។ ក្រោយ​បាញ់​សម្លាប់ គឺ​មាន​ជន​ជាប់​ចោទ​ឈ្មោះ ជួប សម្លាប់ តែ​ម្នាក់​ប៉ុណ្ណោះ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន ហើយ​ហ៊ាន​សារភាព​នៅ​ក្នុង​សវនាការ​ថា គឺ​ជា​អ្នក​បាញ់​សម្លាប់​លោក កែម ឡី ឥត​ខ្លាចរអា​ឡើយ។

នៅ​ក្នុង​សវនាការ​កាល​ពី​ថ្ងៃ​ទី​១ មីនា នៅ​ចំពោះ​មុខ​ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ​នៃ​តុលាការ​ក្រុង​ភ្នំពេញ លោក លាង សំណាត់ និង​តំណាង​អយ្យការ លោក លី សុផាណា ឈ្មោះ ជួប សម្លាប់ បាន​ព្យាយាម​បដិសេធ​ឈ្មោះ​ពិត​របស់​ខ្លួន​ថា​ពុំ​មែន​ជា​ឈ្មោះ អឿត អាង ជាពិសេស​ជន​ជាប់​ចោទ​រូប​នេះ បដិសេធ​ទៀត​ថា ពុំ​មាន​សាច់ញាតិ និង​ប្រពន្ធ​កូន​អ្វី​ថែម​ទៀត​ផង។ តុលាការ​ក្រុង​ភ្នំពេញ នឹង​ប្រកាស​សាលក្រម​សំណុំ​រឿង​ឃាតកម្ម​គិត​ទុក​ជា​មុន និង​ប្រើប្រាស់​អាវុធ​ដោយ​ខុស​ច្បាប់ នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែ​មីនា ខាង​មុខ។

ទាក់ទិន​រឿង​នេះ លោក សៅ កុសល យល់​ឃើញ​ថា សវនាការ​រឿង ជួប សម្លាប់ នេះ គេ​ពិត​ជា​ពិបាក​ជឿ​ណាស់​ថា អាច​នឹង​ជួយ​រក​យុត្តិធម៌​ជូន​លោក​បណ្ឌិត កែម ឡី បាន។ លោក​បន្ត​ថា ភស្តុតាង​ដាក់​បន្ទុក​តាម​រយៈ​កាមេរ៉ា​សុវត្ថិភាព​មិន​រឹងមាំ​តាម​នីតិវិធី ជាពិសេស​ទៀត​នោះ ការ​ស៊ើប​អង្កេត​នៅ​មាន​ចន្លោះ​ប្រហោង​ជាច្រើន​ទៀត។ លោក​បញ្ជាក់​ថា ហេតុផល​ទាំងនេះ​ហើយ​ជា​មន្ទិល​សង្ស័យ​ថា តុលាការ​នេះ​នឹង​មិន​អាច​ផ្ដល់​ការ​ជឿ​ទុក​ចិត្ត​បាន​ទេ«បើ​យើង​មើល​ពី​ទិដ្ឋភាព​អង្គ​ហេតុ យើង​គិត​ថា​វា​អត់​សម​ហេតុផល​ទេ ដែល ជួប សម្លាប់ ជា​ឃាតក​ពិត​នោះ។ យើង​ពិនិត្យ​ឃើញ​ថា ទី​១ លទ្ធភាព​គាត់​វា​អត់​មាន​លទ្ធភាព​ទៅ​រក​ទិញ​កាំភ្លើង ឬ​មួយ​មាន​លុយ​ឲ្យ​លោក​បណ្ឌិត​ខ្ចី​ទេ។ ទី​ពីរ យើង​គិត​ថា​ការ​ទំនាក់ទំនង​ហ្នឹង គឺ​អត់​សោះ​តែ​ម្ដង»

លោក សៅ កុសល ឲ្យ​ដឹង​ថា នៅ​ពេល​ចេតិយ​នេះ​សាងសង់​ចប់​សព្វគ្រប់​ទៅ​តាម​ផែនការ ជំហាន​បន្ទាប់​ផ្អែក​តាម​ប្លង់​មេ គឺ​នឹង​ដំណើរការ​រៀបចំ​ធ្វើ​បណ្ណាល័យ​បណ្ឌិត កែម ឡី និង​កិច្ចការ​ដទៃ​ទៀត​ដូច​ដែល​បាន​គ្រោង​ទុក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles