ក្រុមហ៊ុនចិន ឈ្មោះ ស៊ីណូ ហាយដ្រូ (Sino Hydro) បានទៅអនុវត្តគម្រោងសាងសង់ទំនប់ទឹកស្ទឹងស្រែងទី២ នៅភ្នំអាតោ ដើម្បីយកទឹកសម្រាប់ប្រើប្រាស់លើវិស័យកសិកម្មជិតរួចរាល់ហើយ។ ប្រជាពលរដ្ឋជាច្រើនរយគ្រួសារដែលរស់នៅជុំវិញនោះ កំពុងព្រួយបារម្ភថា ប្រសិនបើទំនប់ទឹករបស់ក្រុមហ៊ុនចិន ស៊ីណូ ហាយដ្រូ សាងសង់រួចពេលណា ហើយបិទទ្វារទឹក គឺនឹងបង្កឲ្យមានការប៉ះពាល់ដល់ដីស្រែចម្ការ ព្រមទាំងផលដំណាំជាច្រើន។
ប្រជាពលរដ្ឋចំនួន ៩៤គ្រួសារ ដែលរស់នៅភូមិគោកសំព័រ និងភូមិចារថ្មី នៃឃុំលំទង ស្រុកអន្លង់វែង កំពុងទាមទារឲ្យរដ្ឋាភិបាល និងអាជ្ញាធរខេត្តឧត្តរមានជ័យ ជួយពន្លឿនការទូទាត់សំណងដែលប៉ះពាល់ដោយសារទំនប់ទឹកស្ទឹងស្រែងទី២ មកឲ្យពួកគេបានឆាប់រហ័ស នៅមុនពេលដែលក្រុមហ៊ុនចិន ស៊ីណូ ហាយដ្រូ សាងសង់ទំនប់ទឹកនេះរួចរាល់។
អ្នកភូមិយល់ថា ប្រសិនបើរដ្ឋាភិបាលយឺតយ៉ាវក្នុងការទូទាត់សំណងនេះ នៅពេលដែលក្រុមហ៊ុនចិន សាងសង់ទំនប់រួចរាល់ ហើយបិទទ្វារទឹក គឺវានឹងធ្វើឲ្យលិចលង់ដីស្រែ និងចម្ការក្រូចជាច្រើនហិកតារ ដោយគ្មានអ្នកណាទទួលខុសត្រូវលើសំណងនេះទេ។
តំណាងអ្នកភូមិចារថ្មី គឺលោក ប៉េក លីម។ លោកមានប្រសាសន៍នៅរសៀលថ្ងៃអង្គារ ទី៧ ខែមីនា ថា រូបលោកក៏ដូចជាអ្នកភូមិចំនួនជាង ២០គ្រួសារទៀត គឺនឹងរងការប៉ះពាល់ដីស្រែ ដោយសារតែក្រុមហ៊ុនចិន សាងសង់ទំនប់ទឹកស្ទឹងស្រែងទី២។ អ្នកភូមិរបស់លោក ទាមទារឲ្យរដ្ឋាភិបាលជួយពន្លឿនការទូទាត់សំណងឲ្យបានឆាប់រហ័ស៖ «ចិន ធ្វើទំនប់ទឹកបណ្ដើរៗចាប់តាំងតែពីឆ្នាំ២០១៥ រហូតមកដល់ពេលនេះ គឺជិតរួចរាល់ហើយ។ បើធ្វើរួចបើចិន បិទទំនប់ទឹក គឺនឹងលិចលង់អស់ស្រែចម្ការ ប៉ុន្តែនៅមិនទាន់ឃើញរដ្ឋាភិបាលមកដោះស្រាយសំណង»។
កាលពីចុងខែកុម្ភៈ កន្លងទៅ អ្នកភូមិគោកសំព័រ និងភូមិចារថ្មី ចំនួន ៩៤គ្រួសារ បានធ្វើលិខិតសាជាថ្មីដាក់ទៅសាលាខេត្តឧត្តរមានជ័យ និងទៅខុទ្ទកាល័យនាយករដ្ឋមន្ត្រី ដើម្បីស្នើសុំឲ្យពន្លឿនការទូទាត់សំណងដែលប៉ះពាល់ដោយសារទំនប់ទឹកស្ទឹងស្រែងទី២នោះ។
អភិបាលខេត្តឧត្តរមានជ័យ លោក ស ថាវី មានប្រសាសន៍ថា រហូតមកដល់ពេលនេះ រូបលោកនៅមិនទាន់បានទទួលលិខិតរបស់អ្នកភូមិនៅឡើយទេ។ លោក ស ថាវី បញ្ជាក់ថា ការទូទាត់សំណងដែលប៉ះពាល់ដោយសារទំនប់ទឹកនោះ គឺលោកដឹងថា ខាងអន្តរក្រសួងគ្រោងនឹងចាត់ចែងជាជំហានទី៣ នៅពេលខាងមុខ។ ទោះជាយ៉ាងណា លោកមិនបានដឹងពីពេលវេលានៃការទូទាត់សំណងនោះច្បាស់លាស់ទេ ពីព្រោះវាមិនមែនជាការងាររបស់ថ្នាក់ខេត្ត៖ «ដូចបានជម្រាបហើយ នេះ គឺជាការងាររបស់គណៈកម្មការអន្តរក្រសួង។ អាជ្ញាធរខេត្តគ្រាន់តែបានចូលរួមការងារនោះ ប៉ុន្តែការទូទាត់ថវិកាមិនមែនថ្នាក់ខេត្តទេ»។
អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តឧត្តរមានជ័យ លោក ស្រី ណារ៉េន សម្ដែងការព្រួយបារម្ភអំពីការប៉ះពាល់ដីស្រែ និងចម្ការក្រូចជាច្រើនហិកតាររបស់ប្រជាពលរដ្ឋ ដោយសារតែទំនប់ទឹកស្ទឹងស្រែងទី២នោះ។
ការសាងសង់ទំនប់ទឹកស្ទឹងស្រែងទី២ ដោយក្រុមហ៊ុនចិន ស៊ីណូ ហាយដ្រូ នៅតំបន់ភ្នំអាតោ គឺបានធ្វើឲ្យលិចលង់ភូមិឋានរបស់ប្រជាពលរដ្ឋនៅភូមិស្រះកែវ នៃឃុំពង្រ ស្រុកចុងកាល់ ធ្ងន់ធ្ងរជាងគេ ប៉ុន្តែកាលពីអំឡុងខែកុម្ភៈ អាជ្ញាធរបានដោះស្រាយ និងផ្លាស់ប្ដូរទីលំនៅរបស់ប្រជាពលរដ្ឋចំនួនជាង ១០០គ្រួសារចេញពីភូមិស្រះកែវ នោះអស់ហើយ៕