Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

ស្ត្រី​សហគមន៍​ដីធ្លី​សង្ឃឹម​លោក ហ៊ុន សែន អន្តរាគមន៍​ដោះលែង​ស្ត្រី​ជាប់​ឃុំ​ជា​កាដូ​ថ្ងៃ​សិទ្ធិ​នារី

$
0
0

ស្ត្រី​សហគមន៍​ដីធ្លី​ប្រមាណ​ជាង ១០០​នាក់ មក​ពី​សហគមន៍​បឹងកក់ បុរីកីឡា ភ្នំបាត ថ្មគោល ឡពាង និង​សហគមន៍​៩២ ជា​ដើម បាន​ជួបជុំ​គ្នា​ប្រារព្ធ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ លើក​ទី​១០៦ ក្រោម​ប្រធានបទ "ម្ដាយ​ខ្ញុំ​អ្នក​ទោស​ដីធ្លី" នៅ​ថ្ងៃ​ទី​៧ ខែ​មីនា ឆ្នាំ​២០១៧។ ការ​ប្រារព្ធ​នេះ អ្នក​ភូមិ​បាន​ជួបជុំ​នៅ​ក្បែរ​វិហារ​ឥស្លាម តំបន់​បឹងកក់ ស្ថិត​នៅ​ភូមិ​២២ សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ។ អ្នក​ភូមិ​ភាគច្រើន​ជា​ស្ត្រី​បាន​ឡើង​ថ្លែង​សារ និង​ទុក្ខ​កង្វល់​ពី​បញ្ហា​ដីធ្លី​ដោយ​គម្រោង​អភិវឌ្ឍន៍​របស់​រដ្ឋាភិបាល។ ពិធី​នេះ​មាន​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ចូលរួម ប៉ុន្តែ​ពុំ​មាន​អាជ្ញាធរ ឬ​មន្ត្រី​រដ្ឋាភិបាល​ចូលរួម​នោះ​ទេ។

ស្ត្រី​សហគមន៍​ដីធ្លី​សង្ឃឹម​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នឹង​ផ្ដល់​កាដូ​ពិសេស​ឲ្យ​ពួកគេ​នៅ​ក្នុង​ទិវា​នារី​អន្តរជាតិ ៨ មីនា ក្នុង​ឆ្នាំ​នេះ ដោយ​ដោះលែង​អ្នកស្រី ទេព វន្នី និង​អ្នកស្រី លឹម មុនី ចេញ​ពី​ពន្ធនាគារ​ឲ្យ​មាន​សេរីភាព​វិញ។

សកម្មជន​ដីធ្លី​តំបន់​បឹងកក់ លោកស្រី បូវ សោភា ថ្លែង​ថា មូលហេតុ​ដែល​ពួកគាត់​ប្រារព្ធ​ទិវា​នេះ ក្រោម​ប្រធានបទ "ម្ដាយ​ខ្ញុំ​អ្នក​ទោស​ដីធ្លី ពីព្រោះ​តែ​អ្នកស្រី ទេព វន្នី សកម្មជន​ដីធ្លី​តំបន់​បឹងកក់ ដែល​តុលាការ​ផ្ដន្ទាទោស​ឲ្យ​ជាប់​ឃុំ ២​ឆ្នាំ​កន្លះ ពី​បទ​ប្រើ​ហិង្សា​ដោយ​ចេតនា​លើ​សន្តិសុខ​សណ្ដាប់ធ្នាប់​ខណ្ឌ​ដូនពេញ តាម​បណ្ដឹង​របស់​សាលា​រាជធានី ដោយសារ​តែ​ការ​តវ៉ា​បញ្ហា​ដីធ្លី​កន្លង​មក។ ចំណែក​អ្នកស្រី លឹម មុន្នី មន្ត្រី​សមាគម​អាដហុក (ADHOC) ក៏​កំពុង​ជាប់​ចោទ​ពី​បទ​សូកប៉ាន់​សាក្សី​ក្នុង​រឿងរ៉ាវ​ស្នេហា​ដែល​គេ​ចោទ​ថា ពាក់ព័ន្ធ​លោក កឹម សុខា និង​នាង ខុម ចាន់តារាទី ហៅ​ស្រីមុំ ហើយ​កូនៗ​របស់​ស្ត្រី​ជាប់​ឃុំ​ទាំង​នោះ​កំពុង​ខ្វះ​ទី​ពឹង។

លោកស្រី បូវ សោភា ថ្លែង​បន្ត​ថា ការ​អំពាវនាវ​ដូច្នេះ ព្រោះ​តែ​លោកស្រី​យល់​ថា ការ​បន្ត​ឃុំ​ខ្លួន​ស្ត្រី​គឺ​ពាក់ព័ន្ធ​រឿង​នយោបាយ​ដែល​គណបក្ស​ទាំង​ពីរ​ពុំ​ត្រូវរ៉ូវ​គ្នា៖ «សម្រាប់​សិទ្ធិ​នារី​ឆ្នាំ​នេះ គឺ​យើង​ចង់​ឲ្យ​ថ្នាក់​ដឹកនាំ និង​លោក​ជំទាវ ប៊ុន រ៉ានី គាត់​ផ្ដល់​កាដូ ជា​ពិសេស​សម្រាប់​ស្ត្រី ឲ្យ​គាត់​ដោះលែង​អ្នកស្រី ទេព វន្នី និង​អ្នកស្រី លឹម មុន្នី ឲ្យ​គាត់​មាន​សេរីភាព​វិញ​ក្នុង​នាម​ជា​ម្ដាយ​ដូច​គ្នា។ ខ្ញុំ​គិត​ថា លោក​ជំទាវ​អាច​ធ្វើ​មិន​ហួស​ពី​ដែន​សមត្ថភាព​របស់​លោក​ជំទាវ ជា​កិច្ច​អន្តរាគមន៍​មួយ​សម្រាប់​ធ្វើ​បុណ្យ​ជួបជុំ​ក្រុម​គ្រួសារ​គេ»

ឆ្លើយ​តប​បញ្ហា​នេះ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន មាន​ប្រសាសន៍​ថា ការ​ស្នើ​សុំ​នេះ​មិន​ស្រប​តាម​គោលការណ៍​ច្បាប់​នោះ​ទេ។ លោក​ថា ការ​អះអាង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កន្លង​ទៅ​ដែល​ឲ្យ​ពិនិត្យ​មើល​អ្នក​ជាប់​ឃុំ​បញ្ហា​ដីធ្លី គឺ​មាន​ន័យ​ថា ពិនិត្យ​មើល​តាម​ផ្លូវ​ច្បាប់ មិន​លូកដៃ​បញ្ជា​ទៅ​តុលាការ​ផ្ទាល់​នោះ​ឡើយ ហើយ​ក៏​មិន​មាន​ន័យ​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​នីតិវិធី​តុលាការ​នោះ​ដែរ៖ «កន្លង​ទៅ​គាត់​អស់​ហ្នឹង​ហើយ​ដែល​ជា​អ្នក​បន្ទោស​រដ្ឋាភិបាល​ថា នាយករដ្ឋមន្ត្រី​លូក​ដៃ​ចូល​តុលាការ​ថា តុលាការ​មាន​ឥទ្ធិពល​ពី​នាយករដ្ឋមន្ត្រី ថា​តុលាការ​ស្ដាប់​បង្គាប់​តែ​នាយករដ្ឋមន្ត្រី ហើយ​ឥឡូវ​មក​សំណូមពរ​ឲ្យ​នាយករដ្ឋមន្ត្រី ធ្វើ​ល្មើស​ច្បាប់​ម៉េច​ទៅ​រួច។ គាត់​ធ្វើ​ដើម្បី​ផល​ប្រយោជន៍​គាត់ ក៏​ប៉ុន្តែ​ឲ្យ​នាយក​រដ្ឋមន្ត្រី​ធ្វើ​ខុស​ច្បាប់»

កាល​ពី​ថ្ងៃ​ទី​៣១ ខែ​មករា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ថា លោក​នឹង​ប្រើ​សិទ្ធិ​ជា​នាយករដ្ឋមន្ត្រី​ដើម្បី​ពិនិត្យ​មើល​សំណុំ​រឿង​ណា​ដែល​មាន​ស្ថានភាព​ទោស​ស្រាល​ជាង​គេ ក្នុង​ចំណោម​សំណុំ​រឿង​សកម្មជន​ដីធ្លី​តំបន់​បឹងកក់ ថា​នឹង​អាច​សុំ​ទៅ​ព្រះមហាក្សត្រ​ព្រះរាជទាន​ការ​លើកលែង​ទោស។

ស្ត្រី​មក​ពី​សហគមន៍​មួយ​ចំនួន​បាន​ឡើង​ថ្លែង​សារ និង​ទុក្ខ​កង្វល់​របស់​ពួកគាត់​ដែល​រង​ផល​ប៉ះពាល់​ជីវភាព បាត់បង់​ការងារ​ដោយ​ការ​ចាប់​ដាក់​ពន្ធនាគារ បន្ទាប់​ពី​ពួកគាត់​តវ៉ា​ពី​បញ្ហា​ដីធ្លី​ក្នុង​គម្រោង​អភិវឌ្ឍន៍​របស់​រដ្ឋាភិបាល​នៅ​ពេល​កន្លង​មក។

នាយក​ប្រតិបត្តិ​នៃ​អង្គការ​​ការងារ​ពិសេស​សិទ្ធិ​លំនៅឋាន លោក សៀ ភារម្យ ដែល​បាន​ចូលរួម​ឃ្លាំមើល​ការ​ប្រារព្ធ​ពិធី​របស់​សហគមន៍​ដីធ្លី មាន​ទស្សនៈ​ថា ក្រៅ​អំពី​ការ​ស្នើ​សុំ​អន្តរាគមន៍​ដោះលែង​ស្ត្រី​ជាប់​ឃុំ​របស់​ពលរដ្ឋ លោក​ក៏​ស្នើ​ឲ្យ​រដ្ឋាភិបាល​គួរ​ផ្ដល់​កាដូ​ដល់​ស្ត្រី ដោយ​ដោះស្រាយ​បញ្ចប់​បញ្ហា​ដីធ្លី​ឲ្យ​បាន​ចប់​សព្វគ្រប់។ លោក​ថា នេះ​ជា​ការ​ផ្ដល់​ឱកាស​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បង្ហាញ​ពី​ការ​គោរព​សិទ្ធិ​ស្ត្រី ពី​ការ​ផ្ដល់​សេវា​ល្អៗ​ដល់​ប្រជាពលរដ្ឋ​ដើម្បី​ឲ្យ​មាន​ការ​ចូល​រួម​គាំទ្រ​ពី​ពលរដ្ឋ​កាន់​តែ​ច្រើន​នៅ​ក្នុង​ឱកាស​បោះឆ្នោត​ឃុំ-​សង្កាត់​កាន់​តែ​ខិត​ជិត​មក​ដល់៖ «រដ្ឋ​មិន​អាច​ដឹកនាំ​ប្រទេស​ដែល​គ្មាន​រាស្ត្រ​បាន​ទេ ហើយ​រាស្ត្រ​ក៏​មិន​អាច​អត់​រដ្ឋ​ក្នុង​ការ​គ្រប់គ្រង​រដ្ឋបាល​ផែនការ​អភិវឌ្ឍ​ប្រទេស​ជាតិ​ឲ្យ​សេដ្ឋកិច្ច​រីកចម្រើន​បាន​ទេ។ អ៊ីចឹង​ដៃគូ​ទាំង​ពីរ​ត្រូវ​តែ​សហការ​គ្នា ត្រូវ​តែ​សាមគ្គី​គ្នា​ដោយ​ឈរ​លើ​ការ​ស្រលាញ់​គ្នា​ទុក​ដូច​ជា​ប្ដី​ប្រពន្ធ​ដែល​យើង​ត្រូវ​តែ​ស្មោះត្រង់ យើង​ជំរុញ​ឲ្យ​សេដ្ឋកិច្ច​ពលរដ្ឋ​យើង​លុប​បំបាត់​ភាព​ក្រីក្រ ១៨% ឈាន​ទៅ​លុប​បំបាត់​ភាព​ក្រីក្រ​ដ៏​ខ្លាំងក្លា​ទៀត។ នេះ​គឺ​ជា​អ្វី​ដែល​រដ្ឋាភិបាល​ដើរ​លើ​ផ្លូវ​ត្រូវ»

កាល​ពី​ថ្ងៃ​ទី​៦ ខែ​មីនា សាលា​រាជធានី​ភ្នំពេញ បាន​ចេញ​លិខិត​ឆ្លើយ​តប​នឹង​តំណាង​សហគមន៍​តំបន់​បឹងកក់ ដោយ​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​ជួបជុំ ឬ​ហែ​ក្បួន​នៅ​តាម​ដង​ផ្លូវ​មួយ​ចំនួន ដែល​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ សុវត្ថិភាព និង​សណ្ដាប់ធ្នាប់​នោះ​ទេ ប៉ុន្តែ​អនុញ្ញាត​ឲ្យ​រៀបចំ​នៅ​ទីតាំង​ឯកជន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles